
លោក ហ៊ុន សែន(ស្តាំ) ជួបពិភាក្សាជាមួយលោក Bawitlung Vanlalvawna។ SHS
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា បានសន្យានឹងខិតខំពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឥណ្ឌា-កម្ពុជាឱ្យកើនឡើងបន្ថែមទៀត ព្រមទាំងលើកទឹកចិត្តដល់វិនិយោគិន និងភ្ញៀវទេសចរឥណ្ឌាឱ្យធ្វើដំណើរមកកម្ពុជាកាន់តែច្រើន។
នេះជាការអះអាងរបស់ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា លោក Bawitlung Vanlalvawna ក្នុងឱកាសនៃជំនួបជាមួយ លោក ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។
ជាកិច្ចចាប់ផ្តើមនៃជំនួបនេះ លោក ហ៊ុន សែន បានសម្ដែងការស្វាគមន៍ និងសាទរចំពោះលោក Bawitlung Vanlalvawna ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា ហើយលោកសង្ឃឹមទំនាក់ទំនងរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំង ២ នឹងកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។
លោកបន្តថា ទំនាក់ទំនងទ្វេភាគីកម្ពុជា-ឥណ្ឌា ក្នុងពេលនេះគឺមានភាពល្អប្រសើរហើយ ប៉ុន្តែលោកនៅតែចង់ឃើញទំនាក់ទំនងនេះឈានឡើងមួយកម្រិត ទៀតទាំងក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ព្រមទាំងអាចមានការផ្លាស់ប្ដូរដំណើរទស្សនកិច្ចទ្វេភាគីរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរផងដែរ។
លោកបន្ថែមថា ក្រៅពីទំនាក់ទំនងផ្នែកនយោបាយ និងការទូត លោកក៏ចង់ឃើញកំណើនទឹកប្រាក់នៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ ខណៈសកម្មភាពនៃការផ្លាស់ប្តូរពាណិជ្ជកម្មប្រទេសទាំង ២ នាពេលនេះនៅមិនទាន់សមស្របនឹងសក្ដានុពលសេដ្ឋកិច្ចប្រទេសទាំងពីរឡើយ។
លោកបានថ្លែងថា៖«ខ្ញុំចង់ឃើញទំនាក់ទំនងផ្នែកពាណិជ្ជកម្ម ក៏ដូចជាវិនិយោគមានការកើនឡើងបន្ថែមទៀត ដើម្បីស្របទៅនឹងសក្ដានុពលនៃសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ»។
បន្ថែមលើនេះ លោក ហ៊ុន សែន ក៏បានជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌាបន្ថែមទៀតដើម្បីភ្ជាប់ទំនាក់ទំនរវាងប្រជាជន រដ្ឋាភិបាល និងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរកាន់តែស្អិតរមួត ព្រោះឥណ្ឌាជាប្រទេសមានប្រជាជនច្រើនជាងគេលើពិភពលោក។
ទិន្នន័យក្រសួងទេសចរណ៍ ឱ្យដឹងថា ក្នុងឆ្នាំ ២០២៤ ជនជាតិឥណ្ឌាដែលធ្វើដំណើរមកកម្ពុជាមានចំនួនសរុប ៧៧ ៦៣២ នាក់ កើនឡើង ១២,៨ ភាគរយធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះភ្ញៀវទេសចរចំនួន ៥៨ ៧៤៣នាក់ ក្រៅពីនោះគឺជាធុរកិច្ចជន។
កម្ពុជា និងឥណ្ឌា បានរៀបចំឆ្នាំទស្សនាកម្ពុជា-ឥណ្ឌា លើកដំបូងនៅឆ្នាំ២០២៤ ដើម្បីជំរុញការទស្សនាប្រទេសទាំងពីរ។ បច្ចុប្បន្នប្រទេសទាំងពីរមានជើងហោះហើរត្រង់រវាងទីក្រុងភ្នំពេញ និងទីក្រុងញូវដែលី ដែលដំណើរការដោយក្រុមហ៊ុន Air Cambodia និងពីទីក្រុង Kolkata មកខេត្តសៀមរាប តាមរយៈក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា IndiGo។
ជាការឆ្លើយតប លោក Bawitlung Vanlalvawna បានសម្ដែងការអរគុណ និងបានលើកឡើងពីទំនាក់ទំនងល្អរវាងប្រទេសទាំង ២ ព្រមទាំងបានប្ដេជ្ញាធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែល្អបន្ថែមទៀត។
លោកបន្ថែមថា ឥណ្ឌា និងកម្ពុជាមានទំនាក់ទំនងមិត្តភាពចាប់តាំងពីឆ្នាំ១៩៥២ មកដោយក្នុងឆ្នាំ២០២៧ ខាងមុខ គឺជាខួប ៧៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
ឥណ្ឌានឹងខិតខំធ្វើការងារជាមួយកម្ពុជា ដើម្បីរៀបចំពិធីអបអរសាទរខួបទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យមានការចាប់អារម្មណ៍ខ្លាំង។
ទន្ទឹមនឹងនេះ លោក Bawitlung Vanlalvawna ក៏បានលើកឡើងពីចំណុចសំខាន់ៗជាច្រើនដែលប្រទេសទាំងពីរត្រូវការពង្រឹងបន្ថែមទៀតដូចជា វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ក្នុងការញ៉ាំងនូវទំនាក់ទំនងទាំងនយោបាយរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។
លោកបាននិយាយថា៖«ឥណ្ឌានឹងខិតខំពង្រីកពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ ដោយជំរុញការធ្វើទំនាក់ទំនងអ្នកវិនិយោគ ពលរដ្ឋឥណ្ឌាមករកស៊ី ក៏ដូចជាមកទស្សនានៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។ ប្រទេសទាំងពីរ ឥណ្ឌា-កម្ពុជា មានចំណងមិត្តភាព ក៏ដូចជាមានការទាក់ទងគ្នាយូរអង្វែងមកហើយ»។
ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) បង្ហាញថា ក្នុងឆ្នាំ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឥណ្ឌា មានទឹកប្រាក់សរុប ៣៤៥,០៥ លានដុល្លារ ធ្លាក់ចុះ ២៩ ភាគរយបើធៀបឆ្នាំ ២០២៣ ក្នុងនោះកម្ពុជានាំទំនិញទៅឥណ្ឌា ១៥៤,៣២ លានដុល្លារ ធ្លាក់ចុះ ៤៧,៣ភាគរយ និងឥណ្ឌានាំចូលវិញ ១៩០,៧២លានដុល្លារ ធ្លាក់ចុះ ១ភាគរយ៕