គណៈប្រតិភូចំនួន ៩ ប្រទេស​នៅ​ក្នុង​ទ្វីប​អឺរ៉ុប បាន​បង្ហាញ​ចំណាប់​​អារម្មណ៍​ចំពោះ​​សក្តានុពលនៃ​ការ​វិនិយោគ​នៅកម្ពុជា និងចេតនា​ក្នុង​ការ​ជួយ​ផ្សព្វផ្សាយ និងទាក់ទាញវិនិយោគិនរបស់​ខ្លួន​​ឱ្យពិចារណា និងពិនិត្យលទ្ធភាពក្នុងការដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា​ឱ្យ​កាន់តែច្រើនបន្ថែមទៀត​បន្ទាប់​ពី​បាន​ជួប​ពិភាក្សា​ជាមួយ​​ថ្នាក់​ដឹក​នាំ​​​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា(CDC)។

អនុប្រធានទី១ នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល នៅ​ទីស្តីការ​ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា កាល​ពី​ថ្ងៃ​ទី៥ ខែ​កុម្ភៈ បាន​ជួប​ពិភាក្សា​ជាមួយ​​គណៈប្រតិភូកុងស៊ុលកិត្តិយស​នៃបណ្តាប្រទេសតំបន់​អឺរ៉ុបប្រចាំនៅកម្ពុជា ​ ចំនួន​ ៩ រួម​មាន អគ្គកុងស៊ុលកិត្តិយសប្រទេស​​ស៊ីប, អ៊ីតាលី, ស៊ុយអែត, អូទ្រីស, ប៊ែលហ្សិក, ដាណឺម៉ាក, ន័រវ៉េស, អេស្ប៉ាញ និងចក្រភពអង់គ្លេស។

ក្នុង​ជំនួប​នោះ លោក ស៊ុន ចាន់ថុល បានប្រាប់​​គណៈប្រតិភូទាំង ៩ ប្រទេស​អំពីការអភិវឌ្ឍ និង​រីកចម្រើន​ដ៏​ឆាប់រហ័សនៅ​​កម្ពុជាបន្ទាប់ពីទទួលបានសុខសន្តិភាពពេញលេញ​។ កម្ពុជា​បាន​ធ្វើ​កិច្ច​ការ​ជាច្រើន​ប្រកបដោយ​ប្រសិទ្ធភាព​ និង​សម្រេច​បាន​សមិទ្ធិផល​ជាបន្ត​បន្ទាប់ ជា​ពិសេស​ការ​ទាក់​ទាញ​​បាន​​គម្រោង​វិនិយោគ​ជា​ច្រើន​ឱ្យ​ចូល​មក​បណ្តាក់​ទុនផ្ទាល់​​​។ 

លោក​បន្ត​ថា ជាក់ស្តែង​ ក្នុង​​ឆ្នាំ ​២០២៤ កន្លង​មក​​គម្រោង​វិនិយោគដែល​រដ្ឋាភិបាល​បានអនុម័តមាន​​​សរុប ៤១៤ គម្រោង និងគម្រោងវិនិយោគដែលបានអនុម័តក្នុងខែមករា ឆ្នាំ ២០២៥ ចំនួន ៦៨ គម្រោង។

លោក​បាន​ថ្លែង​ថា៖​«​តួលេខនេះ​ជាសក្ខីភាពជាក់ស្តែងបង្ហាញពីប្រសិទ្ធភាពនៃ​ច្បាប់ស្តីពីការវិនិយោគ ក៏ដូចជាគោលនយោ​បាយនានារបស់រាជរដ្ឋាភិបាល​ក្នុងការ​ថែទាំគាំទ្រកិច្ចការវិនិយោគ​នៅកម្ពុជា ដែលបង្ហាញពីការយកចិត្តដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជន ដោយចាត់ទុកវិស័យនេះជាម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ»។

លោក​​លើក​ឡើង​ទៀត​ថា ដើម្បី​ផ្សារភ្ជាប់​រវាង​រដ្ឋាភិបាល និង​ផ្នែក​ឯកជនឱ្យ​កាន់​តែ​ជិត​ស្និត នៅរៀងរាល់ ៦ខែម្តង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​តែងរៀបចំកិច្ចប្រជុំពិភាក្សាលើបញ្ហាកង្វល់ផ្សេងៗជាមួយសមាគមធុរកិច្ចមួយ​ចំនួន ដូចជា ជប៉ុន សភាពាណិជ្ជកម្មអាម៉េរិក សភាពាណិជ្ជកម្មអឺរ៉ុប និង​សមាគមធុរកិច្ចកូរ៉េ ដើម្បីស្វែងរកដំណោះស្រាយ​ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងតំណាងវិស័យឯកជនរបស់ប្រទេសនីមួយៗផងដែរ។ 

ជាមួយ​គ្នា​នេះ​រាជរដ្ឋាភិបាល​ក៏បាន​យកចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​អភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ​ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងផ្លូវដែក ដែលសុទ្ធសឹងជាកត្តាសំខាន់ៗក្នុងការជំរុញ​​ការធ្វើពាណិជ្ជកម្ម និងការវិនិយោគរបស់ផ្នែកឯកជនឱ្យកាន់​តែ​មានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ បច្ចុប្បន្ន​ CDC ក៏បានរៀបចំផែនការក្នុងការធ្វើឌីជីថលូបនីយកម្មជាបន្តបន្ទាប់ សំដៅបង្កើនភាពងាយស្រួល និងទំនុកចិត្តជូនដល់វិនិយោគិន​បន្ថែមទៀត។

ជាការ​ឆ្លើយតប​គណៈប្រតិភូអគ្គកុងស៊ុលកិត្តិយស​ទាំង​អស់ បាន​សម្ដែងការ​ចាប់អារម្មណ៍ជាខ្លាំងលើការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់​កម្ពុជា ​ជាពិសេសពាក់ព័ន្ធនឹងការងារវិនិយោគពីបរទេសនៅក្នុងប្រទេសកម្ពុជា និងបានលើកឡើងអំពីភាពជោគជ័យរបស់វិនិយោគិន​ពីប្រទេសរបស់ខ្លួន ​ដែលបានសម្រេចចិត្តមកដាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារនៅក្នុងតំបន់ផងដែរ។ 

គណៈប្រតិភូក៏​បានបង្ហាញអារម្មណ៍កក់ក្តៅ និងសុទិដ្ឋិ​និយម​កាន់តែខ្ពស់ និងសម្តែងនូវចេតនាក្នុងការជួយ​ផ្សព្វផ្សាយ និងទាក់ទាញវិនិយោគិនពីប្រទេសរបស់ខ្លួន​ឱ្យងាកមកពិចារណា និងពិនិត្យលទ្ធភាពក្នុងការដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ឱ្យបានកាន់តែច្រើនបន្ថែមទៀត។

យោងតាម CDC ក្នុង៊​ឆ្នាំ​ ២០២៤ គម្រោង​វិនិយោគ​សរុប ៤១៤ ត្រូវ​បាន​អនុម័ត​ឱ្យ​វិនិយោគ​នៅ​កម្ពុជា ក្នុងនោះគម្រោងវិនិយោគថ្មី មាន​ចំនួន ៣៨៧ គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២៧ គម្រោង ដែលមានទុនវិនិយោគសរុប ៦,៩ ពាន់លានដុល្លារ និងអាចបង្កើតការងារបានជិត ៣២ ម៉ឺនកន្លែង។ បើ​ធៀប​នឹង​ឆ្នាំ ២០២៣ គឺ​ចំនួន​គម្រោងដែល​បាន​អនុម័ត​​កើន​ឡើង ១៤៦ គម្រោង ខណៈទុនវិនិយោគ​កើនឡើងជិត ២ ពាន់លានដុល្លារ ឬស្មើនឹងជិត ៤០​ ភាគ​រយ។

អ្វី​ដែល​គួរ​កត់​សម្គាល់​ គឺ​ភាគ​ច្រើន​នៃ​គម្រោង​វិនិយោគ​ដែល​បាន​អនុម័ត​ស្ថិត​ក្នុង​វិស័យ​ឧស្សាហកម្ម​ ដោយ​មាន​ចំនួនជិត ៤០០ ក្នុង​ចំណោម​គម្រោង​ទាំង ៤១៤។ ក្រៅ​ពី​គម្រោង​ក្នុង​វិស័យ​ឧស្សាហកម្ម គឺ​មាន​ក្នុង​​វិស័យកសិកម្ម និងកសិ- ឧស្សាហកម្ម ចំនួន ៨ គម្រោង, ទេសចរណ៍ ៤ គម្រោង, ហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ មាន​ចំនួន ៨ គម្រោង។ នេះ​បើ​តាម CDC៕​