ផ្នែក​ឯកជន​អះអាង​ថា ការ​ប្រកាស​របស់​អាជ្ញាធរ​ក្នុង​ការ​ដាក់​ឱ្យ​​អនុវត្តសាកល្បង(Dry/Trial Run)ប្រព័ន្ធតាមដានការដឹកជញ្ជូន​ទំនិញដោយប្រើសៀលអេឡិចត្រូនិកនា​ពេល​ខាង​មុខ នឹង​ចូល​រួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​ការ​ជួយ​លើក​កម្ពស់​ប្រសិទ្ធភាព​ក្នុង​វិស័យ​ដឹក​ជញ្ជូន ព្រម​ទាំង​អាច​បង្កើន​ទំនុកចិត្ត​ទៅ​ដល់​ម្ចាស់​ទំនិញ​ផងដែរ​។

សេចក្តីជូនដំណឹងរបស់​​អគ្គនាយកដ្ឋានគយ និង​រដ្ឋាករកម្ពុជា(GDCE) កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា ​ឱ្យ​ដឹង​ថា ក្នុងគោលបំណងពង្រឹង​អនុលោមភាព និងប្រសិទ្ធភាពនៃគ្រប់គ្រងការដឹកជញ្ជូនទំនិញឆ្លងកាត់ឱ្យកាន់តែប្រសើរបន្ថែមទៀត GDCE នឹងដាក់ឱ្យ​អនុវត្តសាកល្បង​(Dry/Trial Run) ប្រព័ន្ធតាមដានការដឹកជញ្ជូនទំនិញ​ដោយប្រើបសៀលអេឡិចត្រូនិក អមជាមួយសៀលដែលកំពុងប្រើប្រាស់ជាធរមាន​ចំពោះ​ការដឹកជញ្ជូនទំនិញឆ្លងកាត់ ដើម្បីប្រមូលធាតុចូលជាមូលដ្ឋានក្នុងការត្រៀមដាក់ឱ្យអនុវត្តជាផ្លូវការ​តាមតម្រាយផ្លូវរបស់អង្គភាពគយ និង​រដ្ឋាករ​កម្ពុជា ចំនួន ៨ ទីតាំង​។

GDCE បាន​ឱ្យ​ដឹង​ទៀត​ថា អង្គភាព​គយ និងរដ្ឋាករ​ទាំង​ ៨ រួមមាន ​សាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ, សាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិភ្នំពេញ, ការិយាល័យគយនិងរដ្ឋាករបាវិត, ការិយាល័យគយនិងរដ្ឋាករប៉ោយប៉ែត, ការិយាល័យគយនិងរដ្ឋាករប្រចាំតំបន់សេដ្ឋកិច្ចពិសេសខេមបូឌា ចេជាង ហ្គ័រជី, ការិយាល័យគយនិងរដ្ឋាករប្រចាំតំបន់សេដ្ឋកិច្ចពិសេស​ភ្នំពេញ, ការិយាល័យគយនិងរដ្ឋាករផែស្ងួត ហុង ឡេងហួរ និងការិយាល័យគយនិងរដ្ឋាករផែស្ងួត តិចស្រ៊ុន។​

យោង​តាម GDCE  ប្រព័ន្ធតាមដានការដឹកជញ្ជូនទំនិញ ដោយប្រើសៀលអេឡិចត្រូនិកនេះ នឹង​ចាប់​ផ្តើម​អនុវត្ត​ពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០២៥ តទៅ។​

ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា លោក ឈិន កេន បាន​បង្ហាញ​ការ​គាំទ្រចំពោះការ​ដាក់ឱ្យប្រើប្រាស់សាកល្បងសៀលអេឡិចត្រូនិក​ដែលនឹង​ត្រូវយក​ទៅ​បំពាក់លើទូរកុងតឺន័រដឹកទំនិញ​ បន្ថែម​ពីលើ​អ្វី​ដែល​មាន​ស្រាប់​។

នេះ​​ជា​វឌ្ឍនភាព​ថ្មី​មួយ​ទៀត​​​ក្នុង​ផ្នែក​ដឹក​ជញ្ជូន​នៅ​កម្ពុជា ព្រោះ​សៀល​ដែលនឹង​ប្រើ​ប្រាស់​នា​ពេល​ខាង​មុខ គឺមាន​ភាព​ច្បាស់​លាស់​ក្នុង​ការ​ត្រួត​ពិនិត្យ​មើល​ពី​លំហូរ​ទំនិញ​ពី​​កន្លែង​មួយ​ទៅ​កន្លែង​មួយ​។​

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា​ថា៖​«ខ្ញុំនាម​ផ្នែក​ឯកជន ខ្ញុំសូម​គាំទ្រចំពោះ​ការ​យកសៀលដែល​មាន​លក្ខណៈ​ឌីជីថលនេះ​មក​បន្ថែមមួយតង់ទៀតលើការដឹកជញ្ជូនទំនិញ​ ជាពិសេសបំពាក់ទៅលើទូរកុងតឺន័រ។​ ចំណុចសំខាន់ពាក់ព័ន្ធការបន្ថែមសៀលឌីជីថលនេះ គឺ​វាជួយបង្ហាញនូវតម្លាភាពបន្ថែមទៀត​ទាំង​ក្រុមហ៊ុនដឹកជញ្ជូន ទាំងម្ចាស់ទំនិញ និងតម្លាភាពខាងរដ្ឋាភិបាល ដើម្បីឱ្យប្រាកដថាការដឹកជញ្ជូនតាមផ្លូវមិនមានការបន្លំ រើទំនិញតាមផ្លូវ ឬក៏បន្លំការផ្លាស់ប្តូរទំនិញជាដើម។ នេះជារឿងមួយសំខាន់ ខ្ញុំមើលឃើញថាចរន្តនេះល្អ ដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពការងាររបស់រាជរដ្ឋាភិបាលផងដែរ»។

លោក​លើក​ឡើង​ទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​ខិតខំ​យ៉ាង​ខ្លាំង​ក្នុង​បង្កើន​បរិយាកាស​វិនិយោគ​ដ៏​ទាក់​ទាញ​​មួយ​នៅ​កម្ពុជាដើម្បី​ទាក់​ទាញ​អ្នក​វិនិយោគឱ្យ​ចូល​មក​បណ្តាក់​ទុន​ផ្ទាល់ ឬ​បញ្ជា​ទិញ​ទំនិញ​ផលិត​នៅ​កម្ពុជា​ទៅ​​ទីផ្សារ​អន្តរ​ជាតិ​​​កាន់​តែ​ច្រើន តាម​រយៈ​ការ​កែ​សម្រួលច្បាប់​វិនិយោគ កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន និង​​នីតិវិធីជា​ច្រើន​ក្នុង​ការ​បំពេញ​ឯកសារតាម​ប្រព័ន្ធ​ឌីជីថល ។​​

ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា លោក ជា ចាន់ដារ៉ា បាន​និយាយ​ថា ការដាក់ឱ្យប្រើសាកល្បងនៃសៀលអេឡិចត្រូនិក នឹង​ផ្តល់​ផល​វិជ្ជមាន​​ច្រើន​សម្រាប់​ម្ចាស់​ទំនិញ ក៏​ដូច​ជា​បង្ក​ភាព​ងាយ​ស្រួល​ដល់​រដ្ឋាភិបាល​​ក្នុង​ការ​គ្រប់​គ្រចរាចរណ៍​ទំនិញ​ផងដែរ។​

លោកនិយាយ​ថា​៖​«​ការដាក់ឱ្យប្រើប្រាស់សាកល្បង​សៀលអេឡិចត្រូនិកសម្រាប់តាមដានទំនិញការដឹកជញ្ជូនទំនិញ វាគឹជាវិធី​សាស្រ្ត​របស់​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីធ្វើ​ឱ្យ​ការ​ព្រប់​គ្រង​សកម្ម​ភាព​ដឹក​ជញ្ជូន​ទំនិញ​នៅ​កម្ពុជា​កាន់​តែ​មាន​ប្រសិទ្ធភាព​។ តាម​រយៈ​សៀល​អេឡិតត្រូនិក គឺ​គេ​អាច​ដឹង​ថា តើទំនិញនោះទៅដល់ទិសដៅដល់កន្លែងណា? តើ​ការ​ដឹក​ជញ្ជូន​ទំនិញ​នោះ​ត្រូវ​តាម​តម្រាយផ្លូវ ឬ​អត់? នេះគឺជាវឌ្ឍនភាពមួយដ៏ល្អ ខ្ញុំគិតថា​វានឹងជួយ​ធ្វើឱ្យវិស័យដឹកជញ្ជូន​នៅ​កម្ពុជា​កាន់​តែ​ប្រសើរ​»៕​