
ជំនួបពិភាក្សារវាងថ្នាក់ដឹកនាំ CDC ជាមួយគណៈប្រតិភូសមាគមឧស្សាហកម្មឧបករណ៍អគ្គិសនី-អេឡិចត្រូនិកហុងកុង។ CDC
ក្រុមវិនិយោគិនហុងកុង បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការបណ្តាក់ទុនក្នុងវិស័យផលិតឧបករណ៍អគ្គិសនីនៅក្នុងប្រទេសកម្ពុជា ខណៈកាលពីឆ្នាំ២០២៤ កម្ពុជាបាននាំចេញផលិតផលម៉ាស៊ីន និងឧបករណ៍អគ្គិសនីក្នុងទឹកប្រាក់សរុបជិត ១,៩ ពាន់លានដុល្លារ។
នេះបើតាមលទ្ធផលនៃជំនួបពិភាក្សាការងាររវាង លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ជាមួយគណៈប្រតិភូសមាគមឧស្សាហកម្មឧបករណ៍អគ្គិសនី-អេឡិចត្រូនិកហុងកុង (Hong Kong Electrical Appliance Industries Association) ចំនួន ១០ក្រុមហ៊ុន ដែលដឹកនាំដោយប្រធានសមាគម លោក Ting Sik Wa Thomas នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។
នៅក្នុងជំនួបខាងលើ លោក នុត អ៊ុនវ័ណរ៉ា បានលើកឡើងពីសក្តានុពលដែលកម្ពុជាកំពុងមានប្រាប់ទៅគណៈប្រតិភូនៃសមាគមឧស្សាហកម្មឧបករណ៍អគ្គិសនី-អេឡិចត្រូនិកហុងកុង និងបានពន្យល់ពីកិច្ចខិតខំរបស់អាជ្ញាធរកម្ពុជាគ្រប់លំដាប់ថ្នាក់ ជាពិសេសតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការជួយសម្របសម្រួលដល់អ្នកវិនិយោគដែលមានបំណងចូលមកបណ្តាក់ទុនផ្ទាល់នៅកម្ពុជា។
លោកបន្ថែមថា ការបណ្តាក់ទុនក្នុងប្រទេសកម្ពុជា អ្នកវិនិយោគនឹងទទួលបានផលចំណេញច្រើន ព្រោះកម្ពុជាមានច្បាប់វិនិយោគមានលក្ខណៈអំណោយផល, មានទីផ្សារនាំចេញធំទូលាយ និងជាពិសេសកម្ពុជាមានផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក។
ជាការឆ្លើយតប បណ្តាសមាជិកសមាគមបានសម្តែងការចាប់អារម្មណ៍ខ្លាំងចំពោះការបណ្តាក់ទុនក្នុងវិស័យផលិតកម្មឧបករណ៍អគ្គិសនីនៅក្នុងប្រទេសកម្ពុជា និងបានចាត់ទុកកម្ពុជាជាប្រទេសមានសក្តានុពលមួយក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសសម្រាប់អ្នកវិនិយោគហុងកុង ដែលកំពុងសម្លឹងរកទីតាំងសមស្របមកធ្វើការបណ្តាក់ទុន។
តំណាងសមាគមឧស្សាហកម្មឧបករណ៍អគ្គិសនី-អេឡិចត្រូនិកហុងកុង បានលើកឡើងថា៖«តាមរយៈជំនួបពិភាក្សានេះ គឺបានផ្តល់នូវព័ត៌មានជាច្រើនដល់គណៈប្រតិភូដើម្បីបានស្វែងយល់បន្ថែមពីសក្តានុពលនៃការវិនិយោគ និងការរីកចម្រើននៅកម្ពុជា។ យើងក៏សូមសំណូមពរដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឱ្យបន្តផ្តល់កិច្ចសហការជាមួយសមាគម ដើម្បីលើកកម្ពស់ការទាក់ទាញវិនិយោគហុងកុងក្នុងវិស័យអគ្គិសនី និងអេឡិចត្រូនិកមកកម្ពុជាឱ្យបានច្រើន»។
បើតាម CDC មកដល់ពេលនេះ សមាគមឧស្សាហកម្មឧបករណ៍អគ្គិសនី-អេឡិចត្រូនិកហុងកុង មានសមាជិកចំនួន ២០២ ក្រុមហ៊ុន។ សមាគមត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៨ ក្នុងនាមជាស្ថាប័នឯករាជ្យមិនរកប្រាក់ចំណេញ ដើម្បីធ្វើជាក្រុមតំណាងឱ្យឧស្សាហកម្មឧបករណ៍អគ្គិសនីហុងកុង។
ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យដឹងថា ក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចេញទំនិញក្នុងជំពូក (HS ២ ខ្ទង់) ដែលមានលេខកូដ ៨៥ រួមមានម៉ាស៊ីន ឧបករណ៍អគ្គិសនី និងបំណែករបស់វា ក្នុងទឹកប្រាក់សរុប ១ ៨៨០,០៣ លានដុល្លារ ធ្លាក់ចុះ ៣៩,៩ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣ ដែលមាន ៣ ១២៩,៩១ លានដុល្លារ។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ ថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី២៦ ខែមីនាថា កម្ពុជាមានសក្តានុពលគ្រប់គ្រាន់សម្រាប់ការបណ្តាក់ទុនលើគ្រប់វិស័យ ខណៈទីផ្សារនាំចេញក៏មានច្រើន និងមានទីផ្សារមួយចំនួនបានផ្តល់ការលើកលែងពន្ធគយផងដែរ។
កត្តាច្បាប់វិនិយោគ, តម្លៃទិញ-លក់-ជួលអចលនទ្រព្យ និងសម្បូរពលកម្មវ័យក្មេង គឺជាចំណែកយ៉ាងសំខាន់ក្នុងការលើកទឹកចិត្តឱ្យវិនិយោគិនបរទេសចូលមកបណ្តាក់ទុននៅកម្ពុជា។
លោកបានប្រាប់ទៀតថា ចំពោះចំនួនទឹកប្រាក់នាំចេញឧបករណ៍អគ្គិសនីដែលធ្លាក់ចុះយ៉ាងច្រើនក្នុងឆ្នាំ ២០២៤ គឺអាចជាប់ពាក់ព័ន្ធនឹងការនាំចេញផលិតកម្មផ្ទាំងសូឡា ដែលជួបបញ្ហានៅទីផ្សារអាមេរិក។
លោកបានថ្លែងថា៖«ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ និងជាប្រទេសដែលមានស្ថិរភាពនយោបាយល្អ គឺកម្ពុជាប្រាកដជាទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកវិនិយោគ។ ខ្ញុំគិតថា កម្ពុជានឹងទទួលបានគម្រោងវិនិយោគកាន់តែច្រើននាពេលខាងមុខ»៕