គិត​ត្រឹម​ចុង​ឆ្នាំ​២០២៤ ប្រជា​ពលរដ្ឋ​ចំនួន ៥,០៤លាន​នាក់​បាន​ប្រើ​ប្រាស់​ឥណទាន​ឬ​កម្ចី​ ដែល​មាន​ទឹក​ប្រាក់​សរុប​ជិត ៥៩​ពាន់​លាន​ដុល្លារ​ (២៣៦,៤២៩,២៦៦​លាន​រៀល) ដែល​ ៥០​ភាគ​រយ​នៅ​ភ្នំពេញ។ អត្រា​នៃ​អ្នក​ប្រើ​ប្រាស់​ឥណទាន​លក្ខណៈ​បុគ្គល​អាយុ​ពី​១៨​ឆ្នាំ​ឡើង​ទៅ​មាន​ជាមធ្យម ៥១​ភាគ​រយ​នៅ​ទូទាំង​ប្រទេស។

យោង​តាម​របាយការណ៍​ស្ថានភាព​ឥណទាន​ប្រចាំ​ឆ្នាំ​២០២៤ របស់​ក្រុមហ៊ុន​ក្រេឌីតប្យួរ៉ូ ខេមបូឌា (ស៊ីប៊ីស៊ី) រាជធានី​ភ្នំពេញ ​ខេត្ត​កណ្តាល និង​ខេត្ត​សៀមរាប ​បាន​ផ្តល់​ឥណទាន​ប្រហែល​ ៦០%​ នៃ​សមតុល្យ​ឥណទាន​សរុប​ជិត ៥៩​ពាន់​លាន។

រាជធានី​ភ្នំពេញ​មាន​បរិមាណ​ឥណទាន​ច្រើន​ជាង​គេ​ជាង ២៩​ពាន់​លាន​ដុល្លារ (១១៩,០២១,៩៤៧ លានរៀល) ដែល​ស្មើ​នឹង​ ៥០% នៃ​សមតុល្យ​ឥណទាន​ទូទាំង​ប្រទេស និង​មាន​អ្នក​ខ្ចី​ប្រាក់​សរុប​ចំនួន​៦៩​ម៉ឺន​៦ពាន់​នាក់។

ខេត្ត​កណ្តាល​ស្ថិត​នៅ​លេខ​រៀង​ទី២ ដែល​មាន​បរិមាណ​ឥណទាន​ជាង​ ៣,១៦​ពាន់​លាន​ដុល្លារ (១២,៦៩៧,៦៤៩លានរៀល) ស្មើ​នឹង ​៥%​ នៃ​សមតុល្យ​ឥណទាន​ទូទាំង​ប្រទេស និង​មាន​អ្នក​ខ្ចី​ប្រាក់​សរុប​ចំនួន​ជាង​ ៣៩​ម៉ឺន​៤​ពាន់​នាក់។

ខេត្ត​សៀមរាប​​មាន​អ្នក​ខ្ចី​ប្រាក់​សរុប​ជាង​៣២ម៉ឺន​៤​ពាន់​នាក់ ឈរ​លំដាប់​ថ្នាក់​ទី៣ មាន​ទំហំ​ទឹក​ប្រាក់​កម្ចី​សរុប​ជាង ២,៥​ពាន់​លាន​ដុល្លារ​(១០,៣០៧,៣៥៨​លាន​រៀល) ស្មើ​នឹង ៤% នៃ​សមតុល្យ​ឥណទាន​ទូទាំង​ប្រទេស។

របាយការណ៍​ស្ថានភាព​ឥណទាន​នៅ​កម្ពុជា​ឆ្នាំ​២០២៤ ធ្វើ​ឡើង​ដោយ​កត់ត្រា​ទិន្នន័យ​របស់​រូបវន្ត​បុគ្គល និង​ក្រុមហ៊ុន ឬ សហគ្រាស ដែល​បាន​មក​ពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ដែល​ជា​សមាជិក​របស់​ស៊ីប៊ីស៊ី​ទាំង​អស់​ចំនួន ១៩៧ ស្ថាប័ន នៅក្នុងឆ្នាំ២០២៤។ ក្នុង​ចំណោម​​កម្ចី​ទាំង​អស់ អត្រា​នៃ​ការ​សង​ត្រឡប់​យឺត​លើស​ពី​៩០​ថ្ងៃ មាន​ចំនួន ​៦.០៣%។

នៅ​ឆ្នាំ​២០២៣ ចំនួន​អ្នក​ខ្ចី​ប្រាក់​សរុប​មាន​ក្រោម ៥​លាន​នាក់ ប៉ុន្តែ​ទំហំ​ទឹក​ប្រាក់​សរុប​មាន​ជិត ៥៨​ពាន់​លាន​នាក់។ ភ្នំពេញ ខេត្ត​កណ្ដាល និង សៀមរាប​ក៏​ជា​ខេត្ត​ដែល​មាន​កម្ចី​ច្រើន​ជាង​គេ ដូច​នៅ​ឆ្នាំ​២០២៤​ដែរ ខណៈ​ការ​សង​យឺតយ៉ាវ​ជាង ៩០​ថ្ងៃ​មាន​អត្រា ៤,៥​ភាគរយ។

លោក ឡោ វិចិត្រ  អនុ​ប្រធាន​សមាគម​ពាណិជ្ជកម្ម​កម្ពុជា-​ចិន ពន្យល់​ថា តួលេខ​ចំនួន​អ្នក​ខ្ចី​និង​ទំហំ​ទឹក​ប្រាក់​ជាមធ្យម​នៅ​កម្ពុជា​អាច​ធំ​ជាង​ប្រទេស​ជិត​ខាង​ដូច​ជា​នៅ​ថៃ និង វៀតណាម ឬ សិង្ហ​បុរី ដោយ​សារ​តែ​របៀប​នៃ​ការ​ចាប់​ផ្ដើម​អាជីវកម្ម​ខុស​ពី​នៅ​កម្ពុជា និង​អត្រា​ការប្រាក់​ទាប​ជាង​នៅ​កម្ពុជា។

លោក​ពន្យល់​ថា នៅ​ប្រទេស​ថៃ ការ​ខ្ចី​ប្រាក់​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ក្រុមហ៊ុន ឬ សហគ្រាស គឺ​ជា​នីតិបុគ្គល ខណៈ​នៅ​កម្ពុជា​បុគ្គល​ខ្ចី​ប្រាក់​ទៅ​ពង្រីក​អាជីវកម្ម​ ដូចជា​នៅ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​មាន​ពលរដ្ឋ​ច្រើន​ប្រៀប​ធៀប​នឹង​ប្រទេស​ជិត​ខាង។​ ការ​ខ្ចី​ជា​លក្ខណៈ​បុគ្គល​នេះ​ធ្វើ​ឲ្យ​ចំនួន​អ្នក​ខ្ចី​មាន​ច្រើន ហើយ​ទំហំ​កម្ចី​ក៏​ធំ​ដែរ បូក​រួម​ទាំង​ការ​ប្រាក់​ខ្ពស់​ទៀត។​

លោក​លើក​ជា​ឧទាហរណ៍​ករណី​នៅ​ប្រទេស​ថៃ ដែល​ការ​ចាប់​ផ្ដើម ឬ ការ​ពង្រីក​អាជីវកម្ម​មិន​សូវ​មាន​កម្ចី​ពី​ធនាគារ​ច្រើន ដោយ​សារ​តែ​ក្រុម​ហ៊ុន​ទាំង​នោះ​ចាប់​ផ្ដើម​ដោយ​ការ​លក់​សញ្ញាប័ណ្ណ​ ឬ​លក់​ភាគ​ហ៊ុន រីឯ​នៅ​កម្ពុជា​ ការ​ចាប់​ផ្ដើម​ឬ​ពង្រីក​អាជីវកម្ម ត្រូវ​ខ្ចី​ប្រាក់​ពី​ធនាគារ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ខ្ចី និង​ទឹក​ប្រាក់​ឃើញ​ខ្ពស់។​

លោក​និយាយ​ថា៖ «ឧទាហរណ៍​នៅ​សិង្ហបុរី វិធី​ដែល​គេ​ពង្រីក​ក្រុមហ៊ុន​គឺ​តាម​រយៈ​ការ​លក់​ភាគហ៊ុន។ ដូច្នេះ​យើង​មិន​ឃើញ​​មាន​កម្ចី​ខ្ពស់​ទេ។ ក្រុមហ៊ុន​ខ្លះ​មាន​ដើម​ទុន​ចាប់​ផ្ដើម​អាជីវកម្ម​ប្រមាណ ១០​ពាន់​លាន តែ​បំណុល​គេ​នៅ​ធនាគារ​ទាប ដោយ​សារ​តែ​គេ​លក់​ភាគហ៊ុន»៕