ខេត្ដ​ក្រចេះ៖ ស្ថិតលើ​ផ្ទៃដី​ ៨១៨ ហិកតា តំបន់សេដ្ឋកិច្ច​ពិសេស​ស្រុក​ស្នួល​មាន​ ១៤​ក្រុមហ៊ុន ​មានទុនវិនិយោគរួមចំនួន ១២០០លានដុល្លារ និង ៣​ក្រុមហ៊ុនត្រៀម​ដាក់​បញ្ចូល​ ដោយ​ក្រុមហ៊ុន​ធំផលិតកង់​ឡានចំនួន​ពីរ​ រោងចក្រ​ផលិតខ្យល់​ផ្គង់ផ្គង់​តម្រូវការ​ដល់​រោងចក្រ​ផលិតកង់​ឡាន។

ក្រុមហ៊ុន​ផលិត​បន្ទះសូឡា ត្រូវបាន​ផ្អាក​ជាបណ្ដោះអាសន្ន​ដោយរង់ចាំ​អ៊ុត​មើល​តារាង​ពន្ធ​របស់​សហរដ្ឋ​អាមេរិក​។

​សក្ដានុពល​របស់​តំបន់សេដ្ឋកិច្ច​ពិសេស​​នេះនឹងកាន់តែ​មាន​សក្ដានុពល​ថែមទៀត​ជាមួយ​​គម្រោង​អភិវឌ្ឍន៍​ព្រែកជីក​ហ្វូណន ដែល​រំពឹងថា​នឹង​កាត់បន្ថយ​ការចំណាយ​លើ​ការនាំចេញ​យ៉ាងច្រើន និង​លើក​កម្ពស់​​ការប្រកួតប្រជែង​របស់​កម្ពុជា​នៅក្នុង​ទីផ្សារ​ពិភពលោក​។​

​​លោក ចាំង លូជឺ (Zhang Lu Ze) នាយកប្រចាំ​តំបន់សេដ្ឋកិច្ចពិសេស ស្រុកស្នួល ខេត្តក្រចេះ Zhongqi Holding Group បាន​ឱ្យដឹងថា លោក​មាន​ក្ដីរំពឹង​ខ្ពស់​ចំពោះ​ការ​អភិវឌ្ឍ​ព្រែក​ជីក​ហ្វូណនរបស់​កម្ពុជា​ ដែល​ជួយ​កាត់​បន្ថយ​ដល់​ការ​នាំ​ចេញ​ផលិតផល​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ ស្រុក​ស្នួល​នេះ។

ផលិតផល «Made in Cambodia» របស់ចិន ជាក្រុមហ៊ុនរដ្ឋលំដាប់ទីពីរប្រចាំប្រទេសដែលមានអាយុកាលជាង១០០ឆ្នាំជាមួយទុនវិនិយោគសរុប ៣ពាន់ពាន់លានដុល្លារ។ រូបថត ហុង រស្មី

លោក​បាននិយាយថា​៖ «​ផលិតផល​ទាំង​អស់ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ត្រូវបាន​នាំចេញ​ទៅតាម​វៀតណាម​។ ក្រុមហ៊ុន​សង្ឃឹមខ្ពស់​ចំពោះ​ព្រែក​ជីក​ហ្វូណន ដែល​មានតម្លៃ​ដឹក​ជញ្ជូនទាប​ ហើយ​ក្រុមហ៊ុន​នឹង​ប្រើ​ប្រាស់​ព្រែកជីក​នេះ​នាំចេញ​ផលិតផល​»។

លោក លូជឺ បាន​លើកឡើងថា ជាមួយ​ការ​វិនិយោគ​ទឹក​ ភ្លើង និងហេដ្ឋរចនា​សម្ព័ន្ធ​នានា​ តំបន់​សេដ្ឋកិច្ច​ពិសេស អាច​ទទួល​ក្រុមហ៊ុន​តូច​ធំប្រមាណ ៣០០ ខណៈ​ក្រុមហ៊ុន​ធំ​ៗ អាច​ផ្ទុក​តែ ៦០​ក្រុមហ៊ុន​ប៉ុណ្ណោះ ដោយ​ក្រុមហ៊ុន​មួយ​ត្រូវការ​ដីយ៉ាងតិច ៤០ ហិកតា​​។

ទំនុកចិត្ត​របស់លោក​កើតចេញពី​ទីតាំង​យុទ្ធសាស្ត្រ​របស់​តំបន់ ដែលស្ថិត​នៅ​​ជិត​ច្រក​ទ្វារ​​អន្តរជាតិ​កម្ពុជា​-​វៀតណាម និង ១៦០​ គីឡូម៉ែត្រ​ពី​​ទីក្រុង​​ហូជីមិញ​របស់​វៀតណាម​។​

​​លោក Chen Gang អគ្គនាយក​ក្រុមហ៊ុន DoubleStar ផលិតកង់​រថយន្ដ​ធំបំផុត​លំដាប់​ទីពីរ​នៅ​ប្រទេស​ចិន បាន​ឱ្យដឹងថា មាន​ក្រុមហ៊ុន​ចំនួន​ ១១ តាម​បណ្ដា​ប្រទេស​ផ្សេងៗ ដូចជា កូរ៉េ​ខាង​ត្បូង សហរដ្ឋ​អាមេរិក កម្ពុជា វៀតណាម ចិន រួមទាំង​សហភាព​អឺរ៉ុប​ជាដើម​។

ចំណូលពីការផលិតផលកង់រថយន្ដឆ្នាំ២០២៤នេះ យើងទទួលបានចំនួន ២លានដុល្លារ។ រូបថត ហុង រស្មី

ជាមួយ​ទុនវិនិយោគ​ជាង ២០០​លាន​ដុល្លារ DoubleStar មាន​បុគ្គលិក​ ១៧០០នាក់​ក្នុង​ដំណាក់​កាល​ដំបូង និងចាប់ផ្ដើម​ដំណាក់កាល​ទីពីរ ដែល​ផ្ដោតលើ​បុគ្គលិក​ក្នុង​ស្រុក ទាំងការ​ផ្ដល់​ការងារ និង​ជំនាញ​ដល់​ពួកគេ។

លោក Gang បាន​និយាយថា៖ «​ផលិតផល​ជ័រ​កៅស៊ូ​ប្រើ​ប្រាស់​ក្នុង​ខេត្ដ​ក្រចេះ​ និងបណ្ដាខេត្ដ​នានា​ក្នុង​បរិមាណ​ពី ៥​ ទៅ ៦ម៉ឺន​តោន​មួយ​ឆ្នាំ​សម្រាប់​ការ​ផលិត​កង់​រថយន្ដ​»។

ក្រុមហ៊ុន​មាន​សមត្ថភាព​ផលិតកង់​រថយន្ដ​ចំនួន ៧ ទៅ ៨ម៉ឺន​គ្រាប់​ តែមិនទាន់​មាន​ការ​ចែកចាយ​លក់​នៅក្នុង​ស្រុក​នោះទេ ដោយ​លោក​ Gang បាន​ឱ្យដឹងថា ក្រុមហ៊ុន​នឹង​បែងចែក ១៥​ភាគរយ​សម្រាប់​លក់​នៅ​កម្ពុជា​។

លោក Gang បាន​ឱ្យដឹងថា ពេលនេះ ក្រុមហ៊ុន​កំពុង​តែ​រៀបចំ​ឯកសារ​អាជ្ញាប័ណ្ណ​សម្រាប់​លក់​ផលិត​កង់​រថយន្ដ​ក្នុង​ស្រុក​ ដែល​ផលិតផល​ទាំង​នេះត្រូវបាន​សរសេរថា «Made in Cambodia»។

ជាមួយទុនវិនិយោគជាង ២០០លានដុល្លារ DoubleStar មានបុគ្គលិក ១៧០០នាក់ក្នុងដំណាក់កាលដំបូង។ រូបថត ហុង រស្មី

ផលិតផល «Made in Cambodia» របស់ចិន ជាក្រុមហ៊ុ​នរដ្ឋ​លំដាប់​ទីពីរ​ប្រចាំ​ប្រទេសដែល​មានអាយុ​កាល​ជាង​១០០​ឆ្នាំ​ជាមួយ​ទុន​វិនិយោគ​សរុប​ ៣ពាន់​ពាន់​លាន​ដុល្លារ​ ផ្ដោត​ទីផ្សារ​ចម្បង​ទៅកាន់​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក។

លោកបាន​បង្ហើប​ប្រាប់ថា​៖ «ចំណូល​ពីការ​ផលិតផល​កង់​រថយន្ដ​ឆ្នាំ​២០២៤​នេះ យើង​ទទួល​បាន​ចំនួន ២​លាន​ដុល្លារ​»។

ថ្វីដ្បិតតែ​មាន​ក្ដីបារម្ភចំពោះ​ការ​តម្លើង​ពន្ធ​នាំចូលសហរដ្ឋ​អាមេរិក​ក្រោម​រដ្ឋបាល​របស់លោក ដូណាល់​ ត្រាម លោក​ Gang បាន​ថ្លែងថា លោក​មិន​បារម្ភ​ខ្លាំង​នោះ​ដោយ​ច្រវាក់​ផលិតកម្ម​របស់លោក​ផ្ដោត​សំខាន់​លើ​គុណភាព​។

​លោក Gang បានប្រាប់​ភ្នំពេញប៉ុស្ដិ៍ថា​៖ «​ខ្ញុំ​ពិបាក​មើល​ពី​ចរឹត​របស់​គាត់​ដែរ [ត្រាំ​]។ គាត់​សង្ឃឹម​អ្វី​ជា​រឿង​របស់​គាត់​ ហើយ​ខ្ញុំ​ធ្វើតែ​ការ​ផលិត​របស់​ខ្ញុំ​។ ខ្ញុំ​ក៏​មិន​បារម្ភ​ទេ​ ដោយសារ​មាន​​​រដ្ឋាភិបាល​គាំទ្រ​»៕

DoubleStar មានសមត្ថភាពផលិតកង់រថយន្ដចំនួន ៧ ទៅ ៨ម៉ឺនគ្រាប់ក្នុងឆ្នាំ២០២៤។ រូបថត ហុង រស្មី