ក្រសួងសាធារណការ និងដឹកជញ្ជូន និង​ក្រុមហ៊ុនក្នុង​ស្រុក រ៉ូយ៉ាល់រេលវេ ម.ក.(Royal Railway) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌផ្លូវដែក(Framework Agreement-FA) ដើម្បី​ឈានទៅរក​ភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្នុងន័យ​អភិវឌ្ឍន៍ផ្លូវដែក​នៅ​កម្ពុជា​ឱ្យកាន់​តែ​មាន​ភាព​ល្អប្រសើរ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុង​ការ​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធដឹក​ជញ្ជូន​​គ្រប់​ប្រភេទ​។​

ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ក្របខ័ណ្ឌផ្លូវដែក(Framework Agreement-FA) រវាង​រដ្ឋាភិបាល និង​ក្រុមហ៊ុន ​រ៉ូយ៉ាល់ រេលវេ ម.ក. ​បាន​ធ្វើ​ឡើង​នៅ​ទីស្តី​ការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន កាល​ពី​ថ្ងៃ​១៣ ខែកុម្ភៈ ឆ្នាំ២០២៥ រវាង​លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយ​ ​លោក គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ ម.ក.(RRPLC)។

ក្រសួង​សាធារណការ បាន​ឱ្យ​ដឹង​ថា កិច្ចព្រមព្រៀងនេះ គឺជំហានដំបូងដើម្បីជាមូលដ្ឋានឈានដល់ការចរចា និងចុះកិច្ចព្រមព្រៀងភាពជាដៃគូរវាងរដ្ឋ និងឯកជន និងស្វែងរកដៃគូយុទ្ធសាស្រ្តដែលមានចំណេះជំនាញ និងបទពិសោធលើវិស័យផ្លូវដែកដើម្បីចូលរួមអភិវឌ្ឍន៍ផ្លូវដែកនៅ​កម្ពុជា​ឱ្យមានភាពល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។

នៅ​លើបណ្តាញសង្គមហ្វេលប៊ុកផ្លូវការរបស់ ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ បានសរសេរថា៖«យើងខ្ញុំមានមោទនភាពជាខ្លាំងក្នុងការប្រកាសអំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងគោលការណ៍ (Framework Agreement) ជាផ្លូវការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។ ព្រឹត្តិការណ៍នេះបង្ហាញពីគោលជំហានយ៉ាងសំខាន់ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើងនៃកម្ពុជា និងធានាបាននូវដំណោះស្រាយដឹកជញ្ជូនដ៏ប្រសើរ និងគ្រប់គ្រងបានយូរអង្វែងសម្រាប់អនាគត»។

ក្រុមហ៊ុនបាន​បន្តថា៖«កិច្ចព្រមព្រៀងនេះបង្ហាញពីការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងការតភ្ជាប់ផ្លូវរថភ្លើង និងជំរុញកំណើនសេដ្ឋកិច្ច។ រ៉ូយ៉ាល់ រេលវេ នៅតែបន្តខិតខំផ្តល់នូវសេវាកម្មផ្លូវរថភ្លើងដ៏ល្អប្រសើរបំផុតដើម្បីជំរុញការអភិវឌ្ឍនៃប្រទេសកម្ពុជា»។

ការសម្រេចបានកិច្ចព្រមព្រៀងនេះ គឺស្របតាម​ការណែនាំរបស់ លោកនាយករដ្ឋមន្រ្តី​ ហ៊ុន ម៉ាណែត ដែល​បាន​ណែនាំឱ្យ​ក្រសួងសាធារណការ និង​ដឹក​ជញ្ជូន​ពិនិត្យមើលលទ្ធភាព​​លើការអភិវឌ្ឍ ស្ថាបនា និងការតភ្ជាប់បណ្ដាញផ្លូវដែក សម្រាប់ការដឹកញ្ជូនទំនិញរបស់កម្ពុជាទាំងក្នុងប្រទេស និង​តភ្ជាប់​ទៅ​ប្រទេស​ក្នុង​តំបន់​។

ប្រធានសមាគមភស្តុភារកម្មកម្ពុជា លោក ស៊ិន ចន្ធី បានប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ​ថា លោកពិតជាមានក្តីរីករាយជាខ្លាំង​​ចំពោះការយកចិត្តទុកដាក់របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​ជំរុញការអភិវឌ្ឍ​ផ្លូវដែក​នៅ​កម្ពុជាឱ្យកាន់តែរីកចម្រើនទៅមុខ​។ 

លោក ប៉េង ពោធិ៍នា (ឆ្វេង) និង​​ ​លោក គិត ម៉េង លើក​បង្ហាញ​កិច្ច​ព្រម​ព្រៀង​ដែល​បាន​ចុះ​ហត្ថលេខា។ ក្រ.សាធារណការ និង​ដឹកជញ្ជូន

ការ​អភិវឌ្ឍ​ផ្លូវដែក​នឹង​ផ្តល់​ផល​ចំណេញ​​ច្រើន​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា ព្រោះ​​ផ្លូវ​ដែកគឺ​គេ​អាច​ដឹក​ទំនិញ​បាន​ច្រើន ​មិន​ស្ទះចរាចរណ៍ និង​តម្លៃទាប ដែល​ចំណុច​ទាំង​អស់​នេះគឺ​សុទ្ធ​តែ​ជួយ​កាត់​បន្ថយ​ថ្លៃដើម​ផលិតឱ្យ​កាន់​តែ​ទាប និង​លើក​កម្ពស់​សមត្ថភាព​ប្រកួត​ប្រជែងតម្លៃ​ទំនិញ​នៅ​​លើ​ទីផ្សារ​អន្តរ​ជាតិ​។​

លោក​បាន​បញ្ជាក់​ថា៖​«ការដឹកជញ្ជូនតាម​ផ្លូវ​ដែក​នៅតែជាមធ្យោបាយ​មួយដ៏សំខាន់​សម្រាប់វិស័យ​ដឹកជញ្ជូន​ និង​ឡូជីស្ទិក។ នៅលើពិភពលោកក៏មានតម្រូវការខ្លាំង​ក្នុងដឹកជញ្ជូន​តាម​ផ្លូវដែក​។ 

អ៊ីចឹងហើយ តាម​រយៈការធ្វើកិច្ចព្រមព្រៀងនេះយើង​សង្ឃឹមថា អនាគត​​ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក. ក៏ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូន នឹងជំរុញ​កិច្ចការនេះ​ឱ្យកាន់តែប្រសើរឡើង​។

លោក​បាន​ប្រាប់​ទៀត​ថា ថ្មីៗនេះក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ក៏​ទើប​បាន​បញ្ជាទិញ​ទូររថភ្លើងសម្រាប់ដឹកកុងតឺន័រ​ជាច្រើនគ្រឿងផងដែរ​ ​ ដូច្នេះ​អនាគតវិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ដែក​កម្ពុជា​នឹង​កាន់​តែ​ប្រសើរ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​ក្នុង​​ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាល​ពី​ថ្ងៃទី២៣ ខែ​មករា ឆ្នាំ​២០២៥ បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៅតែចាត់ទុកការងារវិស័យសាធារណការ និងដឹកញ្ជូន គឺជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលដើម្បីជួយ​ជំរុញដល់កំណើន ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ក្រសួងសាធាណការ ត្រូវ​តែ​ខិតខំ​ជំរុញ​ការស្ថាបនា និងការតភ្ជាប់បណ្ដាញផ្លូវដែកសម្រាប់ការដឹកញ្ជូនទំនិញ។

ក្នុងឆ្នាំ២០២៤ ក្រោមកិច្ចសហប្រតិបត្តិការវិនិយោគជាមួយក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ ការដឹកជញ្ជូនទំនិញតាមផ្លូវដែកទាំងពីរទិស រួមមានខ្សែផ្លូវដែកទិសខាងជើង (ភ្នំពេញ- ប៉ោយប៉ែត) និងខ្សែផ្លូវដែកទិសខាងត្បូង (ភ្នំពេញ-ក្រុងព្រះសីហនុ) សម្រេចបានចំនួន ១,១៦ លានតោន កើនឡើង ៨,២៩ភាគរយ​បើ​ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ១,០៧លានតោន និងមានអ្នកដំណើរ សរុបចំនួន ១០,៤១ម៉ឺននាក់ ថយចុះ ១៦,៩៨% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ១២,៥៤ ម៉ឺននាក់។ នេះបើ​តាម​រដ្ឋមន្ត្រី​ក្រសួងសាធារណការ និង​ដឹក​ជញ្ជូន៕