
បទបង្ហាញពីទិដ្ឋភាពតំបន់មាត់សមុទ្រក្នុងទីក្រុងសិនជិន ដល់គណៈប្រតិភូខេត្តជាប់មាត់សមុទ្រកម្ពុជា កាលពីថ្ងៃទី១៧ ខែកុម្ភៈ។ រដ្ឋបាលខេត្តព្រះសីហនុ
អ្នកសេដ្ឋកិច្ចមានជំនឿថា ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំខេត្តជាប់ឆ្នេរសមុទ្រទាំង ៤ របស់ប្រទេសកម្ពុជាទៅទីក្រុងសិនជិន ប្រទេសចិន បានផ្តល់នូវចំណេះដឹង និងបទពិសោធយ៉ាងច្រើនសម្រាប់យកមកពង្រឹង និងពង្រីកការអភិវឌ្ឍនៅខេត្តទាំងអស់នោះ ខណៈសិនជិន គឺជាទីក្រុងកំពង់ផែពាណិជ្ជកម្មក៏សកម្មមួយនៅក្នុងប្រទេសចិន។
អភិបាលខេត្តជាប់មាត់សមុទ្រទាំង ៤ របស់កម្ពុជា រួមមានខេត្តព្រះសីហនុ កោះកុង កំពត និងកែប កាលពីថ្ងៃទី១៦ ខែកុម្ភៈ កន្លងមក បានដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចនៅទីក្រុងសិនជិន ប្រទេសចិន។
សេចក្តីប្រកាសព័ត៌មានរបស់លេខាធិការដ្ឋានផែនការមេអភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា បានឱ្យដឹងថា គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងស្វែងរកឱកាសវិនិយោគប្រកបដោយភាពច្នៃប្រឌិតមកកម្ពុជា។
អំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ក្រុមគណៈប្រតិភូកម្ពុជា បានទៅទស្សនាស្ថាប័នឈានមុខរបស់ប្រទេសចិន និងតំបន់សេដ្ឋកិច្ចសំខាន់ៗនៅក្នុងទីក្រុងសិនជិន ដើម្បីទទួលបានការយល់ដឹងអំពីការអនុវត្តផ្ទាល់ដែលអាចផ្តល់អត្ថប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ច នៃខេត្តជាប់ឆ្នេរសមុទ្រនៅកម្ពុជា។
គណៈប្រតិភូខេត្តជាប់មាត់សមុទ្រទាំង ៤ ក៏បានជួបពិភាក្សាជាមួយអាជ្ញាធរ និងនាយកប្រតិបត្តិ ព្រមទាំងប្រធានក្រុមហ៊ុនឈានមុខរបស់ប្រទេសចិនជាច្រើន ដើម្បីផ្សព្វផ្សាយ និងបង្ហាញពីសក្តានុពលវិនិយោគនៅកម្ពុជាផងដែរ។
អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន លោក ឡោ វិចិត្រ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី២៤ ខែកុម្ភៈនេះ ថា ប្រទេសចិនមានទីក្រុងសំខាន់ៗចំនួន ៤ ដែលដើរតួនាទីជាមូលដ្ឋានគ្រឹះសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួនរយៈពេលជាច្រើនឆ្នាំមកហើយ ក្នុងនោះរួមមាន រដ្ឋធានីប៉េកាំង ទីក្រុងសៀងហៃ គ័ងចូវ និងទីក្រុងសិនជិន។
ក្រៅពីរដ្ឋធានីប៉េកាំង ទីក្រុងទាំង ៣ នេះត្រូវបានគេអាចចាត់ទុកជាទីប្រជុំនៃកំពង់ផែសមុទ្រ ពាណិជ្ជកម្ម ឧស្សហកម្ម និងសេវាកម្ម ជាដើម។
លោកបន្តថា សិនជិន ជាទីក្រុងជាប់សមុទ្រដែលមានកំពង់ផែអន្តរជាតិ និងសកម្មភាពពាណិជ្ជកម្មឈានមុខគេមួយនៅប្រទេសចិន ដូច្នេះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូខេត្តនៅជាប់សមុទ្រកម្ពុជា គឺពិតជានឹងជួយឱ្យកម្ពុជាទទួលបានបទពិសោធ និងចំណេះដឹងច្រើនពីការអភិវឌ្ឍនៅទីនោះ ពិសេសខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលកម្ពុជាបានកំណត់ជា«តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង»។
លោកបានថ្លែងថា៖«ដោយសារខេត្តជាប់សមុទ្ររបស់កម្ពុជាមានភូមិសាស្ត្រ និងលក្ខណៈសម្បត្តិស្រដៀងគ្នានិងទីក្រុងសិនជិន ដូចជា កំពង់ផែ និងរោងចក្រផលិតច្រើន ដូច្នេះនេះជាឱកាសរបស់ខេត្តជាប់សមុទ្ររបស់កម្ពុជា ជាពិសេសគឺខេត្តព្រះសីហនុ ក្នុងការក្លាយខ្លួនជាទីក្រុងសិនជិន ទី២ នៅកម្ពុជា។ ខ្ញុំមានសុទិដ្ឋិនិយមថា កម្ពុជានឹងអាចអនុវត្តបាននូវមាគាដ៏ជោគជ័យដែលខេត្តសិនជិន បានអនុវត្តនាពេលកន្លងមក»។
លោកបានបន្ថែមថា ទីក្រុងសិនជិន គឺនៅជិតនឹងតំបន់រដ្ឋបាលពិសេសហុងកុង ដែលជាទីតាំងមានការរីកចម្រើនលើគ្រប់វិស័យ។
ការណ៍នេះគឺស្របគ្នាទៅនឹងការកំណត់ផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងប្រែក្លាយខេត្តព្រះសីហនុទៅជា«តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង»។
លោកបានថ្លែងថា៖«សិនជិន គឺជាទីក្រុងដែលមានកំពង់ផែសមុទ្រ និងពាណិជ្ជកម្មដ៏រស់រវើករបស់ប្រទេសចិន។ ខ្ញុំគិតថា អ្វីដែលជាលក្ខណៈពិសេរបស់ទីក្រុងសិនជិន ហើយអាចយកមកធ្វើជាការកត់សម្គាល់សម្រាប់កម្ពុជា គឺការអភិវឌ្ឍកំពង់ផែរបស់ខ្លួនឱ្យកាន់តែល្អប្រសើរដើម្បីធ្វើជាមូលដ្ឋានសម្រាប់ទាក់ទាញ និងបង្កភាពងាយស្រួលដល់ការធ្វើពាណិជ្ជកម្មគ្រប់ប្រភេទ ជាពិសេសការនាំចេញ នាំចូលទំនិញទៅទីផ្សារអន្តរជាតិ។ វាពិតជាមានសារៈសំខាន់ណាស់ក្នុងដំណាក់កាលដែលកម្ពុជាកំពុងខិតខំធ្វើពិពិធកម្ម និងជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន»។
លោកប្រាប់ទៀតថា ដោយសារទីក្រុងសិនជិន មានប្លង់មេអភិវឌ្ឍន៍ទីក្រុងល្អប្រសើរ ដូច្នេះវាក៏ផ្តល់នូវបទពិសោធល្អៗសម្រាប់យកមកអភិវឌ្ឍទីក្រុងនៅកម្ពុជាផងដែរ ពិសេសបណ្តាខេត្តនៅជាប់មាត់សមុទ្រ។
បើតាមលោក វិចិត្រ នាពេលបច្ចុប្បន្ននៅក្នុងទីក្រុងសិនជិន ក៏មានរោងចក្រផលិតទូរស័ព្ទ IPhone កំពុងដំណើរការនៅទីនោះផងដែរ។
ប្រធានលេខាធិការដ្ឋានផែនការមេខេត្តជាប់ឆ្នេរ លោក ជា កុកហុង បានឱ្យដឹង ក្នុងដំណើរទស្សនកិច្ចខាងលើ គណៈប្រតិភូកម្ពុជាបានជួបពិភាក្សាជាមួយអាជ្ញាធរ និងផ្នែកឯកជនជាច្រើននៅក្នុងទីក្រុងសិនជិន។
លោកបានអះអាងថា៖«ដំណើរទស្សនកិច្ចសិក្សានេះ ទទួលបានភាពជោគជ័យល្អប្រសើរ ខណៈគណៈប្រតិភូរបស់យើងទទួលបានការយល់ដឹងបន្ថែមជាច្រើនអំពីបទពិសោធជាក់ស្តែងរបស់ទីក្រុងសិនជិន លើផ្នែករដ្ឋបាល និងសេដ្ឋកិច្ច និងរបៀបដែលទីក្រុងសិនជិន ក្នុងនាមជាអាជ្ញាធរមូលដ្ឋាន បង្កើតនិងពង្រឹងវេទិកា និងស្ថាប័នដើម្បីទាក់ទាញសម្រួលចាប់ផ្តើមនិងប្រតិបត្តិការនៃការវិនិយោគនៅក្នុងទីក្រុងរបស់ខ្លួន។ អ្វីដែលគួរឱ្យរំភើបផងដែរនោះ គឺភាពជោគជ័យនៃកម្មវិធីផ្សារភ្ជាប់ទំនាក់ទំនងគណៈប្រតិភូកម្ពុជា និងវិនិយោគិនចិន»។
លោកបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះបានរួមចំណែកយ៉ាងសំខាន់ ក្នុងដំណើរនៃការអភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា ដោយសិក្សាពីគំរូអភិវឌ្ឍន៍ដ៏ជោគជ័យរបស់ទីក្រុងសិនជិន។
គណៈប្រតិភូកម្ពុជាបានបង្ហាញទំនុកចិត្តថា ការយល់ដឹងថ្មីទាំងនេះនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការទាក់ទាញការវិនិយោគពីបរទេស ពង្រឹងអភិបាលកិច្ចល្អ និងជំរុញកំណើនសេដ្ឋកិច្ចនៃខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាប្រកបដោយចីរភាព៕