ផ្លូវ​ដឹក​ជញ្ជូន«ខ្សែចង្វាក់ត្រជាក់ + ទំនិញទូទៅ» នឹង​ចូល​រួម​ចំណែក​​លើក​កម្ពស់​សមត្ថភាព​នាំ​ចេញ​ទំនិញ​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរ​ជាតិ ជាពិសេស​ផលិត​ផល​កសិកម្ម ខណៈ​សមត្ថភាពផលិតកម្ម និង​ទិន្នផលក្នុង​វិស័យ​កសិកម្ម​កម្ពុជា​​បាន​កើនឡើង​ជា​រៀង​រាល់​ឆ្នាំ។ នេះ​បើ​តាម​អនុ​ប្រធាន​សមាគម​ពាណិជ្ជកម្ម​កម្ពុជា-​ចិន លោក ឡោ វិចិត្រ។

វិស័យ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវ​ទឹក​កម្ពុជា នឹង​បង្ហាញ​វឌ្ឍនភាព​ថ្មី​មួយ​ទៀត​បន្ទាប់​ពី​កំពង់ផែ Fangchenggang នៃ​ប្រទេសចិន កាល​ពី​ថ្ងៃ​ទី​១៥ ខែមីនា បានប្រកាស​ពី​ការ​ចាប់​ផ្តើម​បើក​​ផ្លូវ«ខ្សែចង្វាក់ត្រជាក់ + ទំនិញទូទៅ»​ មក​កាន់កំពង់ផែសមុទ្រ​របស់​កម្ពុជា ក្នុង​ខេត្ត​កោះកុង។

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋចិន ​ប្រចាំនៅ​កម្ពុជា ​លោក Wang Wenbin កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា បាន​សរសេរ​នៅលើបណ្តាញ​សង្គម​ផ្លូវ​ការ​ផ្ទាល់​​ខ្លួន​ថា៖​«​សូមអបអរសាទរចំពោះដំណើរលើកដំបូងនៃផ្លូវ«ខ្សែចង្វាក់ត្រជាក់ + ទំនិញទូទៅ»​ពីកំពង់ផែ Fangchenggang ប្រទេសចិនទៅកាន់កំពង់ផែកោះកុង ប្រទេសកម្ពុជា។ ខ្សែដំណើរមានរយៈពេល ៧ ថ្ងៃ បើធៀប ដោយ​អាចកាត់បន្ថយពេលវេលាដឹកជញ្ជូនបានជាង ៥០ភាគរយ និងថ្លៃដឹកជញ្ជូនជាង ២០​ភាគរយ»។

អនុ​ប្រធាន​សមាគម​ពាណិជ្ជកម្ម​កម្ពុជា-​ចិន លោក ឡោ វិចិត្រ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ នៅថ្ងៃ​ទី​១៨ ខែ​មីនា ថា នេះ​ជា​វឌ្ឍនភាព​​មួយ​ទៀត​សម្រាប់​វិស័យ​ដឹក​ជញ្ជូន និងការ​នាំ​ចេញ​ទំនិញ​កម្ពុជា​ទៅ​​​ទីផ្សារ​អន្តរ​ជាតិ។

ខ្សែចង្វាក់ត្រជាក់ នឹង​ផ្តល់​ផល​វិជ្ជមាន​ច្រើន​សម្រាប់​ការ​ដឹក​ជញ្ជូន​ទំនិញ​កសិផល និង​ចំណី​អាហារ ព្រោះ​ជា​​ការ​ដឹក​ជញ្ជូន​​ទំនិញ​ក្នុង​សីតុណ្ហ​ភាព​មួយ​ដែល​អាច​កំណត់បាន និង​រក្សា​គុណភាពទំនិញ​បានល្អ។

ការ​ដឹកជញ្ជូន​ដោយ​ផ្ទាល់​(រវាង​កំពង់ផែ Fangchenggang មក​កាន់​កំពង់ផែកោះកុង) នឹងផ្តល់​ផល​ចំណេញ​ច្រើន​ដូច​ជា កាត់​បន្ថយ​រយៈ​ពេល​​​ដឹក​ជញ្ជូន មិន​មាន​ផ្ទេរ​ទំនិញ​ពី​ទូរកុងតឺន័រ/កប៉ាល់មួយ​ទៅមួយ និង​ថ្លៃដឹក​ជញ្ជូន​ទាប​ជាង​មុន។

លោក​បន្ត​ថា ការ​ចាប់​ផ្តើម​ដំណើរ​ការ​ផ្លូវ​​«ខ្សែចង្វាក់ត្រជាក់ + ទំនិញទូទៅ»គឺ​បង្ហាញ​ពី​ភាព​ល្អ​ប្រសើរ​នៃ​ទំនាក់​ទំនង​ការ​ទូត និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា-ចិន ជា​ពិសេស​ការ​នាំ​កសិផល​ពី​កម្ពុជាទៅ​ប្រទេស​ចិន ​ដែល​កំពុង​មាន​ការ​កើន​ឡើង​ជារៀង​រាល់​ឆ្នាំ។

លោក​​ថ្លែង​ថា៖​«​ការ​ដឹក​ជញ្ជូន​នេះនឹង​ជួយធ្វើ​ឱ្យ​ផលិតផល​​កសិកម្មកម្ពុជា​​កាន់តែ​ច្រើន​បង្ហាញ​វត្តមាន​នៅទីផ្សារ​​ប្រទេស​ចិន។ ក្រៅ​ពី​អាច​រក្សា​​គុណភាពផលិតផល​(ពិសេស​ចំណីអាហារ)ឱ្យ​នៅ​ល្អ​បាន​យូរ និង​រយៈ​ពេល​ដឹក​ជញ្ជូន​ខ្លី​ជាង​មុន វា​ក៏​ជួយ​កាត់​បន្ថយ​ថ្លៃដើម​ផលិត ​ដែល​ធ្វើ​ឱ្យ​សមត្ថភាព​ប្រកួត​ប្រជែង​លើ​ទីផ្សារ​អន្តរ​ជាតិ​មានកាន់​តែ​ខ្លាំង​​»។​

លោក​លើក​ឡើង​ទៀត​ថា នា​ពេល​អនាគត​បើ​សិន​ផលិតកម្ម​ឱសថកម្ពុជា​កាន់​តែ​រីក​ចម្រើន​ ហើយ​មាន​ការ​នាំ​ចេញ​កាន់​តែ​ច្រើន មធ្យោបាយ​នៃ​កាដឹក​ទំនិញតាម «ខ្សែចង្វាក់ត្រជាក់ + ទំនិញទូទៅ»​ នឹង​មាន​តម្រូវការ​កាន់តែច្រើន។​

របាយការណ៍​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា ក្នុង​ឆ្នាំ​២០២៤ កម្ពុជាបាននាំចេញកសិផលចំនួន ១១,៧ លានតោន ​កើនឡើង ៣៩ ភាគរយបើធៀបនឹងឆ្នាំ​២០២៣ ដែលមានចំនួន ៨,៤ លានតោន។

សម្រាប់​ទឹក​ប្រាក់​ដែល​ទទួល​បាន​ គឺ​​ប្រមាណ ៤,៨ ពាន់​លានដុល្លារ។ ផលិតផលកសិកម្មនាំចេញ​សំខាន់ៗ រួមមាន ជ័រកៅស៊ូ ស្រូវ អង្ករ ដំឡូងមី ស្វាយចន្ទី ចេក ផ្លែមៀន ម្រេច និងកសិផលសំខាន់ៗមួយចំនួនទៀត។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បានប្រាប់​ថា ការដាំដុះ​បាន​បន្ត​រក្សាបាន​កំណើន​ជា​រៀងរាល់ឆ្នាំ ដែលជា​ការបើក​លទ្ធភាព​ឱ្យ​កម្ពុជា​ធ្វើការ​នាំចេញ​កាន់តែច្រើន​ទៅកាន់​ទីផ្សារ​អន្តរជាតិ ជាពិសេស​បាន​កំពុង​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន និង កម្ពុជា​-​កូរ៉េ និង​កិច្ចព្រមព្រៀង RCEP ផង​នោះបាន​បើក​ទីផ្សារ​កាន់តែ​ទូលាយ​សម្រាប់​ការ​នាំចេញ​កសិផល​របស់​កម្ពុជា​។

លោក​បាន​ថ្លែងថា​៖«​ខ្ញុំ​សង្កេតឃើញថានាពេល​បច្ចុប្បន្ននេះ ផលិតផល​កសិកម្មរ​បស់​យើង​ក៏​ផលិត​តម្រូវ​ទៅតាម​ទីផ្សារ​នាំចេញ​ផងដែរ ដូចជា ស្រូវ អង្ករ ពោត ស្វាយ ផ្លែ​ចេក គឺ​កាន់តែ​មានគុណ​ភាពល្អ​សម្រាប់​ការនាំចេញ​»​។

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ​ក្នុងពិធីសម្ពោធ«សមិទ្ធផលនានា​ក្នុងភូមិ ប៊ុនរ៉ានី សែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់» កាល​ពី​ថ្ងៃ​ទី​​២០ ខែមករា ឆ្នាំ ២០​២៥ បាន​និយាយ​ថា ក្នុងឆ្នាំ ២០២៤ កំណើននៃការនាំចេញកសិផលសរុបកើនដល់ ១១,៧ លានតោន ទៅ​ ៩៤ ប្រទេស កើនឡើង ២០ ប្រទេស ក្នុងនោះមានស្រូវជាង ៥ លានតោន និងអង្ករ ៦៥ ម៉ឺនតោន ទៅកាន់ ៧៥ ប្រទេស។

លោក​បន្ត​ថា រដ្ឋាភិបាល​តែងតែ​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ពី​ការ​បង្កបង្កើនផល​របស់​ប្រជាកសិករ និង​អ្នក​វិនិយោគ​ ដោយ​រាប់​ចាប់​តាំង​ពី​​ការ​គិតគូរឱ្យ​ប្រជាពលរដ្ឋ​មានដី​សម្រាប់ដាំដុះ, មានទឹក​សម្រាប់ស្រោចស្រព, មានផ្លូវ ភ្លើង សម្រាប់ដឹកជញ្ជូនកសិផល ឬបូមទឹក/ប្រើប្រាស់ និង​​មាន​ទីផ្សារ​សម្រាប់លក់ដូរ ដោយគិតទាំងក្នុងស្រុក និងក្រៅស្រុក។​

ទិន្នន័យ​ចុង​ក្រោយ​បំផុត​របស់ អគ្គនាយដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា(GDCE) ឱ្យ​ដឹង​ថា ​ក្នុង​រយៈ​ពេល ២​ខែដើម​ឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា មាន​ទឹក​ប្រាក់​សរុប ៩ ៤៤៧,៥៣ លាន​ដុល្លារ កើន​ឡើង​ ១៦,៣​ភាគ​រយ​បើ​ធៀប​នឹងរយៈ​ពេល​ដូចគ្នា​ក្នុង​​​ឆ្នាំ​ ២០២៤។ ប្រទេស​ចិន គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាង​គេ​របស់​កម្ពុជា ដោយ​គ្រប់​គ្រង​​ចំណែក​រហូត​ដល់ ២៨,១៨ ​ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​សរុប​។

យោង​តាម GDCE ក្នុង​ខែ​​មករា-កុម្ភៈ ឆ្នាំ​២០២៥ ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​ភាគី​ទាំង ២ មាន​​​ទឹក​ប្រាក់​សរុប ២ ៦៦២,៧៣ លាន​ដុល្លារ កើន ២១,១​ ភាគរយ ក្នុង​នោះ​កម្ពុជា​នាំចេញ ២១៧,៩៦លាន​ដុល្លារ ធ្លាក់​ចុះ ៤,៣​ភាគរយ និង​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ចិន ២ ៤៤៤,៧៧ លាន​ដុល្លារ កើនឡើង ២៤​ភាគរយ​៕