![](https://pppkhmer.sgp1.digitaloceanspaces.com/image/main/20252/8_2_2025_aaa4.jpg)
លោក ហោ សេរីវឌ្ឍន៍ ឡើងថ្លែងក្នុងពិធីប្រកាសសមាជិកភាព IDI។ ហ៊ឹន ពិសី
បន្ទាប់ពីបើកដំណើរការជាផ្លូវការរយៈពេលជាង ៣ឆ្នាំ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍(Innovation & Development Investors Association-IDI) បានធ្វើពិធីប្រកាសជាផ្លូវការអំពីសមាជិកភាពរបស់ខ្លួន ដែលមានរហូតដល់ជាង ១០០ ក្រុមហ៊ុន។
ពិធីប្រកាសសមាជិកភាព IDI ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៧ ខែកុម្ភៈ នៅសណ្ឋាគារ Novotel ដោយមានសមាជិក IDI និងមានវិនិយោគិនជាតិ និងអន្តរជាតិចូលរួមជាច្រើន។
ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ លោក ហោ សេរីវឌ្ឍន៍ បានថ្លែងថា សមាគម IDI គឺជាបណ្តុំនៃម្ចាស់ក្រុមហ៊ុនអាជីវកម្មចម្រុះវិស័យជាច្រើន ដែលបានធ្វើការរួមគ្នាដើម្បីជួយលើកកម្ពស់ផលិតភាពនៅកម្ពុជា ឱ្យកាន់តែប្រសើរជាងមុន ព្រមទាំងធ្វើការផ្សព្វផ្សាយអំពីសក្តានុពលនៃការវិនិយោគនៅកម្ពុជាទៅកាន់ដៃគូវិនិយោគជាតិ និងអន្តរជាតិ ឱ្យចូលមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន។
ដោយសារសមាជិករបស់ IDI មានសុទ្ធតែជាអ្នកជំនាញមកពីវិស័យជាច្រើន ដូច្នេះតាមរយៈសមាជិកភាព IDI ក៏អាចជួយឱ្យសមាជិកដទៃទៀតបានសិក្សា និងរៀនសូត្រពីចំណេះដឹងរវាងគ្នា និងគ្នាកាន់តែប្រសើរផងដែរ។
លោកលើកឡើងទៀតថា បន្ទាប់ពីលេចរូបរាងជាផ្លូវការក្នុងឆ្នាំ ២០២១ បច្ចុប្បន្ន IDI មានសមាជិកចំនួន ១១១នាក់ ដែលសុទ្ធតែជាអ្នកជំនាញ។
ក្រៅពីការរួមគ្នាជួយជំរុញ និងលើកកម្ពស់ផលិតភាពក្នុងស្រុក ថ្នាក់ដឹកនាំ និងសមាជិក IDI ក៏បានចេញដំណើរទៅជួបពិភាក្សាជាមួយវិនិយោគិនបរទេសជាច្រើន ដើម្បីផ្តល់ព័ត៌មាន និងលើកទឹកចិត្តវិនិយោគិនបរទេសឱ្យចូលមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន។
លោកបានថ្លែងថា៖«ចក្ខុវិស័យរបស់ IDI គឺធ្វើខ្លួនឱ្យក្លាយជាប្រព័ន្ធអេកូឡូស៊ីធំជាងគេនៅកម្ពុជាសម្រាប់ការបណ្តាក់ទុនលើគ្រប់វិស័យ។ បន្ថែមលើនេះយើងក៏មានបេសកកម្មជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈការវិនិយោគលើគម្រោងនានា ព្រមទាំងជួយពង្រឹងដំណើរការវិនិយោគទាំងអស់នោះឱ្យទទួលជោគជ័យ»។
លោកបានបន្ថែមថា៖«យើងសង្ឃឹម និងប្តេជ្ញាបង្កើតឱ្យបានជាផ្លែផ្កាបន្ថែមទៀតសម្រាប់ពង្រឹងប្រព័ន្ធអេកូឡូស៊ីខាងការវិនិយោគនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង»។
ក្នុងពិធីនេះក៏មានការឡើងធ្វើបទបង្ហាញដើម្បីចែករំលែកបទពិសោធ និងចំណេះដឹងនៃប្រភេទអាជីវកម្មមួយចំនួនពីសមាជិករបស់ IDI ផងដែរ។
បើយោងតាម DID អត្ថប្រយោជន៍ដែលសមាជិករបស់ខ្លួនអាចទទួលបាន មានដូចជា ការជួយគាំទ្រ និងអភិវឌ្ឍន៍អាជីវកម្ម, ការទទួលបានទុនអាជីវកម្មតាមរយៈការផ្គូផ្គងវិនិយោគ និងក្រុមហ៊ុន ID Capital Plc(ក្រុមហ៊ុនមានអាជ្ញាបណ្ណ Fund Management), ការឈានចូលផ្សារហ៊ុនជាតិ និងអន្តរជាតិ, ការទទួលបាននូវចំណេះដឹងនៃការវិនិយោគ និងគ្រប់គ្រងអាជីវកម្ម, ការទទួលបានឱកាសវិនិយោគលើគម្រោងសក្តានុពល, ការធ្វើទស្សនកិច្ចស្វែងយល់ពាណិជ្ជកម្ម និងអាជីវកម្មនៅក្រៅប្រទេស និងការចាប់ដៃគូវិនិយោគ, និង ការទទួលបានការប្រឹក្សាអំពីច្បាប់វិនិយោគ ពាណិជ្ជកម្ម និងពន្ធដារ។
ក្នុងពិធីខាងលើ ក៏មានការចុះអនុស្សារណៈនៃការយោគយល់រវាងក្រុមហ៊ុន-ក្រុមហ៊ុន និងក្រុមហ៊ុន-សមាគម ផងដែរ៕