
ទិដ្ឋភាពនៃការលើកដាក់កុងតឺន័រនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ PAS
ការនាំចេញ-នាំចូលទំនិញរបស់កម្ពុជាជាមួយដៃគូពាណិជ្ជកម្មទាំងអស់នៅក្នុងរយៈពេល ២ខែដើមឆ្នាំ ២០២៥ មានទឹកសរុបប្រាក់ជាង ៩,៤ ពាន់លានដុល្លារអាមេរិក កើនជាង ១៦ភាគរយបើធៀបនឹងរយៈពេល ២ខែដើមឆ្នាំ ២០២៤ ខណៈទឹកប្រាក់នៃពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសចិន បានគ្របដណ្តប់ជិត ៣០ ភាគរយនៃចំនួនទឹកប្រាក់សរុប។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE)។
ទិន្នន័យកត់ត្រាដោយ GDCE ដែលទើបចេញផ្សាយនៅមុននេះបានឱ្យដឹងថា ក្នុងខែមករា-ខែកុម្ភៈ ឆ្នាំ ២០២៥ ចរាចរណ៍ទំនិញចេញ-ចូលរបស់កម្ពុជាជាមួយប្រទេសដៃគូពាណិជ្ជកម្មទាំងអស់ មានទឹកប្រាក់សរុប ៩ ៤៤៧,៥៣ លានដុល្លារ កើនឡើង ១៦,៣ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ដែលមានចំនួន ៨ ១២០,៦១ លានដុល្លារ។
ក្នុងចំនួននេះ គឺទំនិញកម្ពុជានាំចេញមានទឹកប្រាក់ ៤ ៤៦០,២ លានដុល្លារ កើនឡើង ១១,៩ ភាគរយ និងទំនិញនាំចូលពីក្រៅប្រទេស ៤ ៩៨៧,៣៣ លានដុល្លារ កើន ២០,៦ ភាគរយ។
ផ្អែកតាមស្ថិតិខាងលើ គឺជញ្ជីងពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានឱនភាពប្រមាណ ៥២៧,១៣ លានដុល្លារ ខណៈរយៈពេលដូចគ្នាកាលពីឆ្នាំមុន មានចំនួន ១៤៩,៦៤ លានដុល្លារ។
GDCE ឱ្យដឹងទៀតថា ប្រទេសចិនបានបន្តឈរមុខគេក្នុងនាមជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ដោយមានទឹកប្រាក់សរុប ២ ៦៦២,៧៣ លានដុល្លារ កើនឡើង ២១,១ ភាគរយ ក្នុងនោះកម្ពុជានាំចេញ ២១៧,៩៦លានដុល្លារ ធ្លាក់ចុះ ៤,៣ភាគរយ និងទំនិញនាំចូលពីប្រទេសចិន ២ ៤៤៤,៧៧ លានដុល្លារ កើនឡើង ២៤ភាគរយ។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី១០ ខែមីនាថា កំណើនទឹកប្រាក់នាំចេញ-នាំចូលទំនិញរបស់កម្ពុជាជាមួយទីផ្សារអន្តរជាតិ គឺបញ្ជាក់ពីការងើបឡើងវិញនៃតម្រូវការសកល ក៏ដូចជាបញ្ជាក់ពីកំណើនកម្លាំងផលិតកម្មរបស់រោងចក្រសហគ្រាសនៅកម្ពុជាផងដែរ។
នៅពេលសេដ្ឋកិច្ចមានដំណើរការល្អ តម្រូវការទំនិញប្រើប្រាស់ និងចរន្តសាច់ប្រាក់ក៏មានចលនាល្អជាងមុនដែរ។
លោកបន្តថា ប្រសិនបើស្ថានភាពនយោបាយ និងសេដ្ឋកិច្ចសកលមិនមានបញ្ហាប្រឈមធ្ងន់ធ្ងរណាមួយកើតឡើង គឺចំនួនទឹកប្រាក់នៃពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ប្រាកដជានឹងកើនឡើងថែមទៀត ជាពិសេសការនាំចេញរបស់កម្ពុជា ខណៈចាប់តាំងពីឆ្នាំ២០២៤ រហូតដល់ពេលនេះ គេឃើញមានរោងចក្រ/សហគ្រាស កាន់តែច្រើនបាននាំគ្នាសម្រុកចូលមកបើកដំណើរការនៅកម្ពុជា។
លោកបានថ្លែងថា៖«ការកើនឡើងព្រមគ្នានៃចំនួនទឹកប្រាក់នាំចេញ-នាំចូល គឺជារឿងល្អ ព្រោះវាបញ្ជាក់ថា ទាំងតម្រូវការទំនិញប្រើប្រាស់ក្នុងស្រុក និងនាំចេញកើនឡើង។ ស្ថានភាពនេះនឹងបន្តភាពវិជ្ជមានថែមទៀតនាពេលខាងមុខ»។
ទោះយ៉ាងណា លោកក៏បានជំរុញឱ្យម្ចាស់ផលិតកម្មនៅក្នុងស្រុកទាំងអស់ត្រូវតែខិតខំពង្រឹង និងពង្រីកការផលិតក្នុងស្រុកឱ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីប្រមូលប្រាក់ពីទីផ្សារអន្តរជាតិឱ្យបានច្រើន ខណៈការចូលជាធរមាននៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) កំពុងជួយឱ្យទីផ្សារនាំចេញកម្ពុជាមានកាន់តែធំ និងសមត្ថភាពប្រកួតប្រជែងមានកាន់តែខ្លាំង។
លោកបន្តថា៖«កម្ពុជាមានឱកាសកាន់តែច្រើនក្នុងការជំរុញការនាំចេញរបស់ខ្លួន។ ក្រៅពីផលិតផលវាយនភណ្ឌ ផលិតផលគ្រឿងអេឡិចត្រូនិក និងគ្រឿងបង្គុំយានយន្ត គឺជាទំនិញដែលកម្ពុជាត្រូវខិតខំពង្រីកការនាំចេញទៅទីផ្សារអន្តរជាតិ»។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បាននិយាយថា ចំនួនទឹកប្រាក់នាំចេញទំនិញរបស់កម្ពុជាដែលកើនជាង ១០ភាគរយ នារយៈពេល ២ខែដើមឆ្នាំ ២០២៥ គឺដោយសារសមត្ថភាពផលិតកម្មកម្ពុជាមានកាន់តែខ្លាំង ហើយគុណភាពរបស់វាក៏មានកម្រិតស្តង់ដារផងដែរ។
លោកបានប្រាប់ទៀតថា៖«ខ្ញុំមានជំនឿថា ទឹកប្រាក់នៃការនាំចេញទំនិញកម្ពុជានឹងបន្តកើនឡើងទៀតក្នុងឆ្នាំនេះ ព្រោះបច្ចុប្បន្នកម្ពុជាមានផលិតផលជាច្រើនមុខសម្រាប់នាំចេញ ខណៈកេរ្តិ៍ឈ្មោះ គុណភាព និងតម្លៃទំនិញកម្ពុជាក៏មានលក្ខណៈប្រកួតប្រជែងខ្លាំងផងដែរ»។
ឯកសារថវិកាសង្ខេបឆ្នាំ ២០២៥ បានឱ្យដឹងថា សម្រាប់ឆ្នាំ ២០២៥ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៣ភាគរយ ដែលនឹងត្រូវទ្រទ្រង់ចម្បងដោយវិស័យឧស្សាហកម្ម ដែលនឹងអាចបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៨,៦ភាគរយ តាមពីក្រោយដោយវិស័យសេវាកម្ម ៥,៦ភាគរយ និងវិស័យកសិកម្ម ១,១ភាគរយ។
ក្នុងឆ្នាំ ២០២៤ ការនាំចេញ-នាំចូលទំនិញរបស់កម្ពុជាជាមួយប្រទេសដៃគូទាំងអស់មានទឹកប្រាក់ ៥៤,៧៤ ពាន់លានដុល្លារ កើនឡើង ១៦,៩ ភាគរយបើធៀបនឹងឆ្នាំ២០២៣ ក្នុងនោះទំនិញដែលកម្ពុជានាំចេញទៅក្រៅប្រទេសមានទឹកប្រាក់ ២៦,២ ពាន់លានដុល្លារ កើនឡើង ១៥,៧ ភាគរយ និងការនាំចូលមានទឹកប្រាក់ ២៨,៥៤ ពាន់លានដុល្លារ កើនឡើង ១៨ ភាគរយ។ នេះបើយោងតាម GDCE៕