ផលិតផល​ដំឡូង​មី​ស្ងួត(dried cassava chips)កម្ពុជានឹង​មាន​ទីផ្សារ​នាំ​ចេញ​កាន់​​តែ​ធំ បន្ទាប់​ពី​ក្រុមហ៊ុនកម្ពុជា Hang Harvest Agriculture Co.,Ltd បានចុះអនុស្សារណៈនៃការយោគយល់គ្នា​ (MoU)ជាមួយនឹង​​​ក្រុមហ៊ុនចិន​​ Cofco Bio-Technology Co., Ltd លើ​ការទិញ-លក់ដំឡូងមីស្ងួតកម្ពុជា ក្នុង​បរិមាណ ២០០ ០០០ តោន​សម្រាប់ឆ្នាំ ២០២៥-២០២៦។

ពិធីចុះ MoU ស្តីពី​ការទិញ-លក់ដំឡូងមីស្ងួតកម្ពុជារវាង​ក្រុមហ៊ុន​ទាំង ២ ត្រូវ​បាន​ធ្វើ​ឡើងកាល​ពី​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ​​នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេស​ចិន ដោយ​មាន​ការ​ចូល​រួម​ធ្វើ​ជាសាក្សី​ពី​សំណាក់លោក លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម(LIM Lork Piseth, Secretary of State of the Ministry of Commerce)។

ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់​ដឹក​នាំ​មន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ការិយាល័យទំនាក់ទំនងពាណិជ្ជកម្មកម្ពុជាប្រចំាទីក្រុងណាននីង រដ្ឋាភិបាលប្រជាជនទីក្រុងប៉ីហៃ តំណាងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មនៃកម្ពុជា(ARDB Bank), ព្រមទាំងពាណិជ្ជករទិញ-លក់ដំឡូងមីចិននិងកម្ពុជា ជាច្រើនរូប។

ក្រៅពី​ចុះ​ MoU ក្នុង​ពេល​ជា​មួយនេះក៏មាន​​រៀបចំ​ពិធីទទួលដំឡូងមីស្ងួតពីកម្ពុជាលើកទី១ ចំនួន ៥ ០០០ តោន​ពី​ប្រទេស​កម្ពុជា​ផងដែរ។

ក្រសួង​ពាណិជ្ជកម្មកម្ពុជា បានឱ្យ​ដឹង​​ថា ការចុះកិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាងប្រទេស​ទាំង ២ ក៏ដូចជួយជំរុញការនាំចេញវិស័យដំឡូងមី​កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន​ផងដែរ។

ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបាត់ដំបង លោក គឹម ហួត បាន​ចាត់​ទុក​ការ​នាំ​ចេញ និង​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ភាគី​ចិន ​លើ​ការ​ទទួល​ទិញ​​ដំឡូងមី​កម្ពុជា គឺ​ជា​ចូល​រួម​ចំណែក​​ជំរុញការ​ដាំដុះ និង​លើក​តម្លៃ​ដំឡូងមីកម្ពុជា ​ឱ្យ​កាន់​តែ​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន​ដែលតម្លៃ​បាន​ធ្លាក់​ចុះ​យ៉ាង​ច្រើន​បើ​​ធៀប​នឹង​ឆ្នាំ​២០២៤។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​១៧ ខែ​មីនា​ថា៖​«ការ​ព្រម​ព្រៀង​ទិញ​ដំឡូងមី​កម្ពុជា​ពី​សំណាក់​ក្រុមហ៊ុន​ចិន​ គឺ​ជា​ការ​​ល្អណាស់ ព្រោះ​​ជា​ការ​ជួយ​ពង្រី​ក​ទីផ្សារ​ឱ្យ​កាន់​តែ​ធំ​ជាង​មុន ហើយ​ប្រជាកសិករ និង​អ្នក​វិនិយោគ​​ក៏​នឹង​ទទួល​បាន​ផល​ចំណេញ​ច្រើន​ជាង​មុនដែរ​»។​

បើ​តាម​លោក គឹម ហួត ក្នុង​១​ឆ្នាំ ទិន្នផលដំឡូងមី ​ដែល​ប្រជាកសិករក្នុងខេត្ត​បាត់​ដំបង​ប្រមូល​បាន ​អាច​ស្ថិត​ក្នុង​រង្វង់​ជាង ២ លាន​តោន ក្នុង​នោះ​ប្រហែល​ ៨០ភាគ​រយ​ត្រូវ​បាន​លក់​ទៅ​ឱ្យ​ឈ្មួញ​មក​ពី​ប្រទេស​ថៃ និងប្រហែល ២០ ភាគ​រយ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ស្រុក​។

លោក គីម ហួត បាន​និយាយ​ទៀត​ថា តម្លៃ​ដំឡូងមី​ស្រស់​ក្នុង​ឆ្នាំ​នេះ បាន​ធ្លាក់​ចុះ​ច្រើន​បើ​ធៀប​​ឆ្នាំមុន ដោយ​ដំឡូងមីស្រស់ មាន​តម្លៃ​ជាមធ្យម​ចន្លោះ​ពី ១៨០-២២០​រៀល​ក្នុង​ ១​គីឡូក្រាម ខណៈ​កាល​ពី​ឆ្នាំ២០២៤ មាន​តម្លៃ​ប្រមាណ​ពី ២៥០-​៣២០​រៀល​។​​

ដំឡូងមី គឺ​ជា​ដំណាំ​កសិ​ឧស្សាហកម្ម​ឈាន​មុខ​គេ​មួយ​របស់​កម្ពុជា​។ កាល​ពី​ឆ្នាំ​ ២០២០ កម្ពុជា​បាន​ដាក់​ចេញ​ជា​ផ្លូវ​ការ​នូវ​ «​គោល​នយោបាយ​ជាតិ​ស្តីពី​ដំឡូងមី ២០២០-២០២៥» ​ក្នុង​គោល​បំណង​ ដើម្បី​បង្កើន​ផលិត​កម្មនិង​ធ្វើ​ឱ្យ​វា​កាន់តែ​មាន​លក្ខណៈ​ពាណិជ្ជ​កម្ម​សម្រាប់​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​។

អតីត​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ធ្លាប់​បាននិយាយ​ថា ដំណាំ​ដំឡូងមី គឺជា​ដំណាំ​កសិឧស្សាហកម្ម និង​ជា​ផលិតផល​នាំ​ចេញ​ដ៏សំខាន់​របស់​កម្ពុជា​ដែល​បាន​រួម​ចំណែក​ពី ៣-៤ ភាគរយនៃ GDP ក្នុង ១ ឆ្នាំៗ។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឃឹម ហ្វីណង់ ត្រូវ​បាន​សារព័ត៌មាន Fresh News ដក​ស្រង់​សម្តី​ថា ​នេះ​ជា​វឌ្ឍនភាព​បន្ថែម​​​​ទៀត​នៃ​ផលិតកម្ម​ដំឡូងមី​កម្ពុជា​ ដែល​ទទួល​បាន​ឱកាស​កាន់​តែ​ច្រើន​ក្នុង​ការ​នាំ​ទៅ​ទីផ្សារ​ប្រទេស​ចិន​។

រាជរដ្ឋាភិបាល​កម្ពុជា​ តែង​លើកទឹកចិត្តឱ្យមានការកែច្នៃមុននឹងធ្វើការនាំចេញ​ ​ព្រោះ​ផលិតផល​​កែច្នៃ​រួច ​​​នឹង​ជួយ​ឱ្យ​កម្ពុជា​ទទួល​បាន​តម្លៃ​បន្ថែម​​ខ្ពស់​ជាង​ការ​នាំ​ចេញ​ផលិតផល​មិន​ទាន់​កែ​ច្នៃ​។

លោក​ប្រាប់​ទៀត​ថា នេះជាមិនមែនជាក្រុមហ៊ុនទី ១ ដែលនាំចេញដំឡូងមីស្ងួតទៅ​ប្រទេសចិន​ឡើយ​ ខណៈ​កម្ពុជា​មាន​កិច្ចព្រមព្រៀង​លក្ខខណ្ឌតម្រូវភូតគាមអនាម័យ​ជាមួយ​រដ្ឋាភិបាលចិន រួច​​មក​ហើយ​សម្រាប់នាំចេញ (SPS)​។

ភាគ​ច្រើន​នៃ​ផលិតផលដំឡូងមីនាំ​ចេញ​ទៅប្រទេស​ចិន​ គឺជា​ប្រភេទដំឡូងមីស្ងួត (ចំណិតដំឡូងមីក្រៀម) ម្ស៉ៅ និងសំណល់ដំឡូងមី។ ចំណែកដំឡូងមីស្រស់ នាំចេញទៅប្រទេសជិតខាងដូច​ជា វៀតណាម និង​ថៃ​។

របាយការណ៍​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ ឱ្យ​ដឹង​ថា ក្នុង​​ឆ្នាំ២០២៤ កម្ពុជានាំចេញចំណិតដំឡូងមីក្រៀម ចំនួន ៩៦៤ ៦៨១ តោន, ដំឡូងមីស្រស់ចំនួន ៣ ៤៤៣ ៧៦០តោនម្សៅដំឡូងមីចំនួន ៦០ ៥២៤ និងកាកសំណល់ដំឡូងមីចំនួន ៣៣ ១៥៣ តោន៕