តម្លៃ​លក់រាយ​ប្រេងសាំង​ធម្មតា​ និង​ប្រេងម៉ាស៊ូត បានធ្លាក់​ថ្លៃ​ ១០០​រៀល​ ក្នុង ១​លីត្រ​ព្រម​គ្នា​សម្រាប់​ការ​អនុវត្ត​រយៈពេល ១០​ ថ្ងៃ​​​ចាប់ពី​ថ្ងៃទី១១ ដល់​ ២០ ខែមីនា ឆ្នាំ​២០២៥ ស្របពេល​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់​ចុះ​បន្តិច​បន្តួច​។

យោងតាម​សេចក្តីប្រកាស​ព័​ត៌​មាន​របស់​ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃទី​១១ ខែមីនា តម្លៃ​លក់រាយ​ប្រេងសាំង​ធម្មតា គឺ​ ៣ ៨៥០ ​រៀល​ ក្នុង ​១​លីត្រ ​ធ្លាក់​ចុះ​ ពី ៣ ៩៥០​រៀល​កាលពី​ ១០​ថ្ងៃមុន ខណៈ​ប្រេងម៉ាស៊ូត មាន​តម្លៃ ៣ ៧០០​រៀល ធ្លាក់​ចុះ​ពី​ ៣ ៨០០ រៀល​​។

ក្រសួងពាណិជ្ជកម្ម​បាន​លើកឡើងថា អនុវត្តតាម​គោលការណ៍​ដែល​បាន​ដាក់ចេញ​ដោយ​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ក្នុង​គោលបំណង​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ និង​ដោយមាន​ការចូលរួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា លោក ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នីតិកាល​ទី​៧ នៃ​រដ្ឋសភា​បាន​អនុ​​ញ្ញាត​ឱ្យ​បន្ត​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ចំនួន ៦,៥ ​សេន​ដុល្លារ ​ក្នុង ​១ ​លីត្រ​។

កាល​ពី​ថ្ងៃ​ទី០១ ខែមករា ឆ្នាំ​២០២៥ តម្លៃ​សាំង​ធម្មតា ត្រូវ​បាន​លក់​ក្នុង​តម្លៃ ៣ ៩៥០រៀល​ក្នុង ១​លីត្រ និង​ប្រេងម៉ាស៊ូត ៣ ៨០០រៀល​៕​