
ដំណាំដាំចេក និងម្នាស់ដែលនឹងត្រូវនាំចេញទៅទីផ្សារនានាលើពិភពលោក បានប្រើប្រាស់ផ្ទៃដីចំនួន ៨៧០០ ហិកតា។ រូបថត ហុង រស្មី
ក្រចេះ៖ THACO AGRI ជាបុត្រសម្ព័ន្ធក្រុមហ៊ុន TRUONG HAI GROUP CORPORATION (THACO) របស់វៀតណាម និងបានចាប់ផ្ដើមអភិវឌ្ឍវិស័យកសិកម្មដោយផ្ដោតសំខាន់លើចេក គោ និងបន្លែហូបផ្លែដទៃទៀត នៅក្នុងខេត្ដក្រចេះ និងខេត្ដរតនគិរី កាលពីឆ្នាំ២០១៨ បានប៉ាន់ប្រមាណថា ក្រុមហ៊ុនអាចរកប្រាក់ចំណេញ ៨០០លានដុល្លារក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០២៨។
យោងតាម លោក ង្វៀង ង៉ុក អាញ់ ទូ អគ្គនាយករងប្រចាំតំបន់ពហុកសិកម្មស្នួល បានប្រាប់អ្នកសារព័ត៌មាននៅទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុនក្នុងខេត្ដក្រចេះថា៖ «ក្រុមហ៊ុនបង់ពន្ធជូនរដ្ឋនាពេលគម្រោងដែលដំណើររលូន និងលំនឹងក្នុងទឹកប្រាក់ ៣៥ លាន ដុល្លារអាមេរិកក្នុងមួយឆ្នាំ»។
លោកបានបន្ដថា៖ «លើសពីនេះ ក្រុមហ៊ុនក៏បានបង្កើតការងារ និងប្រាក់ចំណូលដល់បងប្អូនកម្មករក្នុងស្រុក ៤ម៉ឺននាក់ ដោយគម្រោងកសិកម្មនៅស្រុកស្នូល ខេត្តក្រចេះនេះផ្ដល់ការងារ ១៥០០០ នាក់ និងគម្រោងកសិកម្មនៅស្រុកលំផាត់ ខេត្តរតនគីរី ផ្ដល់ការងារ ២៥០០០ នាក់»។
លោក អាញ់ ទូ បាននិយាយកាលពីថ្ងៃទី១៦ ខែកុម្ភៈម្សិលមិញនេះថា THACO AGRI មានចក្ខុវិស័យ «ក្លាយជាសាជីវកម្មកសិកម្មឈានមុខគេក្នុងតំបន់អាស៊ាននៅឆ្នាំ ២០២៥» និងដាក់ចេញនូវយុទ្ធសាស្ត្រស្នូល៖ វិនិយោគលើផលិតកម្មកសិកម្ម (ដាំដុះ ចិញ្ចឹមសត្វ) លើមូលដ្ឋានសរីរាង្គទ្រង់ទ្រាយធំនៃឧស្សាហកម្ម។

កម្មករ និងកម្មករិនី ចង បិតស្កុត និងតែមលើផលិតផលចេកមុនពេលច្រកបញ្ចូលកេស។ រូបថត ហុង រស្មី
ជាមួយការអភិវឌ្ឍលើផ្ទៃដីជាង ៣៤០០០ ហិកតា ក្នុងខេត្ដក្រចេះ និងរតនគិរី ក្រុមហ៊ុនគ្រប់គ្រងតាមវិធីសាស្ត្រឧស្សាហកម្ម អនុវត្តយន្ថូបនិយកម្ម ឯកទេសជីវវិទ្យា និងឌីជីថលបនិយកមក្មតាមដំណាក់កាលសមស្រប គ្រប់គ្រងតាមខ្សែសង្វាក់នៃតម្លៃ ទៅកាន់ទីផ្សារនាំចេញជាមួយនឹងផលិតផលស្រស់ និងកែច្នៃ។
ក្រោយពីសម្ព័ន្ធក្រុមហ៊ុន Hoang Anh Gia Lai Agricultural Joint Stock Company (HAGL Agrico) ដែលទទួលគម្រោងដីសម្បទានអភិវឌ្ឍក្នុងឆ្នាំ២០១២ លើដំណាំកៅស៊ូ និង ដូងប្រេង បានក្ស័យទុន ក្រុមហ៊ុន THACO បានចាប់ផ្ដើមបន្ដ ដោយបង្វែទៅជាដំណាំចេក ចិញ្ចឹមគោ និងផ្លែឈើហូបផ្លែមួយចំនួនទៀត។
ក្រុមហ៊ុនវៀតណាម (THACO) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៧ និងមានបុត្រសម្ព័ន្ធក្នុងឧស្សហកម្មជាច្រើន រួមមាន THACO AUTO (រថយន្ត); THACO AGRI (កសិកម្ម); THACO INDUSTRIES (វិស័យផលិតកម្មមេកានិច និង ឧស្សាហកម្មគាំទ្រ); THILOGI (ដឹកជញ្ជូន និងភស្តុភាកម្ម); THADICO (វិនិយោគសំណង់) និង THISO (ពាណិជ្ជកម្ម និងសេវាកម្ម)។
ប្រតិបត្ដិការរបស់ THACO AGRI នៅខេត្ដក្រចេះមាន ៣ ក្រុមហ៊ុន លើផ្ទៃជាងមួយម៉ឺនហិកតាជាមួយនឹងតម្លៃទុនវិនិយោគសរុប ៤៩៥ លានដុល្លារ និងរតនគិរី មាន ៧ ក្រុមហ៊ុនលើផ្ទៃដី ជាង ២៤០០០ហិកតា ៨០០ លានដុល្លារ។

ចេកដែលត្រូវបានបែងចែកតាមទំហំប្រភេទរួច នឹងត្រូវបានបាញ់លាងសម្អាតម្ដងទៀត។ រូបថត ហុង រស្មី
ដំណាំចេកជាផលិតផលឈានមុខរបស់ក្រុមហ៊ុន ដោយទាំងអនុផល និងកាកសំណល់ចេញពីកសិផលទាំងនោះត្រូវបានទាញយកទៅធ្វើជាជី និងចំណីសត្វ ខណៈសំណល់ពីសត្វត្រូវបានកែច្នៃជាជីសម្រាប់ដំណាំវិញ។
លោក អាញ់ ទូ បាននិយាយថា៖ «ស្របជាមួយនឹងដំណើរការនៃការដាំដុះ និងការចិញ្ចឹមសត្វ ក្រុមហ៊ុនវិនិយោគលើខ្សែសង្វាក់ផលិតកម្មសម្ភារៈ គ្រឿងចក្រ និងឧបករណ៍សម្រាប់កសិកម្ម តាមបច្ចេកវិទ្យាទំនើបទូទាំងសង្វាក់ផលិតកម្ម»។
គម្រោងដែលចាយទុន ៤៩៥ លាន ដុល្លារ រួមមាន ដំណាំចេកត្រូវបានបង្កបង្កើនផលលើផ្ទៃដីចំនួន ៣៧០០ ហិកតា និងដំណាំហូបផ្លែ (ទុរេន) គួបផ្សំនឹងកសិដ្ឋានចិញ្ចឹមគោនឹងត្រូវបានរៀបចំលើផ្ទៃដីចំនួន ៥,១០០ ហិកតា (ក្នុងនោះ ២,៥០០ ហិកតានឹងដាំទុរេន និងគួបផ្សំជាមួយកសិដ្ឋានចិញ្ចឹមគោដែលមានទំហំ ១១៧២០០ ក្បាល)។
លើសពីនេះ កសិដ្ឋានចិញ្ចឹមត្រីទឹកសាប តាមតាមប្រព័ន្ធស្រះទឹក និងទំនប់ទឹកផ្គត់ផ្គង់សម្រាប់ផលិតកម្មដាំដុះ និងចិញ្ចឹមសត្វ ត្រូវបានចិញ្ចឹមនៅលើផ្ទៃទឹកចំនួន ២១០ ហិកតា។

ចាប់ពីឆ្នាំ២០២៨ ក្រុមហ៊ុន THACO នឹងប្រមូលផលផ្លែឈើស្រស់នាំចេញនឹងមានបរិមាណ ១,១លានតោនក្នុងមួយឆ្នាំ។ កសិផលផ្លែចេកត្រូវបានដាក់ក្នុងកេសទៅតាមប្រភេទទំហំនីមួយៗមុនពេលបញ្ជូនទៅកាន់ទីផ្សារ។ រូបថត ហុង រស្មី
ការិយាល័យ ឃ្លាំងមេមជ្ឈមណ្ឌលប្រតិបត្តិការភស្ដុភារកម្ម និងបណ្ដារោងចក្រផលិតកម្មឧស្សាហកម្ម ក៏ដូចជាផ្ទះកម្មករ រៀបចំលើផ្ទៃដីចំនួន ៣៨៥ ហិកតា (រួមទាំងបណ្ដារោងចក្រផលិតកម្មសម្ភារៈកសិកម្ម មេកានិកកសិកម្ម ការផលិតអំបោះចេក និងជីសរីរាង្គ) ។
ចំពោះគម្រោងដែលចាយទុន ៨០០លានដុល្លារ វាជាគម្រោងវិនិយោគ និងផលិតកម្មកសិកម្មទ្រង់ទ្រាយធំនៅស្រុកលំផាត់ និង ស្រុកកូនមុំ ខេត្តរតនគិរី លើផ្ទៃដី ២៤,៦៨២ ហិកតា។
លោក អាញ់ ទូ បានបញ្ជាក់ថា៖ «ដំណាំដាំចេក និងម្នាស់ដែលនឹងត្រូវនាំចេញទៅទីផ្សារនានាលើពិភពលោក បានប្រើប្រាស់ផ្ទៃដីចំនួន ៨៧០០ ហិកតា ដែលក្នុងនោះរួមមាន (ចេក ៦,៧០០ ហិកតា និង ម្នាស់ ២,០០០ ហិកតា)»។
ចំពោះដំណាំហូបផ្លែ (ស្វាយ ក្រូចថ្លុង) គួបផ្សំនឹងកសិដ្ឋានចិញ្ចឹមគោត្រូវបានរៀបចំលើផ្ទៃដីចំនួន ១៣,១០០ ហិកតា (ក្នុងនោះ ៦,៥០០ ហិកតានឹងដាំស្វាយ និងក្រូចថ្នុង និងគួបផ្សំជាមួយកសិដ្ឋានចិញ្ចឹមគោដែលមានទំហំ ១៣៥៧០០ ក្បាល)។

ការធ្វើបទបង្ហាញពីវឌ្ឍនភាពអភិវឌ្ឍវិស័យកសិកម្មរបស់លោក Nguyen Ngoc Anh Tu អគ្គនាយករងប្រចាំតំបន់ពហុកសិកម្មស្នួល ដល់ប្រធានក្លិបអ្នកកាសែតកម្ពុជា និងអ្នកសារព័ត៌មាននៅទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុនក្នុងខេត្ដក្រចេះ កាលពីថ្ងៃទី១៦ ខែកុម្ភៈ។ រូបថត ហុង រស្មី
កសិដ្ឋានចិញ្ចឹមត្រីទឹកសាប (តាមប្រព័ន្ធស្រះទឹក និងទំនប់ទឹកផ្គត់ផ្គង់សម្រាប់ផលិតកម្មដាំដុះ និងចិញ្ចឹមសត្វ) នឹងត្រូវបានចិញ្ចឹមនៅលើផ្ទៃទឹកចំនួន ១៨០ ហិកតា។
ការិយាល័យ ឃ្លាំងមេមជ្ឈមណ្ឌលប្រតិបត្តិការភស្ដុភារកម្ម និងបណ្ដារោងចក្រផលិតកម្មឧស្សាហកម្ម និងផ្ទះកម្មករ នឹងត្រូវបានរៀបចំលើផ្ទៃដីចំនួន ១០០ ហិកតា (រួមទាំងបណ្ដារោងចក្រផលិតកម្មសម្ភារៈកសិកម្ម មេកានិកកសិកម្ម ការផលិតអំបោះចេក ជីសរីរាង្គ និងថ្នាំការពាររុក្ខជាតិ)។

សត្វគោចិញ្ចឹមយកសាច់មានចំនួនជាង ២៤ម៉ឺនក្បាលនៅកសិដ្ឋានដីសម្បទានទាំងនៅរតនគិរី និងក្រចេះ។ រូបថត ហុង រស្មី
លោក អាញ់ ទូ បានបន្ដថា៖ «ជាមួយទីតាំងភូមិសាស្រ្តអំណោយផល រួមទាំងតម្លៃប្រកួតប្រជែងក្នុងចំណោមតំបន់ ដូចជា ថៃ ហ្វីលីពីន និងម៉ាឡេស៊ីជាដើម ក្រុមហ៊ុន THACO ទាំងនៅស្រុកស្នួលខេត្ដក្រចេះ និងខេត្ដរតនគិរី ធ្វើការនាំចេញកសិផលទៅកាន់ទីផ្សារកម្រិតខ្ពស់ ដែលមានការប្រើប្រាស់ចំនួនច្រើននៅក្នុងតំបន់អាស៊ី និងអាស៊ីប៉ាស៊ីហ្វិក ដូចជាប្រទេសចិន ជប៉ុន កូរ៉េ តៃវ៉ាន់ អូស្ត្រាលី»។
ចំពោះក្ដីរំពឹងលទ្ធផលកសិផលក្នុងវិស័យកសិកម្មរបស់ក្រុមហ៊ុននៅឆ្នាំ២០២៨ លោក Anh Tu បានបង្ហាញពីជំនឿថា
- ផ្លែឈើស្រស់នាំចេញនឹងមានបរិមាណ ១,១លានតោនក្នុងមួយឆ្នាំ ដោយគម្រោងកសិកម្មនៅស្រុកស្នូល ខេត្តក្រចេះមាន ៣៨ម៉ឺនតោន និងគម្រោងកសិកម្មនៅស្រុកលំផាត់ ខេត្តរតនគិរីមានចំនួន ៧៣ម៉ឺនតោន។
- បរិមាណផ្លែឈើកែច្នៃសម្រេចនាំចេញមានចំនួន ២៥០០០ តោនមួយឆ្នាំ ស្ថិតនៅស្រុកលំផាត់ ខេត្តរតនគិរីទាំងអស់។
- បរិមាណ អំបោះចេកនាំចេញមានចំនួន ១២០០០ តោនមួយឆ្នាំ ដោយគម្រោងកសិកម្មនៅស្រុកលំផាត់ ខេត្តរតនគិរី មាន ៧ ០០០ តោន និងគម្រោងកសិកម្មនៅស្រុកស្នូល ខេត្តក្រចេះមាន ៥ ០០០តោន។
- គោកាប់សាច់សម្រាប់ផ្គត់ផ្គង់ចេញទីផ្សារមានចំនួន ៤៣ ០០០ ក្បាលមួយឆ្នាំ ដោយគម្រោងកសិកម្មនៅស្រុកស្នូល ខេត្តក្រចេះមាន ១៦ ០០០ក្បាល និងគម្រោងកសិកម្មនៅស្រុកលំផាត់ ខេត្តរតនគិរីមាន ២៧ ០០០ក្បាល/។
- បរិមាណត្រីសាច់មានចំនួន ៣ម៉ឺនតោនមួយឆ្នាំ ដោយគម្រោងកសិកម្មនៅស្រុកស្នូល ខេត្តក្រចេះមាន ១៨០០០ តោន និងគម្រោងកសិកម្មនៅស្រុកលំផាត់ ខេត្តរតនគីរីមាន ១២០០០ តោន។
- ចំណែកឯបរិមាណសំបុកសត្វត្រចៀកកាំមាន ១១៥០ គីឡូក្រាមក្នុងមួយឆ្នាំ ដោយគម្រោងកសិកម្មនៅស្រុកស្នូល ខេត្តក្រចេះមាន ៥៥០ គីឡូក្រាម និងគម្រោងកសិកម្មនៅស្រុកលំផាត់ ខេត្តរតនគិរីមាន ៦០០ តោន៕