វិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ន​គ្រឿងក្នុង និងបំណែកសាច់សត្វបង្កក ដែល​បាន​អនុវត្តរយៈ​ពេល ១ឆ្នាំ​កន្លង​មក បាន​ត្រូវ​បិទ​បញ្ចប់​ហើយ​កាលពីថ្ងៃ​ម្សិលមិញ ដែលនេះ​​មាន​ន័យ​ថា​ សកម្ម​ភាព​នៃ​ការ​​នាំ​ចូល​​គ្រឿងក្នុង និងបំណែកសាច់សត្វបង្កក ត្រូវ​ធ្វើ​ឡើង​ជា​ធម្មតា​​ស្រប​តាមអនុក្រឹត្យ​​លេខ ៣៧០ អនក្រ.បក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ជាធរមានវិញ។

សេចក្តី​ជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករកម្ពុជា(អគរ) ចុះ​​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២៥ បាន​លើក​ឡើង​ថា អនុលោមតាមខ្លឹមសារលិខិតលេខ ០៧៤៤ ព.ណ ផផច ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ របស់ក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា(អគរ) មានកិត្តិយសសូមជម្រាបជូនសាធារណជន ក៏ដូចជាធុរជនពាក់ព័ន្ធ​ជ្រាបថា ការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវមុខទំនិញគ្រឿងក្នុងសត្វជ្រូក​ ចំនួន ២ បន្ទាត់ពន្ធ (០២០៦.៤១.០០ និង ០២០៦.៤៩.០០) ដូចមានចែងក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ត្រូវផុតសុពលភាពនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ នេះ។

បន្ទាត់​ពន្ធ​លេខ ០២០៦.៤១.០០ សំដៅ​ដល់​ថ្លើមនៃ​សត្វជ្រូក​បង្កក ចំណែកលេខ ០២០៦.៤៩.០០ គឺ​ជា​ភាគ​បំណែក​សាច់ និង​គ្រឿងក្នុង(Offal)ផ្សេងៗ​ទៀត ក្រៅ​ពី​ថ្លើម​នៃ​សត្វជ្រូក ដែល​អាច​បរិភោគបាន បង្កក។​​

សេចក្តី​ជូនដំណឹង អគរ បាន​ឱ្យ​ដឹង​​ថា៖​«ចាប់ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ តទៅ ប្រព្រឹត្តកម្មលើការនាំចូលមុខទំនិញគ្រឿងក្នុងសត្វជ្រូកបង្កកខាងលើ ត្រូវអនុលោមតាមបញ្ញត្តិអនុក្រឹត្យលេខ ៣៧០ អនក្រ.បក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ជាធរមានវិញ»។

អនុក្រឹត្យ​លេខ ៣៧០ អនក្រ.បក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ នៅ​ក្នុង​មា​ត្រា ៥ ​ចែង​ថា ក្នុង​ករណីមានហានិភ័យខ្ពស់ដែលតម្រូវឱ្យមានចំណាត់ការបន្ទាន់ជាយថាហេតុ ក្រសួងមានសមត្ថកិច្ច​ពាក់ព័ន្ធអាចដាក់វិធានការជាបណ្តោះអាសន្នក្នុងការគ្រប់គ្រងការនាំចេញ នាំចូល និងការដឹកជញ្ជូនឆ្លងកាត់ នៃមុខទំនិញដែលមានហានិភ័យខ្ពស់នោះ និងត្រូវជូនដំណឹងមកអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីអនុវត្ត។

ក្រសួងមានសមត្ថកិច្ច ត្រូវបញ្ជាក់កាលបរិច្ឆេទចាប់ផ្តើម និងបញ្ចប់ ការអនុវត្ត ដោយមិនត្រូវលើសពី ៦ (ប្រាំមួយ) ខែឡើយ។ រយៈពេលនេះ អាចត្រូវបានពន្យារ ឬបញ្ចប់មុនពេល កំណត់ អាស្រ័យទៅតាមស្ថានភាពជាក់ស្តែងនៃកម្រិតហានិភ័យ។

វិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កក ត្រូវ​បាន​ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សម្រេច​ដាក់​ឱ្យ​អនុវត្ត​លើក​ទី​១ ដែល​មាន​រយៈ​ពេល ៦ខែ ដោយ​គិត​ចាប់​ពី​ថ្ងៃ​ទី​១២ ខែ​មីនា រហូត​ដល់​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៤ និង​លើក​ទី​២ ចាប់​​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០២៤ រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២៥។​

យោងតាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ទាំង ២ វិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កក ​​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​សង្រ្គោះ​ដល់​ផលិតកម្មសត្វចិញ្ចឹមនៅស្រុក។

ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា លោក ស្រ៊ុន ពៅ ធ្លាប់បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ឥទ្ធិពល​នៃ​ការ​នាំចូល​សាច់ជ្រូក​បង្កក ​(​សាច់ គ្រឿងក្នុង ក្បាល​...​ជើង​)​ ដែល​គ្មាន​ច្បាប់ និង​គ្មាន​ប្រភព​ច្បាស់លាស់​បានធ្វើឱ្យ​ផលិតកម្ម​នៅក្នុង​ស្រុក​ខាតបង់​យ៉ាងធ្ងន់ធ្ងរ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ខណៈ​មុនពេល​មានការ​នាំ​ចូល​ផលិតផល​បង្កក​ច្រើន គឺ​សកម្ម​ភាព​ចិញ្ចឹមសត្វ​ក្នុងស្រុក​បាន​រីក​លូត​លាស់​យ៉ាង​ឆាប់រហ័ស​។​

លោក​បន្ត​ថា វិធានការ​ហាមឃាត់​បណ្តោះអាសន្ន​ការ​​នាំចូល​ផលិតផល​សាច់​បង្កក បាន​ចូល​​រួមចំណែក​លើក​កម្ពស់​ផលិតកម្ម​ក្នុងស្រុក និង​ការពារ​សុខភាព​អ្នក​បរិភោគ​។​

លោក​ថ្លែងថា​៖ «​វិធាន​ការហាម​ឃាត់​នាំចូល​ផលិតផល​សាច់​បង្កក​នឹង​ផ្តល់​ផល​វិជ្ជមាន​សម្រាប់​ផលិតកម្ម​ក្នុង​ស្រុក ព្រោះ​​ក្រៅពី​ជួយ​ឱ្យ​តម្លៃ​ផលិតផល​ក្នុងស្រុក​ល្អ​ជាង​មុន វា​ក៏​ជួយ​កាត់បន្ថយ​ផល​ប៉ះពាល់​សុខភាព​អ្នកទទួល​ទាន​ផង​​ដែរ ខណៈ​ផលិតផល​សាច់​បង្កក​ភាគ​​ច្រើន​ត្រូវបាន​នាំចូល​ដោយ​គ្មាន​ច្បាប់ និង​គ្មាន​ការត្រួតពិនិត្យ​គុណភាព និង​ប្រភព​ទំនិញ​ច្បាស់លាស់​»​៕​