ភ្នំពេញ៖ កម្ពុជា គឺជា​ប្រទេស​ទទួល​ជំនួយពីគម្រោង​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​(ODA) ​ច្រើនជាងគេ​ពី​ប្រទេស​កូរ៉េ​ក្នុងឆ្នាំនេះ ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ​ក្នុងចំណោម​ប្រទេស​ជា​ដៃគូ ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​(ODA) ទាំង​៩២​។

យោងតាម​ទីភ្នាក់ងារ​ប្រតិបត្ដិការ​អន្តរជាតិ​កូរ៉េ  (KOICA)​ បាន​ឱ្យ​ដឹងថា​៖​ «នៅ​ឆ្នាំនេះ រដ្ឋាភិបាល​កូរ៉េ​ត្រូវបាន​គេ​រំពឹងថា​នឹង​ផ្តល់ជំនួយ​ប្រមាណ​៣៥០​លាន​ដុល្លារ​ដល់​កម្ពុជា ដោយ​ផ្តោតលើ​វិស័យ​ដូចជា ការអប់រំ ការគ្រប់គ្រង​ទឹក សុខភាព និង​អនាម័យ វិស័យ​ដឹកជញ្ជូន និង​ការ​អភិវឌ្ឍន៍ជនបទ​»។​

ជាក់ស្តែង ជំនួយ​នេះ​នឹង​រួមមាន​កម្ចីសម្បទាន​ចំនួន​២៧​គម្រោង ក្នុងនោះ​គម្រោង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ និង​គម្រោង​ជំនួយឥតសំណង​ចំនួន​៦២​គម្រោង រួមទាំង​គម្រោង​កសាង​សមត្ថភាព​សម្រាប់​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​។​

នេះជាការលើកឡើងនៅពេល​ស្ថានទូត​នៃ​សាធារណរដ្ឋ​កូរ៉េ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ  (KOICA) ​និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) ​បានរៀបចំ កិច្ចប្រជុំ​ទ្វេភាគី​កូរ៉េ​-​កម្ពុជា​ឆ្នាំ​២០២៥ ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍ នៅ​ថ្ងៃទី​២៤​ខែមីនា ឆ្នាំ​២០២៥ នៅ​ទីស្ដីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ​។​

លោក​ ឈៀង យ៉ាណា​រ៉ា អនុប្រធាន​ទី ២ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) បាន​​កោតសរសើរ​​​ចំពោះ​ការរួមចំណែក​បន្ត​រប​ស់​កូរ៉េ​ចំពោះ​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​របស់​ក​ម្ពុ​ជា​។

យោងតាម (KOICA)​ បាន​បង្ហាញថា​៖ «ឯកឧត្តម បានលើកឡើង​ពី​កម្រិត​នៃ​ទំនាក់ទំនង​ទ្វេភាគី ដល់​កម្រិត​នៃ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទៅកាន់​ប្រទេស​កូរ៉េ​ក្នុង​ខែឧសភា​ឆ្នាំ​២០២៤ ដែល​បណ្តាលឱ្យ​មានការ​កើនឡើង​ទ្វេដង​នៃ​ទំហំ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​(ODA)​របស់​កូរ៉េខាងត្បូង ដល់​កម្ពុជា»​។​

លោក​ ផាក ជុង​វ៉ុ​ក (PARK Jung-Wook)​ បាន​​​លើកឡើង​អំពី​ការកើនឡើង​នៃ​ទំហំ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​របស់​កូរ៉េខាងត្បូង​ជាមួយ​កម្ពុជា និង​បាន​គូសបញ្ជាក់​ពី​ការរំពឹងទុក​ថា តាមរយៈ​ការធ្វើ​បច្ចុប្បន្នភាព​យុទ្ធសាស្ត្រ ភាពជា​ដៃគូ​ប្រទេស​ស្របតាម​គោលនយោបាយ​របស់​ប្រទេស​ទាំងពីរ ជំនួយ​អភិវឌ្ឍន៍​ប្រកបដោយ​ប្រសិទ្ធភាព និង​និរន្តរភាព​អាច​សម្រេចបាន​នាពេល​អនាគត​។​

​​ក្រុមហ៊ុន​កូរ៉េ​ប្រមាណ​២០០​ដែល​កំពុងដំណើរការ​យ៉ាងសកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ ដូចជា​វិស័យ​ផលិតកម្ម ហិរញ្ញវត្ថុ សំណង់ និង​អចលនទ្រព្យ​។

លើសពីនេះ កម្ពុជា​ជា​កន្លែង​សម្រាប់​ប្រជាជន​កូរ៉េ​ប្រហែល មួយ​ម៉ឺន​នាក់ (10 000​នាក់​) ដែល​ជំរុញឱ្យមាន​ការផ្លាស់ប្តូ​រ​រវាង​ប្រជាជន និង​ប្រជាជន​បន្ថែមទៀត​៕