ទីផ្សារសញ្ញាបណ្ណនៅកម្ពុជាបានចាប់ផ្តើមដំណើរការ បន្ទាប់ពីការអនុម័តដាក់ឱ្យប្រើប្រាស់ប្រកាសលេខ០០៩/១៧ គ.ម.ក./ប្រ.ក. ស្ដីពីការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧។
នៅឆ្នាំ២០១៨ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលជាសមាជិកធនាគារពិភពលោកបានគាំទ្រដល់ការបោះផ្សាយសញ្ញាបណ្ណលើកដំបូងក្នុងព្រះរាជាណាចក្រកម្ពុជា ដោយវិនិយោគទឹកប្រាក់ចំនួន ២០ លានដុល្លារអាម៉េរិក ដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា ហត្ថាកសិករ លីមីតធីត (HKL) ដែលបានបោះផ្សាយជាប្រាក់រៀល កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ដែលមានតម្លៃចារឹកក្នុងមួយសញ្ញាបណ្ណគឺ ១០ ម៉ឺនរៀល និងបានប្រមូលសាច់ប្រាក់ពីទីផ្សារចំនួន ១២០ ពាន់លានរៀល (ប្រហែល ៣០ លានដុល្លារអាម៉េរិក)។
គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២៤ មានក្រុមហ៊ុនចំនួន ១២ បានចុះបញ្ជីសញ្ញាបណ្ណនៅលើផ្សារមូលបត្រកម្ពុជា (ផមក) រួមទាំងសញ្ញាបណ្ណបៃតង និងសញ្ញាបណ្ណចីរភាព ដែលជាមោទនភាពមួយសម្រាប់កម្ពុជា ថ្វីត្បិតតែទីផ្សាររបស់យើងស្ថិតដំណាក់កាលចាប់ផ្តើម និងមានទំហំទីផ្សារនៅតូច បើប្រៀបធៀបទៅនឹងបណ្តាប្រទេសជិតខាងដូចជា ថៃ ឬវៀតណាម ប៉ុន្តែការអនុវត្ត និងការអភិវឌ្ឍ គឺស្របទៅនឹងនិន្នាការថ្នាក់តំបន់ និងសាកល។
ហេតុអ្វីបានជាអ្នកគួរវិនិយោគលើទីផ្សារសញ្ញាបណ្ណនៅកម្ពុជា?
១. សក្តានុពលនៃកំណើនទីផ្សារ
ប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចលូតលាស់លឿននៅតំបន់អាស៊ីអាគ្នេយ៍ និងផ្តល់ឱកាសវិនិយោគដ៏គួរឱ្យទាក់ទាញជាច្រើន រួមទាំងសញ្ញាបណ្ណ ជាមួយនឹងអត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) ចំនួន ៧ ភាគរយ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ ដែលជំរុញឱ្យមានការកើនឡើងនូវតម្រូវការ សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគអាជីវកម្ម និងភាពទំនើបនៃទីផ្សារហិរញ្ញវត្ថុ ជាដើម។
២. សក្តានុពលនៃការប្រាក់ (អត្រាគូប៉ុង) ខ្ពស់
ទីផ្សារសញ្ញាបណ្ណដែលមានភាពក្មេងខ្ចីផ្តល់អត្រាគូប៉ុងខ្ពស់ ជាក់ស្តែង HKL បានបោះផ្សាយសញ្ញាបណ្ណសាជីវកម្មដំបូងបំផុតនៅកម្ពុជាបានផ្តល់អត្រាគូប៉ុង ៨,៥ ភាគរយ ក្នុងមួយឆ្នាំ (ទូទាត់រៀងរាល់ឆមាស)។
ប៉ុន្តែបើយើងក្រឡេកមើលអត្រាគូប៉ុងនៅប្រទេសថៃ ដែលជាទីផ្សារចំណាស់ សញ្ញាបណ្ណសាជីវកម្មមានអត្រាគូប៉ុងចន្លោះពី ៣ ទៅ ៦ ភាគរយ អាស្រ័យលើឥណប្រតិទាន និងហានិភ័យនៃការវិនិយោគ។
៣. ការលើកទឹកចិត្តផ្នែកពន្ធដារ
ការលើកទឹកចិត្តផ្នែកពន្ធដារ គឺជាយុទ្ធសាស្ត្រមួយយ៉ាងសំខាន់សម្រាប់អភិវឌ្ឍវិស័យមូលបត្រនៅព្រះរាជាណាចក្រកម្ពុជា។ វិនិយោគិនសាធារណៈទទួលបានការបន្ថយពន្ធកាត់ទុក ៥០ ភាគរយ លើការប្រាក់ និង/ឬភាគលាភដែលបានមកពីការកាន់កាប់ និង/ឬការទិញ-លក់មូលបត្ររដ្ឋ ភាគហ៊ុន និងសញ្ញាបណ្ណ។
គុណសម្បត្តិនៃការវិនិយោគលើសញ្ញាបណ្ណសម្រាប់វិនិយោគិនដែលមានចំណូលថេរ
១. គូប៉ុង
អត្ថប្រយោជន៍ចម្បងនៃសញ្ញាបណ្ណ គឺផ្តល់នូវប្រាក់ចំណូលថេរ ដែលអាចព្យាករណ៍បាន។ អ្នកកាន់កាប់សញ្ញាបណ្ណនឹងទទួលបាននូវការប្រាក់ទៀងទាត់ (គូប៉ុង) និងទទួលបានប្រាក់ដើមមកវិញនៅពេលដល់កាលកំណត់ (ឥណប្រតិទាន) ដែលជាទូទៅមានរយៈពេលចាប់ពី១ ទៅ ១០ ឆ្នាំ ឬ២០ ឆ្នាំ។
ឧទាហរណ៍៖ ក្រុមហ៊ុនបោះផ្សាយមួយបានបោះផ្សាយសញ្ញាបណ្ណ ដែលមានតម្លៃចារឹកក្នុងមួយសញ្ញាបណ្ណគឺ១០ ម៉ឺនរៀល ដោយមានអត្រាគូប៉ុង ៨,៥ ភាគរយ ក្នុងមួយឆ្នាំ។ ដូច្នេះ អ្នកកាន់កាប់សញ្ញាបណ្ណនឹងទទួលបាននូវការប្រាក់ចំនួន ៨, ៥០០ រៀល ក្នុងមួយសញ្ញាបណ្ណ ក្នុងមួយឆ្នាំ។
២. ហានិភ័យទាបបើធៀបនឹងភាគហ៊ុន និងមានភាពទាក់ទាញជាងការផ្ញើប្រាក់នៅធនាគារ
ភាគហ៊ុនមានហានិភ័យខ្ពស់ជាងសញ្ញាបណ្ណ ដោយសារតែការជួញដូរភាគហ៊ុនធ្វើឡើងជាប្រចាំថ្ងៃ និងតម្លៃមានការប្រែប្រួល អាស្រ័យលើកត្តាជាច្រើនដូចជា ស្ថានភាពក្រុមហ៊ុន និងហានិភ័យទីផ្សារ ជាដើម។
សញ្ញាបណ្ណត្រូវបានគេចាត់ទុកថាជាការវិនិយោគមួយ ដែលមានសុវត្ថិភាព មានហានិភ័យទាប ប៉ុន្តែអ្នកកាន់កាប់សញ្ញាបណ្ណក៏អាចទិញ/លក់សញ្ញាបណ្ណនៅក្នុងទីផ្សារមូលបត្រ ដែលជាទីផ្សារបន្ទាប់ នៅពេលដែលត្រូវការសាច់ប្រាក់វិញ ដែលជាហេតុនាំឱ្យសញ្ញាបណ្ណមានភាពទាក់ទាញជាងការផ្ញើប្រាក់នៅធនាគារ។
៣. អាទិភាពទទួលបានការទូទាត់សង
នៅក្នុងករណីក្រុមហ៊ុនបោះផ្សាយក្ស័យធន អ្នកកាន់កាប់សញ្ញាបណ្ណនឹងទទួលបានអាទិភាពការទូទាត់សងមុនម្ចាស់ភាគហ៊ុន ដែលក្លាយជាជម្រើសដ៏គួរឱ្យទាក់ទាញសម្រាប់ប្រភេទវិនិយោគិនដែលខ្លាចហានិភ័យ (Risk-Averse Investors) ដែលចង់ការពារដើមទុនរបស់ពួកគេ ខណៈពេលដែលអាចបង្កើតប្រាក់ចំណូលអកម្ម។
៤. ទំនាក់ទំនងអវិជ្ជមានរវាងភាគហ៊ុន និងសញ្ញាបណ្ណ ដែលអនុញ្ញាតឱ្យវិនិយោគិនធ្វើពិពិធកម្មនៃការ វិនិយោគ
ក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ចពិភពលោក តម្លៃសញ្ញាបណ្ណអាចកើនឡើង នៅពេលដែលវិនិយោគិនស្វែងរក ការវិនិយោគដែលមានសុវត្ថិភាពជាងមុន ខណៈដែលតម្លៃភាគហ៊ុនអាចនឹងធ្លាក់ចុះ។
ទំនាក់ទំនងអវិជ្ជមានរវាងភាគហ៊ុន និងសញ្ញាបណ្ណអាចជួយការពារផលបត្ររបស់វិនិយោគិនតាមរយៈការធ្វើពិពិធកម្មនៃការវិនិយោគ។
រៀបចំដោយ៖ និយ័តករមូលបត្រកម្ពុជា
នាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល អភិវឌ្ឍន៍ទីផ្សារមូលបត្រ និងទំនាក់ទំនងអន្តរជាតិ
អ៊ីមែល៖ edu@serc.gov.kh
ទូរសព្ទ៖ ០២៣ ៨៨៥ ៦១១