
គណៈប្រតិភូកម្ពុជា ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Henan Airport Investment Group នៅក្នុងក្រុងចឹងចូវ។ CDC
កម្ពុជាស្នើឱ្យក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានខេត្តហឺណាន (Henan Airport Investment Group) និងជាភាគហ៊ុនិកជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា(Air Cambodia) ពិនិត្យលទ្ធភាពក្នុងការពង្រីកការតភ្ជាប់រវាងប្រជាជន និងប្រជាជន ជាពិសេសការតភ្ជាប់រវាងធុរជន និងធុរជនកម្ពុជា-ចិន ឱ្យកាន់តែប្រសើរបន្ថែមទៀត។
នេះជាការលើកឡើងរបស់លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) អំឡុងពេលដឹកនាំគណៈប្រតិភូនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ទៅធ្វើទស្សនកិច្ចនៅក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានខេត្តហឺណាន និងទីស្នាក់ការក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ប្រចាំក្រុងចឹងចូវ។
យោងតាម CDC ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណង សិក្សាស្វែងយល់ពីការប្រព្រឹត្តទៅនៃសហគ្រាស និងជំរុញការ វិនិយោគបន្ថែមទៀតពីសំណាក់វិនិយោគិនចិនមកលើទឹកដីកម្ពុជា។
តាមរយៈជំនួបនេះ គណៈប្រតិភូកម្ពុជាក៏បានបង្ហាញអំពីបរិយាកាសវិនិយោគ, ការគាំទ្រវិស័យឯកជនពីសំណាក់រាជរដ្ឋាភិបាល, និងសក្តានុពលទេសចរណ៍របស់កម្ពុជា ទៅកាន់ភាគីចិនផងដែរ។
ក្នុងឱកាសនោះ លោក ចាន់ថុល បានលើកសរសើរពីការរីកលូតលាស់របស់ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានខេត្តហឺណាន និងជាភាគហ៊ុនិករបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ដែលកំពុងជះផលវិជ្ជមានមកលើការអភិវឌ្ឍសហគមន៍វាសនារួមកម្ពុជា-ចិន។
បន្ថែមពីលើនេះ លោកក៏អញ្ជើញថ្នាក់ដឹកនាំក្រុមហ៊ុនឱ្យមកធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកមុខសញ្ញាវិនិយោគរបស់ខ្លួនបន្ថែមទៀត។
លោកនិយាយថា៖«ខ្ញុំសូមលើកទឹកចិត្តភាគីមិត្តក្នុងការពិនិត្យលទ្ធភាពពង្រីកគោលដៅហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ដើម្បីលើកកម្ពស់ការតភ្ជាប់រវាងប្រជាជន និងប្រជាជន ជាពិសេសការតភ្ជាប់រវាងធុរជន និងធុរជន និងដើម្បីសម្រេចគោលដៅការទាក់ទាញភ្ញៀវទេសចរពីខេត្តហ៊ឺណាន មកទស្សនាកម្ពុជាឱ្យបាន ១លាននាក់ ក្នុងឆ្នាំ២០២៥ នេះ»។
អគ្គនាយកក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានខេត្តហ៊ឺណាន លោក Yi Riwu បានសម្តែងការស្វាគមន៍ចំពោះគណៈប្រតិភូកម្ពុជាដែលបានទៅបំពេញទស្សនកិច្ចនៅខេត្តហ៊ឺណាន និងបានប្រាប់គណៈប្រតិភូកម្ពុជាពីសាវតាររបស់ក្រុមហ៊ុន ក៏ដូចជាវឌ្ឍនភាពថ្មីៗនៃប្រតិបត្តិការរបស់ខ្លួនដែលបានធ្វើពិពិធកម្មប្រកបដោយភាពជាក់ស្តែងនិយម ស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ(Belt and Road Initiative) និងគំនិតផ្តួចផ្តើមផ្លូវសូត្រអាកាស (Air Silk Road Initiative)។
លោកនិយាយថា៖«ជាក់ស្តែង កាលពីពេលថ្មីៗនេះក្រុមហ៊ុនក៏បានធ្វើការបោះជំហានវិនិយោគនៅកម្ពុជាតាមរយៈការបណ្តាក់ទុនវិនិយោគក្រោមរូបភាពជាភាគហ៊ុនិកជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា(Air Cambodia)»។
បើតាម CDC ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានខេត្តហ៊ឺណាន គឺជាសហគ្រាសរដ្ឋដែលមានឯកទេសលើមុខសញ្ញាវិនិយោគពាក់ព័ន្ធនឹងការអភិវឌ្ឍនគរូបនីយកម្ម, ការវិនិយោគលើនគរូបនីយកម្ម, បច្ចេកវិទ្យា, ប្រតិបត្តិការ, សួនបច្ចេកវិទ្យា, និងឧស្សាហកម្មផ្នែកបច្ចេកវិទ្យា។
ទិន្នន័យក្រសួងទេសចរណ៍ បានបង្ហាញថា ក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវបរទេសអន្តរជាតិសរុប ៦,៧ លាននាក់ កើនឡើង ២២,៩ភាគរយបើធៀបនឹងឆ្នាំ ២០២៣។ ភ្ញៀវជនជាតិចិន ស្ថិតនៅចំណាត់ថ្នាក់កំពូលទី ៣ ដោយមានចំនួន ៨៤៨ ៩៥២ នាក់ កើនឡើង ៥៥ ភាគរយ។
ក្នុងឆ្នាំ២០២៥ នេះ ភ្ញៀវទេសចរអន្តរជាតិមកទស្សនាប្រទេសកម្ពុជា ត្រូវបានរំពឹងថា នឹងស្ថិតក្នុងចន្លោះពី ៧,២ ទៅ ៧,៥ លាននាក់ បន្ទាប់ពីមានសញ្ញាល្អនៅឆ្នាំ ២០២៤។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ ក្នុងពិធីបិទសន្និបាតក្រសួងទេសចរណ៍ កាលពីខែកុម្ភៈ បានលើកឡើងថា ភាពជោគជ័យនៃវិស័យទេសចរណ៍កើតចេញពីសសរស្ដម្ភនៃកិច្ចសហប្រតិបត្តិការនៅថ្នាក់ជាតិ អន្តរក្រសួង ស្ថាប័ន, ថ្នាក់ក្រោមជាតិ វិស័យឯកជនទាំងក្នុងស្រុក និងក្រៅស្រុក, ស្ថានបរទេសនៅកម្ពុជា, ដៃគូអភិវឌ្ឍ, ស្ថានតំណាងកម្ពុជានៅបរទេស, និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្រិតទ្វេភាគី ពហុភាគី ក៏ដូចជាការផ្សព្វផ្សាយពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយនិងប្រជាពលរដ្ឋម្នាក់ៗ។
បើតាមលោករដ្ឋមន្ត្រី ភាពវិជ្ជមានក្នុងវិស័យទេសចរណ៍កាលពីឆ្នាំ ២០២៤ និងក្តីរំពឹងវិជ្ជមានសម្រាប់ឆ្នាំ ២០២៥ នេះ គឺបន្ទាប់ពីរដ្ឋាភិបាលបានធ្វើកែសម្រួលនិងការដាក់ចេញយុទ្ធសាស្រ្តថ្មីៗជាច្រើនដូចជា ការបញ្ចូលគ្នារវាង e-Visa និង e-Arrival នៅក្នុងប្រព័ន្ធតែមួយ ការបញ្ចុះតម្លៃទិដ្ឋាការសម្រាប់ភ្ញៀវទេសចរបរទេស, ការកែសម្រួលការលក់សំបុត្រចូលទស្សនាតំបន់អង្គរ ការដាក់ដំណើរការប្រព័ន្ធទូទាត់បាគងសម្រាប់ភ្ញៀវទេសចរ និងការបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាដើម។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កាលពីឆ្នាំ ២០២៤ បានអនុម័តឱ្យគម្រោងវិនិយោគចំនួន ៤១៤ គម្រោង កើនឡើង ៥៤ ភាគរយ(១៤៦ គម្រោង) បើធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ២៦៨ គម្រោង។
ចំណែកទុនវិនិយោគសរុប មានប្រមាណ ៦,៩ ពាន់លានដុល្លារ កើនឡើង ៤០ភាគរយ ពីចំនួន ៤,៩២ ពាន់លានដុល្លារ។
ទុនវិនិយោគរបស់វិនិយោគិនចិន បាននាំមុខគេ ដោយមានចំណែក ៤៩,៨២ភាគរយ, កម្ពុជា ៣៣,៨១ភាគរយ, វៀតណាម ៨,១១ភាគរយ ក្រៅពីនោះមានដូចជា សិង្ហបុរី, កោះ Cayman, ម៉ាឡេស៊ី, ជប៉ុន, អាមេរិក និងថៃ ជាដើម៕