អ្នកជំនាញ​​ក្នុងវិស័យអចលនទ្រព្យ​​លើក​ឡើង​ថា សកម្មភាព​នៃ​ការ​ទិញ​ លក់ ​លំនៅឋាន​​​តម្លៃ​ក្រោម ៧ ម៉ឺន​ដុល្លារ​នៅ​ដើម​ឆ្នាំ ​២០២៥ នេះ​ហាក់​បានកម្រើក​ឡើង​វិញ​ខ្លះ​ៗ​ហើយ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធាន​ការ​ជា​បន្ត​បន្ទាប់​ដើម្បី​ជួយ​ជំរុញ​វិស័យ​នេះ​ឱ្យ​ងើប​ឡើង​វិញ បន្ទាប់​ពី​ជាប់​គាំង​តាំង​ពី​ឆ្នាំ ២០២០។

រយៈ​ពេល​ជាង ១​ ទសវត្ស​មុន​ការ​ផ្ទុះ​ឡើង​នៃ​វិបត្តិ​ជំងឺកូវីដ​១៩ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជាបាន​បង្ហាញ​ពី​សម្ទុះ​មួយ​ដ៏​លឿន​ដែល​គ្រប់​គ្នា​មិន​នឹក​ស្មានដល់ ហើយ​វា​បាន​​ចូល​រួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​។ 

ទោះយ៉ាង​ណា​ ចាប់​តាំង​ពី​ការ​លេចឡើង​នូវ​វិបត្តិ​ជំងឺកូវីដ​១៩ នា​ដើម​ឆ្នាំ​២០២០ រហូត​មក​ដល់​ពេល​​នេះ ​វិស័យ​មួយ​នេះ​នៅ​មិន​ទាន់​​បង្ហាញ​ពី​ការ​សម្ទុះ​នៃ​កំណើន​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ទេ​។

ដើម្បី​ចូល​រួម​ចំណែក​​ជំរុញ​វិស័យអចលនទ្រព្យ ​រាជរដ្ឋាភិបាល​បាន​ដាក់ចេញនូវ​វិធានការ​ជា​បន្ត​បន្ទាប់ ជា​ពិសេស​ការលើកលែងពន្ធប្រថាប់ត្រា​សម្រាប់អ្នកទិញផ្ទះ ឬ​លំនៅឋាន​ក្នុងបុរី ដែល​មាន​​ក្រោមតម្លៃ ៧ ម៉ឺនដុល្លារ។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ ឡាក់គី រៀលធី លោក ឌឹត ចណ្ណា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ថា វិធាន​ការ​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ដាក់​ចេញ​ទាក់​ទង​នឹង​វិស័យ​អចលនទ្រព្យ ពិសេស​សម្រាប់​លំនៅឋាន​​តម្លៃ​​មធ្យម និង​ក្រោម​មធ្យម(ក្រោម ៧ ម៉ឺនដុល្លារ) គឺ​កំពុង​ចូល​រួម​ជួយ​ឱ្យ​ទីផ្សារ​មួយ​នេះ​ចាប់​ផ្តើម​មាន​ចលនា​ទិញ ​លក់ឡើង​​វិញ​ជា​បណ្តើរៗ​។ 

លោក​បន្ត​ថា បន្ថែមលើនេះ នា​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​ក៏​បាន​បន្ថែម​ការ​លើក​ទឹក​ចិត្ត​មួយ​ចំនួន​ចំពោះ​លំនៅឋាន​ដែល​មាន​តម្លៃ​រហូត ២១ម៉ឺនដុល្លារ អ៊ីចឹងតម្លៃផ្ទះ ២១ ម៉ឺនដុល្លារ ក៏​ត្រូវ​រួចពន្ធប្រថាប់ត្រាមួយ​ចំណែក​ ដែលវិធានការនេះ គឺ​ពិតជា​បានជួយដល់ម្ចាស់គម្រោងអាច​លក់ចេញ​អចនលទ្រព្យរបស់គាត់បាន​ច្រើនជាងមុន ហើយ​អ្នក​ទិញ ក៏​អាច​ទទួល​បាន​តម្លៃ​ទាប​ជាង​មុន​ផងដែរ​​។

លោកបាន​និយាយ​ថា៖«នៅពេលមានការចំណាយតិចជាងមុន ម្ចាស់ម្រោងនីមួយៗអាចបញ្ចុះ​តម្លៃជូនដល់អតិថិជនថែមទៀត អ៊ឺចឹងអតិថិជនកាន់តែមានភាពងាយស្រួលក្នុងការទិញផ្ទះបានកាន់តម្លៃល្អ។ សម្រាប់ផ្នែក​ឯកជននៅក្នុងស្ថានភាពសេដ្ឋកិច្ចអត់សូវល្អ ប៉ុន្តែ​អាច​ទទួល​បាន​ការលើកទឹកពីរាជរដ្ឋាភិបាលបែបនេះ គឺពួកគាត់សប្បាយចិត្តណាស់​»។

លោក​បន្ត​ថា៖​«​ក្នុង​នាម​ជា​អ្នក​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ ខ្ញុំ​​សង្កេត​ឃើញមានកំណើននៃការលក់ផ្ទះក្រោមតម្លៃ ៧ ម៉ឺនដុល្លារល្អជាងមុន។ ខ្ញុំគិតថា ប្រសិនបើក្រសួង-ស្ថាប័ន​ពាក់ព័ន្ធអាចជួយសម្របសម្រួល និង​ជួយ​លើកទឹកចិត្តបន្ថែមទៀតនោះ​ ប្រហែលជាអាចជួយវិស័យដីធ្លី ព្រម​ទាំង​អ្នកអភិវឌ្ឍគម្រោងបាន​កាន់តែច្រើន»។

បើតាម លោក ចណ្ណា ដើម្បី​ធ្វើ​ឱ្យ​ទីផ្សា​ទិញ លក់​លំនៅឋាន​ ព្រម​ទាំង​វិស័យ​សំណង់ និង​អចលនទ្រព្យទាំងមូល មាន​ដំណើរ​ការ​កាន់​តែ​ល្អ ម្ចាស់គម្រោងនីមួយៗគួរតែសិក្សាបន្ថែមទៀត​ក្នុងការចេញគម្រោងថ្មីដែលមានតម្លៃទាប ឬក៏ធ្វើ​ការ​កែសម្រួល​គម្រោងចាស់ៗដែល​ជាប់​គាំឡើង​វិញ ដើម្បីផ្តល់​ភាព​អំណោយផល​សម្រាប់អតិថិជនក្នុងការទិញ។

លោក​បាន​ប្រាប់​ទៀត​ថា ការ​ចូល​រួម​របស់​វិស័យ​ហិរញ្ញវត្ថុ ក៏​ជា​ចំណែក​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​ទីផ្សារ​អចលនទ្រព្យ​ឆាប់ងើប​ឡើង​វិញ​ផងដែរ​។​

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ផាន់ ផល្លា ក្នុងវេទិកាស្តីពី«ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០២៥» ដែល​​រៀបចំ​កាល​ពី​​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បាន​ឱ្យ​ដឹង​ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាច្រើន​ដើម្បី​ស្ដារវិស័យអចលនទ្រព្យឱ្យ​ងើបឡើងវិញតាម​រយៈ​ការលើកលែង​ផ្នែកពន្ធ​ប្រថាប់ត្រាសម្រាប់​ម្ចាស់គម្រោងអភិវឌ្ឍបុរី​។ 

លោក​បន្ត​ថា ​រដ្ឋាភិបាល​តែង​តែ​មាន​បំណង​ចង់ឱ្យ​វិស័យអចលនទ្រព្យងើបឡើងវិញ ដោយបាន​ដាក់​ចេញ​នូវ​វិធានការជាបន្ត​បន្ទាប់ ពិសេស​ទាក់​ទង​នឹង​ការ​បង់​ពន្ធ​។

លោក​បន្ថែម​ទៀតថា រាជរដ្ឋាភិបាលបានសម្រួលដល់អ្នកទិញផ្ទះដោយ​អ្នកទិញផ្ទះតម្លៃក្រោម ៧ម៉ឺនដុល្លារ មិនចាំបាច់បង់ពន្ធប្រថាប់ត្រានោះទេ ហើយបច្ចុប្បន្ននេះដើម្បីឱ្យ​កាន់តែមានភាពស្រួល និងដោះបន្ទុកនៃការលំបាកមួយចំនួន រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការបន្ថែម​ទៀត​ប្រសិនបើមានអ្នកទិញផ្ទះក្នុង​គម្រោងបុរីលើកទី ១ មាន​តម្លៃក្រោម ២១ម៉ឺនដុល្លារមិនចាំបាច់បង់ពន្ធប្រថាប់ត្រានោះទេ។

លោកបាន​ថ្លែង​ថា៖​«នេះជាគោលនយោបាយ​ត្រូវ​បានដាក់ចេញតាំងតែពីអំឡុងពេលកូវីដ១៩។ កាលពីពេល​ថ្មីៗនេះ​យើង​ទើបមានការសម្រេចសម្រួលបន្ថែមទៀតពាក់ព័ន្ធការបង់ប្រាក់ និងប្លង់ សម្រាប់ការទទួលបានការអនុគ្រោះពន្ធប្រថាប់ត្រា»។

បើ​តាម​លោក ផាន់ ផល្លា រាជរដ្ឋាភិបាល​​កម្ពុជា ជា​ពិសេស​ក្នុង​​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​ នេះ​បាន​​ខិតខំ​យ៉ាង​ខ្លាំង​ក្នុង​ការ​​​ដោះស្រាយ​បញ្ហា​ជា​ច្រើន​នៅ​ក្នុង​វិស័យ​ដីធ្លី និង​សំណង់​គ្រប់​ប្រភេទ។​

ប្រធាន​សមាគម​អចលន​ទ្រព្យ​សកល និង​ជា​អគ្គនាយក​ក្រុមហ៊ុនអចលនទ្រព្យ​ Sam SN Realty លោក សំ សុខនឿន បាននិយាយ​ថា ការ​ចូល​រួម​អន្តរាគមន៍​របស់​អាជ្ញាធរ គឺ​ពិត​ជា​មាន​ភាព​ចាំបាច់ និង​សារៈ​សំខាន់​ណាស់ក្នុង​ជួយ​ធ្វើឱ្យ​ទីផ្សារ​អចលនវត្ថុ និង​សំណង់​នៅ​កម្ពុជា​មាន​ភាព​វិជ្ជមាន​ឡើង​វិញ បន្ទាប់​ពី​ស្ងប់​ស្ងាត់​ចាប់តាំង​ពី​ការ​ផ្ទុះ​ឡើង​នៃ​វិបត្តិ​ជំងឺ​កូវីដ​១៩ កាល​ពីដើម​ឆ្នាំ២០២០។​ ​

ការ​ចូល​អន្តរាគមន៍​របស់​រដ្ឋាភិបាល​ នឹង​ក្លាយ​ជា​កម្លាំង​ចលករ​ធ្វើ​ឱ្យ​វិស័យ​លំនៅឋាន​នៅ​កម្ពុជា​ល្អ​ប្រសើរ​ជាង​មុន។ ចាប់តាំង​ពី​មាន​វិបត្តិ​កូវីដ​១៩ មក​គឺទាំង​អស់​អភិវឌ្ឍន៍​លំនៅឋាន និង​អ្នក​ទិញ​លំនៅឋាន​សុទ្ធ​តែ​ជួប​បញ្ហា​ហិរញ្ញវត្ថុ​។​

លោក​បាន​បញ្ជាក់​ថា៖​«​អន្តរាគមន៍​ដែល​រដ្ឋាភិបាល​បាន​ចូល​រួម​ក្នុង​ការ​មិន​យក​ពន្ធ​លើ​ការ​ទិញ​លក់​លំនៅឋាន​តម្លៃ​ទាប គឺ​ជា​កាតាលីករ​មួយ​ដែល​ជួយ​ជំរុញ​ឱ្យ​សម្ម​ភាពក្នុ​ទីផ្សារ​អចលនទ្រព្យ​មាន​ចលនា​ឡើង​វិញ​»៕