
រោងចក្រផលិតចំណីសត្វរបស់ក្រុមហ៊ុន M'S PIG ACMC (Cambodia) Co., Ltd។ សហការី
កសិផលកម្ពុជានឹងមានទីផ្សារកាន់តែល្អបន្ថែមទៀត បន្ទាប់ពីក្រសួងពាណិជ្ជកម្ម បានចុះអនុស្សារណៈយោគយល់គ្នា(MoU) ជាមួយក្រុមហ៊ុនចំនួន ៦ ដើម្បីសហការជួយសម្របសម្រួលប្រមូលទិញធាតុផ្សំមួយចំនួនសម្រាប់រោងចក្រផលិតចំណីសត្វ។
ពិធីចុះ MoU ស្តីពី«កិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលពោតក្រហម ដំឡូងមី និងវត្ថុធាតុដើម» រវាងក្រសួងពាណិជ្ជកម្ម ជាមួយក្រុមហ៊ុនទាំង ៦ បានប្រព្រឹត្តិទៅនៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៩ ខែមីនា ដោយមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល។
តាមរយៈ MoU នេះក្រសួងពាណិជ្ជកម្មនឹងសហការសម្របសម្រួលជាមួយក្រុមហ៊ុនទាំង ៦ ដើម្បីប្រមូលទិញពោតក្រហមក្នុងបរិមាណ ១៨៩ ០០០តោន, ដំឡូងមី ៨១ ៦០០តោន, កញ្ជុងអង្ករ ៥១ ១៣០តោន, និងកន្ទក់ចំនួន ៥៧ ៧៣០តោន។
ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា៖«តាមរយៈ MoU នេះបង្ហាញឱ្យឃើញពីការចូលរួមជំរុញការវិនិយោគទៅលើការកែច្នៃកសិផលនៅក្នុងស្រុក ក៏ដូចជាបង្កើនគុណតម្លៃ និងការពង្រឹងខ្សែច្រវាក់តម្លៃផលិតផល ស្របពេលដែលកម្ពុជាកំពុងជួបប្រទះបញ្ហាការកើនឡើងថ្លៃដើមចំណីសត្វ ព្រមទាំងបង្កើនឱកាសធុរកិច្ចក្នុងការអភិវឌ្ឍវិស័យកសិ-ពាណិជ្ជកម្ម និងលើកស្ទួយសេដ្ឋកិច្ច-សង្គមប្រកបដោយបរិយាប័ន្ន»។
ក្រុមហ៊ុនទាំង ៦ ខាងលើរួមមាន ក្រុមហ៊ុន M’S PIG ACMC(Cambodia), BETAGRO (Cambodia) Company Limited, Agri-Master Co., Ltd., De Heus TMH Co., Ltd., Ant Feed Co., Ltd., និងក្រុមហ៊ុន CJ CheilJedang Feed (Cambodia) Co., Ltd។
តំណាងក្រុមហ៊ុន M'S PIG ACMC (Cambodia) លោក លី ឡាវីល បានប្រាប់ Oknha News ថា ជាមធ្យមក្នុង ១ឆ្នាំ ក្រុមហ៊ុនមានតម្រូវការទិញវត្ថុធាតុដើមផ្សេងៗសម្រាប់ប្រើប្រាស់ប្រហែល ១០ម៉ឺនតោន ដែលមានដូចជា ពោតក្រហម កញ្ជុងអង្ករ និងដំឡូងមី ជាដើម។ លោកបន្តថា ដោយសារសមត្ថភាពផលិតកម្មរបស់ក្រុមហ៊ុននៅក្នុងស្រុកមានកម្រិត ដូច្នេះកម្ពុជាបាននាំចូលចំណីសត្វពីក្រៅប្រទេសក្នុងបរិមាណជាច្រើនរៀងរាល់ឆ្នាំ។
លោកបានថ្លែងថា៖«បើវិស័យចិញ្ចឹមសត្វនៅតែមានការរីកចម្រើន ខ្ញុំជឿថារោងចក្រផលិតចំណីសត្វក្នុងស្រុក នឹងពង្រីកការផលិត និងប្រមូលទិញវត្ថុធាតុដើមកាន់តែច្រើនថែមទៀតដើម្បីកាត់បន្ថយការនាំចូលចំណីសត្វមកពីបរទេស»។
រោងចក្រចំណីសត្វ M'S PIG ACMC (Cambodia) មានទីតាំងស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្ទៃដី ២៤ ហិកតា។ រោងចក្រនេះមានសមត្ថភាពអាចផលិតចំណីសត្វបានចន្លោះពី ១៥០០០-១៦ ០០០តោនក្នុង ១ខែ និងនៅពេលខាងមុខក្រុមហ៊ុនមានផែនការពង្រីកការផលិតឱ្យបាន ៣០ ០០០តោនក្នុង១ខែ។
ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីពេលថ្មីៗនេះថា ការចិញ្ចឹមសត្វនៅកម្ពុជាបានជួបនឹងបញ្ហាប្រឈមជាច្រើន ពិសេសទាក់ទងនឹងចំណីដែលមានតម្លៃខ្ពស់។
ដោយសារសមត្ថភាពផលិតកម្មរបស់រោងចក្រផលិតចំណីសត្វនៅកម្ពុជាមានកម្រិត ដូច្នេះកម្ពុជាបាននាំចូលចំណីសត្វពីទីផ្សារក្រៅប្រទេសជាច្រើនតោនក្នុង ១ឆ្នាំៗ។ ប្រសិនបើរោងចក្រនៅកម្ពុជាអាចផលិតដើម្បីផ្គត់ផ្គង់តាមតម្រូវការ វានឹងជួយឱ្យអ្នកចិញ្ចឹមទទួលបានផលចំណេញល្អជាងពេលបច្ចុប្បន្ន។