បើ​ទោះបី​កំណើន​សេដ្ឋកិច្ច​ពិភពលោក​នៅ​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរបន្ទាប់​ពី​វិបត្តិ​ជំងី​កូវីដ​១៩ ប៉ុន្តែ​ប្រទេស​កម្ពុជា​នៅ​តែ​​មាន​សក្តានុពលគ្រប់​គ្រាន់​​​ក្នុង​ការ​ទាក់​ទាញ​អ្នក​វិនិយោគ​ឱ្យ​ចូល​មក​បណ្តាក់​ទុន​ជា​បន្ត​បន្ទាប់។

ជាក់​ស្តែង​ក្នុង​ឆ្នាំ ២០២៤ កន្លង​មក មាន​តំបន់សេដ្ឋកិច្ច​ពិសេស​(SEZ) ថ្មី​ចំនួន ៤ បាន​បើក​ដំណើរ​ការ​ ដែល​ធ្វើ​ឱ្យ​ចំនួន​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពុង​មាន​ប្រតិបត្តិការ​នៅ​កម្ពុជា​ កើន​ឡើង​ដល់ចំនួន​ ៣០។​

របាយការណ៍​លទ្ធផល​ការងារ​ឆ្នាំ ២០២៤ និង​ទិសដៅ​ការងារ​ឆ្នាំ ២០២៥ របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេក​វិទ្យា និង​នវានុវត្តន៍ ចេញ​ផ្សាយ​ក្នុង​សប្តាហ៍​នេះ​​ឱ្យ​ដឹង​ថា គិត​ត្រឹម​ចុង​​ឆ្នាំ ២០២៤ នៅ​កម្ពុជា​មាន​តំបន់​សេដ្ឋកិច្ច​ពិសេ​ស​សរុប​ចំនួន ៣០ ដែល​មាន​រោងចក្រ​កំពុង​ដំណើរការ។

ចំនួន​នេះ គឺ​​កើន​ឡើងចំនួន ៤ ឬ​ស្មើនឹង ១៥,៣៨​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ២០២៣​។​

តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង ៣០ ​គឺ​មាន​ទីតាំង​​​នៅ​​ ១២ រាជធានី-ខេត្ត ដោយ​ ៩ ស្ថិត​ក្នុង​ខេត្ត​ស្វាយរៀង, ៥ ក្នុង​​ខេត្ត​ព្រះសីហនុ, ៣ ​ក្នុង​ខេត្ត​បន្ទាយមានជ័យ កោះកុង និង​កណ្តាល, និង​ចំនួន ១ ​នៅក្នុង​រាជធានី​​ភ្នំពេញ ខេត្ត​ពោធិ៍សាត់ ក្រចេះ កំពត កំពង់​ស្ពឺ កំពង់ឆ្នាំង និង​ខេត្តកំពង់ចាម។

ចំនួន​តំបន់​សេកិច្ច​ពិសេស​ដែល​មាន​ប្រតិបត្តិការ គឺ​​កើន​ឡើង​ពី​​ចំនួន ២១ ក្នុង​ឆ្នាំ ២០២០ ដល់​ចំនួន​ ២៣ ក្នុង​ឆ្នាំ ២០២១ និង​ ២៥ ក្នុង​ឆ្នាំ ២០២២ ព្រម​ទាំង​ចំនួន ២៦ ​ក្នុង​ឆ្នាំ ២០២៣។

របាយការណ៍​ឱ្យ​ដឹង​ទៀត​ថា ក្នុង​ឆ្នាំ​ ២០២៤ មាន​រោងចក្រ​ធុនធំ កើត​ឡើង​ថ្មីចំនួន ៣២៦ និង​បិទទ្វារ​ចំនួន ២៦។

គិត​ត្រឹម​ឆ្នាំ ​២០២៤ នៅ​កម្ពុជាមាន​រោងចក្រ​ធុនធំ​សរុប ២ ៤២៥ រោងចក្រ ដែល​រោងចក្រ​ធុន​ធំ​ទាំង​នោះ​​ភាគ​ច្រើន​ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​កំពង់ស្ពឺ កណ្តាល ព្រះសីហនុ ស្វាយរៀង និង​​ខេត្ត​តាកែវ។

រោងចក្រ​ទាំង​នោះ​មាន​ដូច​ជា រោងចក្រ​ដេរសម្លៀកបំពាក់ ផលិតផល​ពី​ស្បែក​សត្វ ផលិតផល​ម្ហូបអាហារ ផលិតផល​កៅស៊ូ-ផ្លាស្ទិក ផលិតផលពី​ក្រដាស និង​គ្រឿងម៉ាស៊ីន-បរិក្ខាផ្សេងៗ។

ក្រសួង​បាន​លើកឡើងទៀត​​ថា វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន)ត្រូវបាន​រាជរដ្ឋាភិបាលកម្ពុជាចាត់ជាឧបករណ៍យុទ្ធសាស្ត្រចាំបាច់មួយ​ដើម្បីឈានទៅសម្រេចនូវចក្ខុវិស័យនានាដូចបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងជាកម្លាំង​ចលករមួយជំរុញកំណើន ដើម្បីរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា។

ជាក់ស្តែង ក្នុងឆ្នាំ ២០២៤ កន្លងទៅ សេដ្ឋកិច្ចកម្ពុជាបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៦​ភាគរយ​​នៃ ផ.ស.ស. ស្របពេលចំណូលមធ្យមសម្រាប់ពលរដ្ឋម្នាក់ៗកើនឡើងដល់ ២ ៧១៣ដុល្លារអាមេរិក បើធៀបនឹងប្រមាណ ១ ៩១៧ ដុល្លារអាមេរិកក្នុងឆ្នាំ ២០២៣។

កំណើននេះត្រូវ​បានគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗមួយចំនួន ក្នុងនោះវិស័យឧស្សាហកម្មបាន​បន្តនិន្នាការ​កើនឡើងក្នុងរង្វង់ ៨,៥ភាគរយ​​ក្នុងឆ្នាំ២០២៤ ពីប្រមាណ ៥​ភាគរយ​​ក្នុងឆ្នាំ២០២៣។

ក្រសួង​​បញ្ជាក់​ថា៖​«​សម្រាប់​ឆ្នាំ ២០២៥ នេះ ផ្អែកតាមក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច សេដ្ឋកិច្ចកម្ពុជានឹងបន្តមាននិន្នាការកើនឡើងក្នុងរង្វង់ ៦,៣​ភាគរយ​នៃ ផ.ស.ស. ហើយចំណូលមធ្យមសម្រាប់ពលរដ្ឋម្នាក់ៗត្រូវបាន រំពឹងថានឹងកើនឡើងដល់ ២ ៩២៤ដុល្លារអាមេរិក។ វិស័យឧស្សាហកម្មត្រូវបានព្យាករណ៍ ថានឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៨,៦​ភាគរយ​​​ក្នុងឆ្នាំ ២០២៥ ដែលគាំទ្រដោយការរក្សាបានតុល្យភាពនៃអនុវិស័យកាត់ដេរ និងអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ ខណៈ​អនុវិស័យសំណង់​នៅបន្តមានកំណើនទាប»។

អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ថា ការ​កើន​ឡើង​ព្រម​គ្នា​នៃ​រោងចក្រ/សហគ្រាស និង​តំបន់​សេដ្ឋកិច្ច​ពិសេស គឺ​បញ្ជាក់​ថា​កម្ពុជា​គឺ​ជា​ទីតាំង​ដ៏​មាន​សក្តានុពល​សម្រាប់​ការ​វិនិយោគ​មក​ពី​គ្រប់​តំបន់​ទូទាំង​ពិភពលោក និង​​គ្រប់​វិស័យ​​។

ភាព​វិជ្ជមាន​ទាំង​នេះ​នឹង​បន្ត​មាន​ច្រើន​បន្ថែម​ទៀត​ក្នុង​ឆ្នាំ​ ២០២៥ នេះ ខណៈ​ការ​មក​បណ្តាក់​ទុន​ផ្ទាល់​​នៅ​កម្ពុជា​ អ្នក​វិនិយោគ​នឹង​ទទួល​បាន​ផល​បំណេញ​ជាច្រើនទាំង​កត្តា​ក្នុង​ប្រទេស​ និង​ទីផ្សារ​នាំ​ចេញ។

លោក​​ពន្យល់​ថា កត្តាខាងក្នុង​ គឺ​ប្រទេស​កម្ពុជាមានស្ថិរភាព​នយោបាយនិង​កំណើន​សេដ្ឋកិច្ច​រឹងមាំ ច្បាប់​វិនិយោគ​អំណោយ​ផល​សម្រាប់​ការ​បណ្តាក់​ទុនផ្ទាល់ សម្បូរ​​កម្លាំងពលកម្ម​ជំនាញនិងមាន​តម្លៃ​សមរម្យ មាន​ទីតាំង​ភូមិសាស្រ្តនិង​ហេដ្ឋារចនាសម្ព័ន្ធដឹក​ជញ្ជូន​ល្អ។

ចំណែក​កត្តាខាង​ក្រៅ គឺ​កម្ពុជា​មានទីផ្សារ​ទទួល​ទិញ​ទំនិញ​ច្រើន មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ជាច្រើន ព្រម​ទាំងមាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គយ​នៅ​ពេល​នាំ​ទំនិញ​​ទៅ​កាន់​ប្រទេស​មួយ​ចំនួន​។

លោក​បាន​ថ្លែង​ថា៖​«ជាមួយ​នឹង​សក្តានុពល​​ទាំង​អស់​នេះ គឺ​​កម្ពុជាប្រាកដ​ជា​​អាច​ទាក់​ទាញ​អ្នក​វិនិយោគ​កាន់​តែ​ច្រើន​ឱ្យ​ចូល​មក​បើក​តំបន់​សេដ្ឋកិច្ច​ពិសេស និង​រោងចក្រ​ផលិត​ទំនិញ​សម្រាប់​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរ​ជាតិ​»។​​

ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការ​គណៈ​រដ្ឋ​មន្ដ្រី លោក វង្សី វិស្សុត​ ក្នុងពិធី​បិទ​សន្និបាតបូក​សរុបលទ្ធផលការ​ងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ​២០២៥ របស់ក្រសួងឧស្សាហកម្ម កាល​ពី​​ថ្ងៃទី២៦ ខែកុម្ភៈ បាន​លើក​ឡើង​ថា ​ការនាំចេញរបស់កម្ពុជានៅឆ្នាំ ២០២៤ សម្រេច​បានកំណើន ១៥,៧​ភាគរយ​ ហើយផលិត​ផល​​កម្ពុជា​កាន់​តែច្រើនកំពុងបោះជំហាន​ចូល​ទៅ​កាន់ទីផ្សារតំបន់ និងអន្តរ​ជាតិ ដែលកម្ពុជាត្រូវពង្រឹង និងពន្លឿន​​​​ឧស្សា​ហូបនីយកម្ម រចនាសម្ព័ន្ធ និងមូលដ្ឋានសេដ្ឋកិច្ច នៅក្នុងដំណើរត្រៀមខ្លួនចាកចេញពីឋានៈ​ជាប្រ​ទេស​អភិវឌ្ឍន៍តិចតួចនៅចុង​ឆ្នាំ​ឆ្នាំ២០២៩ ខាង​មុខ​។

លោក​ថ្លែង​ថា៖«កម្ពុជាត្រូវលើកកម្ពស់បរិយាកាសវិនិយោគ និងបង្កើន​ភាពងាយស្រួលក្នុងការធ្វើធុរកិច្ច ដើម្បីទាក់ទាញការវិនិយោគទាំងក្នុងស្រុក និង​ពីបរទេស រួមទាំងទាក់ទាញឧស្សាហកម្មដែលនឹងផ្លាស់ប្តូរមូលដ្ឋានផលិតកម្ម ដោយ​ត្រៀម​ធ្វើជាមជ្ឈមណ្ឌលផលិតកម្មជំនួស»។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា(CDC) កាល​ពី​​ឆ្នាំ​ ២០២៤ បាន​អនុម័ត​ឱ្យ​គម្រោង​វិនិយោគ​ចំនួន ៤១៤ គម្រោង កើន​ឡើង ៥៤ ភាគ​រយ​(​១៤៦ គម្រោង) ​បើ​ធៀប​នឹង​ឆ្នាំ ​២០២៣ ដែល​មាន​ចំនួន ២៦៨ គម្រោង។

ទុន​វិនិយោគ​សរុប​របស់​គម្រោង​ទាំង ៤១៤ គឺ​​ប្រមាណ ៦,៩ ពាន់​លាន​ដុល្លារ កើន​ឡើង ៤០​ភាគ​រយ ពី​ចំនួន ៤,៩២ ពាន់​លាន​ដុល្លារ៕