
ស្រ្តីម្នាក់កំពុងស្វែងរកទិញសម្លៀកបំពាក់តាមប្រព័ន្ធអេឡិចត្រូនិក។ ភ្នំពេញប៉ុស្តិ៍
ក្រសួងពាណិជ្ជកម្មបានលើកទឹកចិត្តឱ្យគ្រប់តួអង្គពាក់ព័ន្ធចូលរួមជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឱ្យកាន់តែសកម្ម និងចាប់យកកាលានុវត្តភាពនៃការនាំចេញទំនិញទៅទីផ្សារអន្តរជាតិឱ្យបានកាន់តែច្រើន ខណៈពេលដែលប្រទេសកម្ពុជាកំពុងរៀបចំខ្លួនដើម្បីត្រៀមចាកចេញពីប្រទេសអភិឌ្ឍន៍តិចតួចនាពេលខាងមុខឆាប់ៗនេះ។
នៅក្នុងពិធីប្រកាសដាក់ឱ្យដំណើរការរបាយការណ៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក(E-Commerce) ឆ្នាំ២០២៤ ដែលរៀបចំឡើងនៅសណ្ឋាគារ រ៉ាហ្វិល ឡឺរ៉ូយ៉ាល់ កាលពីថ្ងៃទី២៤ ខែកុម្ភៈ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងពាណិជ្ជកម្មបាននិងកំពុងធ្វើការយ៉ាងសកម្មដើម្បីបង្កើតក្របខ័ណ្ឌវិញ្ញាបនបត្រសម្គាល់ទំនុកចិត្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក(CETS) ស្របពេលដែលក្រសួងពាណិជ្ជកម្មកំពុងសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីបង្កើតប្រកាសស្តីពីក្រមសីលធម៌ផងដែរ(ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក) ក្នុងបំណងលើកកម្ពស់ការជឿទុកចិត្តរបស់អតិថិជន លើកកម្ពស់ការអនុវត្តអាជីវកម្មដោយយុត្តិធម៌ និងពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិច្បាប់សម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក(E-Commerce) នៅកម្ពុជា។
លោកស្រីបានបន្ថែមទៀតថា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក(E-Commerce) មិនត្រឹមតែជាឧបករណ៍សម្រាប់ជួយជំរុញកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាមធ្យោបាយនៃការផ្តល់ភាពខ្លាំង និងជឿជាក់ដល់សហគមន៍ តាមរយៈការបង្កើតឱកាស និងការផ្លាស់ប្តូរ។
ជាក់ស្ដែងសហគ្រិនតាមជនបទ អាចដាក់លក់ផលិតផលរបស់ខ្លួនដល់គ្រប់ទីកន្លែងក្នុងពិភពលោក ដោយគ្រាន់តែប្រើទូរស័ព្ទដៃប៉ុណ្ណោះ។
លោកស្រី ចម និម្មល បានថ្លែងថា៖«ខណៈពេលប្រទេសកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីប្រទេសអភិឌ្ឍន៍តិចតួច យើងត្រូវតែត្រៀមខ្លួនយ៉ាងពេញលេញ ដើម្បីទទួលយកការផ្លាស់ប្តូរនាពេលខាងមុខ ហើយបញ្ហាប្រឈមបែបនេះក៏នឹងផ្តល់នូវឱកាសយ៉ាងច្រើនសម្រាប់យើងក្នុងការទាញប្រយោជន៍ពីពាណិជ្ជកម្មឌីជីថល ដើម្បីជំនួសលើបញ្ហាប្រឈមទាំងនេះផងដែរ»។
ក្នុងឱកាសនោះ លោកស្រីរដ្ឋមន្ត្រីក៏បានលើកយកចំណុចអាទិភាពសំខាន់ៗដែលកម្ពុជាត្រូវផ្តោតក្នុងការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិក រួមមាន ១. ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល(ការពង្រីកសេវាអ៊ីនធឺណិត ការដឹកជញ្ជូន និងប្រព័ន្ធទូទាត់ដែលមានសុវត្ថិភាព), ២. ការលើកកម្ពស់អក្ខរកម្មឌីជីថល(ធានាថាប្រជាជនកម្ពុជាទូទាំងប្រទេសមានជំនាញចាំបាច់ក្នុងការចូលរួមសេដ្ឋកិច្ចឌីជីថល តាមរយៈកម្មវិធីបណ្តុះបណ្តាល និងយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងជាសាធារណៈ), និង ៣. ការពង្រឹងការការពារអ្នកប្រើប្រាស់(ការបង្កើតបទប្បញ្ញត្តិច្បាស់លាស់ស្តីពីឯកជនភាពទិន្នន័យ និងការទូទាត់ត្រឡប់ និងបង្កើតក្របខ័ណ្ឌវិញ្ញាបនបត្រសម្គាល់ទំនុកចិត្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលនឹងជួយលើកទឹកចិត្តអ្នកប្រើប្រាស់កាន់តែច្រើនឱ្យចូលរួមជាមួយទីផ្សារអនឡាញ)។
លោកស្រី និម្មល បានបញ្ជាក់ថា៖«ខ្ញុំសូមលើកទឹកចិត្តឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងការជំរុញវិស័យពាណិជ្ជកម្មអេឡិចត្រូនិកនេះឱ្យកាន់តែផុសផុល តាមរយៈការកសាងប្រព័ន្ធអេកូឡូស៊ីពាណិជ្ជកម្មអេឡិចត្រូនិកដ៏រីកចម្រើន ដើម្បីជួយឱ្យកម្ពុជាឈានទៅរកអនាគតឌីជីថល និងប្រកួតប្រជែងបាននៅលើឆាកពិភពលោក»។
ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា លោក ឈិន កេន បានប្រាប់ភ្នំពេញប៉ុស្តិ៍ ក្នុងថ្ងៃទី២៥ ខែកុម្ភៈថា វិស័យបច្ចេកវិទ្យាកំពុងបោះជំហានទៅមុខកាន់តែលឿននៅក្នុងសកម្មភាពអាជីវកម្មនៅកម្ពុជា ជាពិសេសនៅតាមទីប្រជុំជនដែលមានបណ្តាញអ៊ីនធឺណិតដំណើរការល្អ។
បន្ថែមលើនេះ ការមកដល់នៃបច្ចេកវិទ្យាសិប្បនិម្មិត AI ក៏កំពុងធ្វើឱ្យបរិបទនៃការធ្វើពាណិជ្ជកម្មនៅកម្ពុជា និងនៅលើពិភពលោកបោះជំហានទៅមុខកាន់តែលឿនផងដែរ។
លោកថ្លែងថា៖«បច្ចេកវិទ្យា AI ធ្វើឱ្យបរិបទនៃការធ្វើពាណិជ្ជកម្មនៅលើពិភពលោកកាន់តែមានភាពមមាញឹក និងបត់បែនជាងមុន។ ការណ៍នេះក៏បានធ្វើឱ្យសម្ទុះនៃពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិ មានកំណើនកាន់តែខ្លាំង។ AI ក៏ជួយសម្រួលដល់ធុរកិច្ចជនបានយ៉ាងច្រើនផងដែរ»។
ទោះយ៉ាងណា លោក ឈិន កេន បានអះអាងថា ធនធានមនុស្សនៅកម្ពុជានៅមានកម្រិត ដែលទាមទារនូវពេលវេលាបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍សមត្ថភាពចំណេះដឹង និងជំនាញសម្រាប់យកមកប្រើប្រាស់ប្រចាំថ្ងៃ៕