
កម្មករកំពុងកាយរ៉ែថ្មក្រានីត និងអារជាបន្ទះនៅកន្លែងយកថ្មមួយកន្លែងក្នុងឃុំស្វាយជ្រះ ស្រុកស្នួល ខេត្ដក្រចេះ។ រូបថត ហុង រស្មី
ក្រចេះ៖ ឧស្សាហកម្មថ្មអារ ឬថ្មក្រានីតនៅកម្ពុជាបានទទួលជោគជ័យចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងនាំចេញផលិតផលសម្រេចទៅកាន់ទីផ្សារអន្ដរជាតិ ក្រោយវិស័យនេះបានធ្លាក់ចុះខ្លាំងកាលពី៣ឆ្នាំមុន។
នៅឆ្នាំ ២០២៣ វិស័យថ្មអាររបស់កម្ពុជាស្ថិតក្នុងដំណាក់កាលដ៏លំបាកដោយរោងចក្រនានាត្រូវបានបិទជាបណ្តើរៗ ដែលឈានទៅរកការដួលរលំទាំងស្រុង។
អស់រយៈពេលជិតបីឆ្នាំ កិច្ចខិតខំប្រឹងប្រែងពីវិស័យឯកជនដើម្បីស្តារឧស្សាហកម្មនេះ បានទទួលជោគជ័យតិចតួច ដោយទីផ្សារថ្មអារកម្ពុជាប្រឈមមុខនឹងបញ្ហា ជាច្រើន រួមទាំងពន្ធនាំចេញខ្ពស់ ថ្លៃដឹកជញ្ជូន និងនីតិវិធីនាំចេញដ៏ស្មុគស្មាញ។
ពេលនោះហើយដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចូលមកដោះស្រាយ និងការកែសម្រួលគោលនយោបាយដើម្បីការពារវិស័យនេះកុំឱ្យធ្លាក់ចុះ។
អ្នកស្រី ឡេង ដាវី អនុប្រធានសមាគមថ្មអារកម្ពុជា បានឱ្យដឹងថា៖ «បើសិនជាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មិនបានជួយទាន់ពេលវេលាទេ អាជីវកម្មថ្មអារនៅក្នុងប្រទេសកម្ពុជា អាចប្រឈមនឹងការបាត់បង់ទាំងស្រុង ដោយសារតែការព្យាយាមដោះស្រាយដោយខ្លួនឯងអស់រយៈពេល៣ឆ្នាំ លែងទទួលបានលទ្ធផលអ្វីទាំងអស់»។

កម្មករម្នាក់មើលម៉ាស៊ីនអារថ្មម៉ាបនៅស្រុកស្នួល ខេត្តក្រចេះ។ រូបថត ហុង រស្មី
យ៉ាងណាមិញ អ្នកស្រីបានរំឭកថា កាលពីពីរឆ្នាំមុន បញ្ហាប្រឈមអាជីវកម្មថ្មអារ គឺនៅពេលការនាំចេញទូកុងតឺន័រឡើងថ្លៃ និងបែបបទនៃការនាំចេញស្មុគស្មាញដែលធ្វើឱ្យមានការយឺតយ៉ាវ។ ប៉ុន្ដែក្រោយមានការអន្ដរាគមន៍ពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត វាបានផ្ដល់ភាពងាយស្រួលច្រើនដ៏ម្ចាស់អាជីវកម្ម។
អ្នកស្រីបានបន្ដថា៖ «នៅពេលពន្ធលើថ្មនេះខ្ពស់ពេក វាក៏ធ្វើឱ្យប្រឈមនឹងការប្រកួតប្រជែងតម្លៃលើទីផ្សារអន្ដរជាតិ។ ក្រោយការផ្គូរផ្គងដោយប្រភេទថ្មខ្លះត្រូវបានទម្លាក់តម្លៃពន្ធ ប្រភេទខ្លះរក្សានៅដដែល វាធ្វើឱ្យយើងឆ្លងផុតនូវដំណាក់កាលនោះ»។
ថ្មធម្មជាតិ ជាប្រភេទប្លុកមិនទាន់កែច្នៃដែលទម្លាក់ពី ៣០ភាគរយនៃពន្ធគយនាំចេញមកត្រឹម ១០ភាគរយ ថ្មធម្មជាតិ អារជាផ្ទាំងមិនទាន់កែច្នៃធ្លាក់ពី ២០ភាគរយមក ៥ភាគរយ និងថ្មដែលកែច្នៃរួច ជាប្រភេទសន្លឹក ប៉ូលា គឺសូន្យភាគរយ។
អ្នកស្រី ដាវី ដែលបានរៀបរាប់ប្រាប់លោកនាយករដ្ឋមន្ដ្រីដោយផ្ទាល់នៅពេលលោកចូលរួមពិព័រណ៍នៅណាន់នីង ខែកញ្ញា ឆ្នាំ២០២៣ ដែលមានស្ដង់បង្ហាញថ្មអារកម្ពុជា។

ថ្មម៉ាបត្រូវបានកែច្នៃរួច ស្ថិតនៅក្នុងឃុំស្វាយជ្រះ ស្រុកស្នួល ខេត្ដក្រចេះ។ រូបថត ហុង រស្មី
អ្នកស្រីបានជម្រាបប្រាប់លោកនាយករដ្ឋមន្ដ្រីអំពីការកំណត់ផលិតផលសម្រេច និងបានត្អូញត្អែរថា វិស័យថ្មអារនេះជិតដួលរលំហើយ ដោយរោងចក្រជាច្រើនបាននិងកំពុងតែបិទទ្វារបន្ដបន្ទាប់។
អនុប្រធានសមាគមថ្មអារ ទទួលស្គាល់ថា ចំណូលពីអាជីវកម្មថ្មអារនៅឆ្នាំ២០២៤ មានការកើនឡើងច្រើនបើធៀបនឹងឆ្នាំ២០២៣ ប្រមាណ ៤០០ភាគរយ។
ថ្មអារ សំដៅដល់ប្រភេទថ្មសំណង់ធម្មជាតិដែលកាត់ចេញពីភ្នំ និង ភាគច្រើនគាស់យកចេញពីក្នុងដី មានសណ្ឋានជាថ្មប្លុក អាចកែចច្នៃអារជ្រៀកជាថ្មបន្ទះ ឬថ្មសន្លឹក ឬថ្មដុំធំៗ ឬថ្មដុំតូចៗ (ការ៉ូឡា) ឬថ្មកែច្នៃជារូបចម្លាក់ គ្រឿងសង្ហារឹមផ្សេងៗជាដើម ដែលប្រើប្រាស់ក្នុងការងារសាងសង់ ឬការតុបតែងលម្អផ្នែកខាងក្នុង ឬខាងក្រៅអគារ សំណង់ និងសួនច្បារ។
អ្នកស្រី បានឱ្យដឹងថា៖ «ផលិតផលថ្មអារពីខេត្ដក្រចេះមានអត្រានាំចេញច្រើនរហូតដល់ ៩០ភាគរយក្នុងចំណោមគោលដៅរ៉ែថ្មអារ ១១ខេត្ដ»។
អ្នកស្រី ដាវី ដែលជាអគ្គនាយិកាក្រុមហ៊ុន ឬទ្ធីក្រានី បាននិយាយថា ផលិតផលថ្មអារកម្ពុជាត្រូវបាននាំចេញភាគច្រើននៅប្រទេសចិន វៀតណាម អ៊ីតាលី កាណាដា និងទូទាំងពិភពលោក។

អ្នកស្រី ឡេង ដាវី អនុប្រធានសមាគមថ្មអារកម្ពុជា ផ្ដលបទសម្ភាសជាមួយអ្នកសារព័ត៌មាន ២០ស្ថាប័ន នៅថ្ងៃទី១៦ ខែកុម្ភៈ។ រូបថត ហុង រស្មី
ចំណោមជាង ៣៣ រោងចក្រ ខណៈពីររោងចក្រទៀតកំពុងសាងសង់ ថ្មប្លុកត្រូវបាននាំចេញពី ៣០០ ទៅ ៥០០ម៉ែត្រគូប ក្នុងមួយខែ ហើយបើសំដៅលើការកែច្នៃវិញ រោងចក្រនីមួយៗអាចធ្វើការកែច្នៃពី ២ម៉ឺនទៅ ៣ម៉ឺនម៉ែត្រការ៉េ ជាប្រភេទសន្លឹក ដោយសរុបទាំងអស់ប្រមាណ ៦០ម៉ឺនម៉ែត្រាការ៉េ។
អ្នកស្រីបានឱ្យដឹងថា៖ «យ៉ាងណាមិញ បច្ចុប្បន្ននេះ យើងនៅមិនទាន់កែច្នៃថ្មប្លុកទាំងនោះឱ្យអស់លទ្ធភាពនៅឡើយទេ ដោយសារតម្រូវការទីផ្សារមានកំណត់»។
គួរបញ្ជាក់ថា រ៉ែថ្មនៅកម្ពុជាដែលសម្បូរ និងពេញនិយមជាងគេ គឺពណ៌ខ្មៅ ប្រផេះ សអុចៗ និងថ្មទឹកជ្រោះ ប្រផេះសារាយ ដោយរណ្ដៅថ្មមួយអាចផ្គត់ផ្គង់តម្រូវការរហូតដល់ ១០ ទៅ ២០រោងចក្រ ខណៈធនធានរ៉ែថ្មនៅក្រចេះនេះអាចទទួលការវិនិយោគរាប់សិបរោងចក្រ។
អ្នកស្រី ដាវី ស្រុកចំនួនពីរក្នុងខេត្តក្រចេះដែលមានសក្តានុពលធនធានរ៉ែថ្មអារសម្រាប់កែច្នៃគឺស្រុកសំបូរ និងស្រុកស្នួល។
លោក គង់ ស៊ីថា អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានរ៉ែ បានឱ្យដឹងថា ក្រោយការបង្កើតក្រសួងរ៉ែ និងថាមពល ដាច់ដោយឡែកនៅឆ្នាំ២០១៣ ក្រសួងបានដាក់ចេញនូវគោលនយោបាយលើការវាយតម្លៃ ការស្នើសុំអាជ្ញាប័ណ្ណគម្រោងអាជីវកម្មរ៉ែទាំងអស់ ផ្អែកលើគោលការណ៍ ៣ គឺសក្ដានុពលធនធានរ៉ែ បរិស្ថាន និងសង្គម ដែលជាអាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល។
យោងតាមនិតិវិធីប្រើប្រាស់ធនធានរ៉ែ លោក ស៊ីថា បានឱ្យដឹងថា ក្រោយពេលរកឃើញធនធានរ៉ែ ក្រុមហ៊ុនដែលទទួលអាជ្ញាប័ណ្ណត្រូវខួងដើម្បីប៉ាន់ប្រមាណថា ធនធានមានគ្រប់គ្រាន់ កម្រិតនៃការប្រេះរបស់ថ្ម។
មន្ដ្រីបរិស្ថានត្រូវធ្វើរបាយការណ៍វាយតម្លៃកម្រិតនៃផលប៉ះពាល់បរិស្ថានថា តើផលប៉ះពាល់អំឡុងពេលរុករករ៉ែ និងក្រោយការធ្វើអាជីវកម្មស្ថិតក្នុងកម្រិតស្ដង់ដាថ្នាក់ជាតិ ដែលអាចទទួលបានឬទេ។
លោកបានបន្ដថា៖ «ដំណាក់កាលបន្ទាប់ ក្រសួងរ៉ែ និងថាមពលនឹងចេញអាជ្ញាប័ណ្ណជូន ដោយភ្ជាប់មកជាមួយនូរប្រកាស ដែលតម្រូវឱ្យក្រុមហ៊ុនធ្វើកិច្ចការមួយចំនួន»។
ចំពោះអាជីវកម្មថ្មអារ មានក្រុមហ៊ុនក្រៅស្រុក និងក្នុងស្រុក សរុបរួមនៅទូទាំងប្រទេសជាង ៧០ក្រុមហ៊ុន ដោយឡែកនៅខេត្ដក្រចេះមាន ២០ ក្រុមហ៊ុន។
លោកបានថ្លែងថា៖ «ការងារអាទិភាព គឺការសម្រួលធុរកិច្ច។ យើងដឹងហើយថា ក្រោយកូវីដ-១៩ ស្ថានភាពសេដ្ឋកិច្ចមិនល្អទេ ហើយបញ្ហាសង្គ្រាមនៅអ៊ុយក្រែន បានញាំញីសេដ្ឋកិច្ចនៅអឺរ៉ុប។ ដូច្នេះ ទីផ្សារអ្នកកុម្ម៉ង់ទិញក៏បានកាត់បន្ថយ»។
លោកបានបញ្ជាក់ថា ឆ្នាំ២០២៣ អាជីវកម្មថ្មអារបាននាំចេញផលិតផលប្រហែលជា ១លានម៉ែត្រការ៉េ ខណៈឆ្នាំ២០២៤ ផលិតផលទាំងនេះត្រូវបាននាំចេញជាង ៥លានម៉ែត្រការ៉េ។
នៅឆ្នាំ២០២៤ វិស័យថ្មអារបាននាំឱ្យចំណូលមិនមែនសារពើពន្ធវិស័យរ៉ែកំពុងកើនដល់ប្រមាណជិត ៩០ លានដុល្លារ ហើយរំពឹងថា ឆ្នាំ២០២៥នេះ នឹងមានការកើនឡើងបន្ដទៀត៕