
ជំនួបពិភាក្សារវាងថ្នាក់ដឹកនាំ CDC ជាមួយនឹងគណៈប្រតិភូចិនមកពីខេត្តជាំងស៊ូ។ CDC
ទុនវិនិយោគរបស់វិនិយោគិនចិននៅក្នុងប្រទេសកម្ពុជាបានកើនឡើងគួរឱ្យកត់សម្គាល់ ដោយរយៈពេល ២ ខែដើមឆ្នាំ ២០២៥ មានបរិមាណជិត ៨០ភាគរយនៃចំនួនទុនវិនិយោគសរុបនៅកម្ពុជា ខណៈតំបន់សេដ្ឋកិច្ចពិសេសក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការទាក់ទាញវិនិយោគិនចិនឱ្យចូលមកបណ្តាក់ទុនផ្ទាល់នៅកម្ពុជា។
ក្នុងជំនួបជាមួយគណៈប្រតិភូដឹកនាំដោយ លោក ជីន សាងជីន អនុប្រធានមន្ទីរកិច្ចការបរទេស នៃខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កាលពីថ្ងៃទី២៤ ខែមីនា លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកទ្បើងពីចំណងមិត្តភាពដ៏ជិតស្និទ្ធ និងយូរអង្វែងរវាងកម្ពុជា និងចិន ខណៈរដ្ឋាភិបាលចិនតែងជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
លោក វុទ្ធី បាននិយាយថា វិនិយោគិនមកពីខេត្តជាំងស៊ូ កាន់តែច្រើនបានចូលមកបណ្តាក់ទុននៅកម្ពុជា ជាក់ស្តែង តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាសក្ខីភាពដ៏អស្ចារ្យមួយ ដោយបច្ចុប្បន្នក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនេះ មានក្រុមហ៊ុនវិនិយោគរហូតដល់ទៅជិត ២០០។ ជាមួយគ្នានេះ វិនិយោគិនមកពីខេត្តជាំងស៊ូ ក៏បានបណ្តាក់ទុនបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយទៀត នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ផងដែរ។
លោកបានថ្លែងថា៖«ស្ថានភាពវិនិយោគនៅកម្ពុជាកំពុងមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសប្រភពទុនវិនិយោគមកពីប្រទេសចិនបានឈរនៅលំដាប់លេខរៀងទី ១ ឬទី២ ជាបន្តបន្ទាប់ក្នុងរយៈពេលជាង ១ទសវត្សរ៍ចុងក្រោយនេះ។ ជាក់ស្តែងរយៈពេល ២ខែដើមឆ្នាំ ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ១១២ ក្នុងទុនវិនិយោគប្រមាណជាង ១ប៊ីលានដុល្លារអាមេរិក ក្នុងនោះការវិនិយោគមកពីប្រទេសចិនបានរួមចំណែកប្រមាណជិត ៨០ភាគរយនៃទុនវិនិយោគសរុប»។
បន្ថែមពីលើនេះ លោក វុទ្ធី ក៏បានស្នើគណៈប្រតិភូនៃខេត្តជាំងស៊ូ ឱ្យពិចារណាពីការបង្កើតតំបន់កសិ-ឧស្សាហកម្ម ដើម្បីផលិតវត្ថុធាតុដើម ឬផលិតផលពាក់កណ្តាលសម្រេចសម្រាប់ផ្គត់ផ្គង់ដល់ឧស្សាហកម្មក្នុងស្រុកដើម្បីផលិតនាំចេញ ជាពិសេសឧស្សាហកម្មផលិតគ្រឿងសង្ហារិម និងឧស្សាហកម្មផលិតសំបកកង់រថយន្ត។ កម្ពុជាជាប្រទេសមានធនធានធម្មជាតិគ្រប់គ្រាន់ ប៉ុន្តែបច្ចេកវិទ្យាសម្រាប់ធ្វើការផលិត ឬកែច្នៃនៅមានកម្រិតនៅឡើយ។
ជាការឆ្លើយតប លោក ជីន សាងជីន បានលើកឡើងពីភាពរីកចម្រើនដ៏ឆាប់រហ័សរបស់កម្ពុជា និងបានសាទរចំពោះកំណើនការវិនិយោគពីសំណាក់វិនិយោគិនចិននៅកម្ពុជា ពិសេសមកពីខេត្តជាំងស៊ូ។
លោកបន្តថា តាមរយៈការខិតខំរបស់រដ្ឋាភិបាលកម្ពុជាលើការដាក់ចេញនូវគោលនយោបាយដែលមានភាពទាក់ទាញសម្រាប់អ្នកវិនិយោគ គឺប្រាកដជាមានវិនិយោគិនបរទេស ពិសេសជនជាតិចិនចូលមកបណ្តាក់ទុនផ្ទាល់នៅកម្ពុជាកាន់តែច្រើន។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ (Hong Vanak, an economist at the Royal Academy of Cambodia) បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី២៥ ខែមីនាថា រយៈពេលប្រហែល ១ ទសវត្សរ៍ចុងក្រោយនេះគេសង្កេតឃើញមានវិនិយោគិនបរទេស ជាពិសេសវិនិយោគិនចិនជាច្រើនបានចូលមកបណ្តាក់ទុនផ្ទាល់នៅកម្ពុជា ក៏ដូចជាបញ្ជាទិញទំនិញពីកម្ពុជាដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ។
លោកបន្តថា មូលហេតុដែលវិនិយោគិនចិនចូលមកបណ្តាក់ទុនកាន់តែច្រើន គឺដោយសាររដ្ឋាភិបាលប្រទេសទាំង ២ មានទំនាក់ទំនងល្អជាមួយគ្នា។
ក្រៅពីនេះ ការបណ្តាក់ទុននៅកម្ពុជា ក៏អាចជួយឱ្យអ្នកវិនិយោគទទួលបានផលចំណេញច្រើនផងដែរពីគោលនយោបាយលើកទឹកចិត្តរបស់រដ្ឋាភិបាល ក៏ដូចជាកត្តាទីផ្សារនាំចេញ ដែលមានភាពធំទូលាយ និងមានប្រព័ន្ធអនុគ្រោះពន្ធគយសម្រាប់ការនាំទំនិញចូលប្រទេសមួយចំនួន។
លោកលើកឡើងថា៖«ខ្ញុំគិតថា វិនិយោគិនចិននឹងបន្តឈរមុខគេក្នុងការបណ្តាក់ទុននៅកម្ពុជាយូរឆ្នាំទៅមុខទៀត ខណៈឥទ្ធិពលនៃកម្តៅនយោបាយរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗ ក៏បានជំរុញឱ្យវិនិយោគិនបរទេសនាំគ្នាងាកចេញពីប្រទេសមួយចំនួន ទៅបើករោងចក្រនៅប្រទេសណាដែលមានលក្ខខណ្ឌអំណោយផលដូចកម្ពុជា»៕