ថ្នាក់ដឹកនាំក្រុមហ៊ុនមាន​មូលដ្ឋាន​​ក្នុង​ខេត្ត​ហឺណាន Zhengzhou Agricultural Development Group បាន​បង្ហាញ​​ការ​ចាប់​អារម្មណ៍​ចំពោះ​ឱកាស​មក​បណ្តាក់​ទុន​នៅ​កម្ពុជា ជា​ពិសេស​ការកសាង​សួនកសិ-ឧស្សាហកម្ម។

នៅ​ក្នុង​ជំនួប​ជាមួយ ​លោក លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នៅក្នុង​ទីក្រុងចឹងចូវ ខេត្តហ៊ឺណាន កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា លោក Zhou Fuqiang ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនក្រុងចឹងចូវ បានសម្តែងការស្វាគមន៍ចំពោះគណៈប្រតិភូកម្ពុជាដែលបានមកធ្វើទស្សនកិច្ចនៅខេត្តហឺណាន​​។

ជាមួយគ្នានេះ លោកក៏បានធ្វើ​ការ​ពន្យល់​ដល់​គណៈ​ប្រតិភូ​កម្ពុជា​អំពីសក្តានុពលរបស់ខេត្តហឺណាន ព្រមទាំងវឌ្ឍនភាពរបស់​ក្រុមហ៊ុន​ Zhengzhou Agricultural Development Group លើ​ការ​ស្ថាបនាសួនកសិ-ឧស្សាហកម្ម ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសនៃអាកាសយានដ្ឋានអន្តរជាតិក្រុងចឹងចូវ។

លោក​បាន​ថ្លែង​ថា៖​«​​ក្រុមហ៊ុន Zhengzhou Agricultural Development Group នឹងអាចមានលទ្ធភាពសិក្សាសមិទ្ធិលទ្ធភាព និងបណ្តាក់ទុនវិនិយោគនៅកម្ពុជានាពេលខាងមុខ»។

ជាការឆ្លើយតប លោក ស៊ុន ចាន់ថុល បានលើក​បង្ហាញ​ពី​បច្ច័យវិជ្ជមាន ព្រម​ទាំង​លក្ខខណ្ឌ​អំណោយ​ផល​ជា​ច្រើន​ដែលកម្ពុជា​​កំពុង​ផ្តល់​​ឱ្យ​អ្នក​វិនិយោគ​ ពិសេស​វិនិយោគិន​ចិន​។

លក្ខណៈ​អំណោយ​ផល​ទាំង​នោះ​មាន​ដូច​ជា សុខសន្តិភាព និងស្ថិរភាពនយោបាយ លំនឹងម៉ាក្រូសេដ្ឋកិច្ច សម្បូរ​កម្លាំងពលកម្មវ័យក្មេងដែលបើកទូលាយក្នុងការទទួលយកការបណ្តុះបណ្តាលថ្មីៗ និងមាន​​ទីតាំង​ភូមិសាស្រ្ត​អំណោយ​ផល​សម្រាប់​ការ​ដឹក​ជញ្ជូន​ទៅ​គ្រប់​ទីតាំង​ទូទាំង​ពិភពលោក។

លោក​បាន​បញ្ជាក់​ថា៖​«​ក្រៅ​ពី​កត្តា​ទាំង​អស់​ខាង​លើ ការ​វិនិយោគិន​នៅកម្ពុជា​ក៏​ទទួល​បាន​នូវ​ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីកលូតលាស់នៃវិស័យឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, ច្បាប់ស្តីពីវិនិយោគដែលមានភាពបត់បែន និងអនុគ្រោះ, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ​សម្បូរបែប និងប្រទាក់ក្រឡា ជំរុញឱ្យសមាហរណកម្មនៅទូទាំងប្រទេស និងនៅក្នុងតំបន់កាន់តែមានភាពប្រសើរឡើង ជាមួយនឹងទីតាំងភូមិសាស្រ្តដែលមានអំណោយផលខ្ពស់ ដែលរំពឹងថានឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់នាពេលអនាគត»។

អ្នក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភាកម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​១៨ ខែ​មីនា ថា ទំនាក់​ទំនង​ការទូត ​លក្ខខណ្ឌ​ភូមិសាស្រ្ត ច្បាប់​​វិនិយោគ ព្រម​ទាំង​កត្តា​ទីផ្សារ​នាំ​ចេញដែលមាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​ប្រទេស​ជាច្រើន​ បាន​លើក​ទឹក​ចិត្ត​ឱ្យ​វិនិយោគចិន​កាន់​តែ​​ច្រើន​ចូល​មក​បណ្តាក់​ទុនផ្ទាល់​​នៅ​កម្ពុជា។

បច្ចុប្បន្ន​ការ​បណ្តាក់​ទុន​ពី​សំណាក់វិនិយោគិន​ចិន​នៅ​កម្ពុជា មាន​​នៅ​ស្ទើ​គ្រប់​វិស័យ​ រាប់​ចាប់​តាំង​ពី​អាជីវកម្ម​តូច រហូត​ដល់​រោងចក្រ/សហគ្រាស​ធំៗ ​ដែល​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ទំនើប។

លោក​ប្រាប់​ទៀត​ថា ៖​«​បើ​កម្ពុជា​អាច​ទាក់​ទាញ​វិនិយោគិន​ចិន​ឱ្យ​ចូល​មក​វិនិយោគ​លើ​តំបន់​សេដ្ឋកិច្ច​ពិសេស និងកសិ-ឧស្សាហកម្ម កាន់​តែ​ច្រើន គឺ​​នឹងអាច​ទាក់​ទាញ​វិនិយោគិន​បរទេស ពិសេស​ជន​ជាតិ​ចិន​ឱ្យ​ចូល​មក​បណ្តាក់​ទុន​កាន់​តែ​ច្រើន​»។​

ដើម្បី​បង្កើន​ភាព​ទាក់​ទាញ និង​បរិយាកាស​ងាយ​ស្រួល​ដល់​វិនិយោគិន​ចិន នៅ​ទីស្នាក់ការ​នៃ​​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បច្ចុប្បន្ន​​ក៏មាន​តុ​ចិន (China Desk) សម្រាប់​ផ្តល់​ការប្រឹក្សា​ជូន​វិនិយោគិន​ចិន​ផងដែរ​៕​