ប្រតិបត្តិការ​ផ្ទេរ​ និង​ទូទាត់​ប្រាក់​ ដែល​ធ្វើ​ឡើង​តាម​រយៈ​ប្រព័ន្ធ​បាគង​ កើន​ដល់​ជាង​ ៦០៨​ លាន​ប្រតិបត្តិការ​នៅ​ត្រឹម​ឆ្នាំ ​២០២៤​ ដែល​​ក្នុង​នោះ​​ប្រតិបត្តិការ​ជា​ប្រាក់​រៀល ​មាន​ចំនួនជាង​ ២៩៩ លាន​ប្រតិបត្តិការ ​និង​ប្រតិបត្តិការ​ជា​ប្រាក់​ដុល្លារ​អាមេរិក​ មាន​​ជាង​ ៣០៨​ លាន​ប្រតិបត្តិការ​។​ នេះ​បើ​យោង​តាម​ធនាគារ​ជាតិ​នៃ​កម្ពុជា​(NBC)។

យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​ ២០២៤​ របស់ NBC ប្រតិបត្តិការ​ផ្ទេរ​ និង​ទូទាត់​ប្រាក់​ដែលធ្វើ​ឡើង​តាម​រយៈ​ប្រព័ន្ធ​បាគង​ ក្នុង​ឆ្នាំ ២០២៤ មាន​ចំនួនសរុប​ ៦០៨,៣២ ​លាន​ប្រតិបត្តិការ​ ក្នុង​នោះ​ប្រតិបត្តិការ​ជា​ប្រាក់​រៀល​មាន​ចំនួន​ ២៩៩,៣២​ លាន​ប្រតិបត្តិការ​ កើន​ឡើង ​៣៣៤ ​ភាគរយ​​បើ​ធៀប​នឹង​ឆ្នាំ ​២០២៣ ​និង​ប្រតិបត្តិការ​ជា​ប្រាក់​ដុល្លារមាន​ចំនួន ​៣០៨,២ ​លាន​ប្រតិបត្តិការ​ កើន​ឡើង ​១៣៣ ​ភាគរយ។

បើ​គិត​ជា​​ទំហំ​ប្រាក់ គឺ​​ជា​ប្រាក់​រៀល មាន​​ប្រមាណ ​១៨៣,៧៤ ​ទ្រីលាន​រៀល​ កើន​ឡើង ​១២៧​ភាគរយ ចំណែក​ទំហំ​ប្រាក់​ជា​​ប្រាក់​ដុល្លារ​ មាន​ ​១០៤,៨១ ​ប៊ីលាន​ដុល្លារ​ កើន​ឡើង​ ៩៥ ​ភាគ​រយ​។

NBC បាន​ឱ្យ​ដឹង​ទៀត​ថា ទំហំ​ប្រាក់​សរុប​នៅ​ក្នុង​ឆ្នាំ២០២៤ ​ស្មើ​នឹង​ ៣៣០ ​ភាគរយ​ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប(ផ.ស.ស)​។

ប្រភព៖ ធនាគារជាតិនៃកម្ពុជា

ការ​ប្រើ​ប្រាស់​ប្រាក់​រៀល​​ក្នុង​ការ​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា​បាន​​កើន​ឡើង​ជា​លំដាប់ ​បន្ទាប់​ពី​ប្រព័ន្ធ​បាគង​ ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​កាល​ពី​ថ្ងៃទី​២០​ ខែ​តុលា ​ឆ្នាំ២០២០ ​ដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា​។​

ប្រព័ន្ធ​បាគង​ គឺ​ជា​ហេដ្ឋា​រចនា​សម្ព័ន្ធ​សាធារណៈ​ឌីជីថល​ដ៏សំខាន់​មួយ​ ដែល​ដើរ​តួនាទី​ក្នុង​ការ​សម្រួល​ដល់​ការ​ទូទាត់​ជា​ឌីជីថល​សម្រាប់​សាធារណ​ជន​។

NBC បាន​លើក​ឡើង​ថា៖​«ការណ៍​នេះ​បាន​ពង្រីក​នូវ​លទ្ធ​ភាព​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ប្រកប​ដោយ​ភាព​ងាយ​ស្រួល ​និង​កាន់​តែទូលំ​ទូលាយ​ជាង​មុន​ដល់​សាធារណជន​។ ​លើស​ពី​នេះ ​មុខងារ​ទូទាត់​ភ្លាមៗ​របស់​ប្រព័ន្ធ​បាគង​ បាន​ជួយ​បង្កើន​ប្រសិទ្ធ​ភាព​ និង​សម្រួល​ដល់​ដំណើរ​ការ​ទូទាត់​របស់​រាជ​រដ្ឋា​ភិបាល​ ដូច​ជា​ ការ​ប្រមូល​​ពន្ធ ​និង​សេវា​សាធារណៈ​ផ្សេង​ទៀត​បាន​កាន់​តែ​ប្រសើរ​។ ​ក្នុង​ន័យ​នេះ ​ប្រព័ន្ធ​បាគង​ មិន​ត្រឹម​តែ​ជា ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សាធារណៈ​ឌីជីថល​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែម​ទាំង​ជា​ប្រព័ន្ធ​ទូទាត់​ដ៏​សំខាន់​ដែល​ជំរុញ​ និង​សម្រួល​ដល់​ការ​ចូល​រួម​ក្នុង​សកម្ម​ភាព​សេដ្ឋ​កិច្ច​ ពាណិជ្ជ​កម្ម​ សំដៅ​គាំទ្រ​ដល់​កំណើន​សេដ្ឋ​កិច្ច​ប្រកប​ដោយ​ចីរភាព​របស់​ប្រទេស​កម្ពុជា​ផងដែរ​»។

ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​ លោកស្រី​ ជា​ សិរី​ បាន​លើក​ឡើង​ក្នុង​របាយការណ៍​ខាង​លើ​ថា ​ការ​ធ្វើ​ទំនើប​កម្មប្រព័ន្ធ​ទូទាត់​បាន​បង្កើន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ទូទាត់​ទាំង​នៅ​ទី​ប្រជុំ​ជន​ និង​តំបន់​ជន​បទ​ ដែល​បាន​ជំរុញ​សកម្ម​ភាព​សេដ្ឋកិច្ច​ក្នុង​ស្រុក​ ព្រម​ទាំង​បាន​រួម​ចំណែក​កាត់​បន្ថយ​គម្លាត​នៃ​ការ​អភិវឌ្ឍ ​ស្រប​តាម​គោល​នយោបាយ​រដ្ឋា​ភិបាល​ឌីជីថល​កម្ពុជា ​ឆ្នាំ២០២២​-​២០៣៥​។

លោកស្រីបាន​ថ្លែង​​​ថា​៖​«ធនាគារ​ជាតិ​នៃ​កម្ពុជា​ បាន​បន្ត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​ជាមួយ​ប្រទេស​ក្នុង​តំបន់​ និង​ក្រុម​ហ៊ុន​បណ្តាញ​ទូទាត់​អន្តរ​ជាតិ​ ដើម្បី​គាំទ្រ​ការ​បង្កើន​ប្រតិបត្តិការ​ទូទាត់​ឆ្លង​ដែន​ សំដៅ​គាំទ្រ​វិស័យ​ទេសចរណ៍​ និង​​ពាណិជ្ជ​កម្ម​។ ​ម៉្យាង​ទៀត​ កម្ម​វិធី​ទូទាត់​បាគង​ទេសចរ​ ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​​ដើម្បី​សម្រួល​ដល់​​ភ្ញៀវ​ទេសចរ​ក្នុង​ការ​ទូទាត់ ​និង​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ក្រដាស​ប្រាក់​ដែល​កន្លង​មក​មាន​ការ​លំបាក​​មួយ​ចំនួន​។​ ការ​តភ្ជាប់​ទាំង​នេះ ​នឹង​រួម​ចំណែក​ផង​ដែរ​លើ​ការ​ប្រើ​ប្រាស់​រូបិយវត្ថុ​ជាតិ​ បង្កើន​ជម្រើស​​លើ​មធ្យោបាយ​ទូទាត់​អន្តរ​ជាតិ​ ដោយ​ប្រសិទ្ធ​ភាព​ សុវត្ថិ​ភាព​ និង​កាត់​បន្ថយ​ការ​ចំណាយ​ថ្លៃ​ប្រតិបត្តិការ​សម្រាប់​គាំទ្រ​សមាហរណ​កម្ម​ និង​ការ​កើន​ឡើង​ទំនាក់​ទំនង​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​ក្នុង​តំបន់​ និង​​អន្តរ​ជាតិ​»។

របាយ​ការណ៍​ប្រចាំ​ឆ្នាំ​២០២៤​ របស់​ធនាគា​រជាតិ​នៃ​កម្ពុជា ​បញ្ជាក់​ថា​ គិត​ត្រឹម​ឆ្នាំ ​២០២៤ ​ប្រព័ន្ធ​បាគង​មាន​សមាជិក​សរុប​ចំនួន​ ៦៩​ គ្រឹះ​ស្ថាន ​ក្នុង​នោះ​គ្រឹះ​ស្ថាន​ចំនួន​ ៦០​ បាន​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​ និង​គ្រឹះ​ស្ថាន​ចំនួន​ ៩​ ផ្សេង​ទៀត​បាន​និង​កំពុង​បន្ត​ធ្វើ​សន្ធាន​កម្ម​ប្រព័ន្ធ​។​

ក្នុង​ឆ្នាំ២០២៤​ ​អតិថិជន​ចុះ​ឈ្មោះ​ប្រើ​ប្រាស់​ប្រព័ន្ធ​បាគង​ តាម​រយៈកម្ម​វិធី​បាគង​មាន​ចំនួន ​៦៤២,៥ ​ពាន់​គណនី​ កើន​ឡើង​ ៧ ​ភាគ​រយ​ ធៀប​នឹង​ឆ្នាំ​២០២៣​។

ទន្ទឹម​នេះ ​ចំនួន​អតិថិជន​ដែល​មាន​គណនី​ធនាគារ​/​កាបូប​អេឡិច​ត្រូនិក​ នៅ​គ្រឹះ​ស្ថាន​ធនាគារ​ និង​ហិរញ្ញ​វត្ថុ​ និង​គ្រឹះ​ស្ថាន​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់​ ហើយ​អាច​ធ្វើ​ប្រតិបត្តិការ​តាម​ប្រព័ន្ធបាគង ​(Customer Reached) ​មាន​ចំនួន​ប្រមាណ ​៣០ ​លាន​គណនី ​ដែល​ប៉ាន់​ប្រមាណ​ស្មើ​នឹង​ ១,៦៩​ ដង​​នៃ​ចំនួន​ប្រជាជន​សរុប​។

លើស​ពី​នេះ ​ប្រព័ន្ធ​បាគង​ក៏​មាន​មុខងារ​ទូទាត់​ តាម​រយៈ​​ខេអេចយ្យូ​អរ​កួត ​(KHQR Code) ​សម្រាប់​ការ​ទូទាត់​នៅ​កម្ពុជា​ផង​ដែរ​។​

គិត​ត្រឹម​ដំណាច់​ឆ្នាំ២០២៤​នេះ​ គ្រឹះ​ស្ថាន​ធនាគារ​​បាន​ចុះ​ឈ្មោះ​ពាណិជ្ជករ​ទទួល​ការ​ទូទាត់​តាម​ ខេអេចយ្យូ​អរ​កូត ​មាន​ប្រមាណ ​៤,៥ ​លាន​គណនី ​កើន​ឡើង​ ៣៦,៤​ភាគរយ ​ធៀប​នឹង​ចុង​ឆ្នាំ២០២៣​។

អ្នក​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ថា និន្នាការ​នៃ​ការ​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា(ប្រព័ន្ធបាគង) បាន​ទទួល​ការ​​ពេញ​និយម​កាន់​តែ​ច្រើន​​ពី​សំណាក់​អ្នក​ប្រើប្រាស់គ្រប់មជ្ឈដ្ឋាន ពិសេស​អ្នក​នៅ​តាម​ទីប្រជុំ​ជន​ដែល​មាន​សេវា​អ៊ីនធឺណិត​ដំណើរ​ការ​ល្អ​។

ការ​ប្រើប្រាស់​វិធី​សាស្រ្ត​ទូទាត់តាម​ប្រព័ន្ធ​​បាគង ​បាន​ផ្តល់​ផល​ចំណេញ​យ៉ាង​ច្រើន​ទៅ​ដល់​ប្រជាជន​ និង​រដ្ឋាភិបាល​។

លោក​បាន​ពន្យល់​ថា សម្រាប់​ប្រជាជន​ការ​ប្រើប្រាស់​ការ​ទូទាត់​តាម​ប្រព័ន្ធ​បាគង គឺ​ធ្វើ​ឱ្យ​ពួក​គេ​មាន​ភាព​ងាយ​ស្រួល​ ដោយ​ពួក​គេ​មិន​ចាំបាច់​ដាក់​ក្រដាសប្រាក់ជាប់​​ខ្លួន​ច្រើនៗ​ដូចពី​ពេល​មុនឡើយ, ការ​ទូទាត់​មាន​ភាព​ឆាប់​រហ័ស, មិនមាន​ការ​បារម្ភ​ពិ​ប្រាក់​ក្លែងក្លាយ, ព្រម​ទាំង​​កាត់បន្ថយ​ការ​ឆ្លង​ជំងឺ​មួយ​ចំនួន​ពី​តាម​រយៈ​​ក្រដាស​ប្រាក់។

ចំណែក​រដ្ឋាភិបាល​ គឺ​អាច​កាត់​បន្ថយ​ការ​ចំណាយ​លើ​ថ្លៃ​បោះ​ពុម្ភ​ក្រដាស​ប្រាក់ និង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​​ត្រួត​ពិនិត្យ​ប្រតិបត្តិការផ្ទេរ​​ប្រាក់​ពី​គណនី​មួយ​ទៅ​គណនី​មួយ ឬ​ច្រើន។

លោក​បាន​ថ្លែង​ថា៖​«​​​នៅ​ពេល​ការ​ទូទាត់​កាន់​តែ​លឿន ផល​ចំណេញ​នៅ​ក្នុង​ចរន្ត​សេដ្ឋកិច្ចជាតិ និង​ប្រជាជន​​ក៏​កាន់​តែ​ល្អ​ប្រសើរ​ផងដែរ»៕