
កម្មករកំពុងដេរសម្លៀកបំពាក់ក្នុងរោងចក្រមួយកន្លែងក្នុងរាជធានីភ្នំពេញ នាពេលកន្លងមក។ ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ អ្នកជំនួញ និងអាជ្ញាធរយល់ឃើញប្រហាក់ប្រហែលគ្នាថា ទំនាក់ទំនងពាណិជ្ជកម្ម ជាពិសេសការនាំទំនិញផលិតនៅកម្ពុជាទៅទីផ្សារអាមេរិក នឹងនៅតែបន្តសញ្ញាវិជ្ជមានបើទោះបីរដ្ឋាភិបាលថ្មីអាមេរិកបានប្រកាសដំឡើងពន្ធនាំចូលទំនិញពីប្រទេសមួយចំនួនក៏ដោយ ខណៈក្នុងខែដំបូងឆ្នាំ ២០២៥ កម្ពុជារកប្រាក់បានជិត ៨៧០លានដុល្លារពីការនាំទំនិញទៅទីផ្សារអាមេរិក។
ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) ឱ្យដឹងថា ក្នុងខែមករា ឆ្នាំ ២០២៥ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា អាមេរិក ២ មានទឹកប្រាក់សរុប ៨៩២,៤៧លានដុល្លារ កើនឡើង ៣៨,៦ភាគរយបើធៀបខែមករា ឆ្នាំ ២០២៤ ក្នុងនោះទំនិញកម្ពុជានាំចេញទៅប្រទេសអាមេរិក មានតម្លៃ ៨៦៨,៧លានដុល្លារ កើនឡើង ៣៨,៦ភាគរយ ចំណែកទំនិញអាមេរិកនាំមកវិញចំនួន ២៣,៧៦លានដុល្លារ កើនឡើង ៣៧,៧។
ផ្អែកតាមតួលេខ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឧត្តមភាព ៨៤៤,៩៤លានដុល្លារ ខណៈរយៈពេលដូចគ្នាឆ្នាំ ២០២៤ មានចំនួន ៦០៩,៥៧លានដុល្លារ។
អាមេរិក គឺជាប្រទេសទទួលទិញទំនិញពីកម្ពុជាច្រើនជាងគេ ដោយទឹកប្រាក់ទំនិញកម្ពុជានាំទៅអាមេរិក ស្មើនឹង ៣៧,៦៦ភាគរយនៃចំនួនទឹកប្រាក់នាំចេញសរុបរបស់កម្ពុជាក្នុងខែមករា ឆ្នាំ២០២៥ ដែលមាន ២ ៣០៦,៥លានដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី១៦ ខែកុម្ភៈថា រយៈពេលជាច្រើនឆ្នាំមកហើយដែលអាមេរិកតែងឈរលើគេក្នុងនាមជាប្រទេសទទួលទិញទំនិញពីកម្ពុជាច្រើន បើទោះក្នុងអំឡុងពេលសេដ្ឋកិច្ចពិភពលោកជួបវិបត្តិបែបណាក៏ដោយ។
អាមេរិក គឺជាទីផ្សារដ៏មានសក្តានុពលរបស់កម្ពុជា ដោយភាគច្រើនលើសលប់នៃទំនិញកម្ពុជានាំទៅទីផ្សារអាមេរិក គឺជាផលិតផលសម្លៀកបំពាក់ កាបូបធ្វើដំណើរ ស្បែកជើង និងបន្ទះសូឡា។
លោកបន្តថា ការនាំទំនិញផលិតនៅកម្ពុជាទៅអាមេរិក ត្រូវរំពឹងថានឹងបន្តកើនឡើងថែមទៀត ព្រោះឥទ្ធិពលនៃជម្លោះភូមិសាស្រ្តនយោបាយ សង្គ្រាមពាណិជ្ជកម្ម និងការគាបសង្កត់ផ្នែកពន្ធនាំទំនិញចូលពីសំណាក់រដ្ឋាភិបាលអាមេរិកចំពោះប្រទេសមួយចំនួននឹងអាចជួយធ្វើឱ្យមានការបញ្ជាទិញទំនិញពីបណ្តារោងចក្រ/សហគ្រាស នៅកម្ពុជាកាន់តែច្រើន។
លោកអះអាងថា៖«ការរក្សាបានទំនាក់ទំនងការទូតល្អរវាងរដ្ឋាភិបាល និងផ្នែកឯកជននៃប្រទេសទាំង ២ ព្រមទាំងកំណើននៃសមត្ថភាពផលិតកម្ម និងគុណភាពទំនិញផលិតនៅកម្ពុជា នឹងជួយកម្ពុជាទទួលបានការបញ្ជាទិញកាន់តែច្រើនពីវិនិយោគិនអាមេរិក។ ជាមួយនឹងកំណើនរោងចក្រ/សហគ្រាសផលិតទំនិញដែលមានកាន់តែច្រើននៅកម្ពុជា ខ្ញុំមានសុទិដ្ឋិនិយមថាកម្ពុជានឹងមានផលិតផលចម្រុះកាន់តែច្រើននាំទៅទីផ្សារអាមេរិក»។
អ្នកជំនួញខាងលើបានឱ្យដឹងទៀតថា ដោយសារតម្រូវការផលិតផលសម្លៀកបំពាក់ កាបូបធ្វើដំណើរ និងស្បែកជើង តែងមានទំនាក់ទំនងខ្លាំងជាមួយវិស័យទេសចរណ៍ ដូច្នេះវិស័យទេសចរណ៍ពិភពលោកក្នុងឆ្នាំ ២០២៥ ដែលគេព្យាករណ៍ថានឹងល្អប្រសើរជាងឆ្នាំ២០២៤ ប្រាកដជានឹងជួយធ្វើឱ្យការនាំចេញរបស់កម្ពុជាកើនឡើង។
ប្រធានសហព័ន្ធសមាគមអ្នកវិនិយោគកម្ពុជា និងជាប្រធានសមាគមស្បែកជើងកម្ពុជា លោក លី ឃុនថៃ កាលពីពេលថ្មីៗនេះបាននិយាយថា ផលិតផលវាយនភណ្ឌកម្ពុជាគឺនឹងបន្តមានទីផ្សារល្អនៅអាមេរិក និងប្រទេសរីកចម្រើនមួយចំនួនទៀតដូចជា កាណាដា និងសហគមន៍អឺរ៉ុបជាដើម។
គុណភាព និងតម្លៃផលិតផលវាយភណ្ឌកម្ពុជា គឺត្រូវបានទីផ្សារអន្តរជាតិទទួលស្គាល់ និងអាចប្រកួតប្រជែងជាមួយផលិតផលប្រទេសផ្សេងទៀតបានដោយជោគជ័យ។
លោកបន្តថា សម្រាប់កំណើនកម្រិតណានោះ គឺគេត្រូវរង់ចាំមើលស្ថានភាពកំណើនសេដ្ឋកិច្ចសកលជាមុនសិន ខណៈកម្លាំងផលិតនៅកម្ពុជាគឺមិនមានបញ្ហាទេ។
លោកបានប្រាប់ថា៖«កំណើននឹងបន្តថែមទៀត ស្របពេលចំនួនរោងចក្រមកបើកអាជីវកម្ម និងផលិត/កែច្នៃទំនិញនៅកម្ពុជាក៏មានចំនួនកើនឡើងជាលំដាប់»។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Freshnews កាលពីសប្តាហ៍មុនបានលើកឡើងថា ទោះបីរដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីពេលថ្មីៗបានប្រកាសពីការដំឡើងពន្ធនាំចូលសម្រាប់ទំនិញមកពីប្រទេសជាច្រើននៅលើពិភពលោកដូចជា ចិន ម៉ិចសិក និងកាណាដា រហូតដល់ទៅ ២៥ភាគរយក៏ដោយ ក៏មិនទាន់មានសញ្ញាពីការចង់ដំឡើងពន្ធពីបណ្តាប្រទេសក្នុងតំបន់អាស៊ានឡើយ។
លោកបានថ្លែង៖«ក្នុងពេលនេះយើងមិនទាន់ឃើញសញ្ញាណាមួយដែលលោក ត្រាំ គាត់ដាក់សម្ពាធលើប្រទេសអភិវឌ្ឍន៍តិចតួចនៅឡើយទេ ហើយជាពិសេសគឺគ្មានដាក់សម្ពាធមកលើកម្ពុជាក្នុងការដំឡើងពន្ធលើមុខទំនិញណាមួយ ឬមុខទំនិញទូទៅនោះទេ។ ដូច្នេះយើងនៅតែបន្តការរៀបចំធ្វើឱ្យមានទំនាក់ទំនងល្អប្រសើររវាងទីផ្សារយើង និងទីផ្សារនៅសហរដ្ឋអាមេរិក»។
ក្នុងឆ្នាំ២០២៤ ការនាំចេញ នាំចូលទំនិញទ្វេភាគីកម្ពុជា-អាមេរិក មានទឹកប្រាក់សរុប ១០,១៨ពាន់លានដុល្លារ កើនឡើង ១១,២ភាគរយបើធៀបនឹងឆ្នាំ ២០២៣។
ក្នុងចំនួននេះគឺកម្ពុជានាំទៅអាមេរិក ៩,៩២ពាន់លានដុល្លារ កើន ១១,៤ភាគរយ ចំណែកទំនិញអាមេរិកនាំចូលវិញ មានចំនួន ២៦៤,១៥ លានដុល្លារ កើន ២,៧ ភាគរយ៕