ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក្នុងខែមករា ឆ្នាំ ២០២៥ បានអនុម័តឱ្យគម្រោងវិនិយោគចំនួន ៦៨ ដែលមានដើមទុនសរុបប្រមាណ ៧៤៨ លានដុល្លារ កើនឡើងប្រហែល ៣០០ ភាគរយបើធៀបនឹងខែមករា ឆ្នាំ២០២៤។ ប្រទេសចិនបានបន្តឈរនៅលើគេក្នុងនាមជាប្រទេសបណ្តាក់ទុនផ្ទាល់នៅកម្ពុជាច្រើនជាងគេ។ នេះបើយោងតាម CDC។
សេចក្តីប្រកាសព័ត៌មានរបស់ CDC ឱ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តឱ្យគម្រោងវិនិយោគសរុប ៦៨ គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៦៤ គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៤ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៧៤៨លានដុល្លារ និងអាចបង្កើតការងារបានជិត ៤៦ ពាន់កន្លែង។
បើធៀបនឹងខែមករា ឆ្នាំ២០២៤ គឺគម្រោងដែល CDC អនុម័តក្នុងខែមករា ឆ្នាំ២០២៥ បានកើនឡើង ៣៦ គម្រោង ឬស្មើនឹង ១១២,៥ ភាគរយ ចំណែកទុនវិនិយោគកើនឡើង ៣០០ភាគរយ។
ទុនវិនិយោគទាំង ៧៤៨ លានដុល្លារ គឺវិនិយោគិនចិន បានគ្របដណ្តប់ ៧៣,៣៥ ភាគរយ, កម្ពុជា ១៣,១៧ ភាគរយ និងវៀតណាម ៥,៥២ ភាគរយ ក្រៅពីនោះមានមកពី កោះ Cayman, ចក្រភពអង់គ្លេស និងសិង្ហបុរី ជាដើម។
CDC ឱ្យដឹងទៀតថា៖«ក្នុងចំណោមគម្រោងវិនិយោគទាំងអស់ គឺគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៩ គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២៩ គម្រោង។ គម្រោងវិនិយោគទាំង ៦៨ គឺសុទ្ធសឹងជាការវិនិយោគក្នុងវិស័យឧស្សាហកម្មទាំងអស់»។
សម្រាប់គម្រោងធំៗ នៅក្នុងខែមករា ឆ្នាំ ២០២៥ រួមមាន គម្រោងបង្កើតរោងចក្រកែច្នៃលោហធាតុគ្រប់ប្រភេទ(មានទុនវិនិយោគ ៣៥០ លានដុល្លារនៅខេត្តបន្ទាយមានជ័យ), គម្រោងបង្កើតរោងចក្រផលិតផលិតផលពីប្លាស្ទិក, រោងចក្រផលិតសម្បកកង់រថយន្ត, រោងចក្រផ្គុំដំឡើងយានយន្ត, រោងចក្រកែច្នៃអាលុយមីញ៉ូម, រោងចក្រផលិតសម្ភារប្រើប្រាស់ក្នុងផ្ទះ, រោងចក្រផលិតឧបករណ៍សម្រាប់ប្រើប្រាស់ក្នុងយានដ្ឋាន ។ល។
សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៥ ត្រូវបានព្យាករណ៍ថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៣ភាគរយ ដែលត្រូវទ្រទ្រង់ចម្បងដោយវិស័យឧស្សាហកម្ម ដែលអាចមានកំណើន ៨,៦ភាគរយ, វិស័យសេវាកម្ម ៥,៦ភាគរយ និងវិស័យកសិកម្ម ១,១ភាគរយ។ នេះបើយោងតាមឯកសារថវិកាសង្ខេបឆ្នាំ ២០២៥ (Budget in Brief Fiscal Year 2025)។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ កាលពីខែមករា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ស្ថិរភាពនយោបាយ ការធ្វើកំណែទម្រង់ប្រព័ន្ធច្បាប់វិនិយោគ និងការបណ្តុះបណ្តាលធនធានមនុស្សជំនាញ បានជួយឱ្យកម្ពុជាអាចទាក់ទាញអ្នកវិនិយោគចូលមកបណ្តាក់ទុនកាន់តែច្រើន ជាពិសេសការបើករោងចក្រ/សហគ្រាសផលិត និងកែច្នៃទំនិញសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។ វិស័យឧស្សាហកម្មកម្ពុជានឹងបន្តរីកចម្រើនរយៈពេលយូរបន្ថែមទៀត។
លោកលើកឡើងទៀតថា ការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសនានា ក៏ជាមេដែកដែលជួយឆក់អ្នកវិនិយោគឱ្យចូលមកបើករោងចក្រនៅកម្ពុជាផងដែរ។
លោកបានថ្លែងថា៖«នៅពេលមានអ្នកវិនិយោគចូលមកបើករោងចក្រកាន់តែច្រើន ការនាំចេញនឹងកើនឡើង។ វិស័យវាយនភណ្ឌនឹងនៅតែជាទំនិញនាំចេញដែលមានសក្តានុពលរបស់កម្ពុជា»៕