គណៈប្រតិភូ​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា(CCC) បាន​​ប្រាប់​ពាណិជ្ជករវៀតណាមឱ្យមកធ្វើ​ទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យលទ្ធភាពក្នុងការចាប់ដៃគូជាមួយពាណិជ្ជករកម្ពុជា ក៏ដូចជាបណ្តាក់​ទុន​​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា ខណៈ​​ពាណិជ្ជកម្ម​ទ្វេភាគីរវាង​ប្រទេស​ទាំង ២ ក្នុង​ឆ្នាំ​ ២០២៤ សម្រេច​បាន​ជិត ៧,៨ ពាន់លាន​ដុល្លារ។

គណៈ​ប្រតិភូ​សភាពាណិជ្ជកម្ម​កម្ពុជា ដឹកនាំ​ដោយ លោក ជឹម សុខ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តព្រៃវែង កាល​ពី​ថ្ងៃ​ទី​១៧-២០ ខែ​មីនា បានដឹកនាំគណៈប្រតិភូ CCC សរុប ៣៦រូប ធ្វើទស្សនកិច្ចនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។

CCC បាន​ឱ្យ​ដឹង​ថា ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូ CCC បានជួបពិភាក្សាការងារជាមួយសមាគមមិត្តភាពវៀតណាម-កម្ពុជា ប្រចាំទីក្រុងហូជីមិញ និងបានចូលរួមកម្មវិធីផ្គូផ្គងពាណិជ្ជកម្មជាមួយសមាគមពាណិជ្ជករ នៃទីក្រុងហូជីមិញ ផងដែរ។

ក្រៅពីនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ក៏បានទៅទស្សនកិច្ចនៅក្រុមហ៊ុនផលិតអង្ករ TV Food Company Limited, ក្រុមហ៊ុនផលិតប្រេងរំអិល Indo-Petrol, និង​នៅរោងសិប្បកម្មផលិតគ្រឿងទេស Bao Ngoc ព្រមទាំងបានចូលរួមពិព័រណ៍កែច្នៃ និងវេចខ្ចប់អន្តរជាតិ ឆ្នាំ​២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតសៃហ្គន ទីក្រុងហូជីមីញ។

CCC បានឱ្យ​ដឹង​ទៀត​ថា តាមរយៈ​ទស្សនកិច្ចខាងលើ គឺបានផ្តល់ឱកាសដល់ពាណិជ្ជករកម្ពុជាបានជួបដោយផ្ទាល់ជាមួយពាណិជ្ជករវៀតណាម ដើម្បីជជែកពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាលើវិស័យសក្តានុពលដែលភាគីទាំងពីរមាន ដើម្បីអាចឈានទៅដល់ការចាប់ដៃគូពាណិជ្ជកម្មនាពេលខាងមុខ។

ប្រធានគណៈ​ប្រតិភូ CCC បាន​​ថ្លែង​ថា៖​«​តាម​រយៈ​ដំណើរ​ទស្សនកិច្ច​នេះ ខ្ញុំ​សូម​អញ្ជើញពាណិជ្ជករវៀតណាម​មកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់កាន់តែច្បាស់ និងអាចពិនិត្យលទ្ធភាពក្នុងការចាប់ដៃគូជាមួយពាណិជ្ជករកម្ពុជា ក៏ដូចជាដាក់ទុនវិនិយោគនៅកម្ពុជា​លើវិស័យអាទិភាពនានា ជាពិសេសគឺវិស័យកសិកម្ម»។

ជាការឆ្លើយតប ក្រុមពាណិជ្ជករវៀតណាម​បានបង្ហាញការចាប់អារម្មណ៍ខ្លាំងទៅលើវិស័យសំខាន់ៗមួយចំនួនរបស់កម្ពុជា និងបានសន្យារកពេលវេលាសមស្របណាមួយ​ដើម្បីមកទស្សនកិច្ចនៅកម្ពុជាដោយផ្ទាល់។

ទិន្នន័យ​របស់​អគ្គនាយកដ្ឋានគយ និង​រដ្ឋាករកម្ពុជា ​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២៤ ការ​នាំ​ចេញ​នាំ​ចូល​ទំនិញ​រវាង​កម្ពុជា-​វៀតណាម មាន​ទឹក​ប្រាក់​សរុប ៧,៧៨ពាន់​លាន​ដុល្លារ កើន​ឡើង ១៨,២​ភាគរយ​បើ​ធៀប​ឆ្នាំ​២០២៣។ វៀតណាម​ គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​អន្តរ​ជាតិ​ធំ​ទី ៣ របស់​កម្ពុជា បន្ទាប់​ពី​ប្រទេស​ចិន និង​សហរដ្ឋ​អាមេរិក។

ក្នុង​ចំនួន​ខាងលើ គឺ​កម្ពុជា​នាំ​ទៅ​វៀតណាម​ ៣,៦១ ពាន់​​លាន​ដុល្លារ កើន​ ២១,៦ ភាគរយ​ និង​ទំនិញ​វៀតណាម​នាំ​ចូល​មក​កម្ពុជា ៤,១៧ ពាន់​​​លាន​ដុល្លារ កើន​១៥,៤ ភាគរយ៕