
ម៉ាស៊ីនកំពុងស្ទូចកុងតឺន័រដាក់លើរថយន្ត។ កំពង់ផែស្វយ័តភ្នំពេញ
ការកើនឡើងនៃតម្រូវការទំនិញក្នុងស្រុក និងការនាំចេញ បានធ្វើឱ្យបរិមាណនៃនាវាដឹកទំនិញ និងចំនួនកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ(PPAP) នៅក្នុងរយៈពេល ២ខែដើមឆ្នាំ២០២៥ ហក់ឡើងជាង ៣០ភាគរយព្រមគ្នា ខណៈអ្នកជំនាញក្នុងវិស័យដឹកជញ្ជូនមានសុទិដ្ឋិនិយមថា សញ្ញាវិជ្ជមាននេះនឹងមានកាន់តែច្រើននៅពេលគម្រោងព្រែកជីកហ្វូណន តេជោ បើកឱ្យដំណើរការ។
សេចក្តីប្រកាសព័ត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា(CSX)កាលពីថ្ងៃទី១១ ខែមីនា បង្ហាញថា សកម្មភាពរបស់ PPAP បានបង្ហាញភាពល្អប្រសើរគួរឱ្យកត់សម្គាល់ ដោយក្នុងរយៈពេល ២ខែដំបូងឆ្នាំ ២០២៥ មាននាវាដឹកទំនិញ(Cargo Vessels) ឆ្លងកាត់សរុប ៥៨៧ កើនឡើង ៣០,១៦ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ចំណែកកុងតឺន័រ(Containers) ឆ្លងកាត់ មានចំនួន ៧៧ ២៨៨ ធីអ៊ីយូ(TEU) កើនឡើង ៣០,៦១ភាគរយ។ សម្រាប់បរិមាណទំនិញ-ប្រេងឥន្ទនៈ(Cargoes and Gas-Fuel)ឆ្លងកាត់ គឺមាន ៨៣៣ ៦២៨តោន កើនឡើង ៣៦,៣១ភាគរយ។
សេចក្តីប្រកាសព័ត៌មានឱ្យដឹងទៀតថា ក្រៅពីនាវាដឹកទំនិញ PPAP ក៏ទទួលបានការចូលចតរបស់នាវាដឹកអ្នកដំណើរ(Passengers boats) ចំនួន ៩៤ គ្រឿង ធ្លាក់ចុះ ១,០៥ភាគរយ និងមានអ្នកដំណើរ(Passengers) សរុប ១០ ០១៩នាក់ កើនឡើង ៩,៣១ភាគរយ។
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា លោក ជា ចាន់ដារ៉ា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កំណើនសេដ្ឋកិច្ចសកល និងកំណើនផលិតកម្មនៅកម្ពុជាបានធ្វើឱ្យសកម្មភាពនៃការដឹកជញ្ជូនទំនិញសម្រាប់បំពេញតម្រូវការក្នុងស្រុក និងទីផ្សារអន្តរជាតិមានកាន់តែច្រើន។
មូលហេតុដែលចំនួននាវាចរណ៍ដឹកទំនិញ និងកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញកើនឡើង គឺដោយសារការខិតខំអភិវឌ្ឍ និងសាងសង់ចំណត និងឃ្លាំងស្តុកទំនិញកាន់តែច្រើនដែលធ្វើឱ្យការដឹកជញ្ជូនកាន់តែទទួលបានទំនុកចិត្តពីម្ចាស់ទំនិញ។
លោកបន្តថា ម៉្យាងទៀតការដឹកជញ្ជូនទំនិញតាមផ្លូវទឹកក៏មានតម្លៃទាបជាងការដឹកជញ្ជូនតាមមធ្យោបាយផ្សេងៗ និងបានបរិមាណច្រើនផងដែរ។
លោកលើកឡើងថា នាវា និងទំនិញឆ្លងកាត់តាមកំពង់ផែភ្នំពេញ នឹងហក់ឡើងកាន់តែខ្ពស់នៅពេលគម្រោងព្រែកជីកហ្វូណន តេជោ សាងសង់រួចរាល់។
លោកបានថ្លែងថា៖«ចំនួននាវា និងកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តកភ្នំពេញ នឹងបន្តកើនឡើងថែមទៀត។ កំណើននេះបញ្ជាក់ពីភាពរីកចម្រើននៃវិស័យដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជា ក៏ដូចជាកំណើនសេដ្ឋកិច្ចជាតិទាំងមូល»។
កាលពីថ្ងៃទី១ ខែមីនា កន្លងមកថ្មីៗ នេះ នៅទីស្នាក់ការ PPAP លោក ហ៊ឺ បាវី ប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ក៏បានចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងកំពង់ផែស្វយ័តភ្នំពេញ ជាមួយក្រុមហ៊ុនកំពង់ផែ Saigon និង កំពង់ផែ Hau Giang ផងដែរដើម្បីសម្រួលដល់កិច្ចសហការដឹកជញ្ជូនទៅមករវាងកំពង់ផែទំាង ៣។
ប្រធានលេខាធិការដ្ឋាននៃកំពង់ផែស្វយ័តភ្នំពេញ លោក គង់ ចាន់នី កាលពីពេលថ្មីៗនេះបាននិយាយថា ប្រតិបត្តិការរបស់កំពង់ផែស្វយ័តភ្នំពេញត្រូវបានរំពឹងថានឹងមានកំណើនខ្ពស់បន្ថែមទៀតនៅពេលខាងមុខ ខណៈ PPAP កំពុងដាក់សំណើទៅថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ដើម្បីបើកដំណើរការផែរណបចំនួន ៧ ទីតាំងបន្ថែមទៀត។
ផែរណបទាំងនោះ មាននៅក្នុងខេត្តកំពង់ឆ្នាំង ២ កន្លែង, ខេត្តកណ្តាល ២, ខេត្តសៀមរាប កំពង់ចាម និងក្រចេះ ចំនួន ១ ទីតាំង។
បច្ចុប្បន្នកំពង់ផែស្វយ័តភ្នំពេញមានចំណត និងផែរណបចំនួន ៧ទីតាំង ដោយមាននៅភ្នំពេញ ៣ ទីតាំង, ២ នៅក្នុងខេត្តកណ្តាល និង ១ទីតាំងនៅក្នុងខេត្តព្រៃវែង និងត្បូងឃ្មុំ ដែលផែទាំងអស់នេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនកសិផល ព្រមទាំងទំនិញធ្ងន់ៗមួយចំនួន។
កាលពីឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញរកចំណូលបានប្រមាណជាង ៤១ លានដុល្លារ កើនឡើង ២១ ភាគរយធៀបឆ្នាំ២០២៣ ចំណែកទូរកុងតឺន័រ បានកើនឡើងជិត ៥០ម៉ឺនធីអ៊ីយូ៕