គម្រោងវិនិយោគចំនួន ១២ ដែលមានដើមទុនសរុប ១៣៥ លានដុល្លារ និងអាចបង្កើតការងារបាន ៧ ០០០ កន្លែងកំពុងត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) យកមកពិនិត្យពិភាក្សា និងវាយតម្លៃលើលក្ខណៈសម្បត្តិដើម្បីអាចទទួលបានការចុះបញ្ជីជាផ្លូវការ។
កិច្ចប្រជុំនេះបានធ្វើឡើងនៅទីស្នាក់ការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីព្រឹកថ្ងៃទី៤ ខែកុម្ភៈ ដោយមានការចូលរួមពី លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងតំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធជាច្រើន។
យោងតាម CDC គម្រោងទាំង ១២ គឺចំនួន ១១ គម្រោងស្ថិតក្នុងវិស័យឧស្សាហកម្ម(រោងចក្រផលិតឧបករណ៍បរិក្ខារពេទ្យ, ផ្គុំនិងដំឡើងគ្រឿងអគ្គិសនីប្រើប្រាស់ក្នុងផ្ទះ, ការកែច្នៃលោហធាតុ, ផលិតពិល, ផលិតគ្រោងសំណង់ពីលោហធាតុ, ឧបករណ៍ជាងគ្រប់ប្រភេទ, កាត់ដេរ, ចាក់សម្លៀកបំពាក់និងជ្រលក់ពណ៌) និង ១ គម្រោង ជាគម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ អានុភាព ៣០មេហ្គាវ៉ាត់)។ គម្រោងទាំង ១២ មានទីតាំងនៅខេត្តកំពង់ស្ពឺ តាកែវ កណ្តាល កំពត និងខេត្តកំពង់ឆ្នាំង។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ទោះបីអត្រាកំណើនសេដ្ឋកិច្ចពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មិនខ្ពស់ដូចមុនឆ្នាំ ២០២០ (វិបត្តិសេដ្ឋកិច្ចបណ្តាលមកពីជំងឺកូវីដ១៩) ក៏កម្ពុជានៅតែអាចមានសមត្ថភាពក្នុងការទាក់ទាញគម្រោងវិនិយោគតូច-ធំ និងចម្រុះវិស័យឱ្យចូលមកបើកអាជីវកម្មផ្ទាល់។
តាមរយៈកិច្ចខិតខំរបស់រដ្ឋាភិបាលលើការកែទម្រង់ប្រព័ន្ធច្បាប់វិនិយោគ ការកសាងសមត្ថភាពពលកម្មជំនាញ ការពង្រឹងនិងពង្រីកទីផ្សារនាំចេញទំនិញ និងការបង្កើត/ចូលជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសនានា បានធ្វើឱ្យកម្ពុជាក្លាយជាកន្លែងដ៏ទាក់ទាញសម្រាប់ការបណ្តាក់ទុនគ្រប់វិស័យ។
លោកបន្ថែមថា ជាពិសេសនៅពេលឆាប់ៗខាងមុខ កម្ពុជានឹងបញ្ចប់គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើនដូចជា អាកាសយានដ្ឋានអន្តរជាតិ និងគម្រោងព្រែកជីកតេជោ ដែលទាំងអស់នេះសុទ្ធតែជាមេដែកដ៏ខ្លាំងក្នុងការទាក់ទាញវិនិយោគិនឱ្យចាប់អារម្មណ៍កម្ពុជាកាន់តែខ្លាំង។
លោកប្រាប់ទៀតថា៖«ជាប្រទេសមានភូមិសាស្រ្តល្អប្រសើរ មានប្រព័ន្ធដឹកជញ្ជូនទាំងគោក ទឹក និងអាកាស ព្រមទាំងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសជាច្រើន ខ្ញុំជឿថាកម្ពុជានឹងមានឱកាសច្រើនថែមទៀតក្នុងការទាក់ទាញអ្នកវិនិយោគឱ្យចូលមកបើកអាជីវកម្មកាន់តែច្រើន»។
លោកប្រាប់ទៀតថា បន្ថែមលើអ្វីដែលរដ្ឋាភិបាលធ្វើ ផ្នែកឯកជននៅកម្ពុជា ដែលតំណាងដោយសភាពាណិជ្ជកម្មកម្ពុជា(CCC) ក៏បានទៅចូលរួមក្នុងព្រឹត្តិការណ៍ជាតិ-អន្តរជាតិ និងជំនួបជាច្រើន ដើម្បីធ្វើការផ្សព្វផ្សាយពីសក្តានុពលវិនិយោគផ្ទាល់នៅកម្ពុជា។
ក្រៅពីនេះ សភាពាណិជ្ជកម្មកម្ពុជាក៏បានបើកការិយាល័យតំណាង CCC នៅក្នុងប្រទេសមួយចំនួនដើម្បីធ្វើជាកន្លែងផ្តល់ដំណឹង និងជាស្ពានសម្រាប់វិនិយោគិនបរទេសចូលមកវិនិយោគផ្ទាល់នៅកម្ពុជា។
CDC កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ក្នុងឆ្នាំ ២០២៤ CDC បានអនុម័តឱ្យគម្រោងវិនិយោគសរុប ៤១៤ គម្រោង ដែលមានទុនវិនិយោគសរុប ៦,៩ ពាន់លានដុល្លារ និងអាចបង្កើតការងារបានជិត ៣២ ម៉ឺនកន្លែង។ បើធៀបនឹងឆ្នាំ ២០២៣ គឺចំនួនគម្រោងដែលអនុម័ត បានកើនឡើង ១៤៦ គម្រោង ខណៈទុនវិនិយោគកើនឡើងជិត ២ ពាន់លានដុល្លារ ឬស្មើនឹងជិត ៤០ ភាគរយ។
បើតាម CDC គម្រោងធំៗដែលបានអនុម័តក្នុងឆ្នាំ ២០២៤ មានដូចជា គម្រោងពង្រីកផលិតកម្មរបស់អាជីវកម្មរ៉ែមាស, រោងចក្រផលិតសំបកកង់រថយន្ត, រោងចក្រផលិតភេសជ្ជៈ, រោងចក្រផលិតអំពូលភ្លើងលំអដើមណូអែល, រោងចក្រកែច្នៃអាលុយមីញ៉ូម, រោងចក្រដំឡើង និងគ្រឿងបង្គុំម៉ាស៊ីន-មេកានិក, និងរោងចក្រកែច្នៃផលិតផលទឹកដោះគោ ភេសជ្ជៈ និងអាហារ។ល។
អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន លោក ឡោ វិចិត្រ Lor Vichet, vice-president of the Cambodia Chinese Commerce Association (CCCA), បានប្រាប់ថា ការបណ្តាក់ទុនផ្ទាល់ នឹងនាំផលប្រយោជន៍ច្រើនសម្រាប់ចំណូលជាតិ និងប្រជាជន។
ការបណ្តាក់ទុនផ្ទាល់ គឺមិនត្រឹមតែផ្តល់ផលចំណេញដល់សេដ្ឋកិច្ចជាតិតាមរយៈការបង្កើតការងារ និងចំណូលពន្ធដល់រដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយលើកកម្ពស់ និងកេរ្តិ៍ឈ្មោះផលិតផលខ្មែរនៅលើទីផ្សារអន្តរជាតិផងដែរ។
លោកអះអាងថា៖«ចំនួនក្រុមហ៊ុនដែលចូលមកបណ្តាក់ទុននៅកម្ពុជា ក្នុងឆ្នាំ២០២៥ នេះ នឹងកើនខ្ពស់ជាងឆ្នាំ ២០២៤»។
បើតាមលោក វិចិត្រ ការគៀបសង្កត់ផ្នែកពន្ធគយរវាងប្រទេសធំៗ ពិសេសអាមេរិក និងប្រទេសចិន ក៏បានជះផលវិជ្ជមានចំពោះកំណើននៃការប្តូរទីតាំងរោងចក្រចេញពីប្រទេសចិន មកកម្ពុជាផងដែរ ព្រោះកម្ពុជាមានទំនាក់ទំនងល្អជាមួយគ្រប់ប្រទេសលើពិភពលោក៕