
ប្រភេទសម្ភារៈខ្លះដែលក្រុមហ៊ុនផ្ដល់ដល់អតិថិជន។ IKEA
ក្រុមហ៊ុនមានមូលដ្ឋានក្នុងប្រទេសស៊ុយអ៊ែត IKEA ដែលមានជំនាញខាងផលិតគ្រឿងសង្ហារិម និងសម្ភារប្រើប្រាស់ក្នុងផ្ទះ បានសម្លឹងឃើញប្រទេសកម្ពុជាគឺជាទីតាំងដ៏មានសក្តានុពលដែលក្រុមហ៊ុនអាចនឹងពង្រីកការវិនិយោគរបស់ខ្លួន បន្ទាប់ពីក្រុមហ៊ុនមានវត្តមានក្នុងប្រទេសចំនួន ៥ នៅក្នុងតំបន់រួចមក។
នេះបើយោងតាមលទ្ធផលនៃជំនួបពិភាក្សារវាង លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ជាមួយគណៈប្រតិភូក្រុមហ៊ុន IKEA ដែលដឹកនាំដោយ លោក Giafar Safaverdi នាយកប្រតិបត្តិប្រចាំតំបន់អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្នុងជំនួបខាងលើ លោក ជា វុទ្ធី បានប្រាប់ទៅគណៈប្រតិភូក្រុមហ៊ុន IKEA អំពីគោលនយោបាយវិនិយោគរបស់កម្ពុជាដែលត្រូវបានគេទទួលស្គាល់ថាមានភាពទាក់ទាញខ្លាំង តាមរយៈការផ្តល់ភាពអនុគ្រោះច្រើនដល់វិនិយោគិន។
គោលនយោបាយទាំងនោះមានដូចជា ច្បាប់វិនិយោគមានភាពអនុគ្រោះ មិនមានការរើសអើងចំពោះជាតិសាសន៍ ទីតាំងភូមិសាស្រ្តល្អប្រសើរ នយោបាយមានស្ថិរភាព និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនល្អប្រសើរ ជាដើម។
លោកបានបន្ថែមថា៖«ខ្ញុំសូមជំរុញលើកទឹកចិត្តដល់លោក Giafar Safaverdi តំណាងក្រុមហ៊ុន IKEA សូមរួសរាន់ក្នុងការសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជាដើម្បីឆាប់ទទួលបានផលចំណេញ»។
ចំណែកលោក Giafar Safaverdi បានលើកឡើងថា គណៈប្រតិភូក្រុមហ៊ុន IKEA ពិតជារីករាយដែលទទួលបានការស្វាគមន៍ និងការផ្តល់ព័ត៌មានអំពីឱកាសវិនិយោគនៅកម្ពុជា។
លោកបន្តថា IKEA គឺជាក្រុមហ៊ុនវិនិយោគផ្នែកផលិតគ្រឿងសង្ហារិម និងសម្ភារប្រើប្រាស់ក្នុងផ្ទះដ៏ធំមួយនៅក្នុងពិភពលោក ដែលបង្កើតឡើងតាំងពីឆ្នាំ ១៩៤៣ នៅប្រទេសស៊ុយអ៊ែត។
លោកនិយាយថា៖«នេះជាលើកទី ១ ហើយដែលក្រុមហ៊ុន IKEA ចាប់ផ្តើមសម្លឹងមើលទីផ្សារវិនិយោគនៅកម្ពុជា ដើម្បីពង្រីកការវិនិយោគរបស់ខ្លួន។ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍បច្ចុប្បន្ន ក្រុមហ៊ុន IKEA មានសកម្មភាពវិនិយោគក្នុងប្រទេសមួយចំនួន ដូចជា សិង្ហបុរី, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, ថៃ និងវៀតណាម»។
បើយោងតាមលោក Giafar Safaverdi កាលពីឆ្នាំ ២០២៤ ក្រុមហ៊ុន IKEA មានប្រាក់ចំណូលប្រមាណ ២៦,៥ ពាន់លានអឺរ៉ូ ស្មើនឹងប្រមាណ ២៩ ពាន់លានដុល្លារអាមេរិក។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី២០ ខែមីនា ថា គោលនយោបាយវិនិយោគរបស់រដ្ឋាភិបាលកម្ពុជា ព្រមទាំងបញ្ហាជម្លោះភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចរវាងប្រទេសធំៗលើពិភពលោក បានជួយឱ្យកម្ពុជាទទួលបានផលវិជ្ជមានជាច្រើន តាមរយៈការរើសទីតាំងផលិតកម្មពីប្រទេសទាំងអស់នោះមកបើកដំណើរការនៅកម្ពុជា។
លោកបន្តថា ការបណ្តាក់ទុនថ្មីៗនៅកម្ពុជា គឺមិនមែនសុទ្ធតែក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរដូចមុនឡើយ ប៉ុន្តែគឺជាការវិនិយោគលើវិស័យចម្រុះជាច្រើន រហូតដល់រោងចក្រដំឡើង/ផលិតរថយន្តទៀតផង។
លោកលើកឡើងទៀតថា៖«រយៈពេល២-៣ ឆ្នាំចុងក្រោយនេះខ្ញុំសង្កេតឃើញមានរោងចក្រ/សហគ្រាសកាន់តែច្រើនមកបើកដំណើរការនៅកម្ពុជា។ បច្ចុប្បន្នកម្ពុជាបានក្លាយជាទីតាំងផលិតទំនិញចម្រុះមុខសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ»។
លោកប្រាប់ទៀតថា ប្រសិនបើក្រុមហ៊ុន IKEA ចូលមកបើករោងចក្រនៅកម្ពុជា គឺជាការជួយធ្វើពិពិធកម្មទំនិញនាំចេញរបស់កម្ពុជាបន្ថែមទៀត។ ភាគច្រើននៃទំនិញនាំចេញរបស់កម្ពុជាក្នុងពេលបច្ចុប្បន្ន គឺជាផលិតផលវាយភណ្ឌ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានស្វាគមន៍រាល់គម្រោងវិនិយោគដែលចូលមកបើកដំណើរការនៅកម្ពុជា ព្រោះវាមិនត្រឹមតែជួយបង្កើតការងារ និងចំណូលសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងជួយអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្សនៅកម្ពុជាផងដែរ។
លោកបន្តថា ច្បាប់វិនិយោគដែលមានភាពអនុគ្រោះ និងទីផ្សារនាំចេញធំទូលាយ បានទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនបរទេសឱ្យចូលមកវិនិយោគនៅកម្ពុជាកាន់តែច្រើន។
លោកនិយាយថា៖«យើងពិតជារីករាយដែលមានក្រុមហ៊ុនអន្តរជាតិកាន់តែច្រើនចាប់អារម្មណ៍ ឬចូលមកបណ្តាក់ទុនផ្ទាល់នៅកម្ពុជា។ នៅពេលមានការវិនិយោគកាន់តែច្រើន គឺវានឹងជួយកាត់បន្ថយការធ្វើចំណាកស្រុកទៅរកការងារនៅក្រៅប្រទេស បង្កើនចំណូលគ្រួសារ ព្រមទាំងជួយឱ្យរដ្ឋាភិបាលបានចំណូលពីការបង់ពន្ធផងដែរ»។
កាលពីឆ្នាំ២០២៤ កម្ពុជាបាននាំចេញទំនិញលេខកូដ(HS ២ខ្ទង់) ៩៤ ដែលរួមមាន គ្រឿងសង្ហារិម, សម្ភារគ្រែ ពូក ខ្នើយកល់ និងវត្ថុប្រហាក់ប្រហែល ក្នុងទឹកប្រាក់សរុប ១ ១៦៩,៥៤លានដុល្លារ កើនឡើង ៣១,៥ភាគរយបើធៀបនឹងឆ្នាំ២០២៣។
ទឹកប្រាក់នាំចេញទំនិញលេខកូដ ៩៤ គឺស្មើនឹង ៤,៥ភាគរយនៃចំនួនទឹកប្រាក់នាំចេញសរុបក្នុងឆ្នាំ២០២៤ ដែលមានប្រមាណ ២៦ ១៩៦,៦ លានដុល្លារ។ នេះបើតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE)៕