
នៅក្នុងជំហានដ៏សំខាន់មួយក្នុងគោលបំណងលើកកម្ពស់សេវាកម្មហិរញ្ញវត្ថុសម្រាប់អតិថិជនរបស់ខ្លួន ធនាគារ PPCBank បានចាប់ដៃគូយុទ្ធសាស្រ្តជាផ្លូវការជាមួយក្រុមហ៊ុនលី ហួរ អេស ប៊ី អាយ អ៊ិនសួរេន (LHSBI) ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មធានារ៉ាប់រងដ៏ល្បីល្បាញ និងគួរឱ្យជឿទុកចិត្តនៅកម្ពុជា។
អនុស្សរណៈនៃការយោគយល់គ្នា (MoU) អំពីភាពជាដៃគូថ្មីដ៏គួរឱ្យកត់សម្គាល់នេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ដែលប្រព្រឹត្តិទៅនៅការិយាល័យកណ្តាលរបស់ធនាគារ PPCBank ។ ពិធីដ៏អធិកអធមនេះទទួលបានការអញ្ជើញចូលរួមពីតំណាងជាន់ខ្ពស់នៃស្ថាប័នទាំងពីរ ដោយបានបង្ហាញពីទំព័រថ្មីមួយ ក្នុងការផ្តល់សេវាធានារ៉ាប់រង ដល់អតិថិជនរបស់ធនាគារនៅទូទាំងប្រទេសកម្ពុជា។
កិច្ចសហការថ្មីនេះ មានគោលបំណងផ្តល់នូវការធានារ៉ាប់រងដ៏ទូលំទូលាយសម្រាប់ករណីគ្រោះថ្នាក់ចរាចរណ៍ និងអគ្គិភ័យឆាបឆេះលំនៅឋាន ដោយផ្តល់ការការពារផ្នែកហិរញ្ញវត្ថុដល់អតិថិជនរបស់ធនាគារ PPCBank ក្នុងករណីអកុសលដែលមានការប៉ះទង្គិចនៅលើដងវិថី ឬការខូចខាតដល់លំនៅឋានរបស់ពួកគេដោយសារអគ្គិភ័យ។ ជាមួយនឹងគំនិតផ្តួចផ្តើមនេះ ធនាគារ PPCBank បន្តការប្តេជ្ញាចិត្ត ក្នុងការផ្តល់ជូននូវសេវាកម្មជាច្រើន ដែលផ្តល់អាទិភាពដល់សុវត្ថិភាពហិរញ្ញវត្ថុ និងសុខុមាលភាពអតិថិជនរបស់ខ្លួន។
គោលបំណងចម្បងនៃភាពជាដៃគូនេះគឺ ដើម្បីបង្កើតមធ្យោបាយដ៏ងាយស្រួល និងអាចទុកចិត្តបានសម្រាប់អតិថិជនរបស់ PPCBank ដើម្បីទទួលបានការធានារ៉ាប់រង ដែលការពារពួកគេពីឧប្បត្តិហេតុដែលកើតឡើងជាញឹកញាប់បំផុតចំនួន២គឺ គ្រោះថ្នាក់ចរាចរណ៍ និងអគ្គិភ័យឆេះលំនៅឋាន។ មិនថាវាជាគ្រោះថ្នាក់ចរាចរណ៍ភ្លាមៗ ឬការខូចខាតទ្រព្យសម្បត្តិដែលបង្កឡើងដោយអគ្គិភ័យនោះទេ បញ្ហាទាំងពីរនេះ អាចធ្វើឱ្យបុគ្គលម្នាក់ៗរងគ្រោះផ្នែកហិរញ្ញវត្ថុ។
ភាពជាដៃគូនេះធានាថា អតិថិជនរបស់ធនាគារ PPCBank ត្រូវបានរ៉ាប់រងយ៉ាងល្អ ដោយជួយកាត់បន្ថយបន្ទុកនៃការចំណាយ ដែលមិនអាចស្មានទុកជាមុនបាននៅក្នុងស្ថានភាពទាំងនេះ។លោក Lee Jin Young នាយកប្រតិបត្តិធនាគារ PPCBank បានសម្តែងការសាទរចំពោះភាពជាដៃគូនេះ។
លោកបានមានប្រសាសន៍ថា ៖«កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនលី ហួរ អេស ប៊ី អាយ អ៊ិនសួរេន គឺជាព្រឹត្តិការណ៍ ដ៏សំខាន់មួយទៀតនៅក្នុងបេសកកម្មរបស់យើង ក្នុងការផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុកាន់តែទូលំទូលាយ»។

លោកមានប្រសាសន៍បន្ថែមថា ៖«យើងយល់ពីសារៈសំខាន់នៃការការពារ នៅក្នុងពិភពលោកដែលកំពុងមានការផ្លាស់ប្តូរយ៉ាងលឿននាពេលបច្ចុប្បន្ននេះ ហើយតាមរយៈការចាប់ដៃគ្នាជាមួយក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រង ឈានមុខគេ យើងនឹងអាចនាំមកនូវសន្តិភាពផ្លូវចិត្តកាន់តែច្រើនសម្រាប់អតិថិជនរបស់យើង។ ជាមួយនឹងការ ធានារ៉ាប់រងនេះ អតិថិជនរបស់យើងនឹងអាចការពារគេហដ្ឋាន យានជំនិះ និងអនាគតរបស់ពួកគេបានកាន់តែប្រសើរ»។
កិច្ចសហប្រតិបត្តិការថ្មីនេះ ក៏ជួយសម្រួលដល់ដំណើរការកាន់តែរលូនសម្រាប់អតិថិជនផងដែរ នៅក្នុងការបង់ប្រាក់ បុព្វលាភធានារ៉ាប់រង។ នៅក្រោមកិច្ចព្រមព្រៀងថ្មី អតិថិជនរបស់ LHSBI នឹងមានភាពងាយស្រួល ក្នុងការទូទាត់បុព្វលាភរបស់ពួកគេ តាមរយៈកម្មវិធីទូរស័ព្ទរបស់ធនាគារ PPCBank ឬនៅគ្រប់សាខារបស់ធនាគារ PPCBank នៅទូទាំងប្រទេស។
តាមរយៈកម្មវិធីនេះ នឹងជួយសម្រួលដល់ដំណើរការទូទាត់ និងធានាថា អតិថិជនអាចទទួលបានសេវាធានារ៉ាប់រង របស់ពួកគេប្រកបដោយភាពងាយស្រួល និងមានប្រសិទ្ធភាព ដូចដែលពួកគេទទួលបានសេវាកម្មពីធនាគារ PPCBank ដែរ។

ការចុះ MoU រវាងធនាគារ PPCBank និងក្រុមហ៊ុនលី ហួរ អេស ប៊ី អាយ អ៊ិនសួរេន នេះ គឺមិនគ្រាន់តែជាការផ្តល់ផលិតផលធានារ៉ាប់រងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នារបស់ស្ថាប័នទាំងពីរ ក្នុងការកសាងទំនាក់ទំនងដែលផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក និងជួយជំរុញកិច្ចសហប្រតិបត្តិការអាជីវកម្ម តាមរយៈការបញ្ចូលផលិតផលធានារ៉ាប់រង។
កិច្ចសហការនេះ មិនត្រឹមតែជាការពង្រីកការផ្តល់ជូនផលិតផលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការលើកកម្ពស់ជំនាញ និងសក្កានុពលរបស់ស្ថាប័នទាំងពីរ ដើម្បីបម្រើសេចក្តីត្រូវការរបស់អតិថិជនកម្ពុជាឱ្យកាន់តែប្រសើរ ។
អ្នកឧកញ៉ា លី សុភាព អភិបាលប្រតិបត្តិនៃក្រុមហ៊ុនលី ហួរ អេស ប៊ី អាយ អ៊ិនសួរេន ក៏បានបង្ហាញពីទស្សនៈរបស់លោក ចំពោះភាពជាដៃគូនេះដែរ។

លោកមានប្រសាសន៍ថា ៖«ក្រុមហ៊ុនលី ហួរ អេស ប៊ី អាយ អ៊ិនសួរេន តែងតែប្តេជ្ញាចិត្តក្នុងការផ្តល់នូវដំណោះស្រាយ ធានារ៉ាប់រងដែលមានគុណភាពខ្ពស់ ហើយភាពជាដៃគូជាមួយធនាគារ PPCBank នេះ អនុញ្ញាតឱ្យយើងពង្រីកលទ្ធភាព របស់យើងទៅកាន់អតិថិជនកាន់តែទូលំទូលាយ។ តាមរយៈកិច្ចសហការនេះ យើងនឹងផ្តល់នូវគុណតម្លៃ ក៏ដូចជាដំណោះស្រាយហិរញ្ញវត្ថុ និងធានារ៉ាប់រងកាន់តែប្រសើរជូនដល់អតិថិជន។ យើងរីករាយក្នុងការ ធ្វើការជាមួយធនាគារ PPCBank ដើម្បីធានាថា អតិថិជនរបស់យើងត្រូវបានការពារយ៉ាងល្អ មិនថាពួកគេជួបប្រឈមនឹងបញ្ហាអ្វីក៏ដោយ»។
ភាពជាដៃគូនេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ស្ថាប័នទាំងពីរ ក្នុងការផ្តល់នូវសេវាកម្មបម្រើអតិថិជនកាន់តែប្រសើរ។ តាមរយៈការរួមបញ្ចូលសេវាធានារ៉ាប់រងដែលគួរឱ្យជឿទុកចិត្ត និងច្រើនប្រភេទរបស់ក្រុមហ៊ុនលី ហួរ អេស ប៊ី អាយ អ៊ិនសួរេន ជាមួយនឹងសេវាកម្មធនាគារដ៏ទូលំទូលាយរបស់ PPCBank ធនាគារកំពុងផ្តល់ជូនអតិថិជន របស់ខ្លួននូវភាពងាយស្រួល និងឱកាសកាន់តែច្រើន ដើម្បីធានាអនាគតហិរញ្ញវត្ថុរបស់ពួកគេ។
ធនាគារ PPCBank ត្រូវបានទទួលស្គាល់ជាយូរមកហើយក្នុងនាមអ្នកឈានមុខគេ នៅក្នុងនវានុវត្តន៍ហិរញ្ញវត្ថុ ហើយកិច្ចព្រមព្រៀងនេះគឺជាគំរូមួយទៀតនៃការយកចិត្តទុកដាក់របស់ខ្លួន ក្នុងការបំពេញតម្រូវការដែលកំពុងកើនឡើង ពីអតិថិជន។

ខណៈមនុស្សកាន់តែច្រើនកំពុងស្វែងរកសេវាកម្មហិរញ្ញវត្ថុទូលំទូលាយ ការរួមបន្ថែមសេវាកម្មធានារ៉ាប់រង និងផលិតផលសំខាន់ផ្សេងៗទៀត គឺធ្វើឱ្យធនាគារ PPCBank បន្តឈរនៅទីតាំងមួយដើម្បីផ្តល់ដំណោះស្រាយ ដែលបំពេញគ្រប់តម្រូវការអតិថិជន នៅកន្លែងតែមួយសម្រាប់តម្រូវការហិរញ្ញវត្ថុទាំងអស់។
ការរួមគ្នាផ្តល់ជូនសេវាកម្មធនាគារ និងធានារ៉ាប់រងនេះ គឺជាសកម្មភាពដែលធនាគារបានធ្វើរួចហើយ ក្នុងនាមជា គ្រឹះស្ថានហិរញ្ញវត្ថុដែលគិតឆ្ពោះទៅមុខជានិច្ចនៅក្នុងប្រទេសកម្ពុជា។
ជាមួយនឹងកិច្ចសហការថ្មីនេះ ធនាគារ PPCBank សូមធ្វើការបញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់ជូន ដំណោះស្រាយហិរញ្ញវត្ថុដ៏ទូលំទូលាយ ដែលមិនត្រឹមតែដោះស្រាយតម្រូវការសេវាធនាគារប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ការការពារក្នុងពេលមានវិបត្តិផងដែរ។ វិធីសាស្រ្តនេះដើម្បីធានាថា អតិថិជនទទួលបានកញ្ចប់សេវាកម្ម ពេញលេញដែលការពារពួកគេ ក្រុមគ្រួសារ និងទ្រព្យសម្បត្តិរបស់ពួកគេ។

ភាពជាដៃគូយុទ្ធសាស្ត្រថ្មីនេះ ត្រូវបានកំណត់ដើម្បីឈានទៅរកយុគថ្មីនៃការការពារផ្នែកហិរញ្ញវត្ថុសម្រាប់ប្រជាជនកម្ពុជា។ តាមរយៈការរួមបញ្ចូលគ្នានូវសក្តានុពលនៃស្ថាប័នទាំងពីរ ឥឡូវនេះ អតិថិជនអាចទទួលបានសេវាកម្មដ៏ច្រើនសម្បូរបែប ដែលនឹងជួយពួកគេឱ្យគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេបានប្រសើរជាងមុន ខណៈដែលទទួលបានការការពារពីហានិភ័យដែលមិនអាចមើលឃើញមុនបាន។
វាមិនគ្រាន់តែជាភាពជាដៃគូប៉ុណ្ណោះទេ ប៉ុន្តែវាជាការប្តេជ្ញាចិត្តក្នុងការផ្តល់នូវសេវាហិរញ្ញវត្ថុដ៏ពេញលេញ និងងាយស្រួល សម្រាប់ប្រជាជនកម្ពុជា។ ដោយមានការគាំទ្រពីស្ថាប័នដ៏គួរឱ្យជឿទុកចិត្តទាំងពីរនៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុ នៅពេលនេះ អតិថិជនអាចរីករាយជាមួយនឹងបទពិសោធន៍នៃសេវាកម្ម ដែលរួមបញ្ចូលគ្នានេះកាន់តែងាយស្រួល និងឆាប់រហ័សជាងពេលណាៗទាំងអស់ ដើម្បីការពារអ្វីដែលសំខាន់បំផុតសម្រាប់ពួកគេ៕