បើ​ទោះបី​​សកម្ម​ភាពការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ពី​សំណាក់​​វិនិយោគិន​ចិន​នៅ​​ប្រទេស​កម្ពុជា​​បាន​បង្ហាញ​ពី​កំណើន​ជា​បន្ត​បន្ទាប់​ ក៏​ភាគី​ទាំង ២ នៅ​តែ​បន្ត​កិច្ច​ខិតខំ​ធ្វើ​ការរួម​គ្នា​ដើម្បីជំរុញ​ឱ្យ​កិច្ចសហប្រតិបត្តិការវិនិយោគ និង​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​បន្ថែម​ទៀត។

នៅ​ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កាល​ពី​​ថ្ងៃទី១០ ខែមីនា មាន​រៀបចំ​ជំនួប​ពិភាក្សា​មួយ​ដែល​ធ្វើ​ឡើង​រវាង​លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយ​លោក Li Yongjun អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគក្រៅប្រទេសរបស់ក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន។ គោលបំណង​នៃ​ជំនួប​នេះ គឺ​ដើម្បី​ពិភាក្សា និង​ផ្លាស់ប្ដូរទស្សន​ស្ដីពីកិច្ចសហការវិនិយោគ និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ចិន។

ក្នុង​នៅ​ជំនួប​នេះ លោក សួន សុផល បាន​លើក​ឡើងថា វិនិយោគិន​ចិន​​កំពុង​ដើរ​តួនាទីយ៉ាង​សកម្ម​​ក្នុង​ការ​ចូល​រួម​ចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា តាម​រយៈ​ការ​ធ្វើ​ពាណិជ្ជកម្ម​ទំនិញ និង​​រំហូរវិនិយោគចិនជា​ច្រើន​​ចូល​មក​បណ្តាក់​ទុន​ផ្ទាល់​នៅ​កម្ពុជា ជា​​ពិសេស​នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ(SSEZ)។​

លោក​បាន​ថ្លែង​ថា៖​«​​ក្រោមការជួយជ្រោមជ្រែងពីភាគីមិត្ត(ចិន) តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ បានក្លាយជាមជ្ឈមណ្ឌលទាក់ទាញវិនិយោគដ៏មានសក្ដានុពល និងបានបង្កើនទំហំពាណិជ្ជកម្ម និងជំរុញរំហូរវិនិយោគនៅកម្ពុជា តាមរយៈការស្រូបទាញនូវគម្រោងវិនិយោគ និងបង្កើតកន្លែងការងារបានជាអតិបរមា។ បន្ថែមពីនេះ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ បានរួមចំណែកយ៉ាង​ច្រើន​ដល់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ តាមរយៈគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ ដោយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន»។

តាម​រយៈ​ជំនួប​នេះ ភាគីកម្ពុជា-ចិន ក៏​បាន​ពិភាក្សាយ៉ាងផុលផុសប្រកបដោយផ្លែផ្កាក្នុងការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគតាមរយៈយន្ដការការងារដែលបានចុះអនុស្សារណៈនៃការយោគយល់គ្នា​នា​ពេល​កន្លង​មក​ ដើម្បី​ជំរុញ​ការ​អនុវត្តនូវគម្រោងកិច្ចសហប្រតិបត្តិការ និង​វិនិយោគទ្វេភាគី​​ក្នុងវិស័យសេដ្ឋកិច្ចបៃតង និងឌីជីថល សំដៅធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជាមានភាពទាក់ទាញដល់ការវិនិយោគដែលផ្ដល់តម្លៃបន្ថែមខ្ពស់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីប្រកបដោយគុណភាពខ្ពស់។

ទិន្នន័យ​ចុង​ក្រោយ​បំផុត​របស់ អគ្គនាយដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា(GDCE) ឱ្យ​ដឹង​ថា ​ក្នុង​រយៈ​ពេល ២​ខែដើម​ឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា មាន​ទឹក​ប្រាក់​សរុប ៩ ៤៤៧,៥៣ លាន​ដុល្លារ កើន​ឡើង​ ១៦,៣​ភាគ​រយ​បើ​ធៀប​នឹងរយៈ​ពេល​ដូចគ្នា​ក្នុង​​​ឆ្នាំ​ ២០២៤។

ប្រទេស​ចិន គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាង​គេ​របស់​កម្ពុជា ដោយ​គ្រប់​គ្រង​​ចំណែក​រហូត​ដល់ ២៨,១៨ ​ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​សរុប​។

យោង​តាម GDCE ក្នុង​ខែ​​មករា-កុម្ភៈ ឆ្នាំ​២០២៥ ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​ភាគី​ទាំង ២ មាន​​​ទឹក​ប្រាក់​សរុប ២ ៦៦២,៧៣ លាន​ដុល្លារ កើន ២១,១​ ភាគរយ ក្នុង​នោះ​កម្ពុជា​នាំចេញ ២១៧,៩៦លាន​ដុល្លារ ធ្លាក់​ចុះ ៤,៣​ភាគរយ និង​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ចិន ២ ៤៤៤,៧៧ លាន​ដុល្លារ កើនឡើង ២៤​ភាគរយ​។

អនុ​ប្រធាន​សមាគម​ពាណិជ្ជកម្ម​កម្ពុជា-​ចិន លោក ឡោ វិចិត្រ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍ថា ទំនោរនៃ​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​បណ្តាក់​ទុន​ផ្ទាល់​ពី​សំណាក់​វិនិយោគិន​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​​កើន​ឡើង​បន្ថែម​ទៀត។

មាន​កត្តា​ជា​ច្រើន​ដែល​​​ជំរុញ​ឱ្យ​វិនិយោគិន​ចិន​សម្លឹង និង​មើល​ឃើញ​ពី​ឱកាស​​​ក្នុង​ការផ្លាស់ប្តូរ​ទីតាំង​​រោងចក្រ/សហគ្រាស​​ខ្លួន​នៅ​ក្នុង​ប្រទេស​ចិនចូល​មក​ប្រទេស​កម្ពុជា។​ ជា​ទូទៅ​អ្នក​វិនិយោគ​តែង​សម្លឹងមើល​​ទៅ​ទីតាំងណា​ដែល​អាច​ផ្តល់​ភាពងាយ​ស្រួល និង​ជួយ​ឱ្យ​ការ​វិនិយោគ​ទទួល​បាន​ផល​ចំណេញ​ច្រើន​។

លោក​បាន​ពន្យល់​ថា សម្រាប់មូលហេតុ​ដែល​វិនិយោគគិន​បរទេស ពិសេស​ជន​ជាតិ​ចិន សម្លឹង​ឃើញ​ឱកាស​ក្នុង​ការប្តូរ​ទីតាំង​រោងចក្រ​របស់​ខ្លួន​​ពីប្រទេស​​ផ្សេង ពិសេស​​ពី​ប្រទេស​ចិន​ចូល​មក​កម្ពុជា គឺ​ដោយ​សារ​លក្ខខណ្ឌ​ក្នុង​ប្រទេស​កម្ពុជា មាន​ភាព​អំណោយ​ផល​ច្រើន ដូច​ជា ច្បាប់​វិនិយោគមាន​ភាព​អនុគ្រោះ​សម្រាប់​វិនិយោគិនបរទេស​ សម្បូរកម្លាំង​ពលកម្ម​ជំនាញវ័យក្មេង មាន​ហេដ្ឋារចនាសម្ព័ន្ធដឹក​ជញ្ជូន​​ល្អ​ប្រសើរ មាន​ទីផ្សារ​ទទួល​ទិញ​ទំនិញ​ច្រើន ព្រម​ទាំង​មានប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គយពី​​ប្រទេស​ជា​ច្រើន​​។​

លោក​លើក​ឡើង​ទៀត​ថា ក្រៅ​ពី​លក្ខខណ្ឌ​ខាង​លើ កម្ពុជា​ក៏​ទទួល​បាន​ផល​ចំណេញ​ពី​ភាព​មិន​ស៊ីចង្វាក់​គ្នា​ផ្នែក​នយោបាយ និង​ពាណិជ្ជកម្ម​ទំនិញ​រវាងប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​អាមេរិក និង​ចិន ផងដែរ។

ការ​ឡើង​​កាន់​អំណាច​របស់​ប្រធានាធិបតី​អាមេរិក លោក​ ដូណាល់ ត្រាំ ដែល​បាន​បន្ថែម​ពន្ធ​គយ​ ២០​ភាគរយចំពោះ​ទំនិញ​​​ផលិត​នៅ​ប្រទេស​ចិន​នៅ​ចូល​ទីផ្សារ​អាមេរិក ក៏​ជា​ហេតុផងដែល​​ជំរុញ​ឱ្យ​ម្ចាស់​ក្រុមហ៊ុន​នៅ​ប្រទេស​ចិន​មួយ​ចំនួន​សម្រេច​រើ​រោងចក្រ​របស់​ខ្លួន​មក​កម្ពុជា​ដែរ​។

លោក​បាន​ថ្លែង​ថា៖​«​ក្នុង​បរិបទ​ដែល​កម្ពុជា​កំពុង​ខិតខំ​ពង្រឹង​សក្តានុពល​ទាក់​ទាញ​វិនិយោគិន​បរទេស​ឱ្យ​ចូល​មក​បណ្តាក់​​ទុន​ផ្ទាល់​កាន់​តែ​ច្រើន ព្រម​ទាំង​ការ​វិវត្តនៃ​សភាពការណ៍​សកល ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា​នឹង​មាន​រោងចក្រ​/សហគ្រាស​កាន់​តែ​ច្រើន និង​គ្រប់​ប្រភេទ ​ចូល​មក​បើក​ដំណើរ​ការ​នៅ​កម្ពុជា»។

ឆ្លងកាត់​ការ​កែទម្រង់ប្រព័ន្ធច្បាប់វិនិយោគ និងការ​​ដាក់​ចេញ​គោលនយោបាយជា​បន្ត​បន្ទាប់​ដើម្បី​ទាក់​ទាញ​វិនិយោគិនជាតិ និង​អន្តរជាតិ​ឱ្យ​​វិនិយោគ​នៅ​កម្ពុជា​កាន់​តែ​ច្រើន នៅ​ក្នុង​ខែ​មីនា ឆ្នាំ​២០២៥ នេះ​ក៏​អាច​នឹង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយនៅ​ខេត្ត​ព្រះសីហនុ​ បើក​ដំណើរ​ការ​ផងដែរ​។

ទីប្រឹក្សា​បច្ចេក​ទេស​នៃ​​សម្ព័ន្ធ​ក្រុមហ៊ុន East Group លោក ណាង សុធី កាល​ពី​សប្តាហ៍​មុន​បាន​​ប្រាប់​ភ្នំពេញប៉ុស្តិ៍ថា ក្នុង​ខែ​មីនា នេះ​អាចនឹង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយ​បើក​ដំណើរ​ការ ដែល​ជា​ការ​វិនិយោគ​របស់​សម្ព័ន្ធ​ក្រុមហ៊ុន East Group ក្រោម​ទុន​វិនិយោគ​ប្រហែល ៥០០​លាន​ដុល្លារ​។

East Sihanouk Special Economic Zone គឺ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ ដែល​មាន​​​ផ្ទៃដី​ទំហំ​ ៣៤០​ហិកតា ស្ថិត​ក្នុង​ស្រុកព្រៃនុប ខេត្ត​ព្រះសីហនុ។

លោក​បាន​ថ្លែង​ថា៖​«​យើង​កំពុង​រង់ចាំ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ នៅ​ពេល​ទទួល​បាន​យើង​នឹង​ចាប់​ផ្តើម​អនុវត្តន៍​​​ភ្លាម ខណៈ​បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​សាងសង់​​ផ្លូវ​ដែល​មាន​ទំហំ​(ទទឹង) ២០ម៉ែត្រ​ បាន​ប្រវែង​ប្រហែលជាង​ ១,៥​គីឡូម៉ែត្ររួចហើយ ដើម្បី​​តភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ ៤​ ឆ្ពោះ​ទៅ​កាន់​ទីតាំង​គម្រោង​»។

លោក​បានលើក​ឡើង​ថា ការ​បត់បែន​ដ៏​ឆាប់​រហ័ស​នៃ​បរិបទ​នយោបាយ និង​សេដ្ឋកិច្ច​សកល ជា​ពិសេស​ក្នុង​រដ្ឋបាល​របស់ប្រធានាធិបតី​​អាមេរិក ​ដែល​ដឹក​នាំ​ដោយ​លោក ដូណាល់ ត្រាំ បាន​ធ្វើ​ឱ្យ​ពិភពលោក​មាន​ប្រែប្រួល​យ៉ាង​ខ្លាំង។

លោក​បន្ត​ថា ជម្លោះ​ពាណិជ្ជកម្ម និង​វិធាន​ការ​ដំឡើង​ពន្ធ​ចំពោះ​ទំនិញ​នាំ​ចូល​​ទីផ្សារ​អាមេរិក​ពី​ប្រទេស​មួយ​ចំនួន ​ដូច​ជា ចិន កាណាដា និង​ម៉ិកស៊ិក បាន​ជំរុញ​ឱ្យ​វិនិយោគិនខ្លះ​​​​សម្រេចផ្លាស់​ប្តូរ​ទីតាំង​រោងចក្រ​របស់​ពួក​គេ​ មក​កាន់​ប្រទេស​អភិវឌ្ឍន៍​តិច​តួច​ដូច​ជា កម្ពុជា​​។​

តំបន់​សេដ្ឋកិច្ច​ពិសេស​​ នឹង​ដើរតួនាទីសំខាន់​ក្នុង​ការ​ស្រូប​ទាញ​ក្រុមហ៊ុន​ទាំង​អស់​នោះ​ឱ្យ​ចូល​មក​បើក​រោងចក្រ​​​នៅ​កម្ពុជា។​

ទាក់​ទង​នឹង​ចំនួនក្រុមហ៊ុន​ដែល​គ្រោង​បើករោងចក្រ​​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ​ East Sihanouk Special Economic Zone ​លោក សុធី ​ប្រាប់​ថា មានក្រុមហ៊ុនមួយ​ចំនួន​បាន​ទាក់​ទង​រួច​ហើយ ដោយ​ភាគ​ច្រើន​មាន​ម្ចាស់​ជា​វិនិយោគិន​មក​ពី​ប្រទេស​ចិន។

របាយការណ៍​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេក​វិទ្យា និង​នវានុវត្តន៍ ឱ្យ​ដឹង​ថា គិត​ត្រឹម​ចុង​​ឆ្នាំ ២០២៤ នៅ​កម្ពុជា​មាន​តំបន់​សេដ្ឋកិច្ច​ពិសេ​ស​សរុប​ចំនួន ៣០ ដែល​មាន​រោងចក្រ​កំពុង​ដំណើរការ។ ចំនួន​នេះ គឺ​​កើន​ឡើងចំនួន ៤ ​បើ​ធៀប​នឹង​ឆ្នាំ ២០២៣​។​

ចំនួន​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​មាន​ប្រតិបត្តិការ គឺ​​កើន​ឡើង​ពី​​ចំនួន ២១ ក្នុង​ឆ្នាំ ២០២០ ដល់​ចំនួន​ ២៣ ក្នុង​ឆ្នាំ ២០២១ និង​ ២៥ ក្នុង​ឆ្នាំ ២០២២ ព្រម​ទាំង​ចំនួន ២៦ ​ក្នុង​ឆ្នាំ ២០២៣៕