កម្ពុជា​កំពុង​ជំរុញ​ការ​ពង្រីក​សក្តានុពល​នាំ​ចេញ​ទំនិញ​ទៅ​​ប្រទេស​អារ៉ាប៊ីសាអូឌីត ក៏​ដូច​ជា​ទាក់​ទាញ​វិនិយោគិន​អារ៉ាប៊ីសាអូឌីតឱ្យ​ចូល​មក​វិនិយោគ​លើ​ការ​កែច្នៃ​ផលិតផល​ហាឡាល់​នៅ​កម្ពុជាដើម្បី​​នាំ​ចេញ​ទៅ​​​ទីផ្សារអន្តរជាតិ ខណៈ​ប្រទេស​ទាំង ២ អាច​នឹង​ចុះ​ហត្ថលេខា​លើ​​​​​អនុស្សារណៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី​ការ​ជំរុញ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​ នា​ពេល​ខាង​មុខ។​​

​​របាយការណ៍​សន្និបាត​ក្រសួង​ពាណិជ្ជកម្ម បាន​ឱ្យ​ដឹង​ថា ការ​​ចរចាស្តី​ពី​សេចក្តី​ព្រាង​អនុស្សារណៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី​ការ​ជំរុញ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា-​អារ៉ាប៊ីសាអូឌីត បាន​បញ្ចប់​រួចរាល់​ហើយកាល​ពី​ឆ្នាំ​ ២០២៤។​

នៅ​ក្នុង​ឱកាស​​បំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្មកម្ពុជា លោកស្រី ចម និម្មល កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ បាន​ជួប​ពិភាក្សា​ការងារដាច់ដោយ​ឡែកចំនួន ២ គឺទី​១ ​​ជាមួយលោក Bader Alrebdi ​​អនុប្រធាននៃលេខាធិការដ្ឋានគណៈកម្មាធិការនាំចេញ នៃអាជ្ញាធរទទួលបន្ទុកការអភិវឌ្ឍការនាំចេញរបស់អារ៉ាប៊ីសាអូឌីត និង ទី​២ ​ជាមួយ​ លោក Hisham bin Saad Aljadhey នាយកប្រតិបត្តិនៃអាជ្ញាធរចំណីអាហារ និងឱសថរបស់អារ៉ាប៊ីសាអូឌីត។

ក្នុង​ជំនួប​ទាំង ២ លោកស្រី​រដ្ឋមន្ត្រី សុទ្ធតែបាន​ប្រាប់​គូសន្ទនា​អំពី​សក្តានុពល​វិនិយោគ​នៅ​កម្ពុជា និង​បាន​លើក​ទឹកចិត្ត​ឱ្យវិនិយោគិន​អារ៉ាប៊ីសាអូឌីត ចូល​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​ឱ្យបាន​ច្រើន ជា​ពិសេស​ពិចារណាលើការវិនិយោគលើ​ការ​កែច្នៃ​ផលិត​ផលហាឡាល់ សម្រាប់ការនាំចេញទៅ​ទីផ្សារ​អន្តរជាតិ។​

អ្នក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍ថា បើ​និយាយពីទំនាក់​ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង ២ ក្នុង​ពេល​នេះគឺ​មិន​សូវមាន​ទេ ប៉ុន្តែ​កម្ពុជា​ត្រូវតែ​ខិតខំ​​ពង្រីក​ទីផ្សារ​របស់​ខ្លួន​ទៅ​​​ប្រទេស​អារ៉ាប៊ីសាអូឌីត រួម​ទាំងប្រទេស​ក្នុង​តំបន់​អារ៉ាប់ទាំងមូលឱ្យ​កាន់​តែ​សកម្ម​។

តំបន់​អារ៉ាប់ ​​ភាគច្រើន​ជា​ប្រទេស​​មានប្រភព​ធនធាន​ផ្នែក​ថាម​ពល​ច្រើន ប៉ុន្តែ​ទន់​ខ្សោយ​ផ្នែក​​​កសិកម្ម ដូច្នេះ​ក្នុង​នាម​ជា​ប្រទេស​​មានវិស័យ​កសិកម្ម និង​កសិ-ឧស្សាហកម្ម​រីក​ចម្រើន ​កម្ពុជា​ចាំបាច់​ត្រូវតែ​ខិតខំពង្រីក​ទីផ្សារទៅកាន់​ទីនោះ និង​ទាក់​ទាញ​អ្នក​វិនិយោគ​ពី​​អារ៉ាប់​ ឱ្យ​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​។​ ​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម​ផលិត​អាហារ​ហាឡាល់ គឺ​ជា​សក្តានុពល​​​មួយ​សម្រាប់​អារ៉ាប៊ីសាអូឌីត ចូល​មក​បណ្តាក់​ទុន​នៅ​កម្ពុជា។

លោក​បាន​ថ្លែង​ថា៖«​ជាជំហានៗ​ខ្ញុំ​បាន​សង្កេតឃើញ​ព័ត៌មាន​ពី​ការ​ខិតខំ​របស់​រដ្ឋាភិបាល​ និង​ផ្នែក​ឯកជន​កម្ពុជា​​ក្នុង​ការ​ឈាន​ទៅ​ពង្រីក​ទីផ្សារ​នៅ​បណ្តា​ប្រទេស​ក្នុង​តំបន់​អារ៉ាប់​ជា​បន្ត​បន្ទាប់ ជា​ពិសេស​​​​​ប្រទេស​អារ៉ាប់រួមអេមីរ៉ាត»។

ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេសអារ៉ាប៊ី​សាអូឌីត កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២៤ បាន​ស្នើប្រទេស​អារ៉ាប៊ី​សាអូឌីត ជួយទិញអង្ករពីកម្ពុជា ហើយជំរុញអ្នកវិនិយោគចូលមកវិនិយោគលើការ​កែច្នៃស្រូវអង្ករ ដើម្បីនាំចូលទៅប្រទេសអារ៉ាប៊ីសាឌីត។

ក្នុង​ជំនួប​ជាមួយ​លោក Abdullah Mohammed Ibrahim Al-Sheikh ប្រធានសភាអារ៉ាប៊ីសាអូឌីត នៅវិមានរដ្ឋសភា រាជធានីរីយ៉ាដ កាល​ពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០២៤ លោក ហ៊ុន សែន បានលើកឡើងថា កម្ពុជា និងអារ៉ាប៊ីសាអូឌីត គួរចាប់ផ្តើមធ្វើកិច្ច​សហ​​ប្រតិបត្តិការស្នូល តាមរយៈកម្ពុជានាំចេញអង្ករមកអារ៉ាប៊ីសាអូឌីត ដោយសារកម្ពុជា​មាន​ប្រព័ន្ធស្រោចស្រពល្អជាងមុន និងមានអតិរេកស្រូវ។

បន្ថែម​ពី​លើ​នេះ លោក​ក៏​ស្នើប្រធានសភាអារ៉ាប៊ីសាអូឌីត ជួយ​ជំរុញ​វិនិយោគិនអារ៉ាប៊ីសាអូឌីត ឱ្យមកវិនិយោគរៀបចំម៉ាស៊ីនកិនស្រូវ ស្តុក និងវេចខ្ចប់នៅកម្ពុជា សម្រាប់នាំចេញអង្ករមកប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសនានាក្នុងតំបន់។ លោក​បាន​បញ្ជាក់​ថា អារ៉ាប៊ីសាអូឌីតមានសន្តិសុខថាមពល រីឯកម្ពុជា មានសន្តិសុខស្បៀង ដូច្នេះ​ប្រទេសទាំងពីរអាចបំពេញឱ្យគ្នាទៅវិញទៅមក។

ទិន្នន័យ​ក្រសួង​ទេសចរណ៍​បាន​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២៤ ជនជាតិ​អារ៉ាប៊ីសាអូឌីត ដែល​ធ្វើ​ដំណើរ​មក​កម្ពុជា មាន​ចំនួន ៤០០​នាក់ កើន​ឡើង​ ១៣,៦​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០២៣៕​