រដ្ឋាភិបាល​កម្ពុជា​ក្នុង​ត្រីមាស​ទី ៤ ឆ្នាំ ​២០២៤ បាន​ចុះ​កិច្ច​ព្រមព្រៀង​ឥណទាន​ថ្មី​ជាមួយ​នឹង​ម្ចាស់​បំណុល​ក្នុង​ចំនួន​ទឹកប្រាក់​ ៧៦៣,៨៣​ លាន​ដុល្លារ​អាមេរិក ដែល​ធ្វើ​ឱ្យ​សន្និធិ​បំណុល​សាធារណៈ​សរុបរបស់​កម្ពុជា​​គិត​ត្រឹមចុង​ឆ្នាំ ​២០២៤ កើន​ដល់​ជាង ១២ ប៊ី​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​ជាង ៩៩​ ភាគរយ​ជា​បំណុល​សាធារណៈ​ក្រៅ​ប្រទេស​។ ជាមួយ​គ្នា​នេះ​រដ្ឋាភិបាល ​ក៏​បាន​ទូទាត់សេវាបំណុលបាន​ប្រមាណជិត ៥៦០លាន​ដុល្លារ​អាមេរិកផងដែរ​។

ឯកសារ​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា​ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្តុ ​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​ទី​១០ ខែ​មីនា បង្ហាញ​ថា ដោយ​គិត​ទាំង​បំណុល​មរតក​នៅ​ត្រឹម​ដំណាច់ឆ្នាំ​ ២០២៤ កម្ពុជា​មាន​សន្និធិ​បំណុល​សាធារណៈ​សរុប​​ចំនួន ​១២,០៣ ប៊ី​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ ៩៩​ ភាគរយ ​ត្រូវ​នឹង​ប្រមាណ ១១,៩២ ប៊ី​លាន​ដុល្លារ​អាមេរិក​ជា​បំណុល​សាធារណៈ​ក្រៅ​ប្រទេស​(​ក្របខ័ណ្ឌ​ទ្វេភាគី ៦២ ភាគរយ និង​ក្របខ័ណ្ឌ​ពហុភាគី ៣៨ ភាគរយ) និង ១​ ភាគរយ ​ត្រូវ​នឹង ១១៥ លាន​ដុល្លារ​អាមេរិក​ជា​បំណុល​សាធារណៈ​ក្នុង​ប្រទេស។ 

សម្រាប់​សមាសភាគ​បំណុល​សាធារណៈ​ទាំង​នោះ​រួមមាន ៤៩ ​ភាគរយ​ជា​ដុល្លារ​អាមេរិក​, ១៨​ ភាគរយ​ជា​អេសដេអ៊ែរ​, ១០​ ភាគរយជា​យ៉េន​ជប៉ុន, ១០ ​ភាគរយ​ជា​យ័ន​ចិន, ៨ ​ភាគរយ​ជា​អឺរ៉ូ​, និង ៥ ​ភាគរយ​ទៀត​ជា​រូបិយវត្ថុ​ជាតិ និង​រូបិយប័ណ្ណ​ផ្សេងៗ។

កាលពីចុងឆ្នាំ២០២៣ សន្និធិបំណុលសាធារណៈសរុបរបស់កម្ពុជា មានប្រមាណ ១១,២៤ប៊ីលានដុល្លារអាមេរិក។

ឯកសារ​ឱ្យ​ដឹង​ទៀត​ថា ​សម្រាប់​ត្រីមាស​ទី៤ ឆ្នាំ ​២០២៤ រដ្ឋាភិបាល​​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ឥណទាន​សម្បទាន​ថ្មី​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា​សរុប ៧៦៣,៨៣ លាន​ដុល្លារ​អាមេរិក សមមូល​នឹង ៥៨២,៧៧ ​លាន​អេសដេអ៊ែរ។

ជារួម​ក្នុង​ឆ្នាំ ២០២៤ រាជ​រដ្ឋាភិបាល​បាន​ចុះ​កិច្ច​ព្រមព្រៀង​ឥណទាន​ថ្មី​ជាមួយ​ដៃគូ​អភិវឌ្ឍ​នានា​សរុប​ចំនួន ១ ៧៩៥,៨៤ ​លាន​ដុល្លារ​អាមេរិក ដែល​សមមូល​នឹង ១ ៣៧០,១៦ លាន​អេសដេអ៊ែ ស្មើ​នឹង​ប្រមាណ ៨១ ភាគរយ​នៃ​ពិតាន​ដែល​ច្បាប់​អនុញ្ញាត (១៧០០ លាន​អេសដេអ៊ែ) ក្នុង​នោះ​ក្របខ័ណ្ឌ​ទ្វេភាគី ៣៩ ភាគរយ​ និង​ក្របខ័ណ្ឌ​ពហុភាគី ៦១ ភាគរយ។

បើ​ធៀប​នឹង​​ឆ្នាំ ២០២៣ គឺ​ការ​ចុះ​កិច្ច​ព្រមព្រៀង​ឥណទាន​សម្បទាន​ថ្មី នៅក្នុង​ឆ្នាំ ២០២៤ នេះ មាន​កំណើន​ប្រមាណ ២​ ភាគរយ។

ឯកសារ​បាន​បញ្ជាក់​ថា៖​«ឥណទាន​ទាំង​នេះ​សុទ្ធ​សឹង​ជា​ឥណទាន​មាន​កម្រិត​សម្បទាន​ខ្ពស់ ដោយ​មាន​ធាតុ​អំណោយ​ជា​មធ្យម​ប្រមាណ ៤៥ ​ភាគរយ។ គោលដៅ​ការ​ចុះ​កិច្ច​ព្រមព្រៀង​ឥណទាន​ថ្មី​ទាំង​នេះ គឺ​សម្រាប់​បំពេញ​តម្រូវការ​ហិរញ្ញប្បទាន​ក្នុង​វិស័យ​អាទិភាព​របស់​រដ្ឋាភិបាល សំដៅ​រួម​ចំណែក​ទ្រទ្រង់​ចីរភាព​នៃ​កំណើន​រយៈពេល​វែង និង​បង្កើន​ផលិតភាព​សេដ្ឋកិច្ច ឬ​ផលិតភាព​ផលិតកម្ម»។

ផ្ទុយ​ពី​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​ឥណទាន​ថ្មី​ ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ ២០២៤ រដ្ឋាភិបាល​ក៏​បាន​ធ្វើ​ការ​ទូទាត់​សេវា​បំណុល​បាន​ចំនួន ៩១,៩៩ លាន​ដុល្លារ​អាមេរិក។

ជារួម​ក្នុងឆ្នាំ ២០២៤ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ទូទាត់​សេវា​បំណុល​ចំនួន ៥៥៨,៧៧ លាន​ដុល្លារ​អាមេរិក រួមមាន ១.ក្របខ័ណ្ឌ​បំណុល​សាធារណៈ​ក្រៅ​ប្រទេស​ចំនួន ៥៤២,៧៩ លាន​ដុល្លារ​អាមេរិក​(ប្រាក់ដើម ៤១៩,១៤ លាន​ដុល្លារ​អាមេរិក និង​ការ​ប្រាក់​និង​កម្រៃ​ផ្សេងៗ ១២៣,៦៥ លាន​ដុល្លារ​អាមេរិក) និង ២.ក្របខ័ណ្ឌ​បំណុល​សាធារណៈ​ក្នុង​ប្រទេស មាន​ប្រមាណ ១៥,៩៨ លាន​ដុល្លារ​អាមេរិក​(ប្រាក់​ដើម ១២,៧២ លាន​ដុល្លារ​អាមេរិក និង​ការ​ប្រាក់ ៣,២៧ លាន​ដុល្លារ​អាមេរិក)។

ឯកសារ​បានអះអាង​​ថា៖«បើ​ធៀប​នឹង​ឆ្នាំ២០២៣ ការ​ទូទាត់​សេវា​បំណុល​សរុបក្នុងឆ្នាំ ២០២៤ មាន​កំណើន​ប្រមាណ ៨​ ភាគរយ»។

ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឱ្យ​ដឹង​​ថា៖​«ផ្អែកតាមលទ្ធផលបឋមនៃការវិភាគចីរភាពបំណុលតាម​មូលដ្ឋានទិន្នន័យប៉ាន់ស្មានឆ្នាំ២០២៤ បង្ហាញថា ស្ថានភាព​បំណុលសាធារណៈកម្ពុជា បន្តរក្សានូវ «ចីរភាព» និង «ហានិភ័យ កម្រិតទាប» ដដែល ដោយរាល់សូចនាករបំណុលគន្លឹះៗទាំងអស់​សុទ្ធតែស្ថិតក្រោមអនុបាតគោល ក្នុងនោះអនុបាតតម្លៃបច្ចុប្បន្ន​នៃបំណុលសាធារណៈសរុបធៀបនឹង ផសស មានត្រឹមកម្រិត ១៩,៣ ភាគរយ​ធៀបនឹងអនុបាតគោល ៥៥ភាគរយ និងអនុបាត​តម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈក្រៅប្រទេសធៀបនឹង ផសស មានត្រឹមកម្រិត ១៩ភាគរយ​ ធៀបនឹងអនុបាតគោល ៤០​ភាគរយ​»។

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ក្នុង​ឯកសារ​ខាង​លើបាន​​​អះអាង​ថា ស្ថានភាព​បំណុល​សាធារណៈ​បច្ចុប្បន្ន​របស់​កម្ពុជា​នៅ​តែ​ត្រូវ​បាន​វាយតម្លៃ​ថា ​ស្ថិត​នៅ​ក្នុង​ភាព​អាច​គ្រប់គ្រង​បាន ​ពោលគឺ​នៅ​តែ​មាន​ «​ចីរភាព​» ​និង ​«​ហានិភ័យ​កម្រិត​ទាប»។

ការ​រក្សា​បាន​នូវ​ចីរភាព​បំណុល​សាធារណៈ​នេះ គឺ​អាស្រ័យ​ដោយ​កម្ពុជា​មាន​ប្រព័ន្ធ​គ្រប់គ្រង​បំណុល​សាធារណៈ​មួយ​ដ៏​រឹងមាំ ដែល​មាន​ជាអាទិ៍ ១.ក្របខ័ណ្ឌ​គតិយុត្ត, ២.​គោល​នយោបាយ, យុទ្ធសាស្ត្រ, និង​នីតិវិធី​គ្រប់គ្រង​ប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ, ៣.​សមត្ថភាព​ស្ថាប័ន និង​ធនធាន​មនុស្ស​គ្រប់គ្រាន់, និង ៤.​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​សម្រាប់​គ្រប់គ្រង​ប្រតិបត្តិការ និង​រក្សាទុក​ទិន្នន័យ ដើម្បី​ជា​មូលដ្ឋាន​នៃ​ការ​វិភាគ និង​តាមដាន​ហានិភ័យ​បំណុល។

​ច្បាប់​ថវិកាបាន​បង្ហាញ​ថា សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ ២០២៥ ​រាជ​រដ្ឋាភិបាល​អាច​ខ្ចី​ប្រាក់​ពី​គេ​ក្នុង​កម្រិត ២ ០០០ ០០០ ០០០ SDR​(ពីរ​ប៊ី​លាន​អេសដេអ៊ែ)។

ការ​ខ្ចីប្រាក់​ពី​គេ​ដែល​ត្រូវ​ចុះ​កិច្ច​សន្យា​ក្នុង​កម្រិត​ខាង​លើ ត្រូវ​មាន​លក្ខណៈ​ជា​ការ​ខ្ចី​សម្បទាន ដែល​ត្រូវ​សង​វិញ​ជាមួយ​ការ​ប្រាក់​អនុគ្រោះ៕​