រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក ឌិត ទីណា បាន​លើក​ឡើង​ថាកម្ពុជា​ស្វាគមន៍រាល់​វិនិយោគិន​ដែល​មាន​បំណង​​មក​បណ្តាក់​ទុន​លើ​វិស័យ​កសិកម្ម​ រួម​ទាំង​ការសិក្សាស្រាវជ្រាវ​គ្រប់​អនុវិស័យ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ​ដែល​អាច​ជួយ​​​លើក​កម្ពស់​វិស័យ​កសិកម្ម​ឱ្យ​បោះ​ជំហាន​ទៅ​មុខ​កាន់​តែ​លឿន​​​​។

នៅ​ក្នុង​ជំនួប​ជា​មួយ​លោកស្រី Wendy Umberger នាយក​ប្រតិបត្តិនៃមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាល​ពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ លោក ឌិត ទីណា បាន​លើក​ឡើង​​ថា កម្ពុជា​គឺ​ជា​ប្រទេស​​មាន​សក្តានុពល​ក្នុង​វិស័យ​កសិកម្ម ដូច្នេះ​លោក​ពិត​ជា​គាំទ្រ​ប្រសិន​បើ​មាន​អ្នក​ស្រាវ​ជ្រាវ ឬ​ក្រុមហ៊ុន​វិនិយោគ​ណា​ចាប់​អារម្មណ៍​​។

លោក​បន្ត​ថា កិច្ចការ​​ដែល​ក្រុមការងារ ACIAR កំពុង​​ពិនិត្យលទ្ធភាពចូលរួមចំណែកក្នុងវិស័យកសិកម្មកម្ពុជានៅ​ពេល​នេះ​ គឺ​ជា​រឿង​ប្រសើរ​ណាស់ ព្រោះ​​​សកម្ម​ភាព​ទាំង​អស់​នេះ​គឺ​​ដើម្បីផលប្រយោជន៍របស់ប្រជាកសិករ​កម្ពុជា​។

ទាក់​ទង​នឹង​ការ​ស្រាវ​ជ្រាវ លោក ទីណា បាន​​​​លើកទឹកចិត្តដល់ក្រុមការងារ ACIAR ក្នុងការសិក្សាបន្ថែមពាក់ព័ន្ធនឹងការប្រើប្រាស់​ថាមពល និងថាមពលកកើតឡើងវិញ ព្រម​ទាំង​ឥណទានកាបូន​ និងធ្យូងជីវៈ​ ជាដើម ដោយធ្វើយ៉ាងណាមានទិន្នន័យច្បាស់លាស់​ និងអាចអនុវត្តបានពិតប្រាកដ។

លោក​បន្ថែម​​ថា៖​«​កម្ពុជាបើកទ្វារស្វាគមន៍រាល់អ្នកវិនិយោគទាំងអស់ដែលមានបំណងវិនិយោគលើវិស័យកសិកម្ម​ក្នុងការផលិតធាតុចូលកសិកម្ម ចំណីសត្វគ្រប់ប្រភេទ ការវិនិយោគលើថាមពល ដើម្បីអាចជួយកាត់បន្ថយថ្លៃដើមរបស់ប្រជាកសិករ ជាពិសេស​ការវិនិយោគលើការសិក្សាស្រាវជ្រាវគ្រប់អនុវិស័យដូចជា ផលិតកម្មសត្វ វារីវប្បកម្ម និងហេដ្ឋារចនាសម្ព័ន្ធនានាចាំបាច់»។

បន្ថែម​ពី​លើ​នេះ លោករដ្ឋមន្ត្រី​​ក៏​​បានលើកទឹកចិត្តដល់ក្រុមការងារ ACIAR ឱ្យ​បន្តកិច្ចសហប្រតិបត្តិការឱ្យតែល្អបន្ថែមទៀត​ជាមួយក្រសួងកសិកម្ម​ សំដៅផ្តល់ផលប្រយោជន៍​ និងផលចំណេញសេដ្ឋកិច្ច​ដល់ប្រជាកសិករ ប្រកបដោយប្រសិទ្ធភាព​ និងប្រសិទ្ធផលខ្ពស់។​

សេដ្ឋកិច្ចកម្ពុជា​ក្នុង​ឆ្នាំ ​២០២៥ ត្រូវបានព្យាករណ៍​ថា​នឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៣ភាគរយ ដែល​ត្រូវទ្រទ្រង់​ចម្បង​ដោយ​វិស័យឧស្សាហកម្ម ដែល​​​អាចមាន​កំណើន​ ៨,៦ភាគរយ, វិស័យ​សេវាកម្ម ៥,៦ភាគរយ និង​វិស័យ​កសិកម្ម ១,១ភាគរយ។ នេះ​បើ​យោង​តាម​ឯកសារ​ថវិកាសង្ខេប​ឆ្នាំ ២០២៥ (Budget in Brief Fiscal Year 2025)។
ឯកសារ​បាន​លើក​ឡើង​ថា វិស័យកសិកម្ម​នឹង​មានភាព​ល្អ​ប្រសើរ​​​​ដោយសារកំណើនល្អនៃអនុវិស័យដំណាំ និងចិញ្ចឹមសត្វ ព្រម​ទាំង​​ការងើប​សន្សឹមៗនៃអនុវិស័យនេសាទ។

សម្រាប់​អនុវិស័យដំណាំ ត្រូវបានរំពឹងថានៅរក្សាកំណើន​ល្អ ដោយសារការបន្តកើននៃការវិនិយោគទាំងក្នុងស្រុក និងពីបរទេស​លើការកែច្នៃផលិតផល​កសិកម្ម, ការបង្កើនការវិនិយោគសាធារណៈ និងអន្តរាគមន៍របស់រាជរដ្ឋាភិបាល​ដូចជា ការផ្តល់ហិរញ្ញប្បទានសម្បទានក្នុងការជំរុញផលិតកម្មក្នុងស្រុក និងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីនានា ដែលនឹងបន្តជំរុញដល់ការនាំចេញ។

អ្នក​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​​​ថា បើ​ទោះបី​ការ​ចូល​មក​បណ្តាក់​ទុន​ថ្មីៗ​​នៅ​ប្រទេស​កម្ពុជា មាន​​ភាគ​ច្រើន​ស្ថិត​​​ក្នុង​វិស័យ​ឧស្សាហកម្ម​ ក៏​វិស័យ​កសិកម្ម​នៅ​តែ​ដើរ​តួ​ចម្បង​ក្នុង​រចន្ត​សេដ្ឋកិច្ចជាតិ ព្រោះ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​​នៅ​តែ​ស្ថិត​ក្នុង​អត្រា​ខ្ពស់​​​។ កសិកម្ម ​គឺ​ជា​វិស័យ​អាទិភាព​មួយ​ដែល​រាជរដ្ឋាភិបាល​តែង​លើក​ទឹក​ចិត្តឱ្យ​មានដាំដុះ និង​កែច្នៃ​ឱ្យ​បាន​ច្រើន តាម​រយៈ​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​នានា​ដើម្បី​គាំទ្រ។

លោក​បាន​ថ្លែង​ថា៖​«បច្ចុប្បន្ន​វិស័យ​កសិកម្ម​មិន​ត្រឹម​តែ​ជួយ​ឱ្យ​កម្ពុជា​អាច​ធានាសន្តិសុខ​ស្បៀង​របស់ខ្លួន​បាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​បាន​នាំ​ចេញ​កសិផល​ជា​ច្រើន​តោនផងដែរ​ជា​រៀង​រាល់​ឆ្នាំ​»។

របាយការណ៍​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា ក្នុង​ឆ្នាំ​២០២៤ កម្ពុជាបាននាំចេញកសិផលចំនួន ១១,៧ លានតោន ដោយ​កើនឡើង ៣៩ ភាគរយបើធៀបនឹងឆ្នាំ​២០២៣ ដែលមានចំនួន ៨,៤ លានតោន។ ការនាំចេញកសិផលនេះ​មានតម្លៃ​ប្រមាណ ៤,៨ ពាន់​លានដុល្លារ។ 

ផលិតផលកសិកម្មនាំចេញ​សំខាន់ៗ រួមមាន ជ័រកៅស៊ូ ស្រូវ អង្ករ ដំឡូងមី ស្វាយចន្ទី ចេក ផ្លែមៀន ម្រេច និងកសិផលសំខាន់ៗមួយចំនួនទៀត។ វិស័យកសិកម្ម ​បានចូលរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប(GDP) ប្រមាណ ២២ ភាគរយ​នៅ​ក្នុង​ឆ្នាំ ២០២៤៕