
សកម្មភាពកប៉ាល់ដឹកទំនិញចូលចតកំពង់ផែ។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ការអភិវឌ្ឍសមត្ថភាពផែនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) បាននាំឲ្យបរិមាណកុងតឺន័រឆ្លងកាត់កើនយ៉ាងគំហុកនៅក្នុងឆ្នាំ២០២៤កន្លងទៅ។ ការណ៍នេះ បានជំរុញឲ្យប្រាក់ចំណេញសុទ្ធក្រោយបង់ពន្ធកើនឡើងជិត១៥០០ភាគរយ ដល់ជាង៦៣,៤៨ពាន់លានរៀល។ នេះបើតាមរបាយការណ៍លទ្ធផលអាជីវកម្ម និងរបាយការណ៍ ហិរញ្ញវត្ថុ របស់ កសស ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤ សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។
របាយការណ៍លទ្ធផលអាជីវកម្ម និងរបាយការណ៍ ហិរញ្ញវត្ថុ របស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤ សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ បង្ហាញថា ក្រោយពីការអភិវឌ្ឍសមត្ថភាពផែបន្ថែម ជាលទ្ធផល បរិមាណកុងតឺន័រឆ្លងកាត់ កសស នៅត្រីមាសទី៤ ឆ្នាំ ២០២៤ ទទួលបានចំនួន ២៧១.៤៥៣ TEUs កើនឡើង ៦១.៥៣៨ TEUs ស្មើនឹង ២៩,៣២% និង ទទួលបានប្រាក់ចំណូលសរុបចំនួន ១២៧.៧១៦.៣៧២.០០០ រៀល កើនឡើងចំនួន ២៦.៦៤៣.៥៩២.០០០ រៀល ស្មើនឹង ២៦,៦២%។
ការណ៍នេះនាំឱ្យប្រាក់ចំណេញសុទ្ធក្រោយបង់ពន្ធក្នុងការិយបរិច្ឆេទមានចំនួន ៦៣.៤៨៣.៨៤៣.០០០ រៀល កើនឡើង ៥៩.៤៥១.៦២៣.០០០ រៀល ស្មើនឹង ១.៤៧៤,៤១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៣។ ផ្អែកតាមលទ្ធផលដ៏ល្អនេះ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ គឺមានចំនួន ៧៤០,១៥ រៀល។
លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) បានលើកឡើងក្នុងរបាយការណ៍នេះថា កសស សម្រេចបាននូវសមិទ្ធផលថ្មីមួយបន្ថែមទៀត ដោយបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការចំណត ផែកុងតឺន័រប្រវែង ២៥៣ ម៉ែត្រ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានមកពីការកែសម្រួលផែច្រាំងទំនិញទូទៅ (ផែសាងសង់ក្នុងឆ្នាំ១៩៦៩ ប្រវែង ៣៥០ ម៉ែត្រ) និងបានបំពាក់គ្រឿងចក្រលើកដាក់កុងតឺន័រទំនើបៗរួមមាន រថស្ទូចចល័តលើគែមផែ (QC) ចំនួន ០២ គ្រឿង និងរថស្ទូចចល័តនៅទីលាន (RTG) ចំនួន ០៦ គ្រឿង ព្រមទាំងការបូមស្តារចំណតផែកុងតឺន័រ ទាំងបីចំណត ឱ្យមានជម្រៅទឹកដល់ ១១,៥ម៉ែត្រ។
លោក លូ គឹមឈន់ បន្ថែមទៀតថា ចំណតផែកុងតឺន័រ ២៥៣ម៉ែត្រ នេះ មានសមត្ថភាពកើនឡើងពី ៥៥០.០០០TEUs/១ឆ្នាំ ទៅ ១.០០០.០០០TEUs/១ឆ្នាំ អនុញ្ញាតឱ្យនាវាកុងតឺន័រមានជម្រៅទឹក ១០,៤ម៉ែត្រ ចូលចតបាន (កើនឡើងពី ១៨% ទៅប្រមាណ ៣៨% នៃនាវាដែលធ្វើនាវាចរក្នុងពិភពលោក ដោយឡែកសម្រាប់នាវាដែលមានផ្លូវរត់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកកើនឡើងរហូតដល់ ៤៩,២៥%) ។
ទន្ទឹមនឹងកំណើននៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ កសស សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់សរុប ចំនួន ១.០៣២.១៩១ TEUs សម្រាប់រយៈពេល ១២ខែ ឆ្នាំ២០២៤ កើនឡើង ២៩.៣៨% ដែលជាកំណើនខ្ពស់ ពុំធ្លាប់មាន ។ សមិទ្ធផលនេះ បង្ហាញអំពីតួនាទី នៃការចូលរួមចំណែកដ៏សំខាន់របស់ កសស ក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទិក ដើម្បីបុព្វហេតុកំណើនសេដ្ឋកិច្ចជាតិកម្ពុជា ដែលកំពុងមានការអភិវឌ្ឍគួរជាទីមោទន។
លោក លូ គឹមឈន់ មានប្រសាសន៍ ៖ «កសស នឹងបន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារ និងផ្តល់សេវាកម្មឱ្យកាន់តែល្អប្រសើរ ដើម្បីសម្រេចបាន លទ្ធផលខ្ពស់ជាប្រយោជន៍ដល់ភាគហ៊ុនិករបស់ខ្លួន។ កសស បានពង្រឹងគុណភាពសេវា ប្រសិទ្ធភាពការងារ និង កសាងហេដ្ឋារចនាសម្ព័ន្ធផែជាបន្តបន្ទាប់ដូចជា៖ ការពង្រីកផ្លូវក្នុងទីលាន ការសាងសង់ផ្ទៃទីលាន និងច្រកបន្ថែម ក្នុងគោលបំណងឆ្លើយតបទៅនឹងកំណើនតម្រូវការរបស់អតិថិជន និងការរីកចម្រើនសេដ្ឋកិច្ចជាតិ»។
លោក លូ គឹមឈន់ បន្តទៀត ជាមួយគ្នានេះ កសស បាននិងកំពុងអនុវត្តគម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ដំហានទី១ ប្រវែង ៣៥០ ម៉ែត្រ ជម្រៅទឹក ១៤.៥ ម៉ែត្រ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
លោកថា ៖« កសស ក៏គ្រោងនឹងបំពាក់គ្រឿងចក្រលើកដាក់កុងតឺន័រទំនើបរួមមាន ៖ រថស្ទូចចល័តលើតែមផែ (QC) ចំនួន ០៣ គ្រឿង, រថស្ទូច ចល័តនៅទីលាន (RTG) ចំនួន ០៩ គ្រឿង, រថលើកកុងតឺន័រទេទេ (Empty Reach Stacker) ចំនួន ០២ គ្រឿង, ក្បាលសណ្តោងកុងតឺន័រ ចំនួន ១៦ គ្រឿង និងប្រព័ន្ធគ្រប់គ្រងចំណតផែកុងតឺន័រស្វ័យប្រវត្តិកម្ម ។
គម្រោងនេះ នឹងនាំឱ្យសមត្ថភាពផែសរុបកើនដល់ ១.៤៥០.០០០ TEUs/ឆ្នាំ អនុញ្ញាតឱ្យនាវាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រមាណ ៩៣% ចូលចតបាន, កាត់បន្ថយតម្លៃដឹកជញ្ជូនតាមសមុទ្រ បង្កើនភាពប្រកួតប្រជែងសម្រាប់កម្ពុជា ដោយគ្រោង នឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២៧»៕