វិស័យ​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​កំពុង​ខិតខំ​​អភិវឌ្ឍន៍​ខ្លួន​ដើម្បី​ស្វែងយល់ និង​ការ​ចូល​រួម​ជា​សមជិក​​នៃ​​​អនុសញ្ញា និងពិធីសារខេបថោន(Cape Town Convention-CTC) ដែល​វា​នឹង​ផ្តល់​ផល​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​យ៉ាង​ច្រើន​ដល់​​វិស័យ​អាកាសចរណ៍​កម្ពុជា​។

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សហការ​ជាមួយ​ក្រុមហ៊ុនផលិតយន្តហោះ Boeing កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា បានរៀបចំ​សិក្ខាសាលាស្តីពីអនុសញ្ញា និងពិធីសារខេបថោន (Workshop on Cape Town Convention and Protocols) ដោយ​មាន​ការ​ចូលរួម​ពី​​លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និង​លោកស្រី Bridgette Walker ភារធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា​តំណាងឱ្យ​ក្រុមហ៊ុន Boeing ព្រម​ទាំង​ថ្នាក់​ដឹកនាំ និងមន្រ្តីរាជការ​នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល តំណាងក្រសួង​ស្ថាប័នពាក់ព័ន្ធ ​និងក្រុមហ៊ុនអាកាសចរណ៍​ជា​ច្រើន​។

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​២៤ ខែ​មីនា​ថា សិក្ខាសាលា​ស្តីពីអនុសញ្ញា និងពិធីសារខេបថោន ​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​​រួម​ចំណែកលើក​កម្ពស់​វិស័យ​អាកាសចរណ៍​ស៊ីវិល​នៅ​កម្ពុជា ព្រោះ​ជា​ចំណុច​ចាប់​ផ្តើម​នៃ​ការ​សិក្សាស្វែងយល់ និង​ត្រៀម​ខ្លួន​​នៃ​​វិស័យ​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​​ទៅ​ជា​សមាជិក​នៃអនុសញ្ញា CTC។

សិក្ខាសាលា​នេះ​ផ្តល់​ឱ្យ​អ្នក​នៅ​ក្នុងវិស័យអាកាសចរណ៍យល់​ដឹង​ពី​និន្នាការ​នៃ​ភាព​​រីក​ចម្រើន និង​ការ​វិវឌ្ឍនៃ​វិស័យ​អាកាស​ចរណ៍​អន្តរជាតិ ព្រម​ទាំង​ជា​ឱកាស​នៃ​ការ​ជួប​ពិភាក្សា និង​បង្កើត​បណ្តាញ​ជាមួយ​ក្រុមហ៊ុន​អាកាស​ចរណ៍​ធំៗ​របស់​អាមេរិកដូច​ជា Boeing ជា​ដើម​។

លោក​បន្ត​ថា ដើម្បី​អាច​ចូល​ជា​សមាជិក​ CTC កម្ពុជា​ត្រូវ​បំពេញ​នូវ​​លក្ខខណ្ឌមួយ​ចំនួនដូច​ជា ការ​កែលម្អច្បាប់​ និង​លិខិតបទដ្ឋាន​គិតយុទ្ធ​ពាក់ព័ន្ធមួយ​ចំនួននឹងវិស័យ​អាកាសចរណ៍ ដែល​ត្រូវ​ការ​ជំនួយ​បច្ចេកទេស​ពី​ដៃគូ​អភិវឌ្ឍន៍​ដូចជា ក្រុមហ៊ុន​ផលិតយន្តហោះដូច​ជា Boeing និង Airbus ជា​ដើម។​​

លោក​បាន​ថ្លែង​ថា៖​«​អត្ថប្រយោជន៍​ដែល​បណ្តា​រដ្ឋ​សមាជិក​នៃ CTC ​ នឹង​ទទួល​បាន​បន្ទាប់​ពី​ក្លាយ​ជា​ភាគី​នៃ​អនុសញ្ញា​ និង​ពិធីសារ​​មាន​ចំនួន ២ គឺអត្ថប្រយោជន៍​ផ្នែក​ច្បាប់ និង​អត្ថប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច»។

យោងតាម​លោក ចាន់សិរីវុត្ថា គំនិតនៃ​ការ​ផ្តួចផ្តើម​ចូល​ជា​សមាជិក CTC ​ពី​សំណាក់​កម្ពុជា គឺ​មាន​តាំង​ពី​ឆ្នាំ​២០១៩ ប៉ុន្តែ​វា​ត្រូវ​បាន​អូសបន្លាយ​ពេល​ជា​បន្ត​បន្ទាប់ដោយ​សារ​វិបត្តិ​ជំងឺកូវីដ​១៩។​

​ស្ថានទូត​មេរិក​ប្រចាំកម្ពុជា បាន​បង្ហាញ​ការ​សាទរចំពោះ​សិក្ខាសាលាខាងលើ ដោយ​​បាន​សរសេរនៅ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន​​ថា សូមចូលរួមជាមួយក្រុមហ៊ុន Boeing និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា ដែលបានបើកសិក្ខាសាលាដ៏មានសារសំខាន់​ស្តីពីអនុសញ្ញានិងពិធីសារខេបថោន ដែលនឹងជួយឱ្យ​ព្រះរាជាណាចក្រកម្ពុជា នូវលទ្ធភាពជាច្រើនក្នុងការទទួលបានធនធានហិរញ្ញវត្ថុសម្រាប់ទីផ្សារអាកាសចរណ៍ស៊ីវិលកម្ពុជា។

ស្ថាន​ទូត​បញ្ជាក់​​ថា៖​«​ក្នុងនាមជាក្រុមហ៊ុនឈានមុខគេ​ក្នុងឧស្សាហកម្មអាកាសចរណ៍ ក្រុមហ៊ុន Boeing មានការប្តេជ្ញាចិត្តក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍវិស័យអាកាសចរណ៍របស់កម្ពុជា ដោយនាំមកនូវវិបុលភាពកាន់តែប្រសើរ ដល់ប្រទេសជាតិរបស់យើងទាំងពីរ»។

រដ្ឋមន្ត្រី​ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ម៉ៅ ហាវណ្ណាល់ ក្នុង​ពិធី​បូកសរុបលទ្ធផលការងារអាកាសចរណ៍ស៊ីវិលឆ្នាំ ២០២៤ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បាន​និយាយ​ថា វិស័យ​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​កំពុង​​​បង្ហាញ​សញ្ញា​វិជ្ជមាន​គួរ​ឱ្យ​កត់​សម្គាល់​ ​ដោយ​​​ក្នុង​ឆ្នាំ​២០២៤ កន្លង​មក​អាកាសយានដ្ឋានអន្តរជាតិទាំង​ ៣ របស់​កម្ពុជា(ភ្នំពេញ សៀមរាប និងព្រះសីហនុ) បានតភ្ជាប់ជើងហោះ​ហើរអន្តរជាតិទៅកាន់ ១២ប្រទេស ព្រមទាំងតំបន់រដ្ឋបាលពិសេសហុងកុង និងកោះតៃវ៉ាន់(គិតជាសរុបបានភ្ជាប់ការហោះហើរទៅកាន់គោលដៅ ឬរាជធានី/ទីក្រុងចំនួន ៣៤ នៅទូទាំងពិភពលោក) និងមានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិចំនួន ៣១ កំពុង​មាន​ប្រតិបត្តិការ​នៅ​កម្ពុជា​។

សម្រាប់​អ្នកធ្វើដំណើរតាម​ផ្លូវ​អាកាស ក្នុង​ឆ្នាំ​២០២៤ គឺ​​​មាន​ប្រមាណ​ ៦,២៤ លាននាក់ កើន​ឡើង​ ២២ ​ភាគរយ​បើ​​ធៀបនឹង​ឆ្នាំ ២០២៣ ចំណែក​ទំនិញ​ដឹក​​តាម​​ផ្លូវអាកាស មាន ៧៧,៨ ​ពាន់តោន កើន ៤០​ភាគរយ​។ ដោយ​ឡែក​សម្រាប់​​ជើងហោះហើរ គឺ​មាន​​សរុបចំនួន ៥៨ ៣៥៤ ជើង កើនឡើង​​ ១៤​ ភាគរយ​។​

លោក​បន្ថែម​​​ថា ភាព​វិជ្ជមាន​ទាំង​នេះ​នឹង​មិន​បញ្ចប់​ត្រឹម​នេះ​ឡើយ ដោយ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍​ស៊ីវិល​បាន​និង​កំពុង​ខិតខំ​ធ្វើ​កិច្ច​ការជាច្រើន ព្រម​ទាំង​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្រ្ត​ថ្មីៗ​ជា​បន្ត​បន្ទាប់​ ជា​ពិសេស​ការ​ប្រកាស​​ដាក់​ឱ្យ​អនុវត្ត​​«ផែនការយុទ្ធសាស្ត្រអាកាសចរណ៍​ស៊ីវិល ឆ្នាំ២០២៥-២០៣០» ដើម្បី​ធ្វើ​យ៉ាង​ណា​ជំរុញ​វិស័យ​អាកាសចរណ៍​ស៊ីវិល​​កម្ពុជា ​ឱ្យ​បោះ​ជំហាន​ទៅមុខ​កាន់​តែ​លឿន​​បន្ថែម​ទៀត៕​