![](https://pppkhmer.sgp1.digitaloceanspaces.com/image/main/20252/7_2_2025_20.jpg)
រថយន្តអគ្គិសនី BYD ដែលដាក់តាំងឱ្យភ្ញៀវទស្សនានាពេលកន្លងមក។ BYD
អ្នកជំនួញ និងអ្នកសេដ្ឋកិច្ច បានលើកឡើងថា វត្តមាននៃឧស្សាហកម្មផលិតរថយន្តអគ្គិសនីធំជាងគេរបស់ប្រទេសចិន BYD នៅកម្ពុជា គឺជាកម្លាំងចលករមួយទៀតដែលនឹងចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា នៅក្នុងដំណាក់កាលដែលនយោបាយ និងកំណើនសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងភាពមិនច្បាស់លាស់។
BYD គឺជាម៉ាកផលិតផលរថយន្តអគ្គិសនីដ៏ល្បីឈ្មោះរបស់ប្រទេសចិន ដែលកំពុងទទួលបានការពេញនិយមខ្លាំងនៅក្នុងទីផ្សារពិភពលោក រួមទាំងកម្ពុជា។
លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កាលពីថ្ងៃទី៦ ខែកុម្ភៈ បានប្រាប់អ្នកសារព័ត៌មានថា តាមផែនការនៅចុងឆ្នាំ ២០២៥ នេះរោងចក្រផលិតរថយន្ដអគ្គិសនីម៉ាក BYD នឹងចាប់ផ្តើមដំណើរការដំឡើងរថយន្តរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ជាមួយនឹងសមត្ថភាពផលិតកម្មចំនួន ១ ម៉ឺនគ្រឿងក្នុង១ឆ្នាំ។
ក្នុងដំណាក់កាលដំបូង រោងចក្រនឹងធ្វើការដំឡើងរថយន្តចំនួន ២ ប្រភេទ គឺរថយន្ដប្រើអគ្គិសនីសុទ្ធ និងរថយន្តប្រើប្រាស់ទាំងអគ្គិសនី និងប្រេងសាំង។
លោកបានថ្លែងថា៖«ក្រុមហ៊ុន(BYD) គាត់បានជួលទីតាំងរួចហើយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយពេលនេះកំពុងរៀបចំឈូសឆាយដីដើម្បីសាងសង់ ហើយនៅអំឡុងខែ១១ ឆ្នាំនេះ យើងនឹងឃើញរថយន្ដ BYD EV ចេញពីរោងចក្រផលិតនៅកម្ពុជា»។
ទាក់ទងនឹងការជ្រើសរើសទីតាំងក្នុងខេត្តព្រះសីហនុ លោក ចាន់ថុល បានប្រាប់ថា ដោយសារទីនោះមានភាពងាយស្រួលដល់ក្រុមហ៊ុនក្នុងការនាំចូលគ្រឿងបន្លាស់ និងគ្រឿងបង្គុំផ្សេងៗ មកតាមកំពង់ផែ។
![](https://pppkhmer.sgp1.cdn.digitaloceanspaces.com/image/main/20252/7_2_2025_21.jpg)
អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន លោក ឡោ វិចិត្រ Lor Vichet, vice-president of the Cambodia Chinese Commerce Association (CCCA)បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី៧ ខែកុម្ភៈ ថា ការប្រែប្រួលស្ថានភាពនយោបាយពិភពលោក ជាពិសេសជម្លោះពាណិជ្ជកម្មរវាងប្រទេសចិន និងអាមេរិក ដែលកើនកម្តៅខ្លាំងបន្ទាប់ពីការចូលកាន់តំណែងរបស់លោកប្រធានាធិបតីអាមេរិក Donald Trump បានធ្វើឱ្យក្រុមហ៊ុននៅប្រទេសចិនជាច្រើនងាកមកវិនិយោគនៅកម្ពុជា។
ម្ចាស់ក្រុមហ៊ុននៅប្រទេសចិនជាច្រើន បានគិតថាទំនោរនៃការដំឡើងពន្ធទំនិញផលិតនៅកម្ពុជាទៅទីផ្សារអាមេរិក ហាក់មិនទាន់កើតមានទេ ដែលនេះជាឱកាសសម្រាប់ពួកគេក្នុងការប្តូរទីតាំងមកប្រទេសកម្ពុជា ដើម្បីផលិតនាំចេញទៅទីផ្សារអន្តរជាតិ រួមទាំងអាមេរិក។
លោកបន្តថា កម្ពុជានឹងបន្តទទួលបានប្រព័ន្ធអនុគ្រោះពន្ធនាំចេញទៅប្រទេសជាច្រើន រហូតដល់ពេលកម្ពុជាចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចក្នុងឆ្នាំ ២០២៩។ បច្ចុប្បន្នសូម្បីតែប្រទេសវៀតណាម ក៏អាចប្រឈមនឹងការដំឡើងពន្ធនាំទំនិញទៅកាន់ទីផ្សារអាមេរិកផងដែរ។
លោកបានថ្លែងថា៖«ខ្ញុំគិតថាការបើករោងចក្រផលិតរថយន្ត BYD នៅកម្ពុជានាពេលខាងមុខ នឹងបម្រើឱ្យទីផ្សារនាំចេញច្រើនជាងការបំពេញឱ្យតម្រូវការនៃទីផ្សារក្នុងស្រុក ខណៈទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជាមិនទាន់សូវមានការពេញនិយមខ្លាំង»។
លោកលើកឡើងទៀតថា បច្ចុប្បន្នរថយន្តរបស់ចិន មិនត្រឹមតែវាយលុកទីផ្សារអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែក៏មានច្រើននៅទីផ្សារអឺរ៉ុប កាណាដា និងប្រទេសជាច្រើនទៀត ដែលនេះធ្វើឱ្យប៉ះពាល់ខ្លាំងដល់ការនាំចេញរថយន្តរបស់អាមេរិក។
ទោះយ៉ាងណា លោក វិចិត្រ ក៏បានជំរុញឱ្យកម្ពុជាត្រូវតែខិតខំពង្រឹងសមត្ថភាពកម្លាំងពលកម្មជំនាញកម្រិតមធ្យម និងខ្ពស់ឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីឆ្លើយតបនឹងបរិបទពាណិជ្ជកម្មអន្តរជាតិនាពេលបច្ចុប្បន្ន និងទៅអនាគត។
លោកនិយាយថា៖«កម្ពុជាមានភាពចាំបាច់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងពលកម្មជំនាញ ដើម្បីឱ្យក្លាយជាទីតាំងកាន់តែមានសក្តានុពល ដែលអាចស្រូបទាញការបណ្តាក់ទុនពីក្រៅប្រទេសបានកាន់តែច្រើនក្នុងពេលដែលស្ថានភាពនយោបាយ និងសេដ្ឋកិច្ចពិភពលោកមិនមានភាពប្រាកដប្រជានេះ»។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ថា ការចូលមកបើករោងចក្រដំឡើងរថយន្ត BYD នឹងផ្តល់ផលចំណេញច្រើនសម្រាប់កម្ពុជា ដូចជា ការបង្កើតឱកាសការងារ ការលើកកម្ពស់សមត្ថភាពកម្លាំងពលកម្ម ចំណូលពន្ធ ការទាក់ទាញរោងចក្រផលិតគ្រឿងបង្គុំយានយន្ត និងភាគលាភពីការនាំចេញទៅទីផ្សារអន្តរជាតិ។
លោកអះអាងថា៖«ក្រៅពីផលចំណេញទាំងអស់ខាងលើ កម្ពុជាក៏អាចមានកេរ្តិ៍ឈ្មោះល្អក្នុងការទាក់ទាញក្រុមហ៊ុនអន្តរជាតិផ្សេងទៀតឱ្យចូលមកបណ្តាក់ទុនកាន់តែច្រើនផងដែរ»។
លោកប្រាប់ទៀតថា ការបើករោងចក្រផ្ទាល់បែបនេះនឹងជួយលើកទឹកចិត្តឱ្យប្រជាជនខ្មែរប្រើប្រាស់រថយន្តអគ្គិសនីកាន់តែច្រើនជាពិសេសអាចមានតម្លៃទាបជាមុន និងមិនបារម្ភពីកង្វះគ្រឿងផ្លាស់ប្តូរនៅពេលរថយន្តខូចឡើយ។
បាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យដឹងថា ក្នុងឆ្នាំ ២០២៤ កម្ពុជាបានចំណាយប្រាក់ជាង ១ពាន់លានដុល្លារទៅលើការនាំចូលយានយន្តគ្រប់ប្រភេទធៀប កើនឡើងពីជិត ៩០៣លានដុល្លារ កាលពីឆ្នាំ ២០២៣។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម ថ្មីៗនេះបាននិយាយថា ក្នុងឆ្នាំ ២០២៤ មានរថយន្តអគ្គិសនីចុះបញ្ជីសរុប ២ ២៥៣ គ្រឿង កើនលើសឆ្នាំ ២០២៣ ចំនួន ៦២០ភាគរយ ដែលមានចំនួន ៣១៣គ្រឿង ខណៈត្រីចក្រយាន និងទោចក្រយាន ក៏មានការកើនឡើងផងដែរ៕