គ្រឹះស្ថានអង្គររកចំណូលបានជិត ៧ លានដុល្លារនៅក្នុងខែមករា ឆ្នាំ២០២៥ ពីការលក់សំបុត្រឱ្យភ្ញៀវបរទេសចូលទស្សនារមណីយដ្ឋានអង្គរ កើនជិត ៣០ភាគរយបើធៀបនឹងខែមករា ឆ្នាំ ២០២៤ ខណៈចំណូលពីការលក់សំបុត្រចូលរមណីយដ្ឋានផ្សេងទៀតមានជិត ២០ ម៉ឺនដុល្លារ។
គ្រឹះស្ថានអង្គរ គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលត្រូវបង្កើតឡើងកាលពីឆ្នាំ២០១៦ ដោយស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃក្រសួងទេសចរណ៍ និងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ការប្រមូលចំណូលរបស់គ្រឹះស្ថានអង្គរ រួមមាន រមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ, និងសំបុត្រទូកនៅកំពង់ផែចុងឃ្នៀស។ សម្រាប់តម្លៃតម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា ៣ប្រភេទ គឺសំបុត្រចូលទស្សនា ១ថ្ងៃមានតម្លៃ ៣៧ដុល្លារ, រយៈពេល ៣ថ្ងៃតម្លៃ ៦២ដុល្លារ និង ៧ថ្ងៃ មានតម្លៃ ៧២ ដុល្លារ។
សេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ឱ្យដឹងថា ក្នុងខែមករា ឆ្នាំ ២០២៥ មានភ្ញៀវបរទេសចំនួន ១៤៥ ១៤០ នាក់បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើង ២៦,៤៩ ភាគរយបើធៀបនឹងខែមករា ឆ្នាំ ២០២៤។ ប្រាក់ដែលទទួលបានពីការលក់សំបុត្រ មានចំនួន ៦,៩ លានដុល្លារ កើនឡើង ២៥,៥៦ ភាគរយ។
ក្រៅពីចំណូលពីរមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរក៏រកចំណូលបាន ១៩៤ ២២២ ដុល្លារផងដែរ ពីការលក់សំបុត្រឱ្យភ្ញៀវបរទេសចូលទស្សនាតំបន់មួយចំនួនទៀត ដូចជា ប្រាសាទកោះកែរ ចំនួន ៥៥ ៣៣៥ ដុល្លារ, ប្រាសាទបេងមាលា ១៧ ៥៣០ ដុល្លារ, ភ្នំក្បាលស្ពាន ៦៤០ ដុល្លារ, និងពីការលក់សំបុត្រទូក(កំពង់ផែចុងឃ្នៀស) ចំនួន ១២០ ៧១៧ ដុល្លារ។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ចំនួនភ្ញៀវទេសចរបរទេសធ្វើដំណើរមកកម្ពុជានារយៈពេលប៉ុន្មានខែចុងក្រោយនេះពិតជាហក់ឡើងច្រើន ហើយចំនួនជើងហោះហើរអន្តរជាតិក៏កើនឡើងដែរ។ ស្ថានភាពនេះនឹងបន្តសញ្ញាវិជ្ជមានបន្ថែមទៀតប្រសិនបើនយោបាយ និងសេដ្ឋកិច្ចសកល មិនជួបវិបត្តិណាបន្ថែមទៀត។
លោកស្រីបន្តថា តំបន់ទេសចរណ៍នៅកម្ពុជា ជាពិសេសប្រាសាទបុរាណក្នុងខេត្តសៀមរាប ត្រូវបានបណ្តាញសារព័ត៌មានអន្តរជាតិ និងទីភ្នាក់ងារទេសចរណ៍អន្តរជាតិកាន់តែច្រើនផ្តល់នូវការវាយតម្លៃខ្ពស់ថាជាកន្លែងដ៏ល្អសម្រាប់ការមកទស្សនា ដូច្នេះវានឹងជួយលើកទឹកចិត្តធ្វើឱ្យភ្ញៀវបរទេសកាន់តែច្រើនធ្វើដំណើរមកកម្ពុជា។
លោកស្រីថ្លែងថា៖«ខ្ញុំមានសុទិដ្ឋិនិយមថាចំនួនភ្ញៀវទេសចរបរទេសធ្វើដំណើរមកកម្សាន្តនៅកម្ពុជា នឹងមានកាន់តែច្រើននៅឆ្នាំបន្តបន្ទាប់។ វិស័យទេសចរណ៍ដើរតួនាទីសំខាន់ណាស់ក្នុងការនាំចំណូលចូលជាតិ»។
ទោះយ៉ាងណា លោកស្រីលើកទឹកចិត្តឱ្យរដ្ឋាភិបាលកម្ពុជា និងផ្នែកឯកជនត្រូវតែខិតខំបន្ថែមទៀតក្នុងការបង្កើនលទ្ធភាពផ្សព្វផ្សាយវិស័យនេះឱ្យកាន់តែទូលំទូលាយបន្ថែម ព្រមជាមួយនឹងការខិតខំអភិវឌ្ឍន៍សេវាកម្មឱ្យកាន់តែប្រសើរ និងសម្បូរបែប ដើម្បីទាក់ទាញភ្ញៀវទេសចរចូលមកកម្ពុជាស្នាក់នៅបានកាន់តែយូរថ្ងៃ។
ដើម្បីទាក់ទាញភ្ញៀវបរទេសឱ្យធ្វើដំណើរមកកម្ពុជាបានកាន់តែច្រើន រដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចុះតម្លៃវីសាចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ដោយវីសាប្រភេទ (T)បញ្ចុះ ពី ៣៦ ដុល្លារ មកនៅត្រឹម ៣០ ដុល្លារ, វីសាប្រភេទ (E) visa បញ្ចុះ ពី ៤២ ដុល្លារ មក ៣៥ ដុល្លារ។
កាលពីឆ្នាំ ២០២៤ មានភ្ញៀវទេសចរបរទេសចំនួន ១០២៣ ៦៨៨ នាក់បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើង ២៨,២៧ ភាគរយបើធៀបនឹងឆ្នាំ២០២៣ ចំណែកប្រាក់ដែលប្រមូលបានពីការលក់សំបុត្រមានសរុប ៤៧,៨៣លានដុល្លារ កើនឡើង ២៨,៥៧ភាគរយ។
ក្រៅពីចំណូលខាងលើ គ្រឹះស្ថានអង្គរ ក៏ទទួលបានភ្ញៀវ ២១ ៩៣៥នាក់ ស្មើនឹងប្រាក់ ៣២៩ ០២៥ដុល្លារពីការលក់សំបុត្រឱ្យភ្ញៀវបរទេសចូលទស្សនាតំបន់ប្រាសាទកោះកែរ, និងប្រាក់ចំនួន ៧៩៤ ៣៤៨ដុល្លារ ពីការលក់សំបុត្រទូកនៅកំពង់ផែចុងឃ្នៀស។ នេះបើយោងតាមគ្រឹះស្ថានអង្គរ។ឆ្នាំ២០១៩ គឺជាឆ្នាំដែលគ្រឹះស្ថានអង្គរ រកចំណូលបានច្រើនបំផុត ដោយមានទឹកប្រាក់ជាង ៨០,៧លានដុល្លារ៕