ធនាគារ អេស៊ីលីដា​ បាន​ប្រកាស​​ជាផ្លូវការ​​ពី​​ការ​បោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំ​​របស់​ខ្លួន​​ដើម្បី​ប្រមូល​ទុន​ប្រមាណជិត ៨៦ លាន​ដុល្លារ​អាមេរិក តាម​រយៈ​ផ្សារ​មូលបត្រ​កម្ពុជា(CSX) សម្រាប់​យក​ទៅ​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ឱ្យ​កាន់​តែ​រឹងមាំ និង​បង្កើន​ទំនុក​ចិត្ត​ពី​អតិថិជន​បន្ថែម​ទៀត​។

ពិធី​«ចុះបញ្ជី​លក់​សញ្ញាបណ្ណ​បន្ទាប់បន្សំ»(The Official Subordinated Bond Listing Ceremony)នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ២៤ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នៅ​ទីស្នាក់​ការ​ផ្សារមូលបត្រ​កម្ពុជា(CSX) ដោយ​មាន​ការ​ចូល​រួម​ពី​លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា លោក ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា, លោក ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជា និង​លោក លោកស្រី​ជាតំណាងក្រសួងស្ថាប័ន និងវិស័យឯកជនជា​ច្រើន​។

ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា ភីអិលស៊ី លោក អ៊ិន ចាន់នី បាន​និយាយ​ថា សញ្ញាបណ្ណបន្ទាប់បន្សំដែល​ប្រកាស​លក់​នៅ​ថ្ងៃ​នេះ គឺជាឧបករណ៍ហិរញ្ញវត្ថុទូទៅដែលធនាគារជុំវិញពិភពលោករួមទាំងធនាគារ អេស៊ីលីដា បាននិងកំពុងប្រើប្រាស់ ដើម្បី​ចូលរួមចំណែកក្នុងការពង្រឹង និងការពង្រីកវិសាលភាព ព្រមទាំងការបង្កើនសក្តានុពលអាជីវកម្មរបស់ធនាគារ​ឱ្យកាន់តែរីកចម្រើន​ប្រកបដោយចីរភាព និងប្រសិទ្ធភាពប្រកបដោយទំនុកចិត្តពីអតិថិជន និងសាធារណជន។

លោកថ្លែងថា៖«ការបោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំនេះ ​និងផ្តល់ឱ្យវិនិយោគិន​ និងអតិថិជនរបស់ធនាគារនូវជម្រើសវិនិយោគមួយបន្ថែមទៀត​ជាមួយធនាគារ អេស៊ីលីដា។ ការបោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំនេះ ជាការចូលរួមចំណែកដ៏សំខាន់ក្នុងការជំរុញកំណើន និងអភិវឌ្ឍទីផ្សារមូលធននៅកម្ពុជា និងជាយន្តការថ្មីសម្រាប់​ការកៀរគរប្រភពទុនក្នុងស្រុកសម្រាប់គាំទ្រអតិថិជន និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គម»។

យោងតាម​ធនាគារ អេស៊ីលីដា ​តាមរយៈការធ្វើបរិវិសកម្មលើកទីមួយរបស់វិនិយោគិនគុណវុឌ្ឍិ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ដែលទទួលបានទឹកប្រាក់រហូតដល់ ៣៤៣.៣៥០.០០០.០០០រៀល (ប្រមាណ ៨៥,៨៤លានដុល្លារអាមេរិក) ជាលទ្ធផលជោគជ័យដែលធនាគារ អេស៊ីលីដា ទទួល បានទំនុកចិត្ត និងការជឿជាក់ពីសំណាក់វិនិយោគិនលើសពីការរំពឹងទុក។

ប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា លោក ហ៊ាន សាហ៊ីប បានឱ្យ​ដឹង​ថា មូលបត្របំណុល​កំពុង​ចូល​រួម​ចំណែកយ៉ាង​ច្រើន​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ដែល​មាន​ដូច​ជា ការ​រក្សាស្ថិរភាព និង​ជំរុញកំណើនសេដ្ឋកិច្ច​ប្រកបដោយផលិត​ភាព និងនិរន្តរភាព, កាត់បន្ថយការពឹងផ្អែកលើប្រាក់កម្ចីពីបរទេស, ការ​បង្កើនទំហំ និង​ប្រភពហិរញ្ញប្បទាន​របស់រាជរដ្ឋាភិបាល​សម្រាប់ការអភិវឌ្ឍនានា ដែល​នឹង​ជួយ​​ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែង ។

អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា លោក ស៊ូ សុជាតិ បានលើក​ឡើង​ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលបានសម្រេចនូវការចុះបញ្ជីលក់សញ្ញាបណ្ណបន្ទាប់បន្សំបន្ថែមពីការបោះផ្សាយ និងចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ កាលពីខែមិថុនា ឆ្នាំ ២០២០ គឺកំពុង​ចូល​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ធ្វើ​ឱ្យ​ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​សកម្ម​ភាព​កាន់​តែ​ខ្លាំង។

ការណ៍នេះបញ្ជាក់ឱ្យឃើញថា ទីផ្សារមូលបត្រកម្ពុជា​កំពុងមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់​ជាមួយនឹងកំណើននៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និង​មូលបត្របំណុលតាមវិស័យ រួមមាន សញ្ញាបណ្ណបៃតង​សង្គម និង​ចីរភាព។

ចំណែក លោក ហុង សុហួរ អគ្គនាយកផ្សារមូលបត្រ​ម្ពុជា បានអះអាងថា អេស៊ីលីដា ភីអិលស៊ី បានធ្វើការកៀរគរទុនបន្ថែមទៀត​តាមរយៈការបោះផ្សាយ និង​ចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្ម​ក្នុងចំណោមវិនិយោគិនគុណវុឌ្ឍិ ក្នុងទំហំប្រមាណ ៨៦ លានដុល្លារអាមេរិក ជាមួយនឹងឥណប្រតិទាន ៧​ឆ្នាំ ដោយផ្តល់ជូនអត្រាគូប៉ុង ៨,៥​ភាគរយ​ក្នុងមួយឆ្នាំ ។

គិតត្រឹមថ្ងៃនេះ ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជី ចំនួន ២៤ ដែលរួមមាន ក្រុមហ៊ុនចំនួន ១១ បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និង​ក្រុមហ៊ុនចំនួន ១៣ ទៀតបានចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្ម ដោយបានកៀរគរទុន ពីផ្សារមូលបត្រកម្ពុជា សរុបប្រមាណ ៤៧៥ លានដុល្លារអាមេរិក ។

លោកបញ្ជាក់​ថា ការបោះផ្សាយរបស់ធនាគារអេស៊ីលីដានៅដើមឆ្នាំនេះ បង្ហាញឱ្យឃើញអំពីវឌ្ឍនភាពនៃវិស័យមូលបត្រកម្ពុជា​ដែល​កំពុង​បោះជំហាន​ទៅមុខ​កាន់​តែ​ល្អ បើ​ទោះបី​ចំនួន​ទឹកប្រាក់​នៃ​ការ​ជួញដូរ និង​ចំនួន​អ្នក​ជួញដូរ​នៅ​មាន​ចំនួន​តិច​បើ​ធៀប​នឹង​ប្រទេស​នានា​ក៏​ដោយ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មានរបស់​ធនាគារ អេស៊ីលីដា គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៤ ធនាគារមានទ្រព្យសកម្មសរុបចំនួនជាង ១០,៨៣ ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៨,៣៦ ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៥,៥២ លាននាក់៕