មន្រ្តីជាន់ខ្ពស់​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អះអាងថា ដើម្បី​លើកទឹកចិត្ត​ដល់វិនិយោគិន​បន្ថែម​ទៀត​ រដ្ឋាភិបាល​នឹងពង្រីកវិសាលភាព​កម្មវិធី​ពិសេស​ជំរុញការវិនិយោគ​ក្នុងក្របខ័ណ្ឌទូទាំងប្រទេស​ បន្ទាប់ពីកម្មវិធីនេះត្រូវ​បានអនុវត្តន៍ដោយ​​​ជោគជ័យគួរជាទីមោទនៈ​នៅក្នុង​ខេត្ត​ព្រះសីហនុ​។

ក្រោមគំនិត​ផ្តួច​ផ្តើម​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត «​កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ត្រូវបាន​ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកាលថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៤ និងបាន​បន្ត​ដំណើរការ​​អនុវត្តន៍រហូត​មក​ដល់ពេលបច្ចុប្បន្ន​។

លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា​អាច​​នឹង​ដាក់​ឱ្យអនុវត្តន៍​កម្មវិធីពិសេស​ជំរុញការវិនិយោគនៅទាំងប្រទេស​ ដូច​ដែល​បាន​និង​កំពុង​អនុវត្ត​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​។ កម្ម​វិធី​នេះ​អាចនឹងអនុវត្តចាប់​ពី​​​ឆ្នាំនេះ​តទៅ​។

លោក​បាន​ថ្លែងថា៖​«ការវិនិយោគឯកជន​នៅកម្ពុជា ដូចដែល​ឯកឧត្តម លោក លោកស្រី ជ្រាបហើយ គឺមានការកើនឡើង​ច្រើន នៅក្នុង​ឆ្នាំ​ ២០២៤ ​កន្លងមកនេះ។ អ្វីដែលខ្ញុំចាំ គឺ​គ្រាន់តែក្នុង​ខេត្តព្រះសីហនុ​មួយ យើង​មានរហូតដល់​គម្រោងជាង ២០០គ្រោង ហើយទុនវិនិយោគមានជាង ៦ ពាន់លាន​ដុល្លារ​នៅឆ្នាំ​ ២០២៤ ​កន្លងមក។ បច្ចុប្បន្ននេះ រាជ​រដ្ឋាភិបាល​ក៏កំពុងបន្ត​នូវការយកចិត្តទុកដាក់​ជំរុញការវិនិយោគ​ខេត្តព្រះសីហនុបន្តទៀត​។ យើង​សង្ឃឹមថា​នឹងមាន​ការវិនិយោគកើនឡើង​​»​​។

លោក​បាន​បន្ថែម​ថា៖​«​ជារួម​ក្នុង​ឆ្នាំ ​២០២៥-២០២៦ ខាងមុខនេះ រាជ​រដ្ឋាភិបាល​ក៏នឹងដាក់ចេញនូវ​កម្មវិធីពិសេស​សម្រាប់ជំរុញការវិនិយោគ​ទូទាំងប្រទេស​តែម្តង មានន័យថា នឹង​ផ្តល់នូវការលើកទឹកចិត្ត​បន្ថែម​ទៀត​ទៅ​អ្វីដែល​មាននៅក្នុងច្បាប់វិនិយោគ​សម្រាប់កិច្ចការវិនិយោគនេះ​។ ​យើង​សង្ឃឹមថានៅក្នុង​ឆ្នាំ ​២០២៥-២០២៦ នឹងមានការវិនិយោគកើនឡើងច្រើន​»។

កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤ បាន​ផ្តល់នូវអត្ថប្រយោជន៍ពិសេសៗ​ចំនួន​ ៣ ទៅអ្នកវិនិយោគ ដើម្បីគាំទ្រ និងជំរុញលើកទឹកចិត្តបន្ថែម​ក្នុង​ការ​ទាក់ទាញការវិនិយោគ និងការអភិវឌ្ឍឧស្សាហកម្មនៅក្នុងខេត្តព្រះសីហនុ ដែល​រួមមាន ទី១.គម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំង ទី២. គម្រោងវិនិយោគដែលមិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង និង​ទី៣. ការពង្រីកគម្រោងវិនិយោគ និងធុរកិច្ច។

ប្រធាន​សាខា​ក្រុមហ៊ុន​អចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្ត​ព្រះសីហនុ លោក អ៊ឹម សេងហួ បានគាំទ្រចំពោះគំនិត​ផ្តួចផ្តើមរបស់​រាជ​រដ្ឋាភិបាល​ក្នុងការពង្រីកវិសាលភាព​កម្មវិធីពិសេសជំរុញការវិនិយោគ​នៅទូទាំងប្រទេស​​ ព្រោះកម្មវិធីពិសេសជំរុញការវិនិយោគដែលកំពុងអនុវត្តន៍ក្នុង​ខេត្តព្រះសីហនុ​ បាន​និង​កំពុង​ធ្វើ​ឱ្យ​​សកម្មភាព​វិនិយោគ​ពាក់ព័ន្ធនឹងអគារជាប់គាំង ចាប់​ផ្តើម​មាន​សកម្ម​ភាព​រស់រវើកឡើងវិញជា​បណ្តើរៗ​។

លោក សេងហួ ​និយាយ​​ថា៖​«ពាក់ព័ន្ធនឹងអគារ​ជាប់គាំងជាង ១ពាន់អគារ​ កាលពីប៉ុន្មានឆ្នាំមុននោះ ឥឡូវចាប់តាំងអនុវត្តន៍​​កម្មវិធីពិសេសជំរុញការវិនិយោគប្រមាណ ១ឆ្នាំកន្លងមកនេះ ទទួលបាន​លទ្ធផលល្អប្រសើរ។ ប្រសិន​បើ​កម្មវិធីពិសេសជំរុញការវិនិយោគនេះ ត្រូវ​បាន​ពង្រីកទៅតាមបណ្តាខេត្តផ្សេងៗទៀត ខ្ញុំគិតថា វាល្អ​ព្រោះជាគោលនយោបាយមួយក្នុងការលើកទឹកចិត្ត​ដល់ម្ចាស់គម្រោង​ និងអ្នកវិនិយោគ​»។

លោកបន្ថែម​ទៀតថា ក្រុងប៉ោយប៉ែត ក្រុងបាវិត និង​ខេត្តសៀមរាប គឺ​សុទ្ធសឹងជាប៉ូលសេដ្ឋកិច្ច​សំខាន់ៗ​ ប្រសិនបើ​រាជ​រដ្ឋាភិបាលពង្រីក​កម្មពិធីពិសេសជំរុញការវិនិយោគទៅ​ទីនោះ គឺ​​តំបន់ទាំងនេះនឹងមាន​​សកម្មភាព​វិនិយោគលើវិស័យ​សំណង់ និងអចលនទ្រព្យ កាន់​តែ​រស់រវើកឡើង ពិសេសគម្រោងដែលកំពុងជាប់គាំង​។​

លោកនិយាយថា​៖«ខ្ញុំចង់មាន​ន័យថា ប្រសិនបើ​រាជ​រដ្ឋាភិបាល​យក​គោលការណ៍​ដែលអនុវត្តន៍ក្នុង​ខេត្តព្រះសីហនុ​ ទៅអនុវត្តន៍​ទៅគ្រប់ទីកន្លែង​ ខ្ញុំគិតថា ល្អ ហើយ​ជាសញ្ញាវិជ្ជាមាន​មួយ​សម្រាប់អ្នកវិនិយោគបរទេស។ អ្នក​វិនិយោគ និង​ប្រជាពលរដ្ឋ​នឹង​រីក​រាយ ព្រោះ​ទទួល​បាន​ការ​ជួយ​​​ជ្រោមជ្រែងពី​រដ្ឋាភិបាល​»។

គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២៥ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន ២៦៩ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប ៦,៦៦៩ លានដុល្លារអាមេរិក។

ក្រុមការងារនឹងបំពេញភារកិច្ចស្នូលសំខាន់ ២ រួមមាន៖ ទី១. បន្តតាមដាន ត្រួតពិនិត្យ និង ជំរុញការអនុវត្តគម្រោងទាំង ២៦៩ គម្រោង និង ទី២. ធ្វើការសម្របសម្រួលការផ្តល់ការលើកទឹកចិត្តជាក់ស្តែង និង​ដោះស្រាយបញ្ហាប្រឈម និង​សំណូមពររបស់ម្ចាស់គម្រោង ។ នេះបើតាម ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប។

លោក​បាន​ឱ្យដឹង​ទៀត​ថា រយៈ​ពេល​កន្លង​មក ក្រុមការងារបាន​ធ្វើ​កិច្ច​ការ​ជា​ច្រើន​ដូច​ជា ជួយ​សម្របសម្រួលផ្តល់លិខិតអនុញ្ញាតសាងសង់, ការចុះបញ្ជីសហគ្រាស, ការផ្តល់អាជ្ញាបណ្ណទេសចរណ៍, ការផ្តល់អាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍន៍​អចលនវត្ថុ, ការសាងសង់ផ្លូវចូលទៅទីតាំងគម្រោង, ការតបណ្តាញលូកាត់ផ្លូវពីទីតាំងគម្រោងឆ្ពោះទៅអាងប្រព្រឹត្តកម្មទឹកកខ្វក់, ការរៀបចំប្រព័ន្ធអាងប្រព្រឹត្តកម្មទឹកកខ្វក់ ដើម្បីជំរុញការវិនិយោគ, និងការសម្របសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការចំពោះគម្រោងពាក់ព័ន្ធអគារជាប់គាំង។

តាម​រយៈ​សកម្ម​ភាព​ទាំង​អស់​នេះ វា​ក៏​នឹង​ជួយ​ទាក់ទាញ និងជំរុញការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្ម បាន​កាន់​តែ​ច្រើន និង​មាន​និរន្តន៍​ភាព​ផងដែរ​៕