
សហគ្រាសកែច្នៃផលផលិតផលជលផលចំនួន ១១ ត្រូវបានរៀបចំឡើងក្រោមកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) ដែលទទួលបានទុនហិរញ្ញវត្ថុប្រមាណ ៣២ម៉ឺនដុល្លារ។ រូបថត សហការី
ភ្នំពេញ៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) បានប្រារឰនូវវឌ្ឍនភាពដ៏សំខាន់មួយក្នុងការពង្រឹងបរិយាប័ន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យជលផលក្រោយប្រមូលផលនៅកម្ពុជា។
ពិធីចុះហត្ថលេខាជាផ្លូវការ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ លើកិច្ចព្រមព្រៀងគាំទ្រសហគ្រាសកែច្នៃផលផលិតផលជលផលចំនួន ១១ ត្រូវបានរៀបចំឡើងក្រោមកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) ដែលទទួលបានទុនហិរញ្ញវត្ថុប្រមាណ ៣២ម៉ឺនដុល្លារ។
កម្មវិធី ISF គឺជាគំរូហិរញ្ញវត្ថុថ្មីមួយរបស់គម្រោង CAPFISH-Capture ក្រោមការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) អនុវត្តដោយអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) និងរដ្ឋបាលជលផល (FiA) ហើយកម្មវិធីនេះត្រូវបានគ្រប់គ្រងនិងចាត់ចែងមូលនិធិដោយ CGCC។
យោងតាមសេចក្ដីប្រកាសព័ត៌មានរួម បានឱ្យដឹងថា៖ «កម្មវិធី ISF មានទម្រង់ជាហិរញ្ញវត្ថុបដិភាគ កៀរគរការវិនិយោគសរុបប្រមាណ ២,៥០លាន ដុល្លារអាមេរិក»។
ការវិនិយោគនោះមានកញ្ចប់មូលនិធិគម្រោងគាំទ្រជាសម្ភារបរិក្ខារចំនួន ១លាន ដុល្លារអាមេរិក (៤០% នៃការវិនិយោគសរុប) ប្រាក់កម្ចីអាជីវកម្មពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC ជាមួយនឹងការធានាឥណទានពី CGCC ចំនួន ១,២៥លានដុល្លារអាមេរិក (៥០%) និងសហវិនិយោគផ្ទាល់ពីសហគ្រាសចំនួន ២៥០.០០០ ដុល្លារអាមេរិក (១០%)។
សេចក្ដីប្រកាសរួម បានបន្ដថា៖ «ចាប់តាំងពីការដាក់ឱ្យដំណើការនៅចុងឆ្នាំ២០២៤ រហូតមកដល់បច្ចុប្បន្ននេះ កម្មវិធី ISF បាននិងកំពុងគាំទ្រសហគ្រាសជុំដំបូងចំនួន ១១ និងសហគ្រាសជាច្រើនទៀតស្ថិតក្នុងដំណើរការជ្រើសរើសនៃកម្មវិធី»។
ជាមួយកញ្ចប់ហិរញ្ញប្បទានដំបូងរបស់គម្រោងចំនួន ៣២ម៉ឺនដុល្លារអាមេរិក បានទាក់ទាញទុនវិនិយោគបន្ថែមជាប្រាក់កម្ចីមានការធានាចំនួន ៣៤ម៉ឺនដុល្លារអាមេរិក ពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC ចំនួន ២ ស្ថាប័ន គឺធនាគារអេស៊ីលីដា និងធនាគារមេយប៊ែង រួមជាមួយសហវិនិយោគពីសហគ្រាសផ្ទាល់ចំនួន ៥៨ម៉ឺនដុល្លារអាមេរិក។
កម្មវិធី ISF ផ្តោតការគាំទ្រជាចម្បងដល់សហគ្រាសជលផលក្រោយប្រមូលផលដែលចង់បង្កើនប្រតិបត្តិការអាជីវកម្ម និងពង្រីក ទីផ្សារទាំងក្នុង និងក្រៅស្រុក។ កម្មវិធីផ្តល់ភាពអង់អាច និងការយកចិត្តទុកដាក់ដល់អាជីវកម្មដែលដឹកនាំដោយស្ត្រី យុវជន និងជនមានពិការភាព។
តាមរយៈគំរូហិរញ្ញវត្ថុថ្មីនៃកម្មវិធី ISF នេះ គម្រោង CAPFISH-Capture និង CGCC នឹងបន្ដគាំទ្រសហគ្រាសស្ថិតក្នុងខ្សែច្រវាក់តម្លៃជលផលក្រោយប្រមូលផល ក្នុងការអនុវត្តសុវត្ថិភាពម្ហូបអាហារ និងស្តង់ដារទីផ្សារ។
កញ្ចប់គាំទ្របច្ចេកទេសដែលឆ្លើយតបពេញលេញទៅនឹងតម្រូវការជាក់លាក់របស់សហគ្រាស រួមមានការបង្កើតផែនការអាជីវកម្ម ការផ្សារភ្ជាប់ទីផ្សារ ការបំពេញបានតាមលក្ខខណ្ឌតម្រូវផ្នែកសុវត្ថិភាពម្ហូបអាហារ បរិស្ថាន និងសង្គមជាដើម។
សហគ្រាសជលផលក្រោយប្រមូលផលដែលមានចំណាប់អារម្មណ៍ សូមដាក់ពាក្យឥឡូវនេះ! ផ្អែកតាមថវិកាមានកំណត់ ដាក់ពាក្យស្នើសុំមុន មានឱកាសទទួលបានមុន៕