
អាជីវករអង្គុយលក់បន្លែ នៅផ្សារមួយក្នុងទីក្រុងភ្នំពេញ។ ភ្នំពេញ ប៉ុសិ៍្ត
បន្ទាប់ពីធនាគារជាតិនៃកម្ពុជា(NBC) បង្ហាញទិន្នន័យកំណើនអតិផរណា ក្នុងខែមករា ឆ្នាំ ២០២៥ ស្ថិតក្នុងអត្រា ៦ភាគរយដែលនាំឱ្យមានការយល់ឃើញមិនត្រឹមត្រូវមួយចំនួនរួចមក ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រី ជា សិរី បានអះអាងថា នេះជាតួលេខសន្ទស្សន៍ថ្លៃទំនិញ ខែមករាឆ្នាំ ២០២៥ ធៀប នឹងខែមករា ឆ្នាំ២០២៤ តែប៉ុណ្ណោះ។
លោកស្រី ជា សិរី នៅថ្ងៃទី២៥ ខែកុម្ភៈ នេះបានសរសេរនៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួនថា ថ្មីៗនេះមានការងឿងឆ្ងល់អំពីកំណើនអតិផរណា ៦ ភាគរយ ក្នុងខែមករា។ តួលេខនេះ គឺជាសន្ទស្សន៍ថ្លៃទំនិញ ខែមករា ឆ្នាំ ២០២៥ ធៀបនឹងខែមករា ឆ្នាំ ២០២៤ និងសូមកុំច្រឡំថាធៀបនឹងខែធ្នូ ឆ្នាំ២០២៤។
ចំពោះអត្រាអតិផរណខែមករា ឆ្នាំ ២០២៥ ធៀបនឹងខែធ្នូ ២០២៤ គឺមានកម្រិតត្រឹម ០,៣ ភាគរយប៉ុណ្ណោះ។
លោកស្រីពន្យល់ថា កំណើនអត្រាអតិផរណាខ្ពស់នេះ គឺដោយសារកាលពីខែមករា ឆ្នាំ ២០២៤ សន្ទស្សន៍ថ្លៃទំនិញមានកម្រិតអវិជ្ជមាន -០,៥ភាគរយ ដូច្នេះមូលដ្ឋាននៃការគណនាទាប ហើយយើងឃើញតួលេខនេះខ្ពស់។
លោកស្រីបន្តថា អតិផរណាខ្ពស់ គឺដោយសារមានការឡើងថ្លៃម្ហូបអាហារ។
ជាក់ស្តែងចុងខែមករា ឆ្នាំ ២០២៥ គឺចំពេលចូលឆ្នាំប្រពៃណីចិន និងវៀតណាម ស្របពេលដែលមានកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើឱ្យថ្លៃម្ហូបអាហារមួយចំនួនឡើងថ្លៃ(បន្លែកើន ១៥,៦ភាគរយ ផ្លែឈើកើន ១១,៩ភាគរយ ថ្លៃត្រីរ៉ស់ធម្មជាតិកើន ៦,៧ភាគរយ និងថ្លៃសាច់ជ្រូកកើន ៤,៩ភាគរយ) ដែលធ្វើឱ្យសន្ទស្សន៍ថ្លៃម្ហូបអាហារទូទៅកើនឡើង ៧,៨ភាគរយ។
លោកស្រីលើកឡើងទៀតថា បើគណនាអតិផរណា ដកថ្លៃម្ហូបអាហារ និងភេស្ជជៈមិនស្រវឹងចេញ នោះអតិផរណា នៅសល់តែ ៣,៧ភាគរយប៉ុណ្ណោះ។
លោកស្រីបានថ្លែងថា៖«សន្ទស្សន៍ គឺបានន័យថាជាការច្របាច់ថ្លៃទំនិញមួយចំនួនចូលគ្នាដោយឱ្យទម្ងន់ទៅលើថ្លៃទំនិញណាដែលមានសារៈសំខាន់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃច្រើនជាងមុខទំនិញដទៃ។ ដូច្នេះ មិនអាចនិយាយថាការឡើងថ្លៃ ៦ភាគរយចំពោះគ្រប់ទំនិញនោះទេ»។
យោងតាមទេសាភិបាល NBC ការគណនាអត្រាអតិផរណា គឺត្រូវប្រើប្រាស់វិធីសាស្ត្រដែលមានលក្ខណៈស្តង់ដារទទួលស្គាល់ជាអន្តរជាតិ។
ការប្រមូលថ្លៃទំនិញគឺត្រូវធ្វើឡើងដោយវិទ្យាស្ថានជាតិស្ថិតិជាប្រចាំ លើចំនួនមុខទំនិញជាក់លាក់ចំនួន ២៥៩ មុខ ពីទីតាំងលក់មួយចំនួនជាក់លាក់ ដែលគេហៅថា កន្ត្រកទំនិញ។
ក្រោយពីទទួលបានសន្ទស្សន៍ថ្លៃ ធនាគារជាតិនៃកម្ពុជាគណនាអត្រាអតិផរណាប្រចាំខែ និងប្រចាំឆ្នាំ។
ក្នុងចំណោមមុខទំនិញទាំងអស់នោះ មានមុខទំនិញខ្លះដែលសំខាន់សម្រាប់ជីវភាពរស់នៅរបស់ប្រជាជន ត្រូវបានឱ្យទម្ងន់ច្រើនជាងមុខទំនិញមួយចំនួនទៀត។ ឧទាហណ៍ ទម្ងន់នៃថ្លៃម្ហូបអាហារ មានសមាមាត្រ ៤៤,៨ភាគរយ នៃកន្ត្រកមុខទំនិញសម្រាប់ការគណនារកសន្ទស្សន៍ថ្លៃទំនិញ។
លោកស្រី ជា សិរី បានបញ្ជាក់ថា៖«អត្រាអតិផរណា គឺជាសូចនាករមួយដែលអ្នករៀបចំគោលនយោបាយអាចយល់អំពីស្ថានភាពថ្លៃទំនិញ និងរៀបចំគោលនយោបាយសមស្របដើម្បីរក្សាអំណាចទិញរបស់ប្រជាជន។ ការរក្សាស្ថិរភាពថ្លៃជាមុខងារភារកិច្ចចម្បងមួយរបស់ធនាគារជាតិនៃកម្ពុជា តាមរយៈការប្រើឧបករណ៍គោលនយោបាយរូបិយវត្ថុ ប៉ុន្តែរាជរដ្ឋាភិបាលក៏មានភារកិច្ចសំខាន់ផងដែរ តាមរយៈការប្រើឧបករណ៍គោលនយោបាយសារពើពន្ធ និង ជំរុញផលិតភាពសម្រាប់ប្រើប្រាស់ក្នុងស្រុក»។
ឯកសារថវិកាសង្ខេប ឆ្នាំ២០២៥(Budget in Brief Fiscal Year 2025) បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ ២០២៥ ត្រូវបានព្យាករថាស្ថិតក្នុងអត្រាកំណើន ៦,៣ភាគរយ ដែលធ្វើឱ្យ ផ.ស.ស. ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ២០៩ ១៦៣ ប៊ីលានរៀល សមមូលនឹងប្រមាណ ៥១ ៣៩៨លានដុល្លារអាមេរិក ខណៈដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថានឹងកើនដល់ ២ ៩២៤ ដុល្លារអាមេរិក។
អត្រាអតិផរណាមធ្យមប្រចាំឆ្នាំ ២០២៥ ត្រូវបានព្យាករថានឹងស្ថិតក្នុងរង្វង់ ២,៥ភាគរយ ដោយសារការរក្សាបាននូវចលនការសេដ្ឋកិច្ចក្នុងស្រុក និងប្រក្រតីភាពនៃស្ថានភាព និងថ្លៃទំនិញអន្តរជាតិ៕