ឥទ្ធិពលនៃភាពយឺតយ៉ាវកំណើនសេដ្ឋកិច្ចសកល បានធ្វើឱ្យបុព្វលាភក្នុងវិស័យធានារ៉ាប់រងកម្ពុជា ឆ្នាំ ២០២៤ សម្រេចបានក្នុងទឹកប្រាក់ជិត ៣៥០ លានដុល្លារ កើនឡើងតិចតួចបើធៀបនឹងឆ្នាំ ២០២៣ ។ នេះបើតាមទិន្នន័យរបស់និយ័តករធានារ៉ាប់រងកម្ពុជា។
ទិន្នន័យរបស់និយ័តករធានារ៉ាប់រងកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី៣ ខែកុម្ភៈ បង្ហាញថា ក្នុងឆ្នាំ ២០២៤ បុព្វលាភធានារ៉ាប់រងដុល មានទឹកប្រាក់សរុបជាង ៣៤៦,៦ លានដុល្លារ កើនឡើង ១,៣១ ភាគរយបើធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ៣៤២,៤៤ លានដុល្លារ។
យោងតាមនិយ័តករធានារ៉ាប់រងកម្ពុជា នៅកម្ពុជាបច្ចុប្បន្នមានក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន ១៨, ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ១៤, ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ចំនួន ៧ ក្រុមហ៊ុនធានារ៉ាប់រងបន្ត ចំនួន ១, និងក្រុមហ៊ុនជើងសារធានារ៉ាប់រង ចំនួន ២០, ព្រមទាំងក្រុមហ៊ុនពាក់ព័ន្ធមួយចំនួនទៀត។
បច្ចុប្បន្នឧស្សាហកម្មនេះមានទ្រព្យសកម្មសរុបចំនួន ១,១ ពាន់លានដុល្លារ។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងពីថ្ងៃទី៤ ខែកុម្ភៈ ថា ចំនួនបុព្វលាភក្នុងវិស័យធានារាប់រង គឺជាប់ទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ចសកល ព្រមទាំងកត្តាសេដ្ឋកិច្ចនៅក្នុងប្រទេស។
សម្រាប់កត្តាខាងក្រៅដែលធ្វើឱ្យប៉ះពាល់ដល់បុព្វលាភក្នុងវិស័យធានារ៉ាប់រងកម្ពុជា កាលពីឆ្នាំ ២០២៤ គឺភាពអសកម្មមួយចំនួននៃស្ថានភាពសកល ដែលបណ្តាលឱ្យលំហូរសាច់ប្រាក់វិនិយោគពីក្រៅប្រទេស និងការបើកដំណើរការអាជីវកម្មមួយចំនួនជួបបញ្ហា ដូច្នេះការទិញធានារ៉ាប់រងក៏មិនសូវមាន ចំណែកដំណើរការអាជីវកម្មក្នុងស្រុកក៏មិនសូវមានដំណើរការមិនសូវល្អ ជាហេតុធ្វើឱ្យអាជីវកម្មមួយចំនួនបានផ្អាកសកម្មភាព ឬឈប់ទិញធានារ៉ាប់រងដែលធ្លាប់ទិញនាពេលកន្លងមក។
លោកលើកឡើងទៀតថា ក្រៅពីនេះគម្រោងលើកកម្ពស់សុខភាពសាធារណៈនៅកម្ពុជា ដែលគេស្គាល់ថា បេឡាសន្តិសុខសង្គម(បសស) ក៏អាចជាចំណែកមួយធ្វើឱ្យអ្នកធ្លាក់ទិញធានារ៉ាប់រងសុខភាពមួយចំនួនងាកទៅរកសេវាកម្ម បសស ផងដែរ។
បន្ថែមពីលើនេះចំណេះដឹង និងការទទួលបានព័ត៌មានពីសេវាកម្មធានារាប់រងចំពោះប្រជាជនខ្មែរក៏នៅមានកម្រិតតិចតួននៅឡើយ។
លោកបានថ្លែងថា៖«ជារួមយើងឃើញថាកំណើនតិចតួចនៃបុព្វលាភក្នុងវិស័យធានារ៉ាប់រងក្នុងឆ្នាំ ២០២៤ ធៀបនឹងឆ្នាំ២០២៣ គឺមានកត្តារួមផ្សំជាច្រើន។ ចំនួនបុព្វលាភនឹងកើនឡើងនៅពេលសេដ្ឋកិច្ចសកល និងក្នុងប្រទេសល្អប្រសើរ»។
នាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រង Forte Group លោក យក់ ចំរើនរិទ្ធិ ធ្លាប់បាននិយាយថា ភាពយឺតយ៉ាវនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា គឺបណ្តាលមកពីកត្តាខាងក្រៅ និងខាងក្នុង។
កត្តាខាងក្រៅសំដៅដល់បញ្ហាជាច្រើនដែលកើតមានជាបន្តបន្ទាប់ដូចជា វិបត្តិបណ្តាលមកពីជំងឺកូវីដ១៩ ជម្លោះភូមិសាស្រ្តនយោបាយរវាងប្រទេសធំៗ សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន និងជម្លោះនៅតំបន់មជ្ឈឹមបូព៌ា ដែលបញ្ហាទាំងអស់នេះបានធ្វើឱ្យកំណើនសេដ្ឋកិច្ចសកលធ្លាក់ទៅក្នុងភាពមិនច្បាស់លាស់។
នៅពេលសេដ្ឋកិច្ចមិនល្អ លំហូរសាច់ប្រាក់ និងការវិនិយោគក៏ធ្លាក់ចុះដែរ។
លោកបន្តថា សម្រាប់កត្តាខាងក្នុងគឺចំណេះដឹងរបស់ប្រជាជនខ្មែរទាក់ទងនឹងវិស័យធានារ៉ាប់រងនៅមានកម្រិត ព្រោះវិស័យនេះទើបឈានចូលក្នុងប្រទេសកម្ពុជាជាង ២ ទ សវត្សប៉ុណ្ណោះ ខណៈនៅប្រទេសជឿនលឿនគេមានរាប់រយឆ្នាំមកហើយ។
នៅក្នុងអំឡុងពេលសេដ្ឋកិច្ចសកលដំណើរការមិនសូវល្អ វិស័យហិរញ្ញវត្ថុនៅកម្ពុជាក៏ជួបបញ្ហាខ្លះៗដែរ។
លោកបានថ្លែងថា៖«បើវិស័យធនាគាររងផលប៉ះពាល់ វិស័យធានារ៉ាប់រងនឹងកាន់តែរងផលប៉ះពាល់។ វិស័យទាំង ២ នេះតែងតែនៅផ្សារភ្ជាប់ជាមួយគ្នា»។
លោកប្រាប់ទៀតថា បច្ចុប្បន្ននៅកម្ពុជាមានធានារ៉ាប់រងសំខាន់ៗចំនួន ៣ ប្រភេទ គឺធានារ៉ាប់រងទូទៅ, ធានារ៉ាប់រងអាយុជីវិត, និងធានារ៉ាប់រងខ្នាតតូច។
សម្រាប់ធានារ៉ាប់រងខ្នាតតូច គឺកំពុងមានដំណើរការល្អជាងគេ ប៉ុន្តែដោយសារផ្នែកនេះមានចំនួនទឹកប្រាក់តិច(ករណីខ្លះអាចមានចាប់ពី ១ដុល្លារអាមេរិកឡើងទៅ) ដូច្នេះវាមិនអាចជួយធ្វើឱ្យវិស័យធានារាប់រងកម្ពុជា ហក់ឡើងបានភ្លាមៗទេ៕