វិនិយោគិន​ចំនួន​ ១៨ ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍ចំពោះ​សក្តានុពល​​វិនិយោគ​នៅ​កម្ពុជា​ ខណៈ​កម្ពុជាមាន​វិស័យ​ចម្រុះ​ជាច្រើន​ដែល​ត្រូវ​ការ​អ្នក​វិនិយោគ​​ចូល​មក​បណ្តាក់​ទុន​ផ្ទាល់ ដើម្បី​ដាំដុះ ផលិត/​កែច្នៃ​ទំនិញ​បំពេញ​ឱ្យ​តម្រូវ​ការ​ក្នុង​ស្រុក និង​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​។​

ការ​បង្ហាញ​ចំណាប់​អារម្មណ៍​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅទីស្តី​ការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា(CDC) កាល​ពី​ថ្ងៃទី​១៧ ខែ​កុម្ភៈ នា​ឱកាស​ជំនួប​ពិភាក្សា​រវាង ​លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា(CDC) រួម​ជា​មួយ​លោក ពុង ខៀវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារ​កាណាឌីយ៉ា ភីអិលស៊ី និង​​ក្រុមហ៊ុន​ចម្រុះ​វិស័យ​ជាច្រើន​ទៀត ព្រម​ទាំង​​គណៈប្រតិភូ​ចំនួន ១៨ ក្រុមហ៊ុន​មកពីទីក្រុងនីងប៉ ខេត្តចឺជាំង ប្រទេស​ចិន ដែល​ដឹកនាំដោយលោកស្រី Lu Zhiqiong អគ្គនាយកធនាគារនីងប៉។

ជាកិច្ចចាប់ផ្តើម លោក ជា វុទ្ធី បានសម្តែង​ការ​​ស្វាគមន៍ និង​វាយតម្លៃខ្ពស់ចំពោះការវិនិយោគរបស់វិនិយោគិន​ចិននៅ​ប្រទេសកម្ពុជានា​ពេល​កន្លង​មក​ និង​បាន​លើក​ឡើងពីសក្តានុពលនៃ​វិស័យ​ចម្រុះ​​ដែល​កម្ពុជា​កំពុង​មាន​សម្រាប់​ការ​មក​បណ្តាក់ទុន​។

លោក​បន្ត​ថា ជាមួយ​នឹង​គោល​នយោបាយ​លើក​ទឹក​ចិត្ត​ជា​ច្រើន​ដែល​រដ្ឋាភិបាលកម្ពុជា​បាន​ដាក់​ចេញជាបន្ត​បន្ទាប់ គឺ​រូប​​លោក​ពិត​ជា​ចង់​ឃើញ​អ្នក​វិនិយោគ​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​កាន់​តែ​ច្រើន។

ការ​វិនិយោគ​លើ​វិស័យឧស្សាហកម្ម កម្មន្តសាល ការកែច្នៃផលិតផល ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស និង​ការ​វិនិយោគ​ក្នុង​វិស័យ​​​កសិកម្ម​(ពិសេស​ដំណាំ​ស្រូវ ដំទ្បូងមី និងស្វាយចន្ទី) គឺ​សុទ្ធតែ​ជា​អ្វី​ដែល​កម្ពុជា​ចង់បាន​។​

លោក​​ថ្លែងថា៖«​ខ្ញុំ​សូម​ជំរុញ និង​លើក​ទឹក​ចិត្ត​ឱ្យវិនិយោគិនធ្វើការគិតគូរក្នុងការបង្កើតខ្សែចង្វាក់ផលិតកម្មក្នុងវិស័យកសិកម្ម ជាពិសេសការកែច្នៃស្វាយចន្ទីដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ»។

បន្ថែម​លើនេះ លោក ជា​ វុទ្ធី ក៏​បាន​ប្រាប់​​គណៈប្រតិភូពីចិន​អំពី​ស្ថានភាពវិនិយោគនៅកម្ពុជា ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគដែលបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន ព្រមទាំងមាន​ការលើកទឹកចិត្តនានាជាច្រើន​​។

លោកស្រី Lu Zhiqiong បាននិយាយ​​​ថា តាមរយៈជំនួបនេះ​លោក​ស្រី​មាន​ជំនឿថា​នឹងធ្វើឱ្យ​ថ្នាក់​ដឹក​នាំ​ក្រុមហ៊ុន​ទាំង ១៨ ​បន្ថែម​ការ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​​ក្នុងការគិតគូរមកបណ្តាក់ទុនវិនិយោគផ្ទាល់​នៅកម្ពុជា។

យោងតាម CDC ក្រុមហ៊ុន​ទាំង ១៨ គឺ​មក​ពី​វិស័យ​​ជា​ច្រើន​ដូច​ជា ការកែច្នៃកៅស៊ូ ផលិតសម្ភារបរិក្ខារពេទ្យ សម្ភារឆ្លាតវៃប្រើប្រាស់ក្នុងផ្ទះ សម្លៀកបំពាក់ និងធនាគារ។ល។

ក្រៅ​ពី​ជំនួប​ខាង​លើក្នុងថ្ងៃ​ទី​១៧ ខែ​កុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏​បាន​​ជួប​ពិភាក្សា​ជាមួយ​​ លោក Zhang Chaomin ប្រធាន និងជាអគ្គនាយកប្រតិបត្តិ​នៃក្រុមហ៊ុន Infinite Capital Holding Company (ICAP) ដែល​ជា​ក្រុមហ៊ុន​មាន​ជំនាញ​លើ​វិស័យការផលិតសម្ភារ បច្ចេកវិទ្យាបញ្ញានិមិ្មត (AI), សឺមីកុងឌុចទ័រ (Semiconductor), និងសរសៃកាបូន (Carbon Fiber) ជាដើម។

លោក Zhang Chaomin បាន​​លើកឡើង​​ថា បច្ចុប្បន្ន​​ក្រុម​ហ៊ុន​របស់​លោក​​កំពុង​ស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យយានយន្ដប្រើប្រាស់ថាមពលស្អាត​​(រថយន្តអគ្គិសនី) ក៏ដូចជាការផលិតនូវគ្រឿងបង្គុំរថយន្តអគ្គិសនី ជា​ដើម​។

លោក​​បញ្ជាក់​ថា៖​«​មូលហេតុ​ដែល​ក្រុមហ៊ុន​​​​កំពុង​​ចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា គឺដោយសារកម្ពុជា​​មានសុខសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយ​​ ជាពិសេស​ការរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់​ និងប្រកប​ដោយ​ភាពភាពធន់ក្នុងរង្វង់ ៦ ភាគរយ បើទោះបីជាកម្ពុជា​កំពុង​បន្ត​ទទួលរងនូវផលប៉ះពាល់ដោយសារការរីករាតត្បាតពីជំងឺកូវីដ ១៩ ក៏ដូចជាភាពមិនប្រាកដប្រជាខ្ពស់នៃសេដ្ឋកិច្ចពិភពលោកនា​ពេល​នេះ​។

ជាការ​ឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្តែងក្ដីសោមនស្សចំពោះក្រុមហ៊ុនដែលបានបង្ហាញចំណាប់អារម្មណ៍នៅក្នុងការស្វែងរកឱកាសវិនិយោគនៅប្រទេសកម្ពុជា។

ជាមួយ​គ្នា​នេះលោក ហ៊ុន ម៉ាណែត ក៏បាន​លើក​ឡើង​ពី​សារៈសំខាន់ និងភាពចាំបាច់របស់កម្ពុជានៅក្នុងការលើកទឹកចិត្តដល់បណ្ដាក្រុមហ៊ុនវិនិយោគឱ្យ​ចូល​មក​​ស្វែងរកឱកាសវិនិយោគទៅលើវិស័យផលិតគ្រឿងបង្គុំរថយន្ត ក៏ដូចជាខ្សែច្រវាក់ផ្គត់ផ្គង់នានា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។

ទិន្នន័យ​របស់​​អគ្គនាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE) ក្នុង​ខែ​ដំបូង​ឆ្នាំ ២០២៥ នេះ​ចរាចរណ៍​ទំនិញ​ឆ្លង​កាត់​ព្រំដែន​ប្រទេស​ទាំង ២ មាន​ទឹក​ប្រាក់​សរុប ១,៥៥ ពាន់​លាន​ដុល្លារ កើន​ឡើង ៣៤,៧​ភាគរយ​បើ​ធៀប​ខែ​មករា ឆ្នាំ​២០២៤ ក្នុង​នោះ​កម្ពុជា​នាំ​ទៅ​ចិន ១០៣,០៧​​លាន​ដុល្លារ ធ្លាក់​ចុះ ១៥,៣​ភាគរយ ចំណែកទំនិញ​​ចិន​នាំមក​កម្ពុជា​ ១,៣៥ ពាន់​លាន​ដុល្លារ កើនឡើង ៤០,៥​ភាគរយ​។​

ក្នុង​ឆ្នាំ ២០២៤ សកម្ម​ភាព​នៃ​ការ​នាំ​ចូល នាំ​ចេញ​ទំនិញ​រវាង​ប្រទេស​កម្ពុជា និង​​ចិន មាន​ទឹក​ប្រាក់​សរុប ១៥,១៩ ពាន់លាន​ដុល្លារ កើន​ឡើង ២៣,៨ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ ​២០២៣។

ក្នុង​ចំនួន​នេះ គឺ​ទំនិញ​​​ចិន​នាំ​មក​កម្ពុជា មាន​ចំនួន ១៣,៤៤ ពាន់​លាន​ដុល្លារ កើន​ឡើង ២៤,៦ភាគរយ ចំណែកទំនិញ​កម្ពុជា​នាំ​ទៅ​ប្រទេស​ចិន ១,៧៥ពាន់​លាន​ដុល្លារ កើន ១៨,៤ភាគរយ។

អ្នក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភាកម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ​ថា ភាព​ល្អ​ប្រសើរ​នៃ​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​កម្ពុជា-​ចិន ព្រម​ទាំង​ភាព​មិន​ស៊ីចង្វាក់​គ្នា​រវាង​រដ្ឋាភិបាល​ចិន និង​អាមេរិក គឺ​ជា​កម្លាំង​ចលករ​មួយ​ដ៏​ខ្លាំង​ដែល​​ជំរុញ​ឱ្យ​វិនិយោគិនចិន​​កាន់​តែ​ច្រើន​ចូល​មក​វិនិយោគ​នៅ​កម្ពុជា។

ចំនួន​នេះ​នឹង​បន្ត​កើន​ឡើង​បន្ថែម​ទៀត​នៅ​ឆ្នាំបន្ត​បន្ទាប់​ខាង​មុខ ខណៈ​កម្ពុជា​កំពុង​មាន​ភាពល្អ​ប្រសើរ​ទាំង​កត្តា​ខាង​ក្នុង និង​ខាង​ក្រៅ​។

លោក​បាន​និយាយ​ថា៖​«​​លក្ខខណ្ឌ​នៃ​ទីតាំង​ភូមិសាស្រ្ត កម្លាំង​ពលកម្ម​ជំនាញ ច្បាប់​វិនិយោគ​របស់​កម្ពុជា​ និង​ប្រព័ន្ធ​ពន្ធនាំចេញទំនិញ​ គឺ​សុទ្ធ​តែ​មាន​ភាព​ល្អ​ប្រសើរ​សម្រាប់​អ្នក​វិនិយោគ។ កម្ពុជា​មាន​​បរិយាកាស​ដ៏​ល្អ​សម្រាប់​អ្នក​វិនិយោគ»៕