
លោក ស៊ុន ចាន់ថុល ឡើងថ្លែងក្នុងសិក្ខាសាលាស្តីពី«មាគ៌ាឆ្ពោះទៅការបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា៖ បទពិសោធន៍អន្តរជាតិ»។ CDC
មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលបានលើកឡើងថា ការបង្កើនល្បឿនពិពិធកម្មសេដ្ឋកិច្ច គឺជារឿងចាំបាច់ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ដែលក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់។ ដើម្បីសម្រេចបានចក្ខុវិស័យនេះ រដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បាននិងកំពុងផ្តោតលើវិស័យសំខាន់ៗចំនួន ៥ ដែលមួយក្នុងចំណោមនោះ គឺការធ្វើពិពិធកម្មសេដ្ឋកិច្ច និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែង។
នេះជាការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក្នុងសិក្ខាសាលាជាន់ខ្ពស់ស្តីពី «មាគ៌ាឆ្ពោះទៅការបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា៖ បទពិសោធន៍អន្តរជាតិ”(Cambodia's Diversification Pathways - Insights from International Experience) ដែលរៀបចំនៅសណ្ឋាគារ Hyatt Regency Phnom Penh កាលពីថ្ងៃទី២០ ខែកុម្ភៈ។
លោកបានលើកឡើងថា ការបង្កើនល្បឿនពិពិធកម្មសេដ្ឋកិច្ច គឺជារឿងដែលចាំបាច់ដើម្បីសម្រេចនូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដោយបានរំលេចជាពិសេសអំពីគោលនយោបាយលើកកម្ពស់ការវិនិយោគដោយផ្ទាល់ពីបរទេស (Foreign Direct Investment - FDI) របស់កម្ពុជា ដែលបានវិវត្តគួរឱ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ ១៩៩៤ រហូតមកដល់ពេលបច្ចុប្បន្ន។
ជាក់ស្តែងកម្ពុជាបានខិតខំបង្កើនល្បឿននៃការពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួនតាមរយៈការបង្កើតក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ការតាក់តែងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងការធ្វើវិសោធនកម្មច្បាប់ និងបានដាក់ចេញនូវយុទ្ធសាស្រ្តថ្មីៗជាបន្តបន្ទាប់ឱ្យស្របតាមនិន្នាការវិនិយោគបច្ចុប្បន្ន ព្រមទាំងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានផ្តោតលើកិច្ចការអាទិភាពគឺ «ពិពិធកម្មសេដ្ឋកិច្ច និងការពង្រឹងសមត្ថភាពប្រកួតប្រជែង» តាមរយៈការកំណត់គោលដៅយុទ្ធសាស្ត្រច្បាស់លាស់ និងសង្កត់ធ្ងន់លើអាទិភាពដែលទាក់ទងនឹងការលើកកម្ពស់បរិយាកាសធុរកិច្ច និងការវិនិយោគ។
ទន្ទឹមនឹងនេះ លោកក៏បានលើកឡើងអំពីសក្តានុពលវិជ្ជមាននានារបស់កម្ពុជា មានជាអាទិ៍ កម្លាំងពលកម្មវ័យក្មេងដែលពោរពេញដោយថាមវ័ន្ត, ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីកលូតលាស់នៃវិស័យធុរកិច្ចឯកជនតាមរយៈវេទិការដ្ឋ និងវិស័យឯកជន, បែបបទនៃការវិនិយោគដែលមានភាពបត់បែន និងអនុគ្រោះ និងការធ្វើឌីជីថលូបនីយកម្ម នៅក្នុងការផ្តល់សេវាសាធារណៈដែលជាក់ស្តែងគឹការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ដែលសម្រួលដល់វិនិយោគិនក្នុងការដាក់ពាក្យស្នើសុំវិនិយោគបានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមរយៈប្រព័ន្ធអ៊ីនធឺណេត។
ដើម្បីសម្រេចបានតាមចក្ខុវិស័យនេះរដ្ឋាភិបាលថ្មី នីតិកាលទី៧ គឺផ្តោតលើអាទិភាព ៥ សំខាន់ៗ រួមមាន ការអភិវឌ្ឍធនធានមនុស្ស, ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែង, ការអភិវឌ្ឍវិស័យឯកជន និងឱកាសការងារ ការលើកកម្ពស់ភាពធន់ និរន្តរភាព, និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងការពង្រឹងសេដ្ឋកិច្ចឌីជីថល និងសង្គម។
អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន លោក ឡោ វិចិត្រ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី២១ ខែកុម្ភៈថា វិស័យវាយនភណ្ឌកាត់ដេរ គឺជាវិស័យចម្បងមួយដែលរាជរដ្ឋាភិបាលនឹងបង្កើនការធ្វើពិពិធកម្មសេដ្ឋកិច្ច។
លោកអះអាងថា៖«រយៈពេលកន្លងមក សេដ្ឋកិច្ចរបស់កម្ពុជាយើងសម្រាប់ការនាំចេញភាគច្រើនផ្តើមចេញពីវិស័យវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង កាបូប និងផលិតផលធ្វើដំណើរ(GFT) អ៊ីចឹងពេលយើងនិយាយពីពិពិធកម្មសេដ្ឋកិច្ចចេញពីវិស័យ GFTហ្នឹងហើយ»។
លោកបានបន្ថែមថា៖«មកដល់បច្ចុប្បន្ននេះ វិស័យបន្ទាប់បន្សំផ្សេងៗដែលយើងនាំចេញក៏មានកសិផលផងដែរ ដូច្នេះផលិតផលកសិផល ក៏យើងបានធ្វើពិពិធកម្មទីផ្សារដែរ ដូចជា ស្រូវ អង្ករ ហើយបន្ទាប់មកទៀតយើងធ្វើពិពិធកម្មនាំចេញគ្រាប់ស្វាយចន្ទី ដែលកំពុងបោះជំហានទៅមុខ។ យើងមិនអាចរំពឹងតែលើវិស័យ GFT រហូតនោះទេ»។
អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិនរូបនេះ មើលឃើញថា ដើម្បីអាចសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ គឺវាអាស្រ័យទៅភាពរឹងមាំនៃសហគ្រាសក្នុងស្រុក ហើយថាតើសហគ្រាសក្នុងបានប្រើប្រាស់បច្ចេកវិទ្យាដើរតាមសម័យកាលទំនើប ដើម្បីកាត់បន្ថយថ្លៃដើមផលិតបានកម្រិតណា។
លោក វិចិត្រ បានលើកឡើងថា៖«ដើម្បីឆ្លើយទៅនឹងចក្ខុវិស័យរបស់រដ្ឋាភិបាល គឺទាល់តែធនធានមនុស្សមានការអភិវឌ្ឍពីជំនាញទាបទៅជំនាញមធ្យមបានកាន់តែច្រើន ហើយជំនាញមធ្យមត្រូវអភិវឌ្ឍន៍ជាជំនាញខ្ពស់ ដើម្បីយើងអាចស្រូបទាញបានក្រុមហ៊ុនវិនិយោគទៅលើបច្ចេកវិទ្យាទំនើប ដូចជា បន្ទះឈីប ការផលិតទូរសព្ទដៃ កុំព្យូទ័រ ដើម្បីឱ្យកម្ពុជាបោះជំហានទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ឆ្នាំ២០៣០ និងចំណូលខ្ពស់ ឆ្នាំ២០៥០ ដូច្នេះវាអាស្រ័យទៅលើទី១ កត្តា ធនធានមនុស្ស, ទី២ កត្តាស្រូបទាញវិនិយោគផ្ទាល់ពីបរទេស(FDI) និងកត្តាចាំបាច់មួយចំនួនទៀត»៕