ភ្នំពេញៈ ការវិនិយោគលើថាមពលកកើតឡើងវិញ និងលើគម្រោង REDD+ របស់កម្ពុជា នឹងចូលរួមចំណែកក្នុងការកាត់បន្ថយការបញ្ចេញកាបូននៅកម្ពុជា ដែលឈានឆ្ពោះទៅសម្រេចបានប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

នេះជាការលើកឡើងរបស់ ប្រធានគ្រប់គ្រង​ក្រុមហ៊ុនតូតាល់​អេ​នើ​ជីនៅកម្ពុជា(TotalEnergies) លោកស្រី Dinah Kumar នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹងរដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែតនៅថ្ងៃទី ១៧ ខែមីនានេះ។

ជំនួបនេះធ្វើឡើង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំង២ ដើម្បីរួមចំណែកកាត់បន្ថយការបំភាយឧស្ម័ន ការវិនិយោគលើថាមពលកកើតឡើងវិញ ឈានឆ្ពោះទៅសម្រេចបានប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០។

លោកស្រីបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនិរន្តរភាព ដោយសង្កត់ធ្ងន់លើការខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការបំភាយឧស្ម័ន តាមរយៈវិនិយោគលើថាមពលកកើតឡើងវិញ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ, តាមរយៈការវិនិយោគលើគម្រោង REDD+ របស់កម្ពុជា និងការអភិវឌ្ឍន៍ដំណោះស្រាយផ្អែកលើធម្មជាតិ (Nature based Solutions -NBS) ឈានទៅសម្រេចឱ្យបានតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ នេះបើយោងតាមក្រសួងបរិស្ថាន។

លោករដ្ឋមន្រ្តីគាំទ្រ ក្រុមហ៊ុនតូតាល់ ក្នុងការកាត់បន្ថយការបញ្ចេញកាបូននៅកម្ពុជា និងការវិនិយោគលើថាមពលកកើតឡើងវិញ។ បន្ថែមពីនោះ លោកក៏បានសំដែងការស្វាគមន៍ជានិច្ចចំពោះក្រុមហ៊ុន តូតាល់ ក៏ដូចជា ដៃគូវិនិយោគជាច្រើនទៀត ដែលមានបំណងចូលរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តីក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរបស់ក្រសួងបរិស្ថានជាមួយដៃគូវិស័យឯកជន ក្នុងការដោះស្រាយបញ្ហាប្រឈមបរិស្ថាន និងការលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានភាពស្អាត ភាពបៃតង និងចីរភាព។

ខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន និងរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អក្របខ័ណ្ឌច្បាប់ និងការបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគនៅកម្ពុជា ឆ្ពោះទៅការអភិវឌ្ឍន៍ដោយចីរភាព និងសុខដុមភាពបរិស្ថាន ក៏ត្រូវបានលើកឡើងក្នុងឱកាសនោះផងដែរ។

ក្រុមហ៊ុនតូតាល់ របស់ប្រទេសបារាំង ដែលផលិត និងផ្គត់ផ្គង់ថាមពលនៅលើពិភពលោកឈានមុខគេផ្នែកផ្គត់ផ្គង់ប្រេង និងឧស្ម័ន គឺដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់នូវថាមពលដែលមានផ្ទុកសារធាតុកាបូនទាបបំផុត។

ក្នុងនាមជាក្រុមហ៊ុនមួយប្រកបដោយទំនួលខុសត្រូវ តូតាល់ផ្តោតលើការធានាឱ្យបាននូវប្រតិបត្តិការនៅទូទាំងពិភពលោក អាចផ្តល់នូវស្ថេរភាពទាំងផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថាន។

កាលពីសប្តាហ៍មុន កម្ពុជា និងប្រទេសហ្វាំងឡង់ ក៏បានពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន ដែលឆ្ពោះទៅរកការសម្រេចអព្យាក្រឹតកាបូននេះផងដែរ តាមរយៈជំនួបរវាង លោករដ្ឋមន្រ្តី អ៊ាង សុផល្លែត និងលោកស្រី Kristiina Kuvaja-Xanthopoulos ឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក។

ជំនួបនេះផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំង២ ជាពិសេស ការគ្រប់​គ្រងកាកសំណល់គ្រោះថ្នាក់ និងការកែច្នៃថ្មពិល។

លោកស្រីឯកអគ្គរដ្ឋទូតបានបង្ហាញពីឆន្ទៈរបស់ហ្វាំងឡង់ ក្នុងការចែករំលែកបទពិសោធន៍ និងបច្ចេកវិទ្យាទំនើបក្នុងការគ្រប់គ្រងកាកសំណល់ និងកែច្នៃថ្មពិល។

ក្រសួងបរិស្ថានបញ្ជាក់ថា៖«កិច្ចសហប្រតិបត្តិការនេះនឹងផ្តោតលើការកសាងសមត្ថភាព ការផ្ទេរចំណេះដឹង និងការលើកកម្ពស់ការយល់ដឹងជាសាធារណៈ»។

ភាគីទាំង២បានពិភាក្សាអំពីការស្វែងយល់ពីបច្ចេកវិទ្យាបំលែងទីក្រុងឱ្យទៅជាតំបន់អព្យាក្រឹតកាបូន និងការជំរុញវិនិយោគបៃតងនៅកម្ពុជា៕