ភ្នំពេញ៖ វិស័យធុរកិច្ចខ្នាតតូចរបស់កម្ពុជាកំពុងបង្ហាញសញ្ញានៃការងើបឡើងវិញជាថ្មី ខណៈដែលកម្មវិធីកម្ចីអាជីវកម្មខ្នាតតូចបានកើនឡើង ៥,៧ភាគរយ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤។ នេះបើយោងតាមរបាយការណ៍ចុងក្រោយពីក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (CBC)។
ការកើនឡើងនេះធ្វើឡើងបន្ទាប់ពីការកើនឡើង ៣,៩ភាគរយ នៅក្នុងត្រីមាសមុន ជាសញ្ញាបង្ហាញពីទំនុកចិត្តកើនឡើងក្នុងចំណោមសហគ្រិនដែលកំពុងស្វែងរកដើមទុនដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ។
អ្នកជំនាញផ្នែកឧស្សាហកម្មចាត់ទុកកំណើននេះចំពោះគោលនយោបាយរបស់រដ្ឋាភិបាលកាន់តែរឹងមាំដែលគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ក៏ដូចជាការចូលរួមយ៉ាងសកម្មពីស្ថាប័នហិរញ្ញវត្ថុដែលផ្តល់ផលិតផលកម្ចីតាមតម្រូវការ។
លោក តែ តាំងប៉ ប្រធានសហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានឱ្យដឹងថា រដ្ឋាភិបាលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញបរិយាកាសគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម តាមរយៈការផ្តល់ជំនួយហិរញ្ញវត្ថុ និងការធានាប្រាក់កម្ចី។
លោកបញ្ជាក់ថា រដ្ឋាភិបាលបានចាត់ទុកវិស័យសហគ្រាសធុនតូច និងមធ្យមជាឆ្អឹងខ្នងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ហើយបានដាក់ចេញនូវគំនិតផ្ដួចផ្ដើមជាច្រើនដើម្បីជំរុញកំណើនក្នុងផ្នែកនេះ។
លោក តាំងប៉ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ក្រៅពីនេះគឺ មានការចូលរួមពីស្ថាប័នហិរញ្ញវត្ថុ ដែលបានផ្តល់កម្ចី និងផលិតផលហិរញ្ញវត្ថុដែលសមស្របសម្រាប់ SMEs ដើម្បីជួយពង្រីក អាជីវកម្មរបស់ពួកគេ។ សម្រាប់ឆ្នាំ២០២៥ និន្នាការនេះអាចនឹងបន្តកើនឡើង ប្រសិនបើមានការគាំទ្របន្ថែមពីរដ្ឋាភិបាល និងស្ថាប័នហិរញ្ញវត្ថុ ក៏ដូចជា ការចូលរួមបច្ចេកវិទ្យាឌីជីថលបន្ថែមទៀត»។
របាយការណ៍ចុងក្រោយរបស់ CBC បង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់នៃតម្រូវការសម្រាប់កម្ចីដើមទុនធ្វើការ ជាមួយនឹងកំណើនឈានដល់ ៩,៦ភាគរយនៅក្នុងត្រីមាសទី៤ ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរក្នុងចំណោមអាជីវកម្មពីយុទ្ធសាស្ត្ររស់រានមានជីវិតរយៈពេលខ្លីទៅការពង្រីករយៈពេលវែង។
ជាពិសេស តំបន់បឹងទន្លេសាប បានឃើញការកើនឡើង ៨៦,៥ភាគរយ ក្នុងការស្នើសុំកម្ចីកសិកម្ម ដែលបង្ហាញពីការងើបឡើងវិញនៃការវិនិយោគលើវិស័យកសិកម្ម និងកសិឧស្សាហកម្ម។
កម្ចីសាងសង់បានបង្ហាញពីនិន្នាការផ្សេងៗគ្នា ដោយតំបន់ខ្លះមានកំណើន ខណៈតំបន់ខ្លះទៀតនៅតែយឺត។ទោះបីជាមានទស្សនវិស័យសុទិដ្ឋិនិយមក៏ដោយ ការទទួលបានហិរញ្ញប្បទាននៅតែជាបញ្ហាប្រឈមសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូចជាច្រើន។
លោក តាំងប៉ បានចង្អុលបង្ហាញថា សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ជារឿយៗជួបការលំបាកជាមួយនឹងតម្រូវការកម្ចីតឹងរ៉ឹង អត្រាការប្រាក់ខ្ពស់ និងកង្វះឯកសារហិរញ្ញវត្ថុត្រឹមត្រូវ។
លោកបានកត់សម្គាល់ថា អាជីវកម្មជាច្រើនមិនត្រូវបានចុះបញ្ជីជាផ្លូវការ ដែលធ្វើឱ្យមានការលំបាកក្នុងការទទួលបានឥណទានពីស្ថាប័នហិរញ្ញវត្ថុ។
បញ្ហាប្រឈមទាំងនេះបន្តរារាំងសហគ្រាសធុនតូច និងមធ្យមពីការប្រើប្រាស់ធនធានហិរញ្ញវត្ថុពេញលេញ ដើម្បីរីកចម្រើន និងពង្រីកប្រតិបត្តិការរបស់ពួកគេ។
លោក តាំងប៉ បានបន្ដថា៖ «សហគ្រាសធុនតូច និងមធ្យមជាច្រើនប្រឈមមុខនឹងបញ្ហា ដូចជា កង្វះវត្ថុបញ្ចាំ លក្ខខណ្ឌតឹងរ៉ឹងក្នុងការទទួលបានប្រាក់កម្ចី និងអត្រាការប្រាក់ខ្ពស់។ ដើម្បីកែលម្អការគាំទ្រផ្នែកហិរញ្ញវត្ថុ ស្ថាប័នហិរញ្ញវត្ថុ និងរដ្ឋាភិបាលគួរតែពិចារណាផ្តល់លក្ខខណ្ឌកម្ចីដែលអាចបត់បែនបាន អត្រាការប្រាក់ទាប និងកម្មវិធីធានាប្រាក់កម្ចីកាន់តែរឹងមាំ»។
លោកបានលើកឡើងថា ការអប់រំ និងការបណ្តុះបណ្តាលផ្នែកហិរញ្ញវត្ថុក៏ជាគន្លឹះក្នុងការជួយសហគ្រាសធុនតូច និងមធ្យមក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេប្រកបដោយប្រសិទ្ធភាពផងដែរ។
នៅពេលដែលអាជីវកម្មទទួលបានសិទ្ធិទទួលបានឥណទានកាន់តែច្រើន ក្តីកង្វល់ជុំវិញការខកខានប្រាក់កម្ចីនៅតែជាបញ្ហាសំខាន់។
របាយការណ៍ CBC បង្ហាញថា ខណៈពេលដែលអាជីវកម្មខ្នាតតូចកាន់តែច្រើនកំពុងធានាការផ្តល់ហិរញ្ញប្បទាន អត្រានៃប្រាក់កម្ចីហួសកាលកំណត់លើសពី ៣០ ថ្ងៃ ដែលគេស្គាល់ថាជាអត្រា 30+ DPD នៅតែមានជាមធ្យម ៨,៣ភាគរយនៅទូទាំងវិស័យផ្សេងៗគ្នា។
ឧស្សាហកម្មសំណង់ និងកសិកម្មស្ថិតក្នុងចំណោមផលប៉ះពាល់ខ្លាំងបំផុត ដែលបង្កើនការព្រួយបារម្ភអំពីនិរន្តរភាពបំណុលរយៈពេលវែង។
ដើម្បីធានាថា សហគ្រាសធុនតូច និងមធ្យមគ្រប់គ្រងបំណុលរបស់ពួកគេប្រកបដោយការទទួលខុសត្រូវ លោក តាំងប៉ បានជំរុញឱ្យម្ចាស់អាជីវកម្មប្រកាន់យកយុទ្ធសាស្ត្រហិរញ្ញវត្ថុត្រឹមត្រូវ។
លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃផែនការហិរញ្ញវត្ថុច្បាស់លាស់ ការត្រួតពិនិត្យជាប្រចាំនូវស្ថានភាពហិរញ្ញវត្ថុ និងការប្រើប្រាស់ប្រាក់កម្ចីយ៉ាងតឹងរ៉ឹងសម្រាប់ការវិនិយោគគោលដៅដែលជំរុញកំណើនអាជីវកម្មជាជាងសម្រាប់តម្រូវការប្រតិបត្តិការរយៈពេលខ្លី។
លោក ហួត ផេង អនុរដ្ឋលេខាធិការក្រសួងបានលើកឡើងពីជំរឿនប្រជាជនកម្ពុជាឆ្នាំ ២០២២ ដែលបានរាយការណ៍ថា សហគ្រាសខ្នាតតូច និងមធ្យម (MSMEs/SMEs) ចំនួន ៧៥៣៦៧០ នៅក្នុងសេដ្ឋកិច្ចផ្លូវការ និងក្រៅផ្លូវការរបស់កម្ពុជា។
វិស័យផលិតកម្មតែមួយមានសហគ្រាសធុនតូច និងមធ្យមដែលបានចុះបញ្ជីចំនួន ៤៤៦២៥ ដែលផ្តល់ការងារចំនួន ៤៦៦៥៩៤។
លោក ស៊ូ សុជាតិ អគ្គនាយកនិយតករមូលបត្រកម្ពុជា (SERC) បានរំឭកឡើងវិញពីតួនាទីសំខាន់របស់សហគ្រាសធុនតូច និងមធ្យមក្នុងសេដ្ឋកិច្ចរបស់ប្រទេស ដែលមានចំនួនជាង ៩៨ភាគរយ នៃសហគ្រាស និងរួមចំណែករហូតដល់ ៥៨ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស.)។
លោកបានបញ្ជាក់នៅក្នុងខែមិថុនា ឆ្នាំ ២០២៤ ថា៖ «សហគ្រាសធុនតូច និងមធ្យម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច ជាពិសេសការបង្កើតឱកាសការងារក្នុងស្រុក។ សហគ្រាសធុនតូច និងមធ្យមកាន់តែធំ ពួកគេអាចផ្តល់ការងារកាន់តែច្រើន»៕